សហគមន៍​រស់​ក្បែរ​ទំនប់​ដនសាហុង​បារម្ភ​ពី​អាយុ​ជីវិត​ក្រោយ​បាក់​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ

តាំង សារ៉ាដា
2018-09-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ប្រឹក្សា​យោបល់​សង្គម​ស៊ីវិល​ផ្នែក​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី លោក ហែម ឧត្ដម ធ្វើ​បទ​បង្ហាញ​ក្នុង​វេទិកា​យុវជន​ស្ដីពី «ការ​ចូលរួម​របស់​យុវជន​ក្នុង​កិច្ច​ពិភាក្សា​ស្ដីពី​បញ្ហា​ប្រឈម ទាក់ទង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) ក្នុង​ប្រទេស​ឡាវ» កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA
អ្នក​ប្រឹក្សា​យោបល់​សង្គម​ស៊ីវិល​ផ្នែក​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី លោក ហែម ឧត្ដម ធ្វើ​បទ​បង្ហាញ​ក្នុង​វេទិកា​យុវជន​ស្ដីពី «ការ​ចូលរួម​របស់​យុវជន​ក្នុង​កិច្ច​ពិភាក្សា​ស្ដីពី​បញ្ហា​ប្រឈម ទាក់ទង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) ក្នុង​ប្រទេស​ឡាវ» កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA


ប្រជាជន​រស់នៅ​កៀក​ទំនប់​វារីអគ្គិសនី​ដនសាហុង ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ភ័យ​ព្រួយ​ពី​អាយុជីវិត និង​សុខុមាលភាព រស់នៅ​ដែល​អាច​កើតមាន​ថ្ងៃ​ខាងមុខ នៅ​ពេល​ដែល​ប្រទេស​ឡាវ​នៅតែ​បន្ត​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ដនសាហុង មាន​ភូមិសាស្ត្រ នៅ​ឆ្ងាយ​ពី​ភូមិកំណើត​របស់​ពួកគេ​មិន​ដល់ ២​គីឡូម៉ែត្រ។ អ្នកភូមិ​ថា កង្វល់​ជាច្រើន ដែល​សហគមន៍​នៅ​តំបន់​នោះ​បាន​តវ៉ា និង​ដាក់​ញត្តិ ស្នើ​ឲ្យ​មានការ​ទទួលខុសត្រូវ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម តែ​មក​ទល់​ពេល​នេះ​គ្មាន​ការ​បកស្រាយ​ជា​វិជ្ជមាន​ណាមួយ ពី​ភាគី​ឡាវ និង​អាជ្ញាធរ​កម្ពុជា​នៅឡើយ​ទេ។

ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​រ៉ាំសា លោក ហួត សាយ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៥ កញ្ញា ថា អ្នកភូមិ​ភ័យ​ព្រួយ ពី​អាយុជីវិត តែ​មិន​ដឹង​ថា ត្រូវ​ស្វែងរក​ស្ថាប័ន​ណាមួយ ឲ្យ​ជួយ​ដោះស្រាយ​នោះ​ទេ ខណៈ​កន្លងទៅ សហគមន៍​បាន​ដាក់​ញត្តិ និង​តវ៉ា​ច្រើន​សារ​មក​ហើយ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា និង​ឡាវ​លុបចោល​នូវ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង តែ​គ្មាន​លទ្ធផល។ លោក​ថា ថ្មីៗ​នេះ​ក្បាលកោះ​ល្ង​បាន​បាក់​ស្រុត​ចុះ​ប្រវែង ៥០ម៉ែត្រ ចូល​ទឹកទន្លេ ដោយសារ​ចរន្តទឹក​ប្រែប្រួល នៅ​គ្រា​ដែល​ឡាវ​បិទ​ច្រក​កោះ​សាហុង ដែល​ជា​ច្រក​ទន្លេ​សំខាន់​ជាងគេ​មាន​ប្រភព​ទឹក​ពី​ទន្លេ​មេគង្គ៖ «តាម​ពិត​ទៅ​យើង​ធ្វើ​សកម្មភាព​ច្រើន​ហើយ ជាមួយ​សង្គម​ស៊ីវិល ជាមួយ​សហគមន៍ ហើយ​ធ្វើ​រហូត​ហែ​ក្បូន តែ​អត់​មានការ​ឆ្លើយតប​ពី​ឡាវ​ទេ។ យើង​ថា ដល់​ពេល​វា​ប៉ះពាល់​ទៅ ឡាវ​ទទួល​ខុសត្រូវ​របៀប​ម៉េច គឺ​អត់​មាន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ណា​មក​បកស្រាយ​ប្រាប់​យើង។ ការ​សាងសង់​ទំនប់​គេ​មិន​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​អ្នកភូមិ​ដឹង ដល់​យើង​ឃើញ​លេចធ្លោ​ចេញ​ជា​ទំនប់​បណ្ដោយ»

ក្តី​បារម្ភ​នេះ បណ្ដាល​ពលរដ្ឋ​មួយ​គ្រួសារ រស់​នៅ​លើ​កោះល្ង ទល់មុខ​ទំនប់​ដនសាហុង បាន​ជម្លៀស​ចេញពី​ភូមិ​កំណើត​កាល​ពី​ពេល​ថ្មីៗ​នេះ។ ពលរដ្ឋ​រស់នៅ​ឃុំ​ព្រះរំកិល លោក ផយ វណ្ណា បារម្ភ​ថា អ្នកភូមិ​រស់នៅ ឃុំ​ព្រះរំកិល​ទាំងមូល នៅ​កៀក​នឹង​ទំនប់​ដនសាហុង អាច​នឹង​ស្លាប់​បាត់​បង់ជីវិត និង បាត់បង់​ទីជម្រក​ជាដើម ប្រសិនបើ​ទំនប់​ដនសាហុង បាក់​ស្រុត​នៅ​ថ្ងៃ​ខាងមុខ ហេតុនេះ​ពួកគេ​ចង់​ឲ្យ​រដ្ឋាភិបាល​ឡាវ ត្រូវ​ប្រកាស​ជំហរ​ទទួលខុសត្រូវ​ខ្ពស់​រឿង​នេះ។ លោក​ថា សហគមន៍​ព្រះ​រំកិល​ជួប​ការ​លំបាក​សព្វបែបយ៉ាង នៅ​គ្រា​ដែល​ទំនប់​ដនសាហុង ផ្តើម​សាងសង់ តាំង​ពី​ឆ្នាំ២០១៥ ធ្វើ​ឲ្យ​ផ្សោត​បាត់បង់​ទីជម្រក បង្ក​ឲ្យ​សហគមន៍​ថយ​ចុះ​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរ​យ៉ាង​គំហុក៖ «ពលរដ្ឋ​នៅ​កោះល្ង​ធ្វើ​តូប​លក់ដូរ គឺ​បាក់​អស់​ច្រើន ប៉ះពាល់​ផលដំណាំ ហើយ​រើ​តូប​អស់ហើយ ដើមឈើ​ធំៗ​បាក់​ស្រុត​ចុះ​ច្រាំង​គួរ​ឲ្យ​សោកស្ដាយ។ មានការ​ព្រួយបារម្ភ​ដូច​ទំនប់​នៅ​ពេល​ដែល​បាក់​នៅ​ឡាវ​ដែរ»

អាស៊ីសេរី​នៅ​មិនទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​គណៈកម្មការ​គ្រប់គ្រង​ទន្លេ​មេគង្គ​ជាតិ​កម្ពុជា លោក តែ ណាវុធ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី១៥ កញ្ញា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល។

អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ដែល​ធ្លាប់​ចុះ​ស្រាវជ្រាវ​ករណី​នេះ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល។

កាលពី​ខែ​សីហា កន្លងទៅ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង ស៊ីសូលីត សន្យា​ថា នឹង​ធ្វើ​ការ​ពិនិត្យ​ឡើងវិញ​រាល់​ទំនប់​វារីអគ្គិសនី ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​ឡាវ និង​ធ្វើការ​ពន្យារ​ពេល​រាល់​គម្រោង​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ដែល​ស្រាវជ្រាវ​ថ្មីៗ។ ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ឡាវ ធ្វើឡើង ក្រោយ​ពី​មាន​គ្រោះ​មហន្តរាយ​បាក់​ទំនប់ វារីអគ្គិសនី សេពាន សេណាមណយ ឋិត​ក្នុងស្រុក​សាណាមសៃ ខេត្ត​អត្តពឺ ( Attapeu ) ប្រទេស​ឡាវ បង្ក​ឲ្យ​ពលរដ្ឋ​ឡាវ​ស្លាប់​កើន​ឡើង ៤០ បង្ក​ប៉ះពាល់​ភូមិ​ឡាវ​ចំនួន ១២ និង​មនុស្ស​ជាង ៣ពាន់​នាក់ (.០៦០ ) ស្មើ ៨៥១​គ្រួសារ បាត់បង់​ទីជម្រក។

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ យល់​ថា អន្តរ​រដ្ឋាភិបាល​ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ហាក់​មិនបាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឡាវ ឲ្យ​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ១៩៩៥ ផ្ទុយទៅវិញ ឡាវ​មាន​គម្រោង​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ចំនួន ៤​ទៀត នៅ​តួ​ទន្លេ​មេគង្គ ក្នុង​នោះ​មាន​ទំនប់​៣ កំពុង​ដំណើរ​ការ​សាងសង់ គឺ​ទំនប់​ប៉ាក់បេង ទំនប់​សាយ៉ាបូរី និង​ទំនប់​ដនសាហុង។ រីឯ​ទំនប់​ប៉ាក់​ឡាយ រដ្ឋាភិបាល​ឡាវ​ក៏​គ្រោង​នឹង​សាងសង់​នៅ​ឆ្នាំ​២០២២ ខាងមុខ ដែល​មាន​ក្រុមហ៊ុន​ចិន ទទួល​បន្ទុក​សាងសង់៖ «កាលណា​បាក់​ទំនប់​ត្រូវ​មាន​មនុស្ស​ស្លាប់​ហើយ ជា​ធម្មតា​ទឹក​ដែល​បាញ់​ខ្ចាយ​មក រាប់​លាន​ម៉ែត្រ​គូប គឺ​មិន​អាច​រស់​បានទេ។ ជា​ធម្មតា​អ្នក​នៅ​ខាងក្រោម​ទំនប់​នៅ​ពេល​ដែល​បាក់​ទំនប់​នៅ​ឡាវ គាត់​រស់នៅ​ក្នុង​ភាព​កង្វល់»

ទំនប់​វារីអគ្គិសនី​ដនសាហុង មាន​កម្ពស់​ពី ៣០​ម៉ែត្រ ទៅ ៣២​ម៉ែត្រ និង​មាន​ប្រវែង​ប្រហែល ៧ គីឡូម៉ែត្រ។ ទំនប់​នេះ​មាន​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​កន្លះ (.៥០០ ម៉ែត្រ​) ពី​ព្រំដែន​ខេត្ត​ស្ទឹងត្រែង។ ទំនប់​វារីអគ្គិសនី​នេះ​ផលិត​ថាមពល​អគ្គិសនី​ចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ ៣៦០​មេហ្គាវ៉ាត់។ ក្រុមហ៊ុន មេហ្គាហ្វើស ( Mega First Corporation Berhad ) ជា​អ្នក​ទទួល​បន្ទុក​សាងសង់។

អ្នកឃ្លាំមើល​បរិស្ថាន លោក ភូ ប៊ុនថាន់ យល់​ថា ក្តី​បារម្ភ​របស់​ពលរដ្ឋ​អាជ្ញាធរ​កម្ពុជា និង​ភាគី​ឡាវ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ ដើម្បី​ធានា​ថា ប្រទេស​តំបន់​ទន្លេ​មេគង្គ ត្រូវ​មាន​យន្តការ​ប្រសើរ​ណាមួយ ទប់ស្កាត់​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ ដោយសារ​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ៖ «អន្លង់​ស្វាយ​កន្លែង​មើល​ផ្សោត​ជា​កន្លែង​សំខាន់ របស់​អេកូទេសចរ យើង​មើល​ឃើញ​ជញ្ជាំង​ទំនប់​ធំ ឆ្ងាយ​មិន​ដល់ ២​គីឡូម៉ែត្រ។ បើ​ទំនប់​ដនសាហុង​បាក់ ប្រជាជន​រស់នៅ​តំបន់​នោះ​អាច​បាត់​បង់ជីវិត​នៅ​ឃុំ​ព្រះ​រំកិល​ទាំងមូល»

កិច្ចព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ១៩៩៥ បង្កើត​ឲ្យ​មាន​ស្ថាប័ន​រដ្ឋាភិបាលចម្រុះ។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ភាគី​រដ្ឋាភិបាល​ពាក់ព័ន្ធ ត្រូវ​ពិភាក្សា​ពី​ផល​ប៉ះពាល់​ដោយ​ឯករាជ្យ និង​ត្រូវ​មានការ​ឯកភាព​គ្នា​ជាមុន​សិន មុននឹង​អាច​ចាប់ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ណាមួយ​នៅ​តាម​ដង​ទន្លេ​មេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment