អឺរ៉ុប និង​អាមេរិក​នឹង​ចេញ​វិធានការ​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ក្នុង​ពេល​ឆាប់ៗ​នេះ

ទីន ហ្សាការីយ៉ា
2018-09-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


របប​លោក ហ៊ុន សែន នឹង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប នៅ​ក្នុង​ខែ​កញ្ញា​នេះ ដរាបណា របប​នេះ មិន​ដោះលែង​លោក កឹម សុខា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​វិញ​ទេ​នោះ។ ក៏ប៉ុន្តែ​របប​លោក ហ៊ុន សែន អះអាង​ថា មិន​ខ្វល់​អំពី​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ពី​ប្រទេស​លោក​ខាងលិច​ឡើយ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើង​ថា របប​លោក ហ៊ុន សែន នៅតែ​បោះជំហាន​ទៅមុខ ទោះបីជា​មានការ​គំរាម កំហែង​ពី​សហគមន៍​អន្តរជាតិ​យ៉ាងណាក្ដី។

ថ្ងៃ​ទី​១៣ កញ្ញា ខាងមុខនេះ អាច​ជា​ថ្ងៃ​ដែល​សហភាព​អឺរ៉ុប នឹង​សម្រេច​ថា តើ​នឹង​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ដោយ​របៀប​ណា ដើម្បី​ឲ្យ​របប លោក ហ៊ុន សែន ដោះលែង លោក កឹម សុខា វិញ និង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ឡើ​វិញ។

តំណាង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង លោក ថៃ មករា ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ កញ្ញា​ថា សភា​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក​ចំនួន​២៨​ប្រទេស នឹង​បញ្ចេញ​វិធានការ​របស់​ខ្លួន នៅ​ក្នុង​កិច្ចប្រជុំ​មួយ ដែល​គេ​លើក​យក​របៀបវារៈ​អំពី​ការ បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មក​ពិភាក្សា​ក្នុងចំណោម​របៀបវារៈ​ផ្សេងទៀត។ លោក​អះអាង​ថា សហភាព​អឺរ៉ុប​នឹង​សម្រេច​ពី​វិធានការ​ដាក់ទណ្ឌកម្ម​នេះ នៅ​ពេល​នោះ​តែម្ដង៖ «យើង​នឹង​បកអាក្រាត​ឲ្យ​អន្តរជាតិ​ដឹង អំពី​ការបោះឆ្នោត​ដោយ​ខុសច្បាប់ ហើយ​យើង​នឹង​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ខុសច្បាប់ សុំ​ឲ្យ​រដ្ឋាភិបាល​ចិន​ដក​ការ​គាំទ្រ​រដ្ឋាភិបាល​ខុសច្បាប់»

សភា​សហភាព​អឺរ៉ុប នឹង​កោះ​ប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ខាងមុខ។ ការ​បើក​កោះ​ប្រជុំ​បន្ទាន់ ដើម្បី​ពិភាក្សា អំពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពិសេស​ការ​ឃុំខ្លួន​លោក កឹម សុខា ដែល​អូស​បន្លាយពេល​ជាង​មួយ​ឆ្នាំ​មកនេះ គឺជា​ប្រធានបទ​មួយ ក្នុង​ប្រធានបទ​បី​សំខាន់ៗ ដែល​សភា​សហភាព​អឺរ៉ុប ត្រូវ​លើក​មក​ពិភាក្សា និង​សម្រេច​អនុម័ត​ដោយ​ការបោះឆ្នោត។

ប្រធានបទ ពីរ​ផ្សេងទៀត​គឺ ការ​ចាប់ខ្លួន​សមាជិក​សភា​បក្ស​ប្រឆាំង​ក្នុង​ប្រទេស អ៊ូហ្គាន់ដា (Uganda) និង​ការ​ឃុំខ្លួន​អ្នក​កាសែត​ជនជាតិ​ភូមា ២​នាក់ ដែល​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) នៅ​ក្នុង​ប្រទេស​ភូមា។

ក្រៅ​ពី​នេះ​ទៀត លោក ថៃ មករា បញ្ជាក់​ថា លោក និង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​នៅ​ពេល​ខាងមុខ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក ដើម្បី​រាយការណ៍​ជាក់ស្ដែង​បន្ថែម នូវ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា។

ទោះជា​យ៉ាងណាក៏ដោយ របប​លោក ហ៊ុន សែន ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ដែល​គេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​នោះ របប​ឯក​បក្ស បាន​បន្ធូរ​ស្ថានការណ៍​នយោបាយ​បន្តិច ដោយ​បាន​ដោះលែង​មន្ត្រី និង​សកម្មជន​គណបក្សប្រឆាំង​ជាង ១០​នាក់ អ្នកវិភាគ​ពី​បញ្ហា​សង្គម នយោបាយ និង​សកម្មជន​ដីធ្លី​អ្នក​តំបន់​បឹងកក់ ព្រមទាំង​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប​ទៀត។ ក៏ប៉ុន្តែ​ចំពោះ​លោក កឹម សុខា វិញ លោក ហ៊ុន សែន បាន​ប្រកាស​ថា សំណុំរឿង​លោក កឹម សុខា គឺជា​ទោស​ក្បត់ជាតិ មិន​អាច​លើកលែង​ឲ្យ​បាន​ឡើយ។

បន្ថែម​ពី​នេះ​ទៀត ថ្វី​ដ្បិត​តែ​លោក ហ៊ុន សែន ប្រកាស​ជា​ញឹកញយ​ថា របប​លោក គ្មាន​ឥទ្ធិពល​អ្វី​ទៅលើ​ស្ថាប័ន​តុលាការ​ក្ដី ប៉ុន្តែ​នៅ​ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ក៏​ប្រកាស​ក្ដែងៗ​ថា ការ​លើកលែង​ទោស​ឲ្យ​អ្នកណាម្នាក់ ឬ​មិន​លើកលែង​នោះ គឺជា​សិទ្ធិ​របស់​លោក​ទៅវិញ។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ​វិញ សម្ដែង​សុទិដ្ឋិនិយម​ថា របប​លោក ហ៊ុន សែន មិន​អាច​បន្ត​ឃុំខ្លួន​លោក កឹម សុខា បន្ត​ទៀត​ឡើយ។ លោក សម រង្ស៊ី ឲ្យ​ដឹង​ថា លោក​ក៏​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​សភា​សហភាព​អឺរ៉ុប​ដែរ នៅ​ថ្ងៃ​ទី​១៣ កញ្ញា ខាងមុខ។ លោក​មាន​ជំនឿ​ថា សភា​សហភាព​អឺរ៉ុប​នឹង​បោះឆ្នោត​គាំទ្រ​ញត្តិ​មួយ ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​នោះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​សហភាព​អឺរ៉ុប​អនុវត្ត​លើ​ញត្តិ​ទណ្ឌកម្ម​នោះ។

លោក សម រង្ស៊ី ក៏​បង្ហើប​ប្រាប់​ពី​លទ្ធផល​របស់​លោក នៅ​សហរដ្ឋអាមេរិក ដែល​លោក បាន​ជួប​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​តំណាង​រដ្ឋាភិបាល​អាមេរិក​នេះ​ថា ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នឹង​បោះឆ្នោត​សម្រេច​លើ​សេចក្ដី​ស្នើ​ច្បាប់ ស្ដីពី «​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨» (លេខ​H.R. 5754) នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​៖ «ឥលូវ​នេះ យើង​នៅ​ចាំតែ​ព្រឹទ្ធសភា​នឹង​អនុម័ត ខ្ញុំ​បាន​ជួប​សហការី​របស់​ពួកគាត់​សុំ​ឲ្យ​ពន្លឿន​អនុម័ត​ឲ្យ​បាន​ឆាប់»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​លើ​តេឡេក្រាម (Telegram) របស់លោក កាលពី​ថ្ងៃ​ទី​៩ កញ្ញា ថា របប​ក្រុងភ្នំពេញ​បាន​បង្កើត​សភា និង​រដ្ឋាភិបាល ក្រោយ​ការ​បោះឆ្នោត​នេះ គឺជា​ការ​ជោគជ័យ​ដ៏​ត្រចះត្រចង់​របប​ឯកបក្ស ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ការ​បរាជ័យ​របស់​ក្រុម​ប្រឆាំង និង​លោក សម រង្ស៊ី ដែល​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ។ លោក សុខ ឥសាន អះអាង​ថា ក្រោយពី​បង្កើត​រដ្ឋាភិបាល​បានសម្រេច​ហើយ​នោះ របប​ឯក​បក្ស​នេះ គឺ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជា​មិត្ត​ជា​បន្តបន្ទាប់​ដែរ។

ប្រទេស​ដែល​ចេញ​សារ​គាំទ្រ​របប​ឯក​បក្ស​នេះ ភាគច្រើន គឺ​ទេស​ដែល​ប្រកាន់​របប​កុម្មុយនិស្ត ដូចជា​ចិន និង​វៀតណាម​ជាដើម។ ចិន​ប្រកាស​ជំហរ​ថា របប​ក្រុង​ប៉េកាំង​នៅតែ​បន្ត​គាំទ្រ​ដល់​របប​លោក ហ៊ុន សែន ទាំង​ជំនួយ​ថវិកា និង​នយោបាយ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ថៃ មករា អះអាងថា របប​ក្រុងភ្នំពេញ​មិន​អាច​យក​ចិន និង​ប្រទេស​ផ្សេងទៀត​ជា​ខ្នងបង្អែក​បាន​ឡើយ ព្រោះថា ទាំង​របប​ក្រុងភ្នំពេញ​ខ្លួនឯង ទាំង​របប​ក្រុង​ប៉េកាំង​ផង ត្រូវការ​ទីផ្សារ​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អឺរ៉ុប៖ «អ្នកនាំពាក្យ​គាត់​ថា មិន​ប៉ះពាល់​អី​ទេ មិន​អ៊ីចឹង​ទេ ច្បាស់​ជា​ប៉ះពាល់ ចាំ​មើល​ថ្ងៃទី​១៣ បើ​គេ​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ នោះ គឺ​ចិន នឹង​ស្រែក​មុនគេ»

មុន​ការ​បោះឆ្នោតជាតិ​ថ្ងៃ​ទី​២៩ កក្កដា ដែល​គេ​ចាត់ទុកថា​ជា​បោះឆ្នោត​ក្លែងក្លាយ និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ម្ចាស់​ឆ្នោត​នោះ សហភាព​អឺរ៉ុប​បាន​បញ្ជូន​ក្រុម​បេសកកម្ម​ពិសេស​របស់​ខ្លួន​មក​កម្ពុជា ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

ក្រោយ​បញ្ចប់​បេសកកម្ម​ហើយ ក្រុម​តំណាង​សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា ពួកគេ​នឹង​ពិចារណា ថា​តើ​នឹង​ដក ឬ​បន្ត​ផ្ដល់​ឲ្យ​របប​ក្រុងភ្នំពេញ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​លើកលែងតែ​អាវុធ​ចូល​អឺរ៉ុប ប្រសិនបើ​កិច្ច​ខិតខំ​របស់​ពួកគេ មិន​ទទួល​បាន​ជោគជ័យ។

ក្រៅពី​សហគមន៍​អឺរ៉ុប ក៏​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ដែរ ដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​មាន​នៅ​ក្រៅ​ប្រទេស និង​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ជំនិត​លោក ហ៊ុន សែន រួម​ទាំង​កូនលោក ហ៊ុន សែន ផង ដែល​រួមដៃ​គ្នា​សម្លាប់​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់គុក និង​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា។

ក៏ប៉ុន្តែ អ្វី​ដែល​សហគមន៍​អន្តរជាតិ ចង់បាន​ពី​របប​ក្រុងភ្នំពេញ​នោះ គឺ​តម្រូវ​ឲ្យ​លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ត្រូវ​ដោះលែង លោក កឹម សុខា ឲ្យ​មាន​សេរីភាព​វិញ ហើយ​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកនយោបាយ​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​ឈាន​ទៅ​រក​ការបោះឆ្នោត​មួយ ដោយ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ។

លោក ថៃ មករា បញ្ជាក់​ពី​ផែនការ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​ថា សហគមន៍​ខ្មែរ​នៅ​អឺរ៉ុប មិន​ខុស​ពី​ពលរដ្ឋខ្មែរ​នៅ​អូស្ត្រាលី ជប៉ុន កូរ៉េ និង​សហរដ្ឋអាមេរិក​ឡើយ ពួកគាត់​នឹង​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន បើសិនជា​លោក ហ៊ុន សែន ជាន់​ទឹកដី​អឺរ៉ុប ដើម្បី​ចូលរួម​កិច្ចប្រជុំ​នានា​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អឺរ៉ុប និង​អាមេរិក​នឹង​ចេញ​វិធានការ​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ក្នុង​ពេល​ឆាប់ៗ​នេះ"

  1. Anonymous says:

    Please not accept this illegal government of cambodia’ because they are robbing everything from khmer people and nation and rule like mafia so please U N not accept this government ‘