តុលាការ​កំពូល​​គ្រោង​ប្រកាស​លទ្ធផល​លើ​សំណុំ​រឿង​សុំ​មោឃភាព​នីតិវិធី ដែល​ប្ដឹង​សារទុក្ខ​ដោយ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ ២​នាក់​ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា

វិទ្យុ​អាស៊ី​សេរី
2018-09-12

លោក អួន ឈិន និង​លោក យាង សុធារិន ហៅ សុជា មេត្តា អតីត​បុគ្គលិក​អាស៊ី​សេរី ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ព្រលប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០១៨។ រូប៖ AFP
លោក អួន ឈិន និង​លោក យាង សុធារិន ហៅ សុជា មេត្តា អតីត​បុគ្គលិក​អាស៊ី​សេរី ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ព្រលប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០១៨។ រូប៖ AFP


តុលាការ​កំពូល​សម្រេច​នឹង​​ប្រកាស​លទ្ធផល​លើ​សំណុំ​រឿង​មោឃភាព​នីតិវិធី​ ដែល​ប្ដឹង​សារទុក្ខ​ដោយ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​២រូប នៅ​ថ្ងៃ​ទី​១៧​ខែ​កញ្ញា។ ការ​សម្រេច​​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​មេធាវី និង​ អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ ២រូប​ គឺ​លោក​ អួន ឈិន​ និង​​លោក​ យាង សុធារិន​ បាន​ចូល​ស្ដាប់​​ក្នុង​សវនាការ​នៅ​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា។

លោក​ យាង សុធារិន​ ឲ្យ​ដឹង​នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ទី​១២ កញ្ញា​ថា​ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​បាន​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ ហើយ​លោក​ក៏​ទទូច​ឲ្យ​តុលាការ​កំពូល​ធ្វើ​យ៉ាង​ណា​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​ ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរី​ភាព​ដូចដើម​ឡើង​វិញ​ ដោយ​មិន​មាន​ការ​ត្រួតពិនិត្យ​ពី​តុលាការ៖ «សំឡេង​ ហើយ​ខាង​មេធាវី​របស់​ខ្ញុំ​ គាត់​រក​ឃើញ​ថា​ សមត្ថកិច្ច​បាន​ឃុំ​ខ្លួន​ពួក​ខ្ញុំ​កន្លង​មក​ដោយ​ខុសច្បាប់​ ព្រោះ​ការ​ឃុំ​ខ្លួន​ពួក​ខ្ញុំ​លើស​ពី​៤៨​ម៉ោង​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ដើម្បី​ឃុំ​ខ្លួន​បន្ត​នោះ​ទេ»

សាលាឧទ្ធរណ៍​កាលពីថ្ងៃ​ទី​២៦ ខែ​ធ្នូ​ឆ្នាំ ២០១៧ បានសម្រេច​ច្រាន​ចោល​សំណើរ​សុំ​មោខភាព​នីតិវិធី​នេះ​ម្ដង​រួច​មក​ហើយ និង​បន្ត​ឃុំ​ខ្លួន​ អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី​ទាំង​២​នាក់​រហូត​ដល់​មាន​ការដោះលែង​​អោយ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​២១​ខែ សីហា​កន្លង​ទៅ​នេះ ប៉ុន្តែ​ត្រូវ​ដាក់​អោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ គិត​ត្រឹម​ថ្ងៃ​ដែល​ត្រូវ​បាន​ដោះលែង អ្នក​ទាំងពីរ​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស អស់​រយៈពេល ២៨០​ថ្ងៃ ឬ​ជាង​៩​ខែ​ដោយ​មិន​ទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅ​ឡើយ។

លោក​ យាង សុធារិន​ អះអាង​ថា​ សព្វ​ថ្ងៃ​ថ្វីត្បិត​តែ​រូប​គាត់​បាន​រស់​នៅ​ក្រៅ​ឃុំ​មែន​​ ក៏​ប៉ុន្តែ​ជួប​ការ​លំបាក​ខ្លាំង​​បញ្ហា​ជីវភាព​នៅ​ក្នុង​គ្រួសារ​ ហើយ​គ្មាន​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ គឺ​ត្រូវ​រស់​ផ្ទះ​ជា​មួយ​ប្អូន​មួយ​រយៈ​ ព្រោះ​គ្មាន​ប្រាក់​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ ដោយសារ​មិន​អាច​ទៅ​រក​ការងារ​ធ្វើ​​បាន​នៅ​ឡើយ​ ដោយ​​ជាប់​រវល់​បង្ហាញ​ខ្លួន​ទៅ​សមត្ថកិច្ច​និង​ត្រូវ​ចូល​តុលាការ​ញឹកញាប់។

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​​ចាប់ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពី​បទ​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ តាម​មាត្រា​៤៤៥​នៃ​ក្រមព្រហ្មទណ្ឌ ដែល​សហគមន៍​អ្នក​ច្បាប់​សិទ្ធិមនុស្ស​ថា ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​មាន​ចរិត​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles