បទយកការណ៍៖ អតីតអ្នកបុរីកីឡាបារម្ភពីការបណ្តេញចេញម្តងទៀត ព្រោះពុំ​ទាន់​មានប័ណ្ណកម្មសិទ្ធដីធ្លី

| |
https://vodhotnews.com

អតីតអ្នកបុរីកីឡាប្រមាណ១១០គ្រួសារ ឲ្យទៅរស់នៅក្រោយភ្នំឧត្តុង ស្ថិតក្នុង​ភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ដែល​មាន​ចម្ងាយ​ប្រមាណ​​ជាង៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខណៈ៣០គ្រួសារ​ទៀត ពូកគេអះអាងថា បច្ចុប្បន្ននេះពួកគេមិនទាន់ទទួលបានសំណងនៅឡើយ


……………………………………………..សំឡេងនិយាយពីទុក្ខលំបាក…………………………………..

នៅឆ្នាំ២០១២ ​ក្រុមហ៊ុនផានអុីម៉ិច របស់លោកស្រី ស៊ុយ សុផាន បាន​ដោះស្រាយ​សំណង​ឲ្យ​អតីតអ្នកបុរីកីឡាប្រមាណ១១០គ្រួសារ ឲ្យទៅរស់នៅក្រោយភ្នំឧត្តុង ស្ថិតក្នុង​ភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ដែល​មាន​ចម្ងាយ​ប្រមាណ​​ជាង៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខណៈ៣០គ្រួសារ​ទៀត ពូកគេអះអាងថា បច្ចុប្បន្ននេះពួកគេមិនទាន់ទទួលបានសំណងនៅឡើយ។

គិតមកដល់​ពេល​នេះគឺមានរយៈពេលជាង៦ឆ្នាំហើយ ដែលអតីតអ្នកបុរីកីឡាទាំងនោះបាន​ទៅរស់នៅក្នុង​ភូមិស្រះពោធិ៍ ប៉ុន្តែពួកគេពុំទាន់​ទទួល​បាន​ប័ណ្ណកម្មសិទ្ធដីធ្លីនៅឡើយទេ។ បញ្ហានេះ បាន​ធ្វើឲ្យ​ពលរដ្ឋមួយចំនួននៅតំបន់នោះ​ពិបាក​ក្នុងការ​ខ្ចីប្រាក់​ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​ដើម្បីប្រកបរបរចិញ្ចឹម​ជីវិត ហើយអ្នកខ្លះទៀតក៏មាន​ការព្រួយបារម្ភពីការបណ្ដេញចេញ​ជាលើក​ទី២ផងដែរ។​​

អង្គុយនៅមុខ​ច្រកចូលផ្ទះ តំណាងសហគមន៍អតីតអ្នកបុរីកីឡា អ្នកស្រី សាន សារ៉ុម រៀប​រាប់ថា ក្រោយពីមានជម្លោះជាមួយក្រុមហ៊ុនផានអ៊ីម៉ិច ពួកគេ​១១០គ្រួសារ ទទួលបានលិខិតមួយសរសេរជាប្រវត្តិរូបសង្ខេប ដោយ​ដាក់​ឈ្មោះអ្នកទទួល​ដីក្នុងមួយគ្រួសារ មាន​ទទឹង៥ម៉ែត្រ និងបណ្តោយ១២ម៉ែត្រពីក្រុមហ៊ុន។

អ្វីដែលគួរឲ្យកត់សំគាល់ អ្នកស្រី សាន សារ៉ុម អះអាងថា លិខិតប្រវត្តិរូបសង្ខេបដែលទទួលបានពីក្រុមហ៊ុន មិនអាច​យកទៅដាក់បញ្ចាំនៅធនាគារបានទេ ករណីនេះអ្នកស្រីថា ធ្វើឲ្យ​ប៉ះពាល់ដល់ជីវភាពគ្រួសារ។

អ្នកស្រី សាន សារ៉ុម

ធនាគារណា អង្គការណាចុះមក​ឲ្យខ្ចីថវិកា ក៏គេមិនហ៊ានចុះមកដែរ គេថាពួកយើងមិនសមស្រប រស់នៅអនាធិបតេយ្យ ដីយើងរស់នៅអត់ពេញសិទ្ធិ គេអត់ចុះមក​ឲ្យប្រាក់កម្ចី សម្រាប់ឲ្យយើងរកស៊ីទេ ហើយរាល់ថ្ងៃមុខរបរខ្ញុំ ខ្ញុំចង់លក់ដូរ ខ្វះថវិកាបំផុត​

តំណាងសហគមន៍អតីតអ្នកបុរីកីឡា អ្នកស្រី សាន សារ៉ុម


ទឹកភ្នែករលីងរលោង កំពុង​អង្គុយក្រោមសំយ៉ាបផ្ទះរបស់ខ្លួន​ អតីតអ្នកបុរីកីឡាម្នាក់ទៀតគឺអ្នកស្រី សន សុគន្ធា ដែលអះអាងថា មានជំងឺប្រចាំកាយផងនោះ​ ក៏​អំ​ពាវ​នាវដល់​រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយពន្លឿន​ការធ្វើ​ប័ណ្ណកម្មសិទ្ធដីធ្លីឲ្យ​គាត់ឲ្យ​បានឆាប់ ដើម្បីគាត់​អាចយក​ទៅប្រើ​ប្រាស់​បាន​។

អ្នកនាង សន សុគន្ធា

ឥឡូវ​ខ្ញុំចង់បានផ្ទះស្អាត ខ្ញុំចង់បានប្លង់រឹង ហើយចង់បានអាហារហូប រាល់ថ្ងៃ​ពិបាកណាស់

អតីតអ្នកបុរីកីឡាម្នាក់ទៀតគឺអ្នកស្រី សន សុគន្ធា


អតីតអ្នកបុរីកីឡាម្នាក់ទៀតគឺអ្នកស្រី ខៀវ ម៉ាឡៃ អះអាងថា អតីតអ្នកបុរីកីឡា១៤០គ្រួសារគឺរស់​ ភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល មិនមែនដូចពាក្យចចាមអារាមមួយចំនួននិយាយថាពួកគាត់រស់នៅភ្នំបាតនោះទេ។ អ្នកស្រីលើកឡើង​​ថា​អ្នកស្រី​ចង់បញ្ជាក់​ទីតាំងឲ្យច្បាស់​ព្រោះបារម្ភពីការបណ្ដេញចេញ​ជាលើកទី២​ដោយសារ​តែពេល​នេះក្រុមអ្នកភូមិដែល​រស់នៅទីនេះ​ពុំទាន់​មាន​ប័ណ្ណកម្មសិទ្ធដីធ្លីនៅឡើយទេ។

អ្នកនាង ខៀវ ម៉ា​ឡៃ

ថ្ងៃណាមួយក្រុមហ៊ុនចង់ដក ចង់ដេញពួកខ្ញុំទៀត ថាពួកខ្ញុំមិនមែននៅហ្នឹង[ភូមិស្រះពោធិ៍] ពួកខ្ញុំព្រួយបារម្ភភ័យ ហើយសុំប្លង់តែម្តង ហើយដាក់ឲ្យពិត កុំឲ្យក្លែងបន្លំថា ពួកខ្ញុំភ្នំបាទទៀត

អតីតអ្នកបុរីកីឡាម្នាក់ទៀតគឺអ្នកស្រី ខៀវ ម៉ាឡៃ


ក្រុម​ប្រជាសហគមន៍អតីតអ្នកបុរីកីឡា អះអាងប្រហាក់ប្រហែលគ្នាថា ពួកគេនៅតែមិនច្បាស់លាស់​ជុំវិញលិខិិតសរសេរដាក់ថា ប្រវត្តិរូបសង្ខេប គឺមិនមែនជាប័ណ្ណកម្មសិទ្ធដីធ្លីទេ។

ប្រជាសហគមន៍ទាំងនោះ អំពាវនាវទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ ពិនិត្យឯកសារក្រុមហ៊ុនផានអុីម៉ិចឡើងវិញ នឹងធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យស្របតាមច្បាប់ រួមទាំងផ្តល់សំណងបន្ថែមដល់ពួកគេយ៉ាងតិច៣០០០ដុល្លារទៅ៥០០០ដុល្លារ​ ដើម្បីយកទៅប្រកបមុខ​របរចិញ្ចឹមជីវិត។

ឆ្លើយតបនឹងករណីនេះ មេភូមិស្រះពោធិ៍ លោក វង ឆន អះអាងថា ​លិខិតសង្ខេបប្រវត្តិរូបដែលក្រុមហ៊ុនចេញឲ្យ និងមានហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ គឺមានន័យថា ស្របតាមច្បាប់ដូចប្លង់ផ្ទេរកម្មសិទ្ធិផង​ដែរ។ ប៉ុន្តែលោកថា បើចង់ធ្វើណ្ណកម្មសិទ្ធដីធ្លីដែល​ជា​ប្លង់រឹងលុះត្រាតែក្រសួងចុះធ្វើ ទើបធ្វើបាន។


អ្នកដែលមិនយល់ពីការងារសង្ខេប ដូចជាប្លង់ដែរ បើមេឃុំ ភូមិ បោះត្រា ដែលផ្តិតមេដៃទទួលយក​ គឺជាប្លង់ហើយ ប៉ុន្តែបើចង់ធ្វើប្លង់រឹង ទាល់តែគេប្រកាស​ ចាំក្រសួង គេ​ជំនាញ គេធ្វើប្លង់រឹង រាល់ថ្ងៃអ្នកទិញដោះដូរ សុទ្ធតែប្លង់ចឹងដូចគ្នាចឹងដែរ

មេភូមិស្រះពោធិ៍ លោក វង ឆន


មេភូមិរូបនោះបញ្ជាក់ថា ទោះបីជាប្រជាពលរដ្ឋមានលិខិតប្រវត្តិរូបសង្ខេបនោះ ក៏ពួកគេអាច​លក់ដូរ ឬដាក់បញ្ចាំបានដែរ។

វីអូឌី បានទាក់ទងទៅ​​ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច​ លោកស្រី ស៊ុយសុផាន ប៉ុន្តែជំនួយការរបស់​ លោកស្រី អះអាងថា លោកស្រីជាប់រវល់​ជូនកូនទៅសិក្សានៅ​ក្រៅប្រទេស​។​

អភិបាល​ខេត្ត​កណ្តាល​ លោក ម៉ៅ ភារុណ ពន្យល់​ថា បើប្រជាសហគមន៍អតីតអ្នកបុរីកីឡា​ចង់បានប្លង់កម្មសិទ្ធិស្របតាមច្បាប់ ត្រូវ​ទៅធ្វើលិខិតរួមមួយដាក់ទៅភូមិ/ឃុំ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានបញ្ជូនលិខិតនេះទៅមន្ទីរដែនដី ឬស្ថាប័នពាក់ព័ន្ធទៀត ចុះដោះស្រាយបញ្ហានេះជូនពួកគេ​។


ធ្វើប្លង់ជួនកាល គាត់មានជាប់កាតព្វកិច្ចផ្សេងៗ ដូចជាជាប់សេវា [បង់​​ពន្ធជូនរដ្ឋ​]គាត់ត្រូវ​ជាប់កាតព្វកិច្ច ព្រោះគាត់ដោះសេវាមិនចេញ។ គាត់ត្រូវរកអាជ្ញាធរ និងក្រុម​​ការងារគេជួយគាត់ គាំទ្រគាត់ទៅវាជាការល្អ ជាជាងគាត់នៅតែអង្គុយគិតតែម្នាក់ឯងវាអាច​ធ្វើមិនចេញ។​ សុំឲ្យគាត់មានទំនាក់ទំនង​ទៅរដ្ឋអំណាចមូលដ្ឋានឲ្យច្បាស់លាស់

អភិបាល​ខេត្ត​កណ្តាល​ លោក ម៉ៅ ភារុណ


ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ពន្យល់ថា ការផ្តល់ដីជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយ គឺរដ្ឋាភិបាលធ្វើសម្រាប់ការផ្តល់ដីសម្ប​ទាន​សង្គមកិច្ចប៉ុណ្ណោះ បន្ទាប់ពីកាន់កាប់បាន៥ឆ្នាំ ប្រជាពលរដ្ឋមានសិទ្ធិស្នើសុំប្លង់កម្មសិទ្ធិស្រប​​ច្បាប់បាន​។

លោក សំអាត ផ្តល់ជាអនុសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរតែធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគេរស់នៅក្រោម​ការភ័យខ្លាចនៃការបណ្តេញចេញទៀត។


បើប្រជាពលរដ្ឋសុខចិត្តទទួលយកហើយ គួរតែពន្លឿនធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគាត់ទទួលបានប័ណ្ណកម្មសិទ្ធិដើម្បី មានលំនឹងនៅក្នុងផ្លូវ​ចិត្តថា ពិតជាម្ចាស់កម្មសិទ្ធិលើផ្ទះនឹងដីហ្នឹងមែន ដើម្បីកុំឲ្យពួកគេបារម្ភ ខ្លាចថ្ងៃក្រោយ មានការបណ្តេញពួកគេចេញពីដី ឬផ្ទះនោះទៀត

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត


តំណាង​អតីត​សហគមន៍បុរីកីឡា១៤០គ្រួសារ ទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍រកកន្លែងឲ្យពួកគេបានរស់នៅសមរម្យ ព្រោះ​បន្ទាប់ពីក្រុម​ហ៊ុនបញ្ជូន​ពួកគេចេញពីរាជធានីភ្នំពេញ ជាង៦ឆ្នាំមកនេះ ពួកគេថា ប្រ​ឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ រួមមានបញ្ហាសុខភាព នឹងកង្វះខាតទឹកស្អាត​ប្រើប្រាស់​​ជាដើម៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment