សហគមន៍​ដីធ្លី​នៅ​ត្បូងឃ្មុំ​ត្អូញត្អែរ​ថា​អាជ្ញាធរ​រឹតត្បិត​សិទ្ធិ​សេរីភាព​ការ​ជួបជុំ​របស់​ពលរដ្ឋ

ថន ថារ៉ូ
2018-09-15
RFA

ប្រជាពលរដ្ឋ​ចូលរួម​វេទិកា​សាធារណៈ​ស្ដីពី​នីតិវិធី​គ្រប់គ្រង​ដីធ្លី និង​ដោះស្រាយ​ដីធ្លី នៅ​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
ប្រជាពលរដ្ឋ​ចូលរួម​វេទិកា​សាធារណៈ​ស្ដីពី​នីតិវិធី​គ្រប់គ្រង​ដីធ្លី និង​ដោះស្រាយ​ដីធ្លី នៅ​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided


សហគមន៍​ដីធ្លី​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ស្រុក​នេះ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំគ្នា​របស់​ប្រជាពលរដ្ឋ។ សហគមន៍​ដីធ្លី​អះអាង​ថា ការ​រឹតត្បិត​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ ហើយ​ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​ស្វែងរក​ដំណោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ឡើយ។

តំណាង​សហគមន៍​ដីធ្លី​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ថា មួយ​រយៈ​ចុងក្រោយ​នេះ អាជ្ញាធរ​បាន​ដាក់​កម្លាំង​រារាំង​ពួកគាត់​គ្រប់​ទីកន្លែង ដោយ​មិន​ឲ្យ​ជួបជុំ​ពិភាក្សា​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ទំនាស់​ដី​នោះ​ទេ។ តំណាង​សហគមន៍​រូប​នេះ​អះអាង​ទៀត​ថា ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា កន្លងទៅ ពួកគាត់​បាន​ជួប​ប្រជុំ​គ្នា ដើម្បី​ចែករំលែក​ចំណេះដឹង លើ​ច្បាប់​ភូមិបាល​ដែល​បាន​រៀន​ចេះដឹង​ពី​អង្គការ​សង្គម​ស៊ីវិល​មក ហើយ​យក​មក​បង្រៀន​បន្ត​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​នៅ​ភូមិ​ជ្រៃឡើង ឃុំ​ជាំ​ក្រវៀន ស្រាប់តែ​ប៉ូលិស​ឃុំ​នេះ​បាន​ហាមឃាត់​ពួកគាត់​តែម្ដង។ សហគមន៍​រូប​នេះ​បន្ថែម​ទៀត​ថា ការ​រារាំង​នេះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​បញ្ចេញមតិ​របស់​ពួកគាត់ ធ្វើ​ឲ្យ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគាត់​បានទេ៖ «ប៉ុន្តែ​ពេល​សហគមន៍​ដាក់​លិខិត​ជូនដំណឹង​រយៈពេល​ពីរ​បី​ថ្ងៃ​ហើយ ឬ​មាន​លិខិត​ចារ​មកពី​ស្រុក ឬ​មិន​អត់​យ៉ាងណា​ក៏​គេ​មិន​ឲ្យ​ពួក​ខ្ញុំ​ជួប​ប្រជុំ​គ្នា​បាន​ដែរ ក្រោយ​ហេតុផល​ថា មេ​ខាងលើ​មិន​ឲ្យ​ធ្វើ។ ចំណែក​ការ​លំបាក​របស់​សហគមន៍​ពេលខ្លះ​គ្រាន់តែ​យើង​ជួប​គ្នា​ជជែក​ពី​បញ្ហា​ដីធ្លី ការចែក​កូនឈើ និង​ការអប់រំ​បញ្ហា​សុខភាព​ជាដើម ក៏​អាជ្ញាធរ​ហាមឃាត់​ដែរ»

ឆ្លើយតប​នឹង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជាំក្រវៀន លោក បេង ឫទ្ធី មាន​ប្រសាសន៍​ថា មូលហេតុ​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ជុំ​គ្នា ដោយសារ​ពួកគាត់​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អភិបាលស្រុក។ លោក បេង ឫទ្ធី អះអាង​ទៀត​ថា កន្លងមក​សមត្ថកិច្ច​រារាំង​ចំពោះតែ​ការ​ជួប​ជុំ​គ្នា​ធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ខុសច្បាប់​ប៉ុណ្ណោះ ចំណែក​ការ​ជួប​គ្នា​របស់​ពលរដ្ឋ​ដើម្បី​ការ​បង្កបង្កើនផល ពុំ​មាន​អាជ្ញាធរ​ណា​ហាមឃាត់​ពួកគាត់​នោះ​ទេ៖ «ខ្ញុំ​មើល​ទៅ​ដូច​មិន​មានអី​លំបាក​ដោយសារ​ការ​មិន​បាន​ជួប​ប្រជុំ​គ្នា​នឹង​ទេ ព្រោះ​ការងារ​អីៗ​ដែល​ពួកគាត់​អនុវត្តន៍​អាជ្ញាធរ​មិនបាន​ហាមឃាត់​ណា។ព្រោះ​ជា​ធម្មតា​បើ​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ ហើយ​ត្រូវ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ហើយ គាត់​ចេះតែ​ប្រមូល​ផ្ដុំ​គ្នា​ខុសច្បាប់​មិច​កើត»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​ត្បូងឃ្មុំ អ្នកស្រី ធីម ណារិន លើកឡើង​ថា ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ជួបជុំគ្នា ដើម្បី​ផ្លាស់ប្ដូរ​ចំណេះ​ដោយ​មិន​ខុសច្បាប់​នោះ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ទៀត​ថា ជាទូទៅ​អាជ្ញាធរ តែងតែ​ត្រូវ​ឲ្យ​ខាង​សហគមន៍​សុំច្បាប់​អនុញ្ញាត​ក្នុង​ការ​ជួបជុំគ្នា ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ជួប​ជុំគ្នា​របស់​ពលរដ្ឋ ហើយ​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ពិភាក្សា​គ្នា​ជា​ក្រុម៖ «រយៈពេល​ចុង​ក្រោយនេះ ការ​រឹតត្បិត​សេរី​នឹង​វា​មានការ​រឹតត្បិត​កាន់តែ​ខ្លាំង ហើយ​ការ​ធ្វើ​បែបនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​សេរីភាព​ក្នុង​ការ​ជួបជុំគ្នា​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា ដើម្បី​ជួបជុំ​ស្វែងរក​ដំណោះស្រាយ​បាន ទោះបីជា​ពួកគាត់​ជួបជុំគ្នា​ដោយ​សន្តិវិធី និង​ដោយ​សុចរិត​យ៉ាងណាក៏ដោយ គឺ​មាន​ការ​លំបាក​ខ្លាំង។ ខ្ញុំ​សំណូមពរ​ចង់​ឲ្យ​អាជ្ញាធរ​អនុវត្តន៍​តាមច្បាប់​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ ហើយ​ផ្ដល់​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់គ្រាន់ បើសិនជា​ការ​ជួបជុំ​នឹង​គ្រាន់​ជា​ការ​ផ្ដល់​យោបល់​បទពិសោធន៍​គ្នា ស្វែងរក​ដំណោះស្រាយ ដើម្បី​ជីវភាព​រស់នៅ​របស់​ពួកគាត់​គួរតែ​ផ្ដល់​ឲ្យ​គាត់»

អ្នកស្រី ធីម ណារិន បន្ថែម​ទៀត​ថា សព្វថ្ងៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ដោយ​អាជ្ញាធរ​នេះ នៅ​ខេត្ត​ត្បូងឃ្មុំ កើតមាន​នៅ​ក្នុង​សហគមន៍​ស្ទើរ​គ្រប់​ទីកន្លែង ចំណែក​ប្រជាពលរដ្ឋ​បាន​ត្រឹម​បង្ហោះ​សារ​ត្អូញត្អែរ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ដោយ​មិន​អាច​បញ្ចេញ​មតិយោបល់​រក​ដំណោះស្រាយ​បញ្ហា​ជម្លោះដីធ្លី និង​បញ្ហា​ផ្សេងៗ ទល់មុខ​គ្នា​បានទេ ហើយ​ថ្មី​នេះ​នៅ​ខេត្ត​កំពង់ចាម ក៏​មាន​ករណី​អាជ្ញាធរ​ហាមឃាត់​ការ​ជួប​គ្នា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដល់​ស្នាក់​ការ​សមាគម​អាដហុក​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment