កម្មកររោងចក្រ ជឹមលី នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យល់ព្រម​បើក​ផ្លូវ​ជាតិ​លេខ៤ វិញ ក្រោយ​ពី​អាជ្ញាធរ​សន្យា​ផ្ដល់​ដំណោះ​ស្រាយ​ឲ្យ មុន​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ សុ ជីវី
2018-09-17
RFA

ក្រុមកម្មកររោងចក្រ ជឹម លី ពេល​នាំគ្នាអង្គុយ​បិទ​ផ្លូវ​​ជាតិ​​លេខ៤ នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក Sorphorn Chheng
ក្រុមកម្មកររោងចក្រ ជឹម លី ពេល​នាំគ្នាអង្គុយ​បិទ​ផ្លូវ​​ជាតិ​​លេខ៤ នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក Sorphorn Chheng


កម្មកររោងចក្រ ជឹម លី (Ghim Li) នៅខណ្ឌពោធិ៍សែនជ័យជាច្រើននាក់ បានយល់ព្រមបើក​ផ្លូវជាតិ​លេខ៤ ម្ដុំមុខរោងចក្រ ដែលស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ឲ្យអាចធ្វើចរាចរណ៍​បាន​ឡើង​វិញហើយ ក្រោយពេលអាជ្ញាធរបានសន្យា និងធានាថាសងប្រាក់ឈ្នួល និងប្រាក់អត្ថ​ប្រយោជន៍​ជូន​កម្មករ​វិញ ដោយមិនឲ្យបាត់មួយរៀលទេ នៅមុនពិធី​បុណ្យ​ភ្ជុំបិណ្ឌ​។ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិកម្មករ ជំរុញឲ្យ​អាជ្ញាធរ​អនុវត្ត​តាមច្បាប់ការងារ ដើម្បី​ធានា​ធ្វើយ៉ាងណា មិន​ឲ្យបាត់បង់អត្ថ​ប្រយោជន៍​​ផ្សេងៗ ​របស់​​កម្មករ។

ក្រុមកម្មកររោងចក្រ ជឹម លី ជាច្រើននាក់ នៅព្រឹកថ្ងៃទី១៧ កញ្ញា បាននាំគ្នាអង្គុយ បិទផ្លូវ​ជាតិ​លេខ៤ ទាំងស្រុង ម្ដុំរោងចក្រ​ ត្រង់ចំណុច​មុខសាលាកងរាជអាវុធហត្ថកំបូល ដោយអះអាងថា ត្រូវ​តែ​បង្ខំធ្វើបែបនេះ ព្រោះពួកគេ​បានតវ៉ា ជិតមួយ​ខែហើយ និងបាន​ដាក់ញ្ញត្តិ​ដល់​រដ្ឋសភា ក្រសួង​ការងារ​ជាដើម។ ប៉ុន្ដែ​គ្មាន​ដំណោះ​ស្រាយ​ទេ៖ «ហាម​ពួក​ខ្ញុំ​ទាំង​អស់​រឿង​ខូច​បរិស្ថាន​គាត់​និយាយ​លើក​ឡើង​ថា ខូច​បរិស្ថាន មាន​ន័យ​ថា កុំឲ្យបិទផ្លូវស្ទះដល់គេគ្រប់គ្នាគាត់និយាយមកគាត់​ចាំ​គេ​ដោះ​ស្រាយ​បញ្ហានឹងឲ្យពួកយើង អញ្ចឹងពួកយើងដែលធ្វើការនៅ ឯណា​ទៅ​ធ្វើ​ការ​នៅ​ឯ​ទី​នោះ​សិន ចុះ ហើយ​ដល់​ពេល​ដល់​ម៉ោង​មកដោះស្រាយគាត់បែរ​ទៅ​ជា​និយាយ​ថា ដោះ​ស្រាយ​យ៉ាង​ម៉េច​ចេញ បើ​គ្មាន​កម្មករ​មក​តវ៉ា​ផង​ហ្នឹង តើ​ឲ្យ​ពួក​ខ្ញុំ​ជា​កម្មករ​​ដោះ​​ស្រាយ​បែប​ណា​បើ​អ្នក​ធំៗ រត់​ចោល​ពួក​ខ្ញុំ​អស់​ហើយ»

កម្មករ​កម្មការិនី​រោងចក្រ ជឹម លី ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រមាណ​ជាង ៥០០នាក់ ក្នុងចំណោម​កម្មករ​សរុប​ ចំនួន ២.៥០០នាក់ ធ្លាប់​បាន​ប្រមូល​ផ្ដុំ​គ្នា ដើរជាក្បួន ​ដង្ហែគ្នា​ ទៅ​ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា​ម្ដងហើយ កាលពីថ្ងៃទី០៧ កញ្ញា។ ប៉ុន្ដែ កាល​នោះ អភិបាល​រង​ខណ្ឌ​ពោធិ៍សែនជ័យ លោក ឃឹម ស៊ុនសូដា បាន​ឃាត់​រថយន្ដ​របស់​កម្មករ​មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខ និង​បាន​សួរ​នាំ​ពី​បំណង​ក្នុង​ការ​ដាក់​ញ្ញត្តិ ធ្វើ​ឲ្យ​ក្រុម​កម្មករ​បរាជ័យ​ក្នុងការ​ដាក់​​ញ្ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋសភា ប៉ុន្ដែ​បាន​នាំ​គ្នា​ដើរ​ថ្មើរ​ជើង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ។ កាល​ពី​ថ្ងៃ​ទី៧ កញ្ញា ក្រុម​កម្មករ បាន​អះអាង​ថា ក្រសួង​ការងារ​បាន​សន្យា​ថា នឹង​ដោះ​ស្រាយ​ឲ្យ​ ទើប​ក្រុម​កម្មករ​នាំ​គ្នា​ត្រឡប់​ទៅ​បន្ទប់​ជួល ក្បែរ​រោងចក្រ​វិញ។

មូលហេតុនាំឲ្យមានការតវ៉ា នៅរោងចក្រ ជឹម លី ត្រូវបានកម្មករ អះអាងថា គឺ​នៅ​ក្រោយ​ពេល​រោងចក្រ​បាន​ចប់​កុងត្រា​ជួល​ទីតាំង និង​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ទីតាំង​ថ្មី រោងចក្រ​មិន​បាន​ទូទាត់​លុយ និង​ប្រាក់​អត្ថ​ប្រយោជន៍ផ្សេងៗ ឲ្យកម្មករទេ។ កម្មករ​អះអាង​ថា ក្រោយពី​ប្តូរ​ទីតាំង ​រោងចក្រ ជី​ម លី បានប្ដូរ​ឈ្មោះ ទៅជា​រោងចក្រ​ឈ្មោះ ជី ជី តែ​ខាង​ក្រុមហ៊ុន​មិនទាន់បាន​ទូទាត់​លុយ​អត្ថប្រយោជន៍ ជូន​កម្មករ​រោងចក្រ ជឹម លី ​នៅឡើយទេ ធ្វើ​ឱ្យ​កម្មករជាង ២.៥០០នាក់ មិន​សុខចិត្ត នាំគ្នា​តវ៉ា​ទាមទារ​រក​លុយ​បំណាច់​ឆ្នាំ និង​លុយ​អត្ថប្រយោជន៍ផ្សេងៗ។ កម្មករ អះអាង​បន្ដថា មក​ដល់​ពេល​នេះ ពួក​គេ​បាន​ទទួល​ដំណឹង​ថា ថៅកែ​រោងចក្រ​បាន​រត់​ចោល​រោងចក្រ​ហើយ។

អាស៊ីសេរី មិនអាចរកប្រភពទាក់ទងខាងភាគីថៅកែ​រោងចក្រ ជឹម លី បានទេ នៅ​ថ្ងៃ​ទី១៧ កញ្ញា។

នៅម៉ោងប្រមាណជិត ១រសៀល ក្រុមកម្មករបាននាំគ្នារំសាយ​ការ​តវ៉ា​នៅ​មុខ​រោងចក្រ​ និង​យល់​ព្រម​បើក​ផ្លូវ​ជាតិ​លេខ៤ ឲ្យ​ដំណើរ​ការ​ឡើង​វិញ ក្រោយ​ពេល​អាជ្ញាធរ និង​គណៈប្រតិភូ​របប​ក្រុង​ភ្នំពេញ ទទួល​បន្ទុក​ដោះ​ស្រាយ​កូដកម្ម បាតុកម្ម​គ្រប់​មុខ​សញ្ញា តាម​រោងចក្រ ចុះមកសន្យាថា​ នឹងស្នើសុំ​ទៅ​របប​ក្រុង​ភ្នំពេញ ដើម្បី​ទម្លាក់​កញ្ចប់​ថវិកា​បុរេប្រទាន​របប​ក្រុង​ភ្នំពេញ​ឲ្យ​កម្មករ។

ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គលេខាធិការ​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​គ្រប់​មុខ​សញ្ញា នៅ​តាម​រោងចក្រ លោក ប្រាក់ ច័ន្ទធឿន បាន​ជូន​ដំណឹង​ប្រាប់​កម្មករ​រោងចក្រ ជឹម លី ថា នឹង​ដោះ​ស្រាយ​ជូន​កម្មករ​ តាម​រយៈ​គោលការណ៍​ស្នើសុំ​ប្រាក់​បុរេប្រទាន។

អធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ប្រកាសប្រាប់កម្មករថា នឹង​ធានា​សង​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​របស់កម្មករ មិនឲ្យបាត់មួយរៀលទេ ហើយ​នឹង​ត្រូវ​បើក​ឲ្យ​បាន​មុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ៖ «គឺ​យើង​បាន​រៀបចំ​​ធ្វើ​​សំណើ​ជូន​ទៅ​រាជ​រដ្ឋាភិបាល ដើម្បីដោះស្រាយជូន​បង​ប្អូន​ដោយ​មិន​បាច់​បង់​ប្រាក់​ណា​មួយ​ឡើយ។ ដូច​នេះ​ហើយ សូមបងប្អូនជឿ ​ទុកចិត្តគឺយើង​នឹង​ដោះ​ស្រាយ​ជូន​បងប្អូនដោយគិតទៅលើលក្ខណ្ឌការងារ​អ៊ីចឹង​បង​ប្អូន សូម​មេត្តា រង់ចំា​​ខ្ញុំ​​មិន​​អាច​​កំណត់​​យក​​ថ្ងៃ​ណា​​មួយ​​ច្បាស់លាស់​​មក​​សំអាង​​ជាមួយ​​បង​​ប្អូន​​បាន​​ទេ តែ ខ្ញុំនឹងព្យាយាមដាក់សំណើរទៅក្រសួង​ការងារ និង​រាជរដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​មុន​ពិធី​បុណ្យភ្ជុំ»

អ្នក​សម្របសម្រួល​អង្គការ​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មើល​ឃើញ​ថា ការប្រើប្រាស់​ដំណោះ​ស្រាយ​ទម្លាក់​ថវិកា​បុរេប្រទាន ​ជា​ដំណោះ​ស្រាយ​បន្ទាន់​មែន ប៉ុន្ដែ​មិន​អាច​មាន​និរន្តរភាព​ទេ។ សង្គមស៊ីវិល​ផ្ដល់យោបល់​ថា របប​ក្រុង​ភ្នំពេញ គួរ​តែ​ពង្រឹង​យន្ដការ​ច្បាប់​ការងារ​ឲ្យ​បាន​តឹងរ៉ឹង លើ​ថៅកែ​រោងចក្រ ទើប​ជា​ការ​ល្អ ពី​ព្រោះ​ការ​បណ្ដោយ​ឲ្យថៅកែ​រោងចក្រ ធ្វើ​តាមតែចិត្ត ហើយមិនព្រមដោះស្រាយប្រាក់ឈ្នួល ឬ​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​កម្មករពេលបិទរោងចក្របែបនេះ ជា​គំរូ​អាក្រក់​ដល់​ថៅកែ​ដទៃ ហើយ​ក៏​អាច​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ថៅកែដទៃទៀត ក្នុង​ការ​បិទ​រោងចក្រ​យក​រួច​ខ្លួន​បែប​នេះ​ដែរ៖ «សំខាន់​យើង​គួរ​តែ​ពង្រឹង​នូវ​យន្តការ​នៃ​ការ​ដាក់​ទៅ​ឲ្យ រោងចក្រ​សំរាប់​អនុវត្ត​នោះ​ទៅ​វិញ​ទេ ធ្វើ​យ៉ាង​កុំ​ឲ្យ​មាន​ថៅកែ​រោងចក្រ​មួយ​ចំពោះ​កម្មករ​ជា​គំរូ​ដ៏​អាក្រក់ ដោយសារ​ក្ស័យ​ធន់ គាត់​អាច​ធ្វើ​អ៊ីចឹង​ទៅ ជា​គំរូ​មួយ​ដែល​មិន​ល្អ​អ៊ីចឹង​ណា»

បើទោះកម្មករបានយល់ព្រម​បឈ្ឈប់​ការ​តវ៉ា​បណ្ដោះអាសន្ន រង់ចាំ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ ដែល​បាន​សន្យាថា​ដោះ​ស្រាយ​ឲ្យ​បានមុនពិធីបុណ្យភ្ជុំបិណ្ឌមែន កម្មករ​មិន​ទាន់​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង​ទេ។ ពួកគេ​ព្រមានថា នឹង​នាំ​គ្នា​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត ប្រសិន​បើ នៅ​មុន​បុណ្យ​ភ្ជុំបិណ្ឌ ពួក​គេ​មិន​ទទួល​បាន​ដំណោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles