មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ និង​សៀមរាប ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ

ដោយ ស្ងួន អមរា
2018-09-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ (Dr. BEAT Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក Dr. Beat Richner
វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ (Dr. BEAT Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក Dr. Beat Richner


មេដឹកនាំរបបក្រុងភ្នំពេញ លោកហ៊ុន សែន ប្រកាស​សន្យា​ថា នឹង​បន្ត​បំណង​ប្រាថ្នា​របស់​ស្ថាបនិក​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ (Beat Richner) ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារ កម្ពុជា​តទៅ​មុខ​ទៀត ទោះ​បី​ជា​លោក​ទទួល​មរណភាព​ក្តី។ រីឯ​អ្នក​វិភាគ​យល់​ថា វា​គឺ​ជា​តួនាទី​របស់ រដ្ឋាភិបាល​ស្រាប់ ក្នុង​ការ​ជួយ​កុមារ និង​ប្រជា​ពលរដ្ឋ​របស់​ខ្លួន ហើយ​ការ​សន្យា​នៅ​ពេល​នេះ ហាក់​ដូច​ជា ការ​កេង​ចំណេញ​នយោបាយ។

លោក ហ៊ុន សែន ដែល​ទើប​ឡើង​បន្ត​កាន់​អំណាច​ទាំង​ចម្រូង​ចម្រាស បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ប្រធានាធិបតី​ប្រទេសស្វីស ដើម្បី​ចូលរួមរំលែងទុក្ខដ៏ក្រៀមក្រំបំផុត​ចំពោះមរណភាព​របស់​វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ។

ក្នុងលិខិត​រំលែក​ទុក្ខ​នោះ លោក ហ៊ុន សែន លើក​ឡើង​ថា ស្មារតី និងសមិទ្ធិផលដ៏ថ្លៃថ្លារបស់សព លោក​វេជ្ជបណ្ឌិតនឹងស្ថិត​ក្នុង​បេះដូង​ជាតិ​ខ្មែរ​ជានិច្ច។ លោក​ប្តេជ្ញា​ថា នឹង​បន្ត​បំណង​ប្រាថ្នា​របស់​លោក បេអាត រិច្ឆនើរ ក្នុងការជួយកុមារកម្ពុជា នៅក្នុងបណ្តាឆ្នាំខាងមុខទៀត។ លោក​បន្ត​ថា មរណភាព​របស់​លោក​វេជ្ជបណ្ឌិត គឺ​ជា​ការបាត់បង់ជនដ៏មហិមារមួយរូប ដែលប្តូរផ្តាច់មិនគិតពីខ្លួន​ឯង​ក្នុងការ​ជួយ​សង្គ្រោះ​កុមារ និង​ស្ត្រី​កម្ពុជា​រាប់​លាន​នាក់ ចាប់​តាំង​ពី​ឆ្នាំ១៩៩២

លោក​វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៧១ឆ្នាំ នៅ​ម៉ោង​ជាង ២​ព្រឹក ថ្ងៃទី​៩ ខែ​កញ្ញា នៅ​ប្រទេស​ស្វីស បន្ទាប់​ពី​បាន​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល​ជា​យូរ​មក។

ប្រធានក្រុមអ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ លើក​ឡើង​ថា ការ​ប្រកាស​សន្យា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ​កំពុង​រំជួល​ចិត្ត និង​សោក​សង្រេង​ស្តាយ​ស្រណោះ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ គឺ​ហាក់​ដូច​ជា​ការ​ទាក់ទាញ​ប្រជាប្រិយភាព​នយោបាយ​មួយ។ កញ្ញា បន្ត​ថា លោក ហ៊ុន សែន មិន​គួរប្រើពាក្យសន្យាបន្តបំណងប្រាថ្នារបស់​លោក​វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ នោះ​ទេ ព្រោះវាគឺជាតួនាទីរបស់រដ្ឋាភិបាលស្រេចទៅហើយ ក្នុងការជួយមន្ទីរពេទ្យគន្ធបុប្ផា និង​ជួយ​ពង្រឹងវិស័យសុខាភិបាលនៅកម្ពុជាដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួន៖ «នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​បង្ហាញ​ជំហរ​ថា បំពេញ​បំណង វា​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​សាធារណជន​ចាប់​អារម្មរណ៍​វិញ ប៉ុន្តែ​ខ្ញុំ​មិន​មើល​អ៊ីចឹង​ទេ។ ខ្ញុំ​មើល​ឃើញ​ថា មិន​មែន​ទៅ​បំពេញ​បំណង​លោក​វេជ្ជបណ្ឌិត​ទេ ប៉ុន្តែ​គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ ព្រោះ​ថា ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន ត្រូវ​ការ​មន្ទីរពេទ្យ​មួយ​នេះ ហើយ​ភ្ជាប់​ជាមួយ​ការ​សន្យា​នោះ គឺ​រដ្ឋាភិបាល គួរ​តែ​ពន្យល់​ឲ្យ​ច្បាស់​អំពី​ចំណុច ដែល​ជួយ​មន្ទីរពេទ្យ​នោះ»

ទាក់ទងករណីនេះ តំណាងមន្ទីពេទ្យគន្ធបុប្ផាមួយរូប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាស​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ទីក្រុង​ភ្នំពេញ​ថា មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តដំណើការ​ទៅ​មុខ​ជានិច្ច ហើយ​នឹង​ខិតខំ​អភិវឌ្ឍ​ឲ្យ​រីក​ចម្រើន ទាំង​បច្ចេកវិទ្យា និង​សមត្ថភាព​គ្រួពេទ្យ។ ការ​លើក​ឡើង​នេះ ដោយ​លោក​មើល​ឃើញ​ថា ប្រជាជន និង​រដ្ឋាភិបាល​ប្រទេស​ស្វីស នៅ​តែ​បន្ត​ផ្តល់​ជំនួយ​ដល់​មូលនិធិ​គន្ធបុប្ផា​ដដែល ទោះ​បី​ជា​លោក បេអាត រិច្ឆនើរ បាន​ទទួល​មរណភាព​ទៅ​ហើយ​ក្តី៖ «យើង​នៅ​តែ​មាន​មូលនិធិ​គន្ធបុប្ផា​ស្វីស​នៅ​តែ​ប្រឹងប្រែង​ជួយ​យើង ហើយ​យើង​នឹង​ខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន»

មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប បាន​បើក​ឲ្យ​សារធារណជន ចូល​គោរព​វិញ្ញាណក្ខន្ធ​រយៈ​ពេល ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៥ ខែ​កញ្ញា។ មន្ទីរពេទ្យគន្ធបុប្ផា​ក៏​គ្រោង​នឹង​រៀបចំ​ពិធី​បុណ្យ ៧ថ្ងៃ​ដែរ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា។ ប្រជា​ពលរដ្ឋ​ខ្មែរ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ បាន​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​បន្ត​បន្ទាប់ ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​សោក​ស្តាយ និង​ការ​គោរព​ដឹង​គុណ។

ប្រជាពលរដ្ឋខ្មែរ បាន​ប្រសិទ្ធិនាម​ជូន​លោក​វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ ថា ជា​គួ្រពេទ្យ​ទេវតា ជា​វីរៈបុរស​បេះដូង​មនុស្សធម៌ ដែល​បាន​ពលី​កម្លាំង​កាយ ចិត្ត និង​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ផង ព្រម​ទាំង​រិះរក​គ្រប់​មធ្យោបាយ​ដើរ​រក​ជំនួយ​គ្រប់​ទិសទី ដើម្បី​ជួយ​សង្គ្រោះ​ជីវិត កុមារ និង​ស្ត្រី​កម្ពុជា រាប់​លាន​នាក់ ជាង ២៥ឆ្នាំ​មក​ហើយ តាម​រយៈ​មន្ទីរពេទ្យ​គន្ធបុប្ផា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles