អ្នក​បឹងកក់​ដាក់​ញត្តិ​ស្នើសុំ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​សមាជិក​ពលរដ្ឋ​២​គ្រួសារ​ពី​របប​ភ្នំពេញ

សុ ជីវី
2018-09-13
RFA

លោកស្រី ផាន់ ឈុនរ៉េត និង​ស្វាមី ថ្លែង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្ទះ​លោកស្រី​ចេញ​ពី​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦។ RFA
លោកស្រី ផាន់ ឈុនរ៉េត និង​ស្វាមី ថ្លែង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្ទះ​លោកស្រី​ចេញ​ពី​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦។ RFA


ពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ ជិត​១០​នាក់ នាំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ស្នើសុំ​អាជ្ញាធរ ជួយ​ពន្លឿន​ផ្ដល់​ដំណោះស្រាយ​ឲ្យ​អ្នក​បឹងកក់​នៅសល់​២​គ្រួសារ ដែល​មិនទាន់​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ក៏​ស្នើ​ឲ្យ​អាជ្ញាធរ ប្រញាប់​ដោះស្រាយ​បញ្ចប់​ជូន​អ្នក​បឹងកក់​ដែល​រង់ចាំ អស់​ជាច្រើន​ឆ្នាំ​ហើយ នូវ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ខ្លួន​ដោយ​ស្របច្បាប់ និង​រស់នៅ​ដោយ​ថ្លៃថ្នូរ។

ស្ត្រី​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ផាន់ ឈុនរ៉េត ថ្លែង​ថា អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ផ្ដល់​ដី​និង​ផ្ដល់​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​នៅ​បឹងកក់​អស់​ជាច្រើន​គ្រួសារ​ហើយ។ ចំណែក​ដី​របស់​លោកស្រី​ដែល​មាន​បណ្ដោយ ៣២​ម៉ែត្រ ទទឹង​ជាង ៧​ម៉ែត្រ ក្បែរ​នឹង​វិហារ​ឥស្លាម នៅ​មិនទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី ពី​សាលាក្រុង​នៅឡើយ។ ហើយ​មួយទៀត​នោះ គឺ​គ្រួសារ លោក ឃឹម ចាន់ថា ក៏​នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ដែរ ដែល​ដី​និង​ផ្ទះ​របស់​គាត់ ត្រូវ​កប់​នៅ​ក្នុង​វាល​ខ្សាច់ ហ៊ុមព័ទ្ធ​ដោយ​ដី​ក្រុមហ៊ុន​ស៊ូកាគូ របស់​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាជន​លោក ឡៅ ម៉េងឃីន។

លោកស្រី ផាន់ ឈុនរ៉េត ដែល​ចេញមុខ​តវ៉ា​រឿង​ដីធ្លី​របស់​ខ្លួន ១០​ឆ្នាំ​ហើយ បន្តទៀត​ថា ប្លង់​កម្មសិទ្ធិ​ដីធ្លី គឺជា​អាយុជីវិត​របស់​គាត់ ព្រោះ​វា​ផ្នែក​មួយ​អាច​ជួល​សម្រាល​បន្ទុក​រស់នៅ​ប្រចាំថ្ងៃ តាមរយៈ​ការ​ដាក់​ប្លង់ដី​នៅ​ធនាគារ ហើយ​អាច​យក​ប្រាក់​កម្ចី​មក​ប្រកប​របរ​ចិញ្ចឹមជីវិត៖ «ពួក​ខ្ញុំ​ទៅ​ដាក់​រាល់ថ្ងៃ បានតែ​ប្លង់​មក យើង​ចង់​ធ្វើ​ផ្ទះ​ក៏បាន យើង​ចង់​យក​ទៅ​ដាក់​នៅ​ធនាគារ​ក៏បាន។ វា​ផ្ដល់​ភាព​កក់ក្ដៅ​មួយ​នៅ​ក្នុង​ក្រុម​គ្រួសារ​ផង ។ ខ្ញុំ​ពិបាកចិត្ត ខ្ញុំ​អត់​បាន​ប្លង់​អ៊ីចឹង​ណា ខ្ញុំ​ដេក​ពិបាកចិត្ត ខ្ញុំ​ឈឺ​ទៀត អ៊ីចឹង ខ្ញុំ​ខំ​ប្រឹងប្រែង​ដើម្បី​បាន​ប្លង់​ដូច​គេ​ដូច​ឯង។ វា​បាន​ជួយ​យើង​ច្រើន ចង់​ដាក់​អី​យក​លុយ​មក​ធ្វើ​ផ្ទះ​មក​ក៏បាន ធ្វើ​ផ្ទះ​ជួល​ផ្ទះ​អី​ទៅ ដល់​យើង​អត់​បាន​ប្លង់​អ៊ីចឹង យើង​អត់​ហ៊ាន​ធ្វើ​អី​ទាំងអស់ តែ​ហ៊ាន​ធ្វើ​គេ​ឃាត់​យើង​គេ​មិន​ឲ្យ​យើង​ធ្វើ​ទេ»

ក្រោយពី​ដាក់​ញត្តិ​នៅ​ព្រឹក ថ្ងៃ​ទី​១៣ ខែ​កញ្ញា នេះ អ្នកស្រី ផាន់ ឈុនរ៉េត ថា​មន្ត្រី​តំណាង​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​មន្ត្រី​តំណាង​ឲ្យ​ក្រសួង​ដែនដី​នគរូប​នីយកម្ម និង​សំណង់ មិន​ទទួលយក​ញត្តិ​ពី​លោកស្រី​ឡើយ ដោយ​លើក​ហេតុផល ថា​សរសេរ​ខុស​បែបបទ​រដ្ឋបាល។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មើលឃើញ​ថា ករណី​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់ គួរ​ដល់​ពេល​ដែល​អាជ្ញាធរ​គួរ​ដោះស្រាយ​បញ្ចប់​ហើយ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ យល់ថា មន្ត្រី​ដែល​ទទួលយក​ញត្តិ​ពី​ពលរដ្ឋ គួរ​មានការ​យល់យោគ​និង​សម្របសម្រួល មិន​គួរ​ច្រានចោល​ញត្តិ​ពលរដ្ឋ​បែប​នោះ​ឡើយ ប្រសិនបើ​មន្ត្រី​របស់​រដ្ឋ​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៖ «ខ្ញុំ​គិត​ថា ល្មម​នឹង​ដល់ពេល​បញ្ចប់​ហើយ​សំណុំ​រឿង​នេះ ព្រោះថា​គាត់​ម្នាក់ៗ ទន្ទឹង​រង់ចាំ​ដើម្បី​ឲ្យ​បាន​ដំណោះស្រាយ ហើយ​យក​ប្លង់​កម្មសិទ្ធិ​របស់​គាត់​ហ្នឹង ឲ្យ​ភាព​កក់ក្ដៅ ជា​ម្ចាស់​កម្មសិទ្ធិ​ពេញលេញ​ស្របច្បាប់ ដើម្បី​ឲ្យ​គាត់​ប្រើប្រាស់ ដី​តំបន់​គាត់​យក​ធ្វើ​ឬក៏​បែង​ចែង​ផ្សេងៗ​សម្រាប់​កូនចៅ ដើម្បី​ឲ្យ​គាត់​មាន​ជីវភាព​ល្អ​ប្រសើរ​ដូច​ប្រជាពលរដ្ឋ​បឹងកក់​ផ្សេង​ដែល​គេ​បាន​ទទួល​រួចហើយ​កន្លងមក​ហ្នឹង»

ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់ កើតឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ក្រោយ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ូ កាគូ របស់​ឧកញ៉ា ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាជន ធ្វើការ​អភិវឌ្ឍ​សម្រាប់​រយៈពេល​៩៩​ឆ្នាំ ក្នុង​ទឹកប្រាក់​ប្រមាណ​៧៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​លើ​ក​ផ្ទៃដី​ជិត​១៣៣ ហិកតារ។

ទាក់ទង​នឹង​ជម្លោះដីធ្លី​ដ៏​ចម្រូងចម្រាស​មួយ​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ បញ្ជា​ទៅ​សាលាក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ចប់​ជម្លោះ​ឲ្យ​ពលរដ្ឋ តាមរយៈ​នយោបាយ​ស្បែក​ខ្លា​ដែល​ត្រូវ​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ដែល​ចង់​រស់នៅ និង​អភិវឌ្ឍ​នៅ​ហ្នឹង​កន្លែង តាម​អនុក្រឹត្យ​លេខ​១៨៣ ផ្ដល់​ដី​ទំហំ​១២,៤៤​ហិកតារ កាលពី​ឆ្នាំ​២០១១។

ប៉ុន្តែ​ចំណាត់ការ​ដោយមាន​ដាក់​ចេញ​ជា​អនុក្រឹត្យ​ផង​នោះ ហាក់​គ្មាន​ប្រសិទ្ធភាព ដើម្បី​បញ្ចប់​ជម្លោះ​បាន​ទាំងស្រុង​ឡើយ ខណៈ​តំណែង​អភិបាលក្រុង​ភ្នំពេញ ត្រូវ​បាន លោក ហ៊ុន សែន ដោះដូរ​ដល់​ទៅ​បី​លើក ចាប់តាំង​ពី​លោក កែប ជុតិមា បន្ទាប់មក លោក ប៉ា សុជាតិវង្ស រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ លោក ឃួង ស្រេង។

ជម្លោះដីធ្លី​ចំ​កណ្ដាល​ក្រុងភ្នំពេញ​ដែល​អូស​បន្លាយ​ជាង​១០​ឆ្នាំ​មកនេះ បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ត្រូវ​បង្ខំ​អោយ​ចាក​ចេញពី​ផ្ទះសម្បែង ហើយ​មនុស្ស​រាប់រយ​ក្លាយ​ជា​ជនរងគ្រោះ ដោយសារ​ការពារ​ដីធ្លី​ផ្ទះសម្បែង​របស់​ពួកគេ ដែល​រឹបអូស​និង​ឈូស​ឆាយ​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ ។ ក្នុងចំណោម​អ្នក​ទាំងនោះ អ្នកខ្លះ​ត្រូវ​រង​ការ​វាយ​ធ្វើបាប វាយ​ដុំ ជេរប្រមាថ និង​ខ្លះ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់គុក ដោយសារ​ការ​ចេញ​តវ៉ា ការពារ​ដីធ្លី​របស់​ពួកគេ​ជាច្រើនលើក​ច្រើន​សា កាល​ពេល​កន្លងទៅ។

សហគមន៍​បឹង​កក់ ឲ្យ​ដឹង​ថា ពួកគេ​នឹង​ដាក់​ញត្តិ​ជា​ថ្មី​ទៀត នៅ​ដើម​សប្ដាហ៍​ក្រោយ ហើយ​បន្ត​ការ​ទាមទារ​ដំណោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​ផ្សេងទៀត លុះត្រាតែ​គ្រួសារ​អ្នកស្រី ផាន ឈុនរ៉េត និង​លោក ឃឹម ចាន់ថា ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្របតាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles