គណបក្ស​ដែល​ចូលរួម​ឧត្តម​ក្រុមប្រឹក្សា​មាន​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី រង​ការ​រិះគន់​ថា ជា​ក្រុម​ល្មោភ​អំណាច

ដោយ សុ ជីវី
2018-09-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ផ្តួចផ្តើម​គំនិត​បង្កើត “ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់” ដែល​ចូលរួម​ដោយ​តំណាង​គណបក្ស​នយោបាយ​ចំនួន ១៦ នៅ​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៨។ រូប៖ ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ផ្តួចផ្តើម​គំនិត​បង្កើត “ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់” ដែល​ចូលរួម​ដោយ​តំណាង​គណបក្ស​នយោបាយ​ចំនួន ១៦ នៅ​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៨។ រូប៖ ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន


អ្នកវិភាគ និង​សង្គមស៊ីវិល យល់​ថា ក្រុម​គណបក្ស​នយោបាយ​ចំនួន ១៤ដែល​ចូលរួម​ក្នុង​ឧត្តម ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ហើយ​ទើប​ទទួល​បាន​ឋានៈ​ខ្ពង់ខ្ពស់​នោះ ប្រហែល​ជា​មិន​អាច​ជួយ​សង្គម​ជាតិ​បាន​ច្រើន​នោះ​ទេ ព្រោះ​ពួក​គេ​គ្មាន​ឥទ្ធិពល និង​មាន​បទពិសោធន៍​ក្មេង​ខ្ចី​ក្នុង​ការ​ផ្តល់ យោបល់​ដល់​របបទីក្រុងភ្នំពេញ។

អ្នកវិភាគ និងសង្គមស៊ីវិល រិះគន់ថា ក្រុមគណបក្សនយោបាយដែលចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ គឺ​ជា​ក្រុម​ល្មោភ​អំណាច ជា​បន្ទុក​ខ្ចះខ្ជាយ​ថវិកា​ជាតិ និង​គ្មាន​ឆន្ទៈ​ជួយ​ជាតិ​ពិត​ប្រាកដ​នោះ​ទេ។

ការរិះគន់នេះ បន្ទាប់ពីប្រធានគណបក្សចំនួន១៤ ដែលមិនបានកៅអីក្នុងរដ្ឋសភា ប៉ុន្តែស្ម័គ្រចិត្តចូល ជាសមាជិកនៃឧត្តមក្រុម ប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលទើបនឹងត្រូវបានបង្កើតឡើងក្រោម គំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន បាន​ក្លាយ​​ជា​ឯកឧត្តម និង​លោក​ជំទាវ​ជា​ផ្លូវការ​ហើយ ដោយ​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្រ្តី។ ក្នុង​នោះ​រួម​មាន​ប្រធាន​គណបក្ស​ យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ប្រធាន​​គណបក្ស ខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស សំបុកឃ្មុំ សង្គម​​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ប្រធានគណបក្ស ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ ឆន្ទៈ​ខ្មែរ​ លោក គង់ មុនីកា និងប្រធានគណបក្ស ខ្មែរ​តែ​មួយ លោក កែម រិទ្ធិសិត រួម​​ទាំង​​ប្រធាន​​គណបក្ស​​ចំនួន ៨ផ្សេង​​ទៀត ដែល​បាន​​ចូលរួម​​ការ​​បោះ​​ឆ្នោត​​ជាតិ​​អាណត្តិ​​ទី៦។

ក្រៅ​ពី​ប្រធាន​គណបក្ស នៅ​មាន​អនុប្រធាន ឬ​តំណាង​ផ្សេង​ទៀត​នៃ​គណបក្ស​ទាំង​នោះ ក៏​​ទទួល​​បាន​​ងារ​​ជា​​ឯកឧត្តម និង​​លោក​​ជំទាវ​​ផង​​ដែរ ដោយ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ ការ​តែង​តាំង និង​ការ​ផ្តល់​ឋានៈ​នេះ គឺ​ធ្វើឡើងតាមរយៈ​ព្រះរាជក្រឹត្យ កាល​ពី​ថ្ងៃ​​ទី៦ ខែកញ្ញា ដោយ​មាន​ការ​ស្នើសុំ​ពី​នាយករដ្ឋមន្រ្តី បន្ទាប់ពីគណបក្សបានចួលរួមការបោះឆ្នោតដែលរបបលោកហ៊ុន សែន ខំ​​រៀបចំ​​កាល​​ពី​​ថ្ងៃទី២៩ ខែ​កក្កដា ដែល​មជ្ឈដាន​អន្តរជាតិ​មើល​ឃើញ​ថា​ជា​ការបោះឆ្នោត​បែបបបង្រ្គប់កិច្ច។

ប្រធានគណបក្សយុវជនកម្ពុជាកម្ពុជា ដែលទើបបានដំណែងជាទេសរដ្ឋមន្ត្រី លោកពេជ្រ ស្រស់ មាន​ប្រសាសន៍​ថា លោក​មិន​សម្លឹង​មើល​តំណែង​បុណ្យ​ស័ក្តិ​ជា​ធំ​នោះ​ទេ គឺលោកគិតរឿងប្រយោ ជន៍ជាតិជាធំ ទើបលោកសម្រេច​​ចិត្ត​​ចូលរួម​​ជា​មួយ​ឧត្តម​​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់ ប៉ុន្តែ​ លោក​​ក៏​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ថា លោកហ៊ុន សែន នឹង​ទទួល​យក​យោបល់​របស់​ពួក​​លោក​​យ៉ាង​​ណា​​នោះ​​ទេ។ លោក​​គ្រោង​​លើក​​យោបល់​​ចំនួន ៤​ចំណុច ជូន​​លោក ហ៊ុន សែន ដើម្បី​​ដោះ​​ស្រាយ គឺ​​ការ​ស្វែង​​រក​​ទីផ្សារ​​ជូន​​កសិករ រឹត​​បន្តឹង​​ច្បាប់​​ជន​​អន្តោប្រវេសន៍ លុប​​បំបាត់​​ផ្ទះ​​បណ្តែត​​ទឹក​​របស់​​ជនជាតិ​វៀតណាម​នៅ​​តាម​​ដង​​ទន្លេ និង​​ចុង​​ក្រោយ​​ចង់​​ឲ្យ​​លោក ហ៊ុន សែន លុប​​ច្បាប់​​ថ្មី ស្ដីពិ​គារ​ចូល​​សញ្ជាតិ​​ខ្មែរ៖ «យើង​ក៏​មិន​ប្រាថ្នា​តំណែង​អី​ហ្នឹង ដែល​​គ្មាន​ប្រអប់​​អង្គុយ​ដូច​រដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី​ដែរ។ យើង​អត់​ប្រាថ្នា​តំណែង និង​​លុយ​​ប្រាក់​ខែ​​ប៉ុណ្ណឹង​ទេ។ យើង​គណបក្ស​បង្កើត​អស់​លុយ​ច្រើន​ណាស់ ប៉ុន្តែ​យើង​​ឃើញ​​មាន​​ប្រយោជន៍​​ដល់​​ជាតិ​​យើង​​ចូលរួម​​ដោយ​សារ​​យើង​​មាន​​សិទ្ធិ​​និយាយ​​ត្រង់​​ទៅ​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​យើង​​កាត់​​បន្ថយ​​នូវ​​ភាព​​អសកម្ម និង​​កាត់​បន្ថយ​ពលរដ្ឋ​ដែល​គេ​រំលោភ​បំពាន និង​ពលរដ្ឋ​ដែល​គេ​រំលោភ​យក​ដីធ្លី។ល។ អ៊ីចឹង​ថ្ងៃ​ក្រោយ​ពលរដ្ឋ ចង់​​ហែ​​ញត្តិ​ថ្ងៃ​ក្រោយ​ខាង​គេ​មិន​ទទួល ហែ​​មក​​ខាង​​ឧត្តម​​ក្រុម​ប្រឹក្សា​​មក ហើយ​យើង​នឹង​យក​ទៅ​ជូន​លោក​​នាយកដ្ឋមន្ត្រី​បន្ត»។​

ទោះយ៉ាង​ណា​ក្តី សមាជិកអ្នកវិភាគវ័យក្មេង លោក បុង ដែត នៅតែមានមតិថា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ នឹង​ក្លាយ​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ បង្កើត​ឡើង​ដើម្បី​គ្រាន់តែ​ជា​រូបភាព​ល្អ​មើល​ប៉ុណ្ណោះ ដោយសារតែ​លោក ហ៊ុន សែន ត្រូវ​ការ​​​ភាព​​​ស្រប​ច្បាប់ និង​​មិន​​ចង់​​ឲ្យ​​មើល​​ឃើញ​​ពី​​សភា​​ឯកបក្ស​​របស់​​លោក។ លោក​បន្ត​ថា ចំពោះ​គណបក្ស​ដែល​ចូលរួម​ឧត្ដម​ក្រុម​ប្រឹក្សា​​ពិគ្រោះ និង​​ផ្ដល់​​យោបល់​​នេះ ក៏​ប្រឈម​នឹង​ការ​រិះគន់ពីសាធារណៈជនថា ជាក្រុម​ស្រេក​ឃ្លាន​អំណាច ហើយ​នឹង​​បាត់​បង់​​ប្រជាប្រិយ​ភាព​​ធ្ងន់ធ្ងរ៖ «ឧត្តម​ក្រុម​ប្រឹក្សា​នេះ ក៏មិនខុសពីគណៈកម្មាការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល និង​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ ព្រោះឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ គឺ​ជា​យុទ្ធសាស្ត្រ​​របស់​​គណបក្ស​​ប្រជាជន​កម្ពុជា ដើម្បី​តប​ស្នង​ដល់​គណបក្ស​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​កន្លង​មក ហើយ​​ឧត្តម​​ក្រុមប្រឹក្សា​នេះ​គ្មាន​ឥទ្ធិពល​​នោះ​​ទេ។ ម្យ៉ាង​ទៀត ធ្វើ​​​​ដើម្បី​​​តែ​​​ល្អ​​​មើល និង​ដើម្បី​ប្រជាប្រិយភាព​ដែល​ថា ខ្លួន​ឯង​ជា​អ្នក​បង្រួមបង្រួម​​ជាតិ។ លើស​​ពី​​នេះ វា​​ជា​​ការ​ខ្ជះខ្ជាយ​​ថវិកា​រដ្ឋ»

រីឯប្រធាន​អង្គការ​សម្ពន្ធគណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ ថ្លែងថា តួនាទី​របស់​សមាជិក​នៃ​​ឧត្តម​ក្រុម​ប្រឹក្សា​​មក​​ពី​​គណបក្ស​​នយោបាយ​ទាំង​នោះ គ្រាន់​តែ​ជា​អ្នក​ផ្តល់​យោបល់​មិនមែន​ជា​អ្នក​សម្រេច​ចិត្ត​នោះ​ទេ។ ដូច្នេះ លោក​មិន​ទាន់​មាន​សង្ឃឹម​ថា យោបល់​របស់​ពួក​គេ នឹង​មាន​ប្រយោជន៍ ឬ​ប្រសិទ្ធិភាព​សម្រាប់​ផល​ប្រយោជន៍​​សាធារណៈ​​នោះ​​ទេ ព្រោះ​​សមត្ថភាព និង​បទពិសោធន៍​ការងារ​របស់​មេដឹកនាំ​គណបក្ស​ទាំង​នោះ ហាក់​ដូច​ជា​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ៖ «ការ​ផ្តល់​យោបល់​ដែល​មាន​គុណភាព​គឺ​មាន​ប្រយោជន៍​សម្រាប់​សង្គម និង​អាច​ទទូល​យក​បាន​ដោយ​រដ្ឋាភិបាល​​ដឹក​នាំ​​ប្រទេស​​ច្រើន​​អាណត្តិ។ ប៉ុន្តែ យើង​​មើល​​ទៅ​​គុណភាព​​ផ្តល់​​យោបល់ ដែល​ផ្តល់​ជូន​នោះ​ថា តើ​ជា​យោបល់​ដែល​គ្រប់​ជ្រុងជ្រោយ​ដែរ​ឬ​ទេ? បើ​យើង​មើល​ទៅ​លើ​បទ​ពិសោធន៍​របស់​មេ​ដឹក​នាំ​គណបក្ស​ទាំង​នោះ ពួក​គេ​មាន​បទ​ពិសោធន៍​ក្មេង​ខ្ចី ហើយ​ម្យ៉ាង​ទៀត យើង​​មិន​​ទាន់​​មាន​​ជំនឿ​​លើ​​សមត្ថភាព​​របស់​​ពួក​គេ នៅ​ក្នុង​ការ​ផ្តល់​យោបល់​ទៅ​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​យោបល់​ដែល​មាន​ប្រយោជន៍ និង​អាច​ប្រើប្រាស់​សម្រាប់​គោល​នយោបាយ ឬ​កម្មវិធី​អភិវឌ្ឍន៍​ជាតិ ទាល់​តែ​កើត​ឡើង​តាម​រយៈ​ការ​ស្រាវជ្រាវ និង​​ផ្អែក​​តាម​​ការ​​វាយ​​តម្លៃ​​ដែល​​មាន​​ការ​ចូលរួម ដូច​ជា​អ្វី​ដែល​ខាង​សង្គម​ស៊ីវិល​បាន​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»

លោក សន ជ័យ បន្ថែមថា ការផ្តល់ដំណែងដល់មេដឹកនាំគណបក្សដែលមិនបានកៅអីសភានេះ គឺ​ជា​ទម្រង់​ថ្មី​នៃ​កិច្ច​ខិតខំ​បង្កើត​​បរិយាយ​​ប្រជាធិបតេយ្យ​​ថ្មី​​ផ្សេង​​ទៀត ខណៈ​ប្រជាធិបតេយ្យ ដែល​មាន​ជជែក​ដេញដោល​នៅ​កម្រិត​សភា​ជាតិ មិន​អាច​ធ្វើ​ទៅ​រួច​ដោយសារ​បច្ចុប្បន្ន បាន​ក្លាយទៅ​ជា​​សភា​ឯកបក្ស។

គិត​មក​ទល់​ពេល​នេះ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន ១៩ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​​បោះ​ឆ្នោត​ដ៏​​ចម្រូងចម្រាស​​ថ្ងៃ​​ទី២៩ កក្កដា មាន​គណបក្ស​ចំនួន ២ ប៉ុណ្ណោះ ដែល​មាន​ជំហរ​ច្បាស់លាស់​​មិន​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​​ផ្តល់​​យោបល់​របស់​លោក ហ៊ុន សែន នេះ ក្នុង​​នោះ មាន​គណបក្ស​ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) និង​​គណបក្ស ​ខ្មែរ​ឈប់​ក្រ ខណៈ​​គណបក្ស ​​ប្រជាធិបតេយ្យ​​មូលដ្ឋាន (GDP) គណបក្ស​មាតុភូមិ​យើង និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ហាក់​បង្ហាញ​​ជំហរ​​មិន​​ច្បាស់​លាស់ ដោយ​​នៅ​​បើក​​ចំហ​​ពី​​លទ្ធភាព​​​​ចូលរួម​​ក្នុង​​យន្តការ​​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment