ពលរដ្ឋ អាជ្ញាធរ​ខណ្ឌ​៧ មករា និង​ពលរដ្ឋ​បុរី​កីឡា​ជួប​គ្នា​ស្វែងរក​ដំណោះ​ស្រាយ

ដោយ ថន ថារ៉ូ
2018-09-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាង​ពលរដ្ឋ​បុរីកីឡា លោកស្រី ស ស៊ន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA
តំណាង​ពលរដ្ឋ​បុរីកីឡា លោកស្រី ស ស៊ន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA


ជំនួបរវាងអាជ្ញាធរ​ខណ្ឌ​៧ មករា និង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​សហគមន៍​បុរី​កីឡា ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ដ៏​សមរម្យ​មួយ ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា​នេះ មិន​បាន​ជោគជ័យ​ទេ។ ក្នុង​ជំនួប​នោះ អភិបាល​ខណ្ឌ​៧ មករា លោក លឹម សុភា តម្រូវ​ឲ្យ​ពលរដ្ឋ​ម្តង​មួយ​គ្រួសារៗ ចូល​ជួប។

ពលរដ្ឋសហគមន៍បុរីកីឡាដែលបានចូលរួមប្រជុំជាមួយអភិបាលខណ្ឌ៧មករាចោទ​ថា អាជ្ញាធរ​ខណ្ឌ​មិន​ទាន់​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​របស់​ពលរដ្ឋ​នៅ​ឡើយ ដ្បិត​ការ​ជួប​គ្នា​លើក​នេះ លោក​អភិបាលខណ្ឌ​នៅ​តែ​ផ្តល់​សំណង​តិចតួច​ដូច​មុន​ដដែល។

តំណាង​សហគមន៍​បុរី​កីឡា​លោកស្រី សរ ស៊ន ឲ្យ​អាស៊ី​សេរី​ដឹង​ក្រោយ​ចប់​កិច្ច​ប្រជុំ​ថា អភិបាល​ខណ្ឌ​៧ មករា លោក លឹម សុភា បាន​យល់​ព្រម​ផ្តល់​សំណង​ដល់​ពលរដ្ឋ​មួយ​គ្រួសារ​លុយ​ប្រាំ​ពាន់​ដុល្លារ និង​ផ្ទះ​នៅ​ភូមិ​អណ្តូង​ជាយ​ក្រុង​ភ្នំពេញ។ លោកស្រី​បញ្ជាក់​ថា កា​រផ្តល់​សំណង​បែប​នេះ គឺ​លោក​ស្រី​មិន​អាច​ទទួល​យក​បាន​ទេហើយ​លោក​​ស្រី​នៅ​តែ​បន្ត​រស់នៅ តំបន់​បុរី​កីឡា​ដដែល៖ «គាត់​ហៅ​ពួក​ខ្ញុំ​ទៅ​កំណត់​គោលដៅ​ដដែល​អ៊ីចឹង ​ខ្ញុំ​មិន​អាច​ទទួល​បាន​ទេ មើល​ទៅ​​គាត់​អត់​មាន​ឆន្ទៈ​ដោះ​ស្រាយ​ឲ្យ​ទេ»

លោកស្រី ស ស៊ន បញ្ជាក់​ថា ក្រៅ​ពី​លោកស្រី​ពលរដ្ឋ​បួន​គ្រួសារ​ផ្សេង​ទៀត​ក៏​មិន​ព្រម​ទទួល​សំណង​នេះ​ដែរ។ តំណាង​សហគមន៍​បុរី​កីឡា​រូប​នេះ ព្រួយ​បារម្ភ​ថា អាជ្ញាធ​នឹង​ប្រើ​វិធានការ​ក្តៅ ឬ​តាម​ផ្លូវ​តុលាការ​មក​លើ​ពលរដ្ឋ ព្រោះ​នៅ​ក្នុង​ជំនួប​នោះ​លោក​អភិបាល​ខណ្ឌ​បាន​ព្រមាន​ខ្លាំងៗ មក​លើ​លោកស្រី៖ «គាត់ (អភិបាលខណ្ឌ) ប្រាប់​អម្បាញមិញ​ថា បើ​សិន​ជា​មីង​មិន​ព្រម​ទទួល​យក​សំណង​ទេ បើ​សិន​មាន​វិធានការ​វាយ​កំទេច​អគារ​ហ្នឹង​អី មាន​តែ​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ​ទេ»

ជំហររបស់ប្រជា​សហគមន៍​បុរី​កីឡា​នៅ​តែ​បន្ត​ទាមទារ​​ផ្ទះ​នៅ​បុរី​កីឡា ឬ​លុយ ២៥.០០០​ដុល្លារ​ដោយ​ពួក​គេ​អះអាង​ថា បើ​មិន​បាន​ដូច​ការ​ទាមទារ គឺ​មិន​ព្រម​ចាកចេញ​ពី​ទី​នេះ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត យល់​ថា ការ​ផ្តល់​ដំណោះ​ស្រាយ ដែល​ហៅ​ពលរដ្ឋ​ចូល​ជួប​អភិបាលខណ្ឌ​ម្តង មួយ​គ្រួសារៗ បែប​នេះ មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​នោះ​ទេ។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ​សង្កេត​ឃើញ​ថា ការ​ដោះ​ស្រាយ​នៅ​តំបន់​បុរី​កីឡា​កន្លង​មក គឺ​អាជ្ញាខណ្ឌ​តែង​តែ​ប្រើ​វិធី​នេះ។ លោក​យល់​ថា បើ​អ្នក​ពាន់ព័ន្ធ​ផ្តល់​ដំណោះ​ស្រាយ​ជា​កញ្ចប់​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន៖ «ការ​ដោះ​ស្រាយ​ជា​កញ្ចប់​ច្រើន​ដង​ដែរ ប៉ុន្តែ​មិន​ទាន់​ទទួល​ដំណោះ​ស្រាយ​ទេ មិន​ត្រូវ​គ្នា»

កាលពីដើមឆ្នាំ២០១៨ ក្នុង​ចំណោម​ពលរដ្ឋ ១១​គ្រួសារ​ ដែល​មាន​ឯកសារ​គ្រប់គ្រាន់ មាន​ពលរដ្ឋ​ខ្លះ​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន ដោយ​មួយ​គ្រួសារ​យល់​ព្រម​ទទួល​លុយ​មួយ​ម៉ឺន​ប្រាំ​មួយ​ពាន់​ដុល្លារ (១៦.០០០​ដុល្លារ) រួច​ហើយ​ដើរ​ចេញ​ពី​ទី​នេះ។ ចំណែក​អ្នក​ខ្លះ​ទៀត​ត្រូវ​សាលា​ក្រុង​ហៅ​ទៅ​ទទួល​សំណង​ស្ងាត់ៗ ដោយ​គ្មាន​អ្នក​ណា​ដឹង​ថា សាលាក្រុង​ផ្ដល់​ថវិកា​ប៉ុន្មាន ឬ​បាន​ផ្ទះ​នៅ​តំបន់​ណា​នោះ​ទេ។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន ប្រាប់​ថា នៅ​ពេល​នេះ​ក្នុង​ចំណោម​ពលរដ្ឋ ១១​គ្រួសារ​ដែល​មិន​ទាន់​ទទួល​សំណង គឺ​នៅ​សល់ ៧គ្រួសារ​ទៀត មិន​ទាន់​យល់​ព្រម​ទទួល​យក​សំណង ដែល​សាលាក្រុង​ភ្នំពេញ​រៀបចំ។

កាលពី​ឆ្នាំ​២០១២ ផ្ទះ​សម្បែង ឬ​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ ដែល​មិន​ព្រម​ចាក​ចេញ ត្រូវ​បាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឈូស​ បំផ្លាញ​ចោល។ សង្គម​ស៊ីវិល​ដែល​បាន​តាម​ដាន​ដំណើរ​​រឿង​​នេះ​​យល់​​ថា អាជ្ញាធរ និង​ក្រុមហ៊ុន​គួរ​តែ​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​ទាំង​នេះ​កុំ​ឲ្យ​នៅ​បន្ត​រ៉ាំរ៉ៃ​ទៀត ព្រោះ​ទំនាស់​ដីធ្លី​ទាំង​នេះ​នៅ​សេសសល់​តិច​តូច​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles