សកម្មជន​ដីធ្លី​លោកស្រី ស ស៊ន ថា តុលាការ​ព្យាយាម​ភ្ជាប់​រូប​លោកស្រី​ទៅ​នឹង​គណបក្ស សង្រ្គោះ​ជាតិ

ដោយ វ៉ែន សុមេធ
2018-09-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​បុរីកីឡា លោកស្រី សរ ស៊ន (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA
អ្នក​តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​បុរីកីឡា លោកស្រី សរ ស៊ន (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


សកម្មជន​ដីធ្លី​តំបន់​បុរីកីឡា លោកស្រី ស ស៊ន ថា តុលាការ​ក្រុង​ភ្នំពេញ​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​រវាង​លោកស្រីជាមួយគណបក្ស សង្រ្គោះ​ជាតិ ដោយ​លើក​ឡើង​ថា ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទពណ៌​ខ្មៅ​តាម​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស សង្រ្គោះ​ជាតិ។ ការ​លើក​ឡើង​បែប​នេះ ខណៈ​លោកស្រី​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ក្រុង​ភ្នំពេញ​ថ្ងៃទី១១ ខែ​កញ្ញា តាម​ការ​កោះហៅ​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី ទាក់ទង​សំណុំ​រឿង​លោក កឹម សុខា។

សកម្មជន​ដីធ្លី​តំបន់​បុរីកីឡា លោកស្រី ស ស៊ន ឲ្យ​អាស៊ី​សេរី​ដឹង​ថា ចៅក្រម​បាន​សាកសួរ លោកស្រី​ពី​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទពណ៌​ខ្មៅ​កន្លង​ទៅ ដោយសារ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​លោកស្រី​ធ្វើ​យុទ្ធនាការ​នេះ? តើ​យុទ្ធនាការ​នេះ​ធ្វើ​តាម​ការ​បញ្ជារ​បស់​គណបក្ស សង្គ្រោះ​ជាតិ មែន​ទេ?។ លោក​ស្រី ស ស៊ន ឲ្យ​ដឹង​ទៀត​ថា ទោះ​លោក​ស្រី​ប្រាប់​ថា ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទពណ៌​ខ្មៅ​នេះ​ជា​ការ​រៀបចំ​របស់​សហគមន៍​លោកស្រី តុលាការ​នៅ​តែ​ដេញដោល​ហាក់​បី​ដូច​ជា​មិន​ជឿ​ចម្លើយ​របស់​លោក​ស្រី​ឡើយ៖ «គេ​ថា ថ្ងៃ​ចន្ទពណ៌​ខ្មៅ​ហ្នឹង​មីង​ធ្វើ​តាម​គណបក្ស សង្រ្គោះ​ជាតិ បំផុសឲ្យធ្វើ។ មីង​ថា អត់​ដឹង​ទេ។ គេថា គេអត់អាច​ទទួល​យក​បាន​ទេ មីង​និយាយ​ពង្វាង​អ៊ីចឹង គឺ​ច្បាស់ណាស់ គឺ​គណបក្ស សង្រ្គោះ​ជាតិ គេ​បំផុស​ហើយ មីង​ចាប់​ផ្តើម​ពាក់​អាវ​ខ្មៅ​ហ្នឹង​ម៉ង​ធ្វើ​យុទ្ធនាការ​រៀង​រាល់​ថ្ងៃ»

សកម្មជន​ដីធ្លី​តំបន់​បុរីកីឡា លោកស្រី ស ស៊ន ឲ្យ​ដឹង​ទៀត​ថា បើ​ទោះ​ជា​លោកស្រី​បាន​បញ្ជាក់​ថា លោកស្រីគ្មានទំនាក់ទំនងជាមួយលោក កឹម សុខា ឬ​គណបក្ស សង្រ្គោះ​ជាតិ ក្តី ក៏​ក្រោយបញ្ចប់ការ​សាកសួរ អ្នក​កត់ត្រា​របស់​តុលាការ​នៅ​តែ​សរសេរ​ថា លោកស្រី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ព្រោះ​មាន​ទំនាក់ទំនង​ជា​មួយ​គណបក្ស សង្រ្គោះ​ជាតិ ដដែល ហើយ​ពេល​ឃើញ​ដូច្នេះ​លោកស្រី​ទាមទារ​ឲ្យ​កែ​ចំណុច​នេះ​ឡើង​វិញ៖ «លិខិតចុងក្រោយ​ដែល​គេ​ឲ្យ​មីង​ផ្តិត​មេ​ដៃ គេ (តុលាការ) នៅ​តែ​ដាក់​ក្នុង​ហ្នឹង​ថា មីង​ធ្វើ​តាម​គណបក្ស សង្គ្រោះ​ជាតិ បំផុស​ឲ្យ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ហើយ​គេ​ឲ្យ​មើល​ទៅ​គេ​ថា មីង​មិន​សុខ​ចិត្ត គេ​ឲ្យ​មីង​លុប​ចោល។ អ៊ីចឹង​ចំណុច​គេ​ដាក់​ថា មីង​ដឹង មីង​លុប​ចោល​ថា​មីង​មិន​ដឹង មិន​ដឹង​ថា គណបក្ស​បំផុស​ឲ្យ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ថ្ងៃណា? ខែណា? ឆ្នាំណា

ការសាកសួរលោកស្រី ស ស៊ន ពីសំណាក់ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី បែប​នេះ ក្រោយមួយថ្ងៃដែលចៅក្រមរូបនេះបានសាកសួរលោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឲ្យ​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ពាក់ព័ន្ធ​ករណី​របស់​លោក កឹម សុខា ដូច​គ្នា។ ក្រៅ​ពី​សាក្សី​ទាំង​ពីរ​រូប​នេះ​តុលាការ​ក៏​បាន​សាកសួរ​សាក្សី​មួយ​ចំនួន​រួច​មក​ហើយ​ដែរ រួម​មាន​អ្នក​នយោបាយ មន្រ្តី​សង្គម​ស៊ីវិល សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ និង​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក កឹម សុខា កាល​ពី​លោក​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

លោក​មេធាវី ផាន់ ច័ន្ទស័ក្កិ ជា​មេធាវី​ម្នាក់​ក្នុងចំណោម​មេធាវី​បី​នាក់​ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​កោះ​ហៅ​នេះ​ទេ​ព្រោះ​ជា​នីតិវិធី​របស់​ចៅ​ក្រម​ស៊ើបសូរ។

អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា ថា តុលាការព្យាយាម អូសបន្លាយ សំណុំ​រឿង​លោក កឹម សុខា តាម​រយៈ​ការ​កោះហៅ​សង្គម​ស៊ីវិល ឬ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​សាកសួរ​ជា​បន្ត​បន្ទាប់។ សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា សំណុំ​រឿង​លោក កឹម សុខា ដែល​អូស​បន្លាយ​ជាង​មួយ​ឆ្នាំ​មក​នេះ តុលាការ​គួរ​បិទ​បញ្ចប់​ការ​សាកសួរ ដើម្បី​ឈាន​ដល់​ការ​ជំនុំជម្រះ​ក្តី៖ «ការ​ទាមទារ​តវ៉ា​ណា​មួយ​ទាំង​ឡាយ​ទាំង​ពួង​កន្លង​មក​ចេះ​តែ​ជាប់​ទាក់ទង​ករណី​នយោបាយ​ទៅ​វិញ ដូច្នេះ​ឃើញ​ហៅ​អ្នក​ពាក់ព័ន្ធ​ទៅ​ឆ្លើយ​បំភ្លឺ ដែល​ហាក់​ដូច​ជា​មិន​ជាប់​ពាក់ព័ន្ធ​រឿង​ហ្នឹង​ទេ»

បើទោះបីចៅក្រមស៊ើបសួរបន្ត​កោះ​ហៅ​សាក្សី​មក​ឆ្លើយ​បំភ្លឺ​ករណី​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ដែល​របប​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ថា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​មាន​អង្គការ​ចាត់តាំង​​នៅ​ពី​ក្រោយ​ខ្នង គឺ​សហរដ្ឋ​អាមេរិក​ក្តី តុលាការ​ក្រុង​ភ្នំពេញ​នៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១០ ខែកញ្ញា បាន​សម្រេច​ឲ្យ​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​ពី​សមត្ថកិច្ច និង​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment