អតីតមន្ត្រីស្និទ្ធជាមួយលោក ហេង ពៅ ស្លាប់ក្នុងពេលឃុំឃាំង

| |
https://vodhotnews.com

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធនាគារឲ្យដឹងថា ទណ្ឌិត ហង្ស វុទ្ធី ហៅ យមរាជ (រូបភាព៖ Khmertime)


មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធនាគារឲ្យដឹងថា ទណ្ឌិត ហង្ស វុទ្ធី ហៅ យមរាជ ដែលជាអតីតមន្ត្រីនគរបាល និងជាដៃស្តាំរបស់អតីតស្នងការនគរបាលរាជធានីភ្នំពេញ ហេង ពៅ បានស្លាប់ដោយសារជំងឺក្នុងពេលដែលលោកជាប់ឃុំ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា បញ្ជាក់ប្រាប់ VOD នៅថ្ងៃនេះថា ទណ្ឌិត ហង្ស វុទ្ធី បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្សី) កាលពីថ្ងៃទី១០កញ្ញាកន្លងទៅនេះ ដោយសារជំងឺក្រិនថ្លើមរ៉ាំរ៉ៃ និងឈឺសួត។ លោកបន្ថែមថា ខាងគ្រួសារបានទទួលសពយកទៅធ្វើបុណ្យតាំងពីថ្ងៃស្លាប់និងបានចេញលិខិតមរណៈភាពរួចហើយ។

កាលពីឆ្នាំ២០០៦ មានព័ត៌មានស្តីពីអ្នកទោសមួយក្រុមហែកគុកព្រៃសចេញ ហើយក្នុងចំណោមនោះ គឺមានឈ្មោះហង្ស វុទ្ធីហៅយមរាជដែលត្រូវបានចាប់ខ្លួនកាត់ទោសជាមួយក្រុមអតីតស្នងការរាជធានីភ្នំពេញ ហេង ពៅ ក្នុងសំណុំរឿងឧក្រិដ្ឋជាច្រើនកាលពីដើមឆ្នាំនោះ។
សូមបញ្ជាក់ថា ហង្ស វុទ្ធី ធ្លាប់ត្រូវបានតុលាការកាត់ទោសពីបទមនុស្សឃាត ជម្រិតទារប្រាក់ និងការឃុំខ្លួនមនុស្សខុសច្បាប់ពាក់ព័ន្ធទៅនឹងការរៀបចំគម្រោងសម្លាប់អ្នកកាសែត ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីអាវុធហត្ថ និងមន្រ្តីអគ្គិសនី៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment