HRW ជំរុញឲ្យដោះលែង និងទម្លាក់ចោលរាល់បទចោទប្រកាន់លើអ្នកទោសនយោបាយទាំងអស់

មាន ឫទ្ធិ
2018-09-13
RFA

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ Photo: RFA
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ Photo: RFA


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ( Human Rights Watch ) ជំរុញ​ឲ្យ​របបលោក ហ៊ុន សែន ដោះលែង និង​ទម្លាក់ចោល​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ រាល់​បទចោទប្រកាន់​លើ​អ្នកទោសនយោបាយ​ទាំងអស់​នៅ​កម្ពុជា​។ អង្គការ​នេះ​កំណត់ថា ការដោះលែង​អ្នកទោស​ចុងក្រោយ​នេះ ដោយសារតែ​លោក ហ៊ុន សែន ​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​របប​លោក ក្រោយពី​បានរៀបចំ​ព្រឹត្តិការណ៍ ថ្ងៃទី២៩ កក្កដា ដែល​ត្រូវគេ​ចាត់ទុកថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ​។​

​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ែ​ត៍ វ៉​ច្ឆ លោក ប្រ៊ែ​ដ អាដាម (Brad Adams) មានប្រសាសន៍​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ​ចេញផ្សាយ​ថ្ងៃទី១២ កញ្ញា ថា របប​នេះ គួរតែ​ដោះលែង​ រាល់​អ្នកទោសនយោបាយ​ទាំងអស់ និង​ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រឆាំងនឹង​ពួកគេ​ទាំងអស់ ក្នុងនោះ​រួមទាំង​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផងដែរ​។ លោក ប្រ៊ែ​ដ អាដាម បន្តថា លោក ហ៊ុន សែន គួរតែ​ប្តេជ្ញាចិត្ត​បញ្ឈប់​ចោល​ទាំងស្រុង​នូវ​រាល់​ការចាប់ខ្លួន​ក្រុម​អ្នក​រិះគន់ ដែល​លោក​បន្ត​ប្រើប្រាស់​ដើម្បី​អាច​ក្តោប​ក្តាប់​អំណាច​ផ្តាច់ការ​របស់លោក​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​នាំពាក្យ​របប​លោក ហ៊ុន សែន លោក ផៃ ស៊ី​ផាន ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី១២ កញ្ញា ថា ករណី​ឃាត់ខ្លួន​សកម្មជន​​នយោបាយ គឺជា​ដែន​សមត្ថកិច្ច​របស់​អំ​ណា​ច​តុលាការ ហើយ​របប​របស់លោក​ពុំមាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ​។ លោក​ថា ការស្នើ​ឡើង​របស់​អង្គការ​យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ នេះ ជា​បំណង​ផ្ទាល់ខ្លួន ជាមួយ​ចេតនា​ទុច្ចរិត​លើ​រដ្ឋាភិបាល ក៏ប៉ុន្តែ លោក​ថា អង្គការ​នេះ ពុំមាន​សមត្ថកិច្ច​ដាក់បន្ទុក​ដល់​តុលាការ ឬរបប​លោក​ហ៊ុនសែន​នោះទេ​៖ «​ខ្ញុំ​មិន​ឆ្លើយ​ជំនួស​តុលាការ​នោះទេ​។ បុគ្គល​ម្នាក់ៗ​ហ្នឹង​មាន​ស្ថាន​ទម្ងន់ទោស​ខុសៗ​គ្នា ដោយមាន​អង្គហេតុ​ខុសគ្នា ហើយ​ផលវិបាក​ចេញពី​អង្គច្បាប់​ហ្នឹង អ្នក​ទាំងអស់គ្នា មាន​សភាព​ខុសៗ​គ្នា​។ អង្គការ​ហ្នឹង តែងតែ​មានគំនិត​​ទុច្ចរិត​​យក​​ការ​អនុវត្ត​នីតិរដ្ឋ ទៅជា​ហេតុផល​នយោបាយ​ទៅវិញ​​»។

​លោក ផៃ ស៊ី​ផាន អះអាងថា ការដោះលែង​អ្នកទោស​កាលពីពេល​កន្ល​ង​ទៅនេះ គឺ​ពុំមាន​ពាក់ព័ន្ធ​នឹង​ការផ្សះផ្សា​​ជាតិ​​នោះឡើយ ព្រោះថា​ដំណាក់កាល​បច្ចុប្បន្ននេះ គឺជា​ដំណាក់កាល​ឯកភាព​ជាតិ និង​នីតិរដ្ឋ​។ លោក ផៃ ស៊ី​ផាន បន្តថា ការដោះលែង​អ្នកទោសនយោបាយ​នាពេល​កន្លងទៅ​ថ្មីៗ​នេះ គឺ​អនុវត្តតាម​​នីតិវិធី ដោយសារតែ​អ្នកនោះ បាន​ជាប់គុក​បម្រើ​ទណ្ឌកម្ម​របស់​ពួកគេ​អស់​មួយរយៈ​រួចស្រេច​ទៅហើយ៖ «​នីតិវិធី​ហ្នឹង​គឺ គេ​ក៏មាន​សិទ្ធិ​ក្នុង​ការទទួល​សារភាព​ទោស​របស់​ពួកគេ ហើយ​គេ​ក៏មាន​សិទ្ធិ​សរសេរ​សំបុត្រ សុំ​ស្នើ​ដល់​នាយករដ្ឋមន្ត្រី​ក្នុង​ការស្នើ​បន្តទៅ​ព្រះមហាក្សត្រ ដើម្បី​ទទួលបាន​នូវ​ព្រះរាជទាន​លើកលែងទោស​នេះឯង​។ នេះ​ជា​នីតិវិធី​នៅ​កម្ពុជា​។ រាជរដ្ឋាភិបាល ឬ​នាយករដ្ឋមន្ត្រី មិនដែល​ធ្វើតាម​ការបង្គាប់បញ្ជារ​បស់​បរទេស​នោះទេ​​»។

​យ៉ាងណាក៏ដោយ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ សង្កត់ធ្ងន់ៗ​ថា ប្រទេស​កម្ពុជា បានអនុម័ត​​ក​ត្តិ​កាសញ្ញា​​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែលមាន​ចែង​អំពី​សិទ្ធិ​បញ្ចេញមតិ ការជួបប្រជុំ​ដោយ​សន្តិវិធី និង​ការបង្កើត​អង្គការ​សមាគម​នានា​។ អង្គការ​នេះ​ថា អាជ្ញាធរ​កម្ពុជា តែងតែ​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដែល​ខ្វះ​ឯករាជ្យ​ស្រាប់ ដោយ​ខុសច្បាប់​ជាប្រចាំ ដើម្បី​កំណត់​មុខសញ្ញា​ លើ​សមាជិក​នយោបាយ​គណ​បក្សប្រឆាំង សកម្មជន​អង្គការ​សង្គម​ស៊ីវិល និង​អ្នកកាសែត​ជាដើម​។ អង្គការ​នេះ​ថា រាល់​សវនាការ ជាពិសេស​លើ​សំណុំរឿង​ទាំងឡាយណា​ដែលជា​សំណុំរឿង​នយោបាយ តែងតែ​រំលោភ​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​ទទួលបាន​ការកាត់ក្តី​ដោយ​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់ របស់​ចុងចោទ​។​

​អ្នកទោសនយោបាយ និង​អ្នក​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​លើ​អង្គសេចក្តី រួមមាន​សមាជិក និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​គណបក្សប្រឆាំង អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកកាសែត​ដែល​រាយការណ៍​ឲ្យ​អង្គភាព​ព័ត៌មាន​ឯករាជ្យ​។ ពួកគេ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ឬ​កាត់ទោស និង​ចាប់​ដាក់គុក ដោយសារតែ​ពួកគេ​បាន​រិះគន់​ប្រឆាំងនឹង​លោក ហ៊ុន សែន ឬ​គណបក្ស​ប្រជាជន​កម្ពុជា​។ ថ្មីៗ​នេះ​ទៀតសោត ផលិតករ​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី លោក ជេ​ម​ស៏ រីក​ខិត​សិន ( James Ricketson ) វ័យ ៦៩ឆ្នាំ ក៏​ត្រូវបាន​កាត់ទោស​ពីបទ​ចារកម្ម ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦ឆ្នាំ​។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ឲ្យ​ដឹងថា ក្នុងចំណោម​អ្នកទោសនយោបាយ​ដែល​របប ហ៊ុន សែន បាន​ដោះលែង​ចំនួន ២១ រូបនោះ ក្នុងនោះ​មាន​អ្នកទោសនយោបាយ​មួយចំនួន នៅតែ​បន្ត​ប្រឈមមុខ​នឹង​ការជាប់​ចោទ​ពីបទ​ឧក្រិដ្ឋ​ដដែល ដែលជា​បទ​ចោទ​មាន​ច​រិ​ក​នយោបាយ ក្នុងនោះ​រួមមាន ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា អ្នកវិភាគ​នយោបាយ លោក គឹម សុខ សកម្មជន​ដីធ្លី អ្នកស្រី ទេព វ​ន្នី អ​តី​តៈអ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន្ទ​។

ក្នុងចំណោម​អ្នកទោសនយោបាយ​ដែល​ទើបបាន​ដោះលែង​ទាំងនោះ លោក គឹម សុខ បាន​ទទួលរង​ការគំរាមកំហែង​ជាថ្មី​ម្តងទៀត​ពី​លោក ហ៊ុន សែន ថា​លោក​នឹងត្រូវ​ប្រឈម​នឹង​ការចាប់​ដាក់ពន្ធនាគារ​ឡើងវិញ​។ លោក ប្រ៊ែ​ដ អាដាម ថា ការ​គំរាម​ចាប់​ដាក់ពន្ធនាគារ​ឡើងវិញ​លើ​បទ​ចោទ​ដទៃទៀត​ពី​សំណាក់​លោក ហ៊ុន សែន នេះ បង្ហាញថា ការដោះលែង​អ្នកទោសនយោបាយ​នាពេល​ថ្មីៗ​នេះ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ឆាកល្ខោន​នយោបាយ ហើយ​មិន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការផ្លាស់ប្តូរ​ណាមួយ​ឡើយ​ជុំវិញ​វិធីសាស្ត្រ​របស់លោក ហ៊ុន សែន ប្រឆាំងនឹង​ក្រុម​អ្នក​រិះគន់​លោក​។ លោក​ថា លោក គឹម សុខ ត្រូវបាន​រង​នូវ​ការ​គំរាម​ចាប់​ដាក់គុក​សាជាថ្មី​ម្តងទៀត ដោយសារតែ​លោក​គ្រាន់តែ​និយាយថា លោក​នឹង​បន្ត​រិះគន់​របប ហ៊ុន សែន បន្តទៅទៀត​នោះ​។​

អ្នកទោសនយោបាយ​ចំនួន ៩ រូប​ទៀត ដែល​របប​លោក ហ៊ុន សែន នៅ​មិនទាន់​ដោះលែង​រួមមាន ព្រះសង្ឃ ហន សុ​ផា​នី្ន សមាជិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម នាង ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោកស្រី សំ សុខា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឈុន សិទ្ធី សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹង​កាច់ ខេត្ត​ប៉ៃលិន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ចៅ វាសនា ចៅសង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជនជាតិ​អូស្ត្រាលី​លោក ជេ​ម រីក​ខេ​ត​សិន ផលិតករ​ខ្សែភាពយន្ត​ឯកសារ លោក អ៊ី​ស្មា​អែល ពិន​ឧស្មាន់ បេក្ខជន​តំណាងរាស្ត្រ​មិន​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​កំពង់ចាម លោក ឃាង ណាវី នាយក​សាលាបឋមសិក្សា​ខេត្តកំពង់ធំ និង​លោក បាន សម្ភី អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តសៀមរាប​។​

លោក ប្រ៊ែ​ដ អាដាម ស្នើ​ដៃគូ​ពាណិជ្ជកម្ម និង​ប្រទេស​ម្ចាស់ជំនួយ​របស់​កម្ពុជា ឲ្យ​ប្រាប់​ទៅ​របបលោក ហ៊ុន សែន ថា របប​នេះ​ត្រូវតែ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ និង​កាត់ទោស​ក្រុម​អ្នក​រិះគន់ ហើយ​ត្រូវ​ដោះលែង​ជាបន្ទាន់​អ្នក​ទាំងឡាយណា​ដែល​របប​នេះ​បាន​ចាប់ខ្លួន​ដោយ​អយុត្តិធម៌​។ លោក​ថា ដៃគូ​ពាណិជ្ជកម្ម និង​ប្រទេស​ម្ចាស់ជំនួយ​របស់​កម្ពុជា ត្រូវតែ​បញ្ជាក់​ឲ្យ​ច្បាស់​ទៅ​លោក ហ៊ុន សែន ថា ពួកគេ​នឹងមិន​ធ្វើការ​ជាមួយ​របប​នេះ​ដូច​ធម្មតា​ឡើយ ដរាបណា របប​នេះ​នៅតែ​បន្ត​ឃុំខ្លួន​អ្នកទោសនយោបាយ​ជា​បន្តទៅទៀត​នោះ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "HRW ជំរុញឲ្យដោះលែង និងទម្លាក់ចោលរាល់បទចោទប្រកាន់លើអ្នកទោសនយោបាយទាំងអស់"

  1. Anonymous says:

    Human Right’ what are talking about?? cambodia haven’t had human since 1997 coup of Veitcong mafia dictator’ haha’ . Sir’ cambodia and her people never have the right to talk’ or protest otherwise get hit or jail without anything wrong ‘ they can do what ever they wanted to do because this tiny country rule by a groups of mafia so people are suffer everyday in their life only GOD know’

  2. so socheath says:

    កិច្ចប្រជុំសភាអឺរ៉ុប ផ្តល់លទ្ធភាពច្រើនរវាងកម្ពុជា និងសហគមន៍អឺរ៉ុប គ្មានការដាក់ទណ្ឌកម្ម ដូចក្រុមប្រឆាំងលើកឡើងទេ
    ************************************

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯ/ឧ ផៃ ស៊ីផាន បានអះអាងថា កិច្ចប្រជុំសភាអឺរ៉ុបានផ្តល់ភាពល្អប្រសើរ សម្រាប់កម្ពុជាជាច្រើន មិនដូចការលើកឡើង របស់អតីតមេបក្សប្រឆាំងនោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីសមរង្ស៊ីបាន អះអាងសហគមន៍អឺរ៉ុប នឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើកម្ពុជា ។
    ឯ/ឧ ផៃ ស៊ីផានបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញាថា កិច្ចប្រជុំសភាអឺរ៉ុបបាន ផ្តល់ ភាពល្អប្រសើរសម្រាប់កម្ពុជា ក្នុងនោះរួមមាន៖ ទី១. ការឱកាសក្នុងការឆ្លងឆ្លើយគ្នា ដោយ ភាគីទាំងអស់ដែល បានគោរពសន្ធិសញ្ញារួម ។ ទី២.ទទួលបានការគោរព គ្នាទៅវិញទៅមកដែលកម្ពុជា មានឱកាសចូលរួមប្រជុំ។ ទី៣.សហភាពអឺរ៉ុប ជាដៃគូក្នុងការអភិវឌ្ឍន៍ នៅកម្ពុជា ហើយសហភាពអឺរ៉ុប និងកម្ពុជា មានសារៈសំខាន់ជាច្រើន ក្នុងការរួមធ្វើកិច្ចសហការគ្នា រវាងទ្វេ រភាគី និងក៏ដូច ជាមួយ បណ្តាប្រទេស អាស៊ានជាមួយ សហភាពអឺរ៉ុបដែរ ។
    ឯ/ឧ បញ្ជាក់ថា «កិច្ចប្រជុំផ្តល់ឱកាសល្អ ទ្វេភាគីរវាងកម្ពុជា អឺរ៉ុប ហើយទ្វេភា គីរវាង អាស៊ាន និងសហគមន៍អឺរ៉ុប អាហ្នឹងជាកត្តា និងមូលដ្ឋានសំខាន់ក្នុងការ ដោះស្រាយបញ្ហាក្នុង មិនយល់គ្នាទៅវិញទៅមក» ។
    ជាមួយគ្នានោះដែរអ្នកនាំពាក្យ រាជរដ្ឋាភិបាលក៏បាន ច្រានចោលការលើកឡើងរបស់ លោកសម រង្ស៊ីថាសហគមន៍អឺរ៉ុប នឹងទណ្ឌកម្មលើកម្ពុជាផងដែរ ។ លោកបាន ហៅ សម រង្ស៊ីជាអ្នកនយោបាយ វិកលចរិតថែមទៀត ។
    ឯ/ឧ បន្តថាសម្តេចតេជោ ហ៊ុន សែន បានចូលរួមកិច្ចប្រជុំ វេទិកាធំៗដើម្បីផ្សារ ភ្ជាប់
    រវាងប្រទេសកម្ពុជាទៅ នឹងបណ្តាប្រទេសខាងក្រៅ ។ ដូច្នេះប្រមុខរាជរដ្ឋាភិបាល បានពង្រឹង
    នូវឯកភាពនិង សាមគ្គីភាព ហើយបញ្ហាសុវត្ថិភាព ក្នុងតំបន់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីគោលការណ៍ អធិបតេយ្យភាពមិនជ្រែជ្រែក កិច្ចការផ្ទៃក្នុងពី
    ប្រទេសខាងក្រៅផងដែរ ៕