ដំណើរជីវិតនិងបណ្តាំរបស់លោក​ Beat Richner

| |
https://vodhotnews.com

លោកវេជ្ជបណ្ឌិត Beat Richner (រូបភាព៖ វេបសាយបរទេស)


លោក Beat Richner កើតនៅក្នុងនៅ​ទីក្រុង​ហ៊្សូរីច ប្រទេស​ស្វីស​ នៅឆ្នាំ​១៩៤៧។ លោកជានិស្សិតពេទ្យបានបញ្ខប់​ការ​​សិក្សានៅក្នុងឆ្នាំ១៩៧៣ ហើយបានក្លាយជាវេជ្ជបណ្ឌិតជំនាញផ្នែកកុមារ​នៅក្នុងមន្ទីរពេទ្យកុមារនៅទីក្រុង ហ្សូរ៊ីច។ អំឡុងពេលដែលលោកកំពុងតែបន្ត​អាជីពជាវេជ្ជបណ្ឌិ​តលោក​ក៏ជា​អ្នកសិល្បៈលេងតន្រ្តីវីយូឡុងសែល(cello)ម្នាក់ផងដែរ លោកតែងតែសម្តែងមានទេពកោសល្យ ថ្លុកកំប្លែងសំរាប់ក្មេងៗនាសម័យទស្សវតន៍៧០នោះ ហើយហៅលោកថា Beatocello។

លោក Beat Richner បានមកជាន់ទឹកដីកម្ពុជាដំបូងកាលពីឆ្នាំ១៩៧៤ ​មកម្លេះ​ ដោយលោកត្រូវបានកាក​បាទ​ក្រហមស្វីស​បញ្ជូនអោយមកធ្វើការនៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា​ ហើយបន្ទាប់មកលោកក៏ត្រូវបង្ខំអោយ​ត្រលប់​ទៅ​កាន់​តំណែងដើមនៅប្រទេសស្វីសវិញដោយសារកម្ពុជាធ្លាក់ក្នុងសង្គ្រាមនៅឆ្នាំ១៩៧៥។

បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ទៅ​​ ព្រះមហាក្សត្រសម្តេចព្រះនរោត្តមព្រះសីហនុ បានស្នើអោយលោក Beat Richner មកសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ ក្រោយការបំផ្លាញដោយខ្មែរក្រហម។ គ្រានេះគឺជាការផ្លាស់ប្តូរនៃជីវិតរ​បស់​លោក ដោយសារតែលោកទទួលនៅសំណើ ហើយលោកក៏បានត្រលប់មកកម្ពុជាវិញនៅឆ្នាំ១៩៩២ និងបង្កើតមន្ទីរពេទ្យដំបូងគឺគន្ធបុប្ផា១។

មន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យដែលទទួលការព្យាបាលជំងីកុមារដោយឥតគិតថ្លៃ​។ នៅ​ក្នុង​រយៈ​ពេល​ជាង ២៦​ឆ្នាំ​មក​នេះ លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ពង្រីក​សាខា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រហូត​ដល់ ៥​កន្លែង​ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប។

បើការសាងសង់មន្ទីរពេទ្យនិងការពិនិត្យជំងឹដោយឥតគិតថ្លៃ តើប្រាក់ទាំងនេះលោកបានមកពីណាខ្លះ?

តាំងពីឆ្នាំ១៩៩២មក មន្ទីរពេទ្យមួយនេះបានទទួលបានជំនួយ៣,២% ពីរដ្ឋាភិបាលកម្ពុជាហើយ ៤,៣% ពីរដ្ឋាភិបាលស្វីស ចំណែកឯ៩២,៥%ផ្សេងទៀតគឺបានមកពីការបរិច្ចាគនានា លើសពីនេះ លោកក៏បានប្រគុំតន្រ្តីសប្បុរសធម៌ដើម្បីយកប្រាក់មកឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

បើតាមការចុះផ្សាយកាលពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៨របស់សារព័ត៌មានអនឡាញក្នុងស្រុករបស់ប្រទេសស្វីស -អាល្លឺម៉ង់ NZZ NEWS បានអោយដឹង លោក Beat Rinchner មានកេរ្តិ៍សព្ទល្បីល្បាញដែលការងារ របស់លោកត្រូវ បាន​គេទទួល​ស្គាល់ទូទាំងពិភពលោក។

ប្រភពដដែលបានអោយដឹងថាលោក Beat Richner បានទទួលនូវពានរង្វាន់មួយចំនួនមានដូចជា ពានរង្វាន់ Max Petitpierre នៅឆ្នាំ១៩៩៣ ពានរង្វាន់ Adele Duttweiler ក្នុងឆ្នាំ ១៩៩៣ ពានរង្វាន់ Guido Fanconi ក្នុងឆ្នាំ ១៩៩៥ ដែលសម្គាល់ពីសេវាវេជ្ជសាស្រ្តពិសេស។ នៅឆ្នាំ ១៩៩៨ និង ២00២ លោកបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសថ្នាក់បណ្ឌិតពីសកលវិទ្យាល័យ Lausanne និង Zurich ។

លោក Denis Laurrent ជានាយកប្រតិបត្តិរបស់មន្ទីរពេទ្យគន្ធបុប្ផាបានប្រាប់វីអូឌីអោយដឹងតាមសារទូរស័ព្ទថា លោកBeatocello បានលះបង់នឹងប្រើប្រាស់ពេលចុងក្រោយជាង២៥ឆ្នាំរបស់លោកដើម្បីសង្គ្រោះកុមារ ក្នុងប្រទេសកម្ពុជា។ រយៈពេល៣ឆ្នាំមុនការស្លាប់របស់ខ្លួនលោកបានរៀបចំអ្វីៗទាំងអស់ ​រួចហើយដោយក្នុង​ហេតុការ​ណា​មួយ​លោក​មិនអាចធ្វើការបន្តទៀតបាន ដោយក្តីស្រមៃរបស់លោកគឺចង់​អោយ​មន្ទីរពេទ្យគន្ធបុប្ផានៅតែដំណើរការដោយ​គ្មានគាត់។

ចាប់តាំងពីឆ្នាំ១៩៩២មក ទឹកប្រាក់ជាង៧០០លានដុល្លារបានចំណាយលើមន្ទីរពេទ្យកុមារគន្ធបុប្ផា ជាមួយនឹងការព្យាបាលកុមារ ១,៧លាននាក់ និងការពិគ្រោះយោបល់ចំនួន១៣,៥លានករណី។

ពាក្យចុងក្រោយរបស់លោក Beat Richner គឺ៖ «កុមារទាំងអស់មានសិទ្ធិក្នុងការទទួលការព្យាបាលដ៏ល្អបំផុតនិងដោយឥតគិតថ្លៃ ទាំងនៅហ្សូរ៊ិច និងក្នុងប្រទេសកម្ពុជា»។ នេះ បើតាមលោក Denis Laurrent។​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles