មន្ត្រី​សិទ្ធិមនុស្ស​ថា លោក ហង្ស វុទ្ធី ឬយមរាជ ស្លាប់​ទៅ​ទាំង​អយុត្តិធម៌

ដោយ ថន ថារ៉ូ
2018-09-12
RFA

លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កត នៃ​អង្គការ​លីកាដូ (LICADHO) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៥។ RFA
លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កត នៃ​អង្គការ​លីកាដូ (LICADHO) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៥។ RFA


មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មើលឃើញ​ថា ការ​ស្លាប់​របស់​លោក ហង្ស វុទ្ធី ហៅ ទិវា​១៦ ឬ «យមរាជ» ដែល​ជា​អតីត​កូន​ចៅ​លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ គឺ​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​បាត់បង់​សាក្សី​ដ៏​សំខាន់​មួយ នៅ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​សំខាន់ៗ ជា​ច្រើន​ទៀត។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​ទណ្ឌិត​ដ៏​ល្បី​រូប​នេះ បាន​ស្លាប់​ដោយសារ​ជំងឺ កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា​កន្លង​ទៅ។

ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សម្តែង​ការ​សោក​ស្តាយ​ដែល​លោក ហង្ស វុទ្ធី ហៅ យមរាជ អតីត​មន្ត្រី​នគរបាល និង​ជា​ដៃ​ស្ដាំ​របស់​លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ បាន​ស្លាប់​ទាំង​នៅ​ជាប់​ទោស​សរុប ៥១ឆ្នាំ ដោយគ្មាន​ឱកាស​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង និង​គ្មាន​ឱកាស​ជួប​ជុំ​សាច់​ញាតិ​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​លោក។

កាល​ពី​ខែ​មុថិនា ឆ្នាំ​២០០៦ លោក ហង្ស​ វុទ្ធី ហៅ យមរាជ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ៥១​ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿង​ឧក្រិដ្ឋ​សម្លាប់​មនុស្សជាមួយ​នឹង​លោក ហេង ពៅ ព្រមទាំង​បក្ខពួក​ជា​ច្រើន​រូប​ផ្សេង​ទៀត។ សំណុំរឿង​ឃាតកម្ម​ទាំង​នោះ រួមមាន​ពី​បទ​សម្លាប់​ចៅក្រម សុខ សេដ្ឋាមុនី និង​ប៉ុនប៉ង​សម្លាប់​មេ​បញ្ជាការ​ប៉េអឹម​លោក សៅ​ សុខា និង​អគ្គ​ព្រះរាជ​អាជ្ញា​លោក អ៊ុក សាវុធ ព្រម​ទាំង​សំណុំ​រឿង​ប៉ុនប៉ង​បាញ់សម្លាប់​អតីត​ប្រធាន​សាខា​អគ្គិសនី​កម្ពុជាលោក គឹម ដារាវុធ ជា​ដើម។ ប៉ុន្តែ​លោកហង្ស វុទ្ធី ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់ទាំង​នេះ ហើយ​ប្រកាស​ប្តឹង​ឧទ្ធរណ៍។

លោក ហង្ស វុទ្ធី ក៏​ធ្លាប់​ហែក​គុក​រត់​កាល​ពី​ឆ្នាំ ២០០៦ ដែរ ប៉ុន្តែ​លោក​បាន​ចោទ​ថា ឧត្ដមសេនីយ៍ ម៉ក់ ជីតូ បច្ចុប្បន្ន​ជាអគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​អ្នក​នៅ​ពី​ក្រោយ​ការ​រៀបចំ​ឈុត​ឆាក​បង្ខំ​ឲ្យ​រូប​លោក​រត់​ចេញ​ពី​គុក​ព្រៃ​ស​ជាមួយ​អ្នក​ទោស ១១​នាក់​ផ្សេង​ទៀត ដើម្បីយករូបលោក​ទៅសម្លាប់បំបិទមាត់ ពីព្រោះតែលោកដឹង រឿង​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ច្រើន​ករណី​ពេក ប៉ុន្តែ​លោក​ដឹង​ខ្លួន​មុន ទើប​រត់​គេច​រួច និង​បាន​រស់​លាក់​ខ្លួន​ពី​សង្គម​អស់​រយៈ​ពេល​ប្រមាណ ៨​ឆ្នាំ។ នៅ​ឆ្នាំ​២០១៥ លោក ហង្ស វុទ្ធី បាន​ទៅ​បង្ហាញ​មុខ​នៅ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (Licadho) ដោយ​និយាយ​ថា លោក​មិន​បាន​ធ្វើ​ខុស ឬ​សម្លាប់​មនុស្ស​ទេ លោក​ត្រូវ​តែ​ចេញ​មក​រក​ការ​ពិត ហើយ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ គឺ​គ្មាន​ភស្តុតាង និង សាក្សី​នោះ​ឡើយ។ ពេល​នោះ​លោក ហង្ស វុទ្ធី ហៅ យមរាជ បាន​ទាមទារ​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ ជួយ​រក​យុត្តិធម៌​ជូន​លោក​ផង​ដែរ។

លោក អំ សំអាត ថ្លែង​​ថា ការ​ស្លាប់​របស់​លោក ហង្ស វុទ្ធីនេះ បណ្ដាល​ឲ្យ​បាត់បង់​សាក្សី​សំខាន់​មួយរូប​នៅ​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​ជា​ច្រើន​ទៀត ជា​មួយ​នឹង​លោក ហេង ពៅ កាល​ពី​ជាង ១០ឆ្នាំ​មុន​ដែរ៖ «តាម​ច្បាប់​ពន្ធនាគារ​អី​ក៏​ដោយ គឺ​ប្រសិនបើ​នៅ​ដំណាក់​កាល​ចុង​ក្រោយ នៃ​ជីវិត​ចុង​ក្រោយ​របស់​គាត់ បើ​គេ​ពិនិត្យ​ទៅ​ឃើញ​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ការ​ជីវិត​ចុង​ក្រោយ ដើម្បី​ចង់​ជួប​ក្រុម​គ្រួសា ឬ​ស្អី​នោះ គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​លទ្ធភាព​ទាំង​អស់​នេះ។ ប៉ុន្តែ​គ្រាន់​តែ​ថា បញ្ហា​លោក​យមរាជ​នេះ យើង​ដឹង​ហើយ​ថា ពី​មុន​មក​មាន​ការ​មន្ទិល​ទាក់ទង់​នឹង​បញ្ហា​ជា​ច្រើន ហើយ​យើង​និង​ក្រុម​គ្រួសារ​គាត់​ ពិត​ជា​ការ​សោក​ស្តាយ​ដែល​គាត់​មរណភាព។អ្វី​ដែល​សោក​ស្តាយ​មួយ​នោះ គឺ​ថា លោក ហង្ស វុទ្ធី ឬ​យមរាជ​នេះ​គឺ​ជា​សាក្សី​សំខាន់​នៅ​ក្នុង​សំណុំរឿង​សំខាន់ៗ ពី​មុន​មក​ដែរ»

អាស៊ីសេរី មិនអាចសុំការឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវ​នា បាន​ទេ នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។ ទោះ​យ៉ាង​ណា​ក្តី លោក នុត សាវនា បាន​ប្រាប់​គេ​ហទំព័រ​ថ្មីៗ ថា ទណ្ឌិត ហង្ស វុទ្ធី អាយុ ៤៨ឆ្នាំ ដែល​កំពុង​ស្ថិតក្រោម​ការ​ជាប់​ពន្ធនាគារ​សរុប ៥១ឆ្នាំ​នោះ បាន​ទទួល​មរណភាព ដោយសារ​ជំងឺ​ជំងឺ​ក្រិន​ថ្លើម ទាច​ទឹក និង​ជំងឺ​សួត កាល​ពី​ថ្ងៃទី​១០ ខែកញ្ញា​ នៅ​ពេល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខ្មែរសូវៀត។

លោក អំ សំអាត ថ្លែង​ថា ប្រសិន​បើ​ក្រុម​គ្រួសារ​របស់​លោក ហង្ស វុទ្ធី រក​ឃើញ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោក ហង្ស វុទ្ធី ផ្ទុយ​ពី​ការ​អះអាង​របស់​សមត្ថកិច្ច គឺ​ក្រុម​គ្រួសារ អាច​ប្តឹង​ទាមទារ​យុត្តិធម៌​បាន៖ «ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ផ្សេងៗ ដែល​គេ​ចោទ​ប្រកាន់ គឺ​វា​បាត់​ហើយ ប៉ុន្តែ​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់ ប្រសិន​បើ​រកឃើញថា ការស្លាប់ របស់​គាត់​បណ្តាល​មក​ពី​ស្អីៗ គាត់មានភស្តុតាំងអីផ្សេងទៀត គឺ​ក្រុម​គ្រួសារ អាច​ធ្វើ​ការ​ទាមទារ​រក​យុត្តិធម៌»

លោកស្រី សុន សុភណ្ឌ័ ដែល​អះអាង​ថា ត្រូវ​ជា​ប្អូន​បង្កើត​របស់​លោក ហង្ស វុទ្ធី បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ថា បង​ប្រុស​លោកស្រី ពិត​ជា​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​មែន។ លោកស្រី​សុំ​ឲ្យ​លោក ហ៊ុន សែន មេត្តា​ជួយ​អន្តាគមន៍​ទៅ​តុលាការ ដើម្បី​ដោះ​លែង​បង​ប្រុស​ទី៣ ម្នាក់​ទៀត ឈ្មោះ ហង្ស វុត្ថា ដែល​បាន​ជាប់​ឃុំ​ជាមួយ​លោក ហង្ស វុទ្ធី រយៈ​ពេល ១៣ឆ្នាំ​មក​ហើយ ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​លោក ហង្ស វុទ្ធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment