កម្មកររោងចក្រមួយក្នុងខណ្ឌមានជ័យផ្ទុះការតវ៉ាដោយថាថៅកែរត់ចោលមិនបើកប្រាក់ឈ្នួល

| |
https://vodhotnews.com

ក្រុមកម្មករជាង២៥០នាក់បម្រើការងារនៅរោងចក្រ លីដា ផ្ទុះការតវ៉ាក្រោយដឹងថា ថៅកែរោងចក្ររត់ចោលមិនបើកប្រាក់ឈ្នួលឲ្យ


កម្មករបម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាតវ៉ាក្នុងរោងចក្រ ដែលពួកគេចោទថា ថៅកែរត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងប្រាក់អតីតភាពការងារជូនពួកគេ។

ក្រុមកម្មករជាង២៥០នាក់បម្រើការងារនៅរោងចក្រ លីដា ស្ថិតក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ បានផ្តុះការតវ៉ា និងដេកយាមមុខរោងចក្ររយៈពេល២ថ្ងៃហើយក្រោយដឹងថា ថៅកែរត់ចោលដោយមិនទូទាត់ប្រាក់សំណងជូនពួកគេ។

កម្មករផ្នែកជាងម៉ាស៊ីនលោក ជាង ថា រៀបរាប់ប្រាប់វីអូឌីកន្លែងតវ៉ាមុខរោងចក្រនៅថ្ងៃនេះថា កន្លងមកថៅរោងចក្រនេះតែងតែបើកប្រាក់ឈ្នួលជូនកម្មកររៀងរាល់ថ្ងៃទី១០ ប៉ុន្តែសម្រាប់ខែកញ្ញានេះ ថៅកែរូបនោះ មិនបើកប្រាក់ឈ្នួលជូនកម្មករដូចមុនទៀតទេដោយលើថ្ងៃរយៈពេល២ថ្ងៃហើយ និងបានបិទទំនាក់ទំនងដោយមិនអាចទាក់ទងបានថែមទៀត។


បញ្ហាហ្នឹងវាមានកើតឡើងពីរថ្ងៃហើយ កាលថ្ងៃទី១០ម៉ោង៤ គឺបាត់ថៅកែ លេខទូរស័ព្ទក៏តេអត់ចូល អ្វីគឺទាក់ ទងអត់បានទាំងអស់ ខ្ញុំទៅរកដល់ផ្ទះគាត់ទៀតអត់ឃើញទេមិនដឹងគាត់ចេញតាំងពីពេលណា? និយាយរួមថៅកែកម្មករតែក្នុង ខែហ្នឹងទេ។ ខែហ្នឹងគឺគាត់ និងម្ចាស់អ៊ីវ៉ាន់ គឺគាត់ទៅបាត់ គាត់ជំពាក់កម្មករម្នាក់ប្រហែល៣០០ដុល្លារជាង

កម្មករផ្នែកជាងម៉ាស៊ីនលោក ជាង ថា


កម្មករផ្នែកដេរម្នាក់ទៀតអ្នកស្រី ឯម សុភី និយាយថា គាត់បម្រើការងារនៅរោងចក្រនេះរយៈពេល២ឆ្នាំកន្លះហើយ ដោយថៅកែជំពាក់ប្រាក់ឈ្នួលគាត់សរុបប្រហែលជាង៣៥០ដុល្លារ។

អ្នកស្រីបន្តថា ប្រសិនបើថៅកែមិនទូទាត់ប្រាក់ឈ្នួលឲ្យកម្មករទាន់ពេលវេលាទេនឹងបង្កផលប៉ះពាល់ជាច្រើនដល់ពួកគាត់ដូចជាគ្មានលុយបង់បន្ទប់ជួល ទឹកភ្លើង ចាយវាយប្រចាំថ្ងៃ និងបង់សងធនាគារជាដើម។


បើគិត១ខែ១០ថ្ងៃហ្នឹងថៅកែត្រូវជំពាក់ខ្ញុំពី៣០០ដុល្លារទៅ៤០០ដុល្លារជាងនេះចំណែកខ្ញុំ។ បើសម្រាប់កម្មករ ផ្សេងៗទៀតដែលថែមម៉ោងដល់ម៉ោង១០យប់ឬទាល់ភ្លឺខ្លះអាច៤០០ដុល្លារទៅជាង៥០០ដុល្លារ។ ខ្ញុំសុំឲ្យក្រសួងការងារជួយ ដោះស្រាយឲ្យបានឆាប់ៗដើម្បីឲ្យពួកខ្ញុំមានលុយបង់ថ្លៃផ្ទះ ថ្លៃទឹកភ្លើង និងចំណាយជីវភាពប្រចាំថ្ងៃ

កម្មករផ្នែកដេរម្នាក់ទៀតអ្នកស្រី ឯម សុភី


បុរសម្នាក់ស្លៀកពាក់ជាមន្រ្តីនគរបាលសុំមិនប្រាប់ឈ្មោះនិយាយថា ក្នុងនាមគាត់ជាសមត្ថកិច្ចនៅមូលដ្ឋាននោះមានសិទ្ធិត្រឹម តែការពារផលប្រយោជន៍ដែលកុ្រមកម្មករស្នើឲ្យជួយមើល និងជូនដំណឹងនេះទៅក្រសួងសាមីដឹងប៉ុណ្ណោះ ដោយគ្មានសិទ្ធិដោះស្រាយអ្វីលើសពីនេះទេ។


ម្សិលមិញលោកអភិបាលខណ្ឌ និងខាងក្រសួងបានចុះមកដែរ។ ចំណែកពួកខ្ញុំបានត្រឹមជួយមើល ជួយការ ពារក្លាចពួកចិនវាមកអុកឡុក​ពួកខ្ញុំជួយអញ្ចឹង បើថាជួយរកដំណោះស្រាយបានទាំងស្រុកហ្មងគឺអត់ទេ

បុរសម្នាក់ស្លៀកពាក់ជាមន្រ្តីនគរបាលសុំមិនប្រាប់ឈ្មោះ


កម្មករអះអាងថា កាលពីម្សិលមិញមន្រ្តីក្រសួងការងារចុះទៅសម្របសម្រួស និងសន្យាជួយដោះស្រាយ ប៉ុន្តែមិនប្រាប់ថា ដោះស្រាយដូចម្តេចនោះទេ ហើយក្រុមកម្មករកំពុងពឹងសហជីពឲ្យជួយសម្របសម្រួលដោះស្រាយករណីនេះជាមួយក្រសួងដែរ។

កាលពីសប្តាហ៍មុនអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ថ្លែងថា រដ្ឋាភិបាលមិនឲ្យកម្មករណាម្នាក់បាត់បង់ផលប្រយោជន៍ដោយសារថៅកែរត់ចោលនោះទេ។


ក្រសួងបានបញ្ជាក់ហើយដែរគឺថា យើងមិនឲ្យបងប្អូនកម្មករយើងណាម្នាក់បាត់បង់អតីតភាពការងារដោយ សារតែរោងចក្រដួលរលំបិទទ្វារ ឬក៏ថៅកែរត់ចោលនោះទេ។​ យើងនឹងធានានៅបីចំនុចដែលយើងធ្លាប់បានដោះនៅតាមរោងចក្រមុនៗជូនទៅបងប្អូនកម្មករ ប្រសិនជាថៅកែពិតជាគ្មានលទ្ធភាព ដើម្បីទូទាត់សងហើយនឹងចាត់វិធានការជាមួយថៅកែនៅតាមក្រោយវិញ

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ


កាលពីខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាទៅក្រសួងពាក់ព័ន្ធទប់ស្កាត់ឲ្យ​មានប្រសិទ្ធិភាពករណីថៅកែរោងចក្រកាត់ដេរសំលៀកបំពាក់បិទទ្វាររត់ចោលដោយមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ដោយថា ដើម្បីកុំឲ្យរដ្ឋាភិបាលរងគ្រោះកាន់តែខ្លាំង។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ធ្លាប់ស្នើទៅមន្រ្តីក្រសួងការងារដែលចុះដោះស្រាយករណីថៅកែរត់ចោលកម្មករនេះ ត្រូវធ្វើការឲ្យប្រាកដប្រជា ហើយថា ដើម្បីទប់ស្កាត់បញ្ហានោះមានប្រសិទ្ធភាពលុះត្រាតែមន្រ្តីក្រោមឱវាទទាំងនោះអនុវត្តន៍ច្បាប់បានត្រឹមត្រូវ។

ក្រុមកម្មករឲ្យដឹងថា រោងចក្រ លីដា មានកម្មករជាង២៥០នាក់ និងមានថៅកែជាជនជាតិចិន ហើយថា ថៅកែរោងចក្រនេះជំ ពាក់ប្រាក់ឈ្នួលកម្មករ១ខែ១០ថ្ងៃដោយគិតជាទឹកប្រាក់ម្នាក់ចម្លោះ៣០០ដុល្លារទៅ៥០០ដុល្លារ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles