រដ្ឋាភិបាល​ថា​ បទ​ចម្រៀង «សល់​តែ​ចិត្ត​ស្មោះ» ​ប៉ះ​ពាល់​ដល់​តម្លៃ​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ

| |
https://vodhotnews.com

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ កាលពីពេលកន្លងទៅ


ក្រសួងពត៌មានហាមមិនឲ្យ​ចាក់ផ្សាយបទចំរៀងមានចំណងជើងថា «សល់តែចិត្តស្មោះ» ដោយ​ថា បទ​ចម្រៀង​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ។

ក្នុង​លិខិត​មួយ​ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ណែនាំ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ឲ្យ​បញ្ឈប់​ការ​ចាក់​ផ្សាយ​ចម្រៀង «សល់​តែ​ចិត្ត​ស្មោះ» ដែល​ច្រៀង​ដោយ​តារា​ចម្រៀង អ្នកនាង កែវ ច័ន្ទសម្ផស្ស និង​ផលិត​ឡើង​ដោយ​ផលិត​កម្ម​ខ្មែរ​អមតៈ។

លោក ខៀវ កាញារីទ្ធ លើក​ឡើង​ក្នុង​លិខិត​ដដែល​នោះថា បទ​ចម្រៀង​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​«យ៉ាង​ខ្លាំង»​ដល់​តម្លៃ​ការងារ​របស់​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ។

រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សម្រេច​បែប​នេះ​ទៅ​តាម​សំណើ​របស់​រដ្ឋ​មន្ត្រី​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក អ៊ិត សំហេង។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ និង​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ផង​នោះ រដ្ឋ​មន្ត្រីក្រសួង​​ការងារ លោក អ៊ិត សំហេង បាន​លើក​ឡើង​ថា អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ អាច​ត្រូវ​តាម​ស្ថានភាព​ប្រទេស​កម្ពុជា​កាល​ពី​មួយ​ទសវត្សរ៍​មុន។

រដ្ឋាភិបាល​បាន​ហាម​ឃាត់​ចាក់​ផ្សាយ​បទចម្រៀង​មួយ​ចំនួន​មក​ហើយ ដោយ​លើក​ហេតុផល​ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​តម្លៃ​ស្ត្រី​ខ្មែរ ប៉ះ​ពាល់​ដល់​សាសនា និង​ប្រពៃណី​ជាដើម។

ក្រសួង​ព័ត៌មាន​ក៏​បាន​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​ផង​ដែរ​នូវ​បទ​ចម្រៀង «រាំ​ស្កុប» កាល​ពី​ចុង​ខែ​មីនា​ក្នុង​ឆ្នាំ​នេះ ដោយ​ថា បទ​ចម្រៀង​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles