ទស្សនៈ​ពលរដ្ឋ​ជុំវិញ​មរណភាព​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា

សេក បណ្ឌិត
2018-09-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កុមារ​ដែល​មាន​ជំងឺ​កំពុង​រង់ចាំ​ចូល​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Sek Bandith
កុមារ​ដែល​មាន​ជំងឺ​កំពុង​រង់ចាំ​ចូល​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Sek Bandith


ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​របប​ក្រុងភ្នំពេញ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មរណភាព​ស្ថាបនិក មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា។ លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ពេទ្យ​ទេវតា​ដែល​បាន​ជួយសង្គ្រោះ​កុមារ​ខ្មែរ​រាប់​លាន​នាក់។

មរណភាព​នៃ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រំជួលចិត្ត និង​សោកសង្រេង​យ៉ាង​ខ្លាំង ព្រមទាំង​បាន​បួងសួង​អោយ​អំពើ​ល្អ​របស់​លោក នាំ​លោក​ទៅកាន់​សុគតិ​ភព។

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប គឹ​លោក ចឹក ចិត្រា រៀបរាប់​ថា លោក​សោកស្ដាយ​បំផុត​ចំពោះ​ដំណឹង​មរណភាព​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែល​ធ្លាប់​ពលី​កម្លាំង កាយ​ចិត្ត និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដើម្បី​សង្គ្រោះ​ជីវិត​កុមារ និង​ប្រជាពលរដ្ឋ​ខ្មែរ រាប់​ទសវត្សរ៍​កន្លងមក។ លោក​ចាត់​ទុក​ថា ស្ថាបនិក ឬ​អ្នក​ផ្ដួចផ្ដើម​បង្កើត​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ​រូប​នេះ គឺជា​បុគ្គល​ដ៏​ឆ្នើម ជា​វីរបុរស​មនុស្សធម៌ និង​ជា​គ្រូពេទ្យ​ទេវតា។ «»

សេចក្ដីប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ជា ឲ្យ​ដឹង​ថា ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជ បណ្ឌិត បេអាត រិចឆ្នឺរ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៧១ ឆ្នាំ នៅ​ម៉ោងជាង ២​ព្រឹក ថ្ងៃទី​៩ ខែ​កញ្ញា នៅ​ប្រទេស​ស្វីស បន្ទាប់​ពី​បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​ជា​យូរ​មក។

ព្រះតេជព្រះគុណ​មួយ​អង្គ​ព្រះនាម ម៉ា វិឆាយ មាន​ថេរដីកា​ចូលរួម​រំលែក​ទុក្ខ និង​សម្ដែង​ក្តី​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការបាត់បង់​លោក បេអាត រិចឆ្នឺរ ព្រោះ​លោក​គឺជា​ជនបរទេស​មួយ​រួប ដែល​ស្រលាញ់​ខ្មែរ និង​ជួយ​ខ្មែរ​ពិតប្រាកដ។ ព្រះតេជព្រះគុណ ចាត់ទុកថា លោក​ជា​អ្នកមានគុណ​សម្រាប់​កុមារ​កម្ពុជា ដែល​ពលរដ្ឋ​ខ្មែរ ត្រូវ​ចង់​ចាំ​ទុក​ក្នុង​បេះដូង។ «»

រីឯ​អ្នកនាំពាក្យ​សមាគមការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោកសឹង សែនករុណា សម្ដែង​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​មរណភាព​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែល​បាន បង្កើត​មន្ទីរពេទ្យ​គន្ធបុប្ផា ជួយ​កុមារ​កម្ពុជា អោយ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។ ក្រៅពី​បង្ហាញ​ក្តី​គោរព​ស្រលាញ់ និង​សោកស្ដាយ​នោះ លោក ស៊ឹង សែន​ករុណា ក៏​សម្ដែង​ក្តី​ព្រួយបារម្ភ​ចំពោះ​និរន្តរភាព​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ពេល​អនាគត​ដែរ។ «»

ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា ការបាត់បង់​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ គឺជា​ការបាត់បង់​ដ៏​ធេង​របស់​ជាតិ​កម្ពុជា។ ទោះយ៉ាងណា​ក្តី លោក​បញ្ជាក់ ថា រដ្ឋាភិបាល នឹង​ជួយ​ជ្រោមជ្រែង​មន្ទីរពេទ្យ​គន្ធបុប្ផា អោយ​ដំណើរការ​ទៅមុខ​រហូត ដើម្បី​បន្ត​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ។ «»

រីឯ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង ក៏​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ដំណឹង​មរណភាព​ដ៏​សោកសៅ​នេះ​ដែរ។ ក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ក៏បាន​បង្ហោះ​សារ និង​រូបលោក បេអាត រិចច្នឺរ លើ​បណ្ដាញ​សង្គមហ្វេសប៊ុក (Facebook) ព្រោងព្រាត ដោយ​បង្ហាញ​ពី​ការចូលរួម​រំលែក សម្ដែង​ការ​សោកស្ដាយ និង​គោរព​ការ​ដឹងគុណ។ អ្នកខ្លះ​សរសេរ​ថា លោក គឺជា​ទេវតា​ចុះ​មក​ជួយសង្គ្រោះ​កុមារ​រាប់​លាន​នាក់។ លោក​គឺជា​វីរបុរស​បេះដូង​មនុស្សធម៌ ដែល​គួរតែ​ទទួល​នូវ​ងារ​កត្តិយស​ដ៏​ខ្ពង់ខ្ពស់​ពី​ជាតិ​ខ្មែរ ដែល​ជា​តម្លៃ​មួយ​មិន​អាច​កាត់ថ្លៃ​បាន។

លោក​វេជ្ជបណ្ឌិត បេអាត រីចឆ្នឺ​រ គឺជា​តន្ត្រីករ​សេឡូ និង​ជា​វេជ្ជបណ្ឌិត​ឯកទេស​ថែទាំ​កុមារ កើត​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​១៩៤៧ នៅ​ក្រុង​ហ្សួរិច ប្រទេស​ស្វីស។ លោក​វេជ្ជបណ្ឌិត ត្រូវ​បាន កាកបាទក្រហម​ស្វីស បញ្ជូន​មក​បម្រើការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ឆា ក្នុង​ក្រុងភ្នំពេញ​ចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។ លោក​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដោយសារ​របប​ខ្មែរក្រហម។ នៅ​ឆ្នាំ​១៩៩១ ព្រះបរមរតនៈ​កោដ្ឋ នរោត្តម សីហនុ បាន​ស្នើ​សុំ​ឲ្យ​លោក​មក​កម្ពុជា ដើម្បី​ជួយ​ជួសជុល និង​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​រង​ការ​បំផ្លិចបំផ្លាញ។ ទីបំផុត​នៅ​ឆ្នាំ​១៩៩២ លោក បេអាត រីចឆ្នឺរ បាន​យល់ព្រម​ជួសជុល និង​ដឹកនាំ​មន្ទីរពេទ្យ​គន្ធបុប្ផា​រហូតដល់​ឆ្នាំ​២០១៧ ទើប​លោក​លាលែង​ពី​ដំណែង ដោយសារ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង។

ក្នុង​រយៈពេល​ប្រមាណ​ជាង​២៥​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ជាង ៦​រយ​សាមសិប (៦៣២) លាន​ដុល្លារ ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​ឥតគិតថ្លៃ។ ថវិកា​ទាំងនោះ​បាន​មកពី​រដ្ឋាភិបាល​ស្វីស ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ព្រមទាំង​មួយ​ចំណែក​ទៀត​មក​ពី​រដ្ឋាភិបាល​កម្ពុជា។ បុរស​ចិត្តធម៌​រូប​នេះ ក៏​តែង​លេង​ឧបករណ៍​សេឡូ ជា​មធ្យោបាយ​ក្នុង​ការ​ស្វែងរក​ថវិកា​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ ។ ទោះជា​យ៉ាងណា អ្វី​ដែល​ចោទ​ជា​សំនួរ គឺថា តើ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​មាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប​នេះ នឹង​អាច​ប្រតិបត្តិ​ការសង្គ្រោះ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​កម្ពុជា ប្រកបដោយ​គុណភាព​ដូចដែល​លោក​វេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ បាន​ធ្វើ​ដូច​ពេល​លោក​នៅ​មាន​ជីវិត​ឬទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles