លោក រ៉ុង ឈុន គ្រោង ​ដឹកនាំ​បាតុកម្ម​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ទទួល​សំណើ​សហភាព​អឺរ៉ុប

សិទ្ធិ​មនុស្ស


លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ ទីស្នាក់ការ​សហភាព​សហជីព​កម្មករ ស្តីពី​អនាគត​កម្មករ នា​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)


18 កញ្ញា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោក​ ​រ៉ុង ឈុន ​លើក​ឡើង​ថា​ ​សហភាព​សហជីព​របស់​លោក​ ​និង​ស្ថាប័ន​ការពារ​សិទ្ធិ​កម្មករ​​មួយ​ចំនួន​ទៀត​ ​គ្រោង​ធ្វើ​បាតុកម្ម​​​ទ្រង់ទ្រាយ​ធំ​ ​នៅ​ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​​​​ទទួល​យក​សំណើ​របស់​សហភាព​អឺរ៉ុប​ ​(EU)​ ​ដែល​បាន​ស្នើ​​ឲ្យ​រដ្ឋាភិបាល​​​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

លោក​ ​រ៉ុង ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​សំណើ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើង​ ​ជៀសវាង​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំចេញ។​

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពីអនាគត​របស់​កម្មករ​ ​នា​ថ្ងៃទី​១៨​ ​ខែ​កញ្ញា​ នេះ​ ​ក្នុង​ស្នាក់ការ​របស់​សហភាព​សហជីព​កម្ពុជា​ ​លោក​ ​រ៉ុង ឈុន​ ​បាន​បង្ហាញ​ការបារម្ភពីផល​ប៉ះពាល់ដល់​ជីវភាព​ប្រជា​ពល​រដ្ឋ​ ​បន្ទាប់ពី​សហភាព​អឺរ៉ុប​ព្រមាន​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា។​ ​លោក​លើក​ឡើង​ថា​ ​សហភាព​សហជីព​របស់​លោក​ ​និង​ស្ថាប័ន​ការពារ​សិទ្ធិ​កម្មករមួយ​ចំនួន​ទៀត​ ​គ្រោង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ ​នៅ​ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​សំណើ​របស់​សហភាព​អឺរ៉ុប​ ​(EU)​ ​ដែល​បាន​ស្នើឲ្យ​រដ្ឋាភិបាល​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។​

លោក​ ​រ៉ុង ឈុន​ ​ថ្លែង​ថា៖​

«ផល​ប្រយោជន៍​ហ្នឹង​គឺ​បាន​ទាំងអស់​គ្នា​ ​ដូច្នេះការ​ចូលរួម​គ្រប់​មជ្ឈដ្ឋាន​ ​អាច​ចូល​រួម​បាន​ទាំងអស់​ ​តែ​យើង​ធ្វើ​ដោយ​អហិង្សា។​ ​ហើយ​គោល​បំណង​តែមួយ​គត់​គឺយើង​ចង់​រក្សា​ការពារ​វិបត្តិ​ ​បញ្ជៀស​វិបត្តិ​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ ​និង​រក្សា​ការងារ​ជូន​កម្មករ​កម្មការិនី​តែ​ប៉ុណ្ណឹង។​ ​យើង​អត់​អាច​ធ្វើហួស​ពីអ្វីយើង​កំណត់​ទេ»។​

លោក​ ​រ៉ុង ឈុន​ ​បន្ថែម​ថា​ ​សហភាព​អឺរ៉ុប​គឺជាទីផ្សារ​របស់​កម្ពុជា​ដែល​មាន​ទំហំ​ជាង​៤០​ភាគ​រយ​នៃ​ការ​នាំ​ចេញ​សរុប​ ​និង​ថា​ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​នោះ​កម្មករ​កម្មការិនី​រាប់​ម៉ឺននាក់​នឹង​ត្រូវ​បាត់​បង់​ការងារ​ ​ហើយកម្ពុជា​ក៏​នឹង​ត្រូវ​ប្រឈមវិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ប្រទេស។​

លោក​មាន​ប្រសាសន៍​ថា៖​

«ពេល​ហ្នឹង​នឹង​មាន​រឿង​កើតឡើង​បន្ត​បន្ទាប់​ទៀត​ ​ធ្វើ​ឲ្យ​ស្ថានភាព​សង្គម​ហ្នឹង​បើ​យើង​និយាយ​ឲ្យ​ខ្លី​ទៅ​គឺ​ថា​វានឹង​អាច​កើត​កល្បយុគ្គ។​ ​មាន​ន័យ​ថា​អស្ថិរភាព​នៅ​ក្នុង​សង្គម​ ​ដែល​ធ្វើ​ឲ្យ​សង្គម​យើង​ហ្នឹងជ្រួល​ច្របល់​ ​អសន្តិសុខ​ ​អាហ្នឹង​ហើយ​ដែល​ជា​បញ្ហាយើង​ដាក់​ការ​ព្រួយ​បារម្ភ។​ ​អញ្ចឹង​ដើម្បី​បញ្ជៀស​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​ ​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ ​និង​សម្រប​សម្រួល​ទៅ​តាម​ការ​ស្នើ​ឡើង​របស់​សហគមន៍​អឺរ៉ុប​ហ្នឹង»។​

សហភាព​អឺរ៉ុប​គឺ​ជាទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ចំណែក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ហៅ​ថា​ «រាល់មុខ​ទំនិញ​លើកលែង​តែអាវុធ‍»​ ​ឬ​ ​EBA​ ​បាន​ផ្តល់​ចំណេញ​ដល់​កម្ពុជា​ប្រមាណជា​៧០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ​ក្នុង​មួយ​ឆ្នាំៗ។​

កាល​ពី​ថ្ងៃព្រហស្បតិ៍​ ​សភា​សហភាព​អឺរ៉ុប​បាន​អនុម័ត​លើ​ញត្តិ​រួម​ស្នើ​ ​ឲ្យ​មានការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ​លើ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ​ ផ្តល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដល់​លោក​ ​កឹម សុខា​ ​ពិចារណា​លើ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ ​«រាល់មុខទំនិញ​លើកលែង​តែ​អាវុធ»​ ​និង​ដាក់​ឈ្មោះ​ជន​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ក្នុង​បញ្ជី​ខ្មៅ​មួយ​ដែល​នឹង​ហាមឃាត់​ទិដ្ឋាការ ​និង​បង្កកទ្រព្យ​សម្បត្តិ​របស់​ពួកគេ។​

ក្រៅ​ពី​សហភាពអឺរ៉ុប​ ​សហរដ្ឋ​អាមេរិក​ ​ក៏​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​ជាបន្ត​បន្ទាប់លើ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​ ​ពាក់ព័ន្ធនឹង​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ផង​ដែរ។​ ​ការ​ព្រមាន​ដកពន្ធ​អនុ​គ្រោះ​របស់​សហភាព​អឺរ៉ុប​ ​ក៏​កំពុង​ធ្វើ​ឲ្យ​មានការ​បារម្ភ​ថា​ ​សហរដ្ឋ​អាមេរិក​ដែល​បាន​អនុគ្រោះ​ពន្ធ​លើ​ការ​នាំចេញ​ផលិត​ផល​មួយ​ចំនួន​ក៏​អាច​នឹង​ដកការ​អនុគ្រោះ​នេះផង​ដែរ។​

បើទោះ​ជា​អ្នកឃ្លាំមើល​សង្គម​ ​និង​អ្នកធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ​ជាច្រើន​បាន​លើក​ឡើង​ជាបន្ត​បន្ទាប់​ពីការ​បារម្ភ និង​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ ​ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ដក​ចេញ​ពីកម្ពុជា​ក្តី ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​នៅតែ​អះអាង​ថា​ ​កម្ពុជា​នៅ​មាន​ទីផ្សារអន្តរជាតិជាច្រើន​ទៀត​ ប្រសិនបើ​មិនមាន​សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក។​

រូបឯកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​ VOA​ នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)

រូបឯកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​ VOA​ នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)


លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ប្រកាស​ធ្វើ​បាតុកម្ម​របស់​លោក​ ​រ៉ុង ឈុន​ ​គឺជា​លេសរបស់​លោក​ ​ក្នុងការប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណាច។​ ​ទោះយ៉ាងណា​លោក​ថា​ ​លោក​ ​រ៉ុង ឈុន​ ​ត្រូវ​សហ​ការ​ជាមួយ​អាជ្ញាធរ​ប្រសិន​បើ​ចង់​ធ្វើ​បាតុកម្ម​ណាមួយ។​

លោក​បញ្ជាក់​ថា៖​

«បើ​គាត់​ធ្វើ​ ​គាត់​ត្រូវ​តែ​សហការ​ជាមួយ​នឹងអាជ្ញាធរ​ ​ហើយ​បើ​គាត់​មិន​សហការ​ជាមួយ​អាជ្ញាធរ​ ​គឺ​អាជ្ញាធរ​នឹង​អនុវត្ត​ទៅ​តាម​ផ្លូវ​ការ​ ​ដែល​មាន​ច្បាប់​ ​ដែល​មាន​ចែង»។​

លោក ផៃ ស៊ីផាន បន្ថែម​ដោយ​ឆ្លើយ​តប​នឹង​ការ​ស្នើរបស់​សហភាព​អឺរ៉ុប​ថា៖​

«ការ​បារម្ភ​យើង​អត់​មាន​និយាយ​នៅ​ក្នុង​ការងារ​របស់រដ្ឋទេ​ ​ពីព្រោះ​យើង​មិនមែន​ជា​ប្រជាជាតិ​មួយ​ដែល​ទទួល​ទណ្ឌកម្ម​ពី​អង្គការ​សហប្រជាជាតិ ឬ​ក៏​ទណ្ឌកម្ម​ប្រទេស​ដទៃ​ ​យើង​គឺជា​រដ្ឋអធិបតេយ្យ។​ ហើយ​កិច្ចការសហការ​រវាង​សហ​ភាព​អឺរ៉ុប​ជាមួយ​កម្ពុជា​ ​គឺ​ជា​កិច្ច​សហការ​ដែល​គោរព​ផល​ប្រយោជន៍​គ្នាទៅវិញ​ទៅមក​ ហើយ​កម្ពុជា​មិនមែន​ជា​ប្រទេស​នៅ​ក្រោម​អាណានិគម​របស់​អឺរ៉ុបទេ»។​

បើទោះបីជា​មន្រ្តីរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថាការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​មិនមាន​ផល​ប៉ះពាល់​ណា​មួយ​ដល់​កម្ពុជាក្តី​ ​ប៉ុន្តែ​គេ​ឃើញ​ថា​ ​កាលពី​ខែ​មិថុនា​ ​កម្ពុជា​បាន​បញ្ជូន​បេសកជន​របស់​ខ្លួន​ទៅ​អឺរ៉ុបដើម្បីចរចារ​ និង​បញ្ចុះ​បញ្ចូល​កុំ​ឲ្យដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពីកម្ពុជា​ ​ប៉ុន្តែ​បេសក​កម្ម​នោះ​ហាក់​មិន​ទទួល​បាន​ផ្លែផ្កា​ណាមួយ ក្រៅតែពីការ​ព្រមាន​ជាបន្ត​បន្ទាប់​បន្ថែម​ពី​សហភាព​អឺរ៉ុប។​

ការ​ព្រមានរបស់​សហភាពអឺរ៉ុប​ ​និង​សហរដ្ឋ​អាមេរិក​ ​ព្រមទាំង​ការ​រិះគន់ជាបន្ត​បន្ទាប់​ពី​សំណាក់​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​ក្នុង​ពិភព​លោក​នេះ​ ​ធ្វើ​ឡើង​បន្ទាប់ពី គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​បាន​ឈ្នះ​យក​អាសនៈ​ទាំង​អស់​ចំនួន​១២៥​ ​កាល​ពី​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា​ ​ក្រោយពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​និង​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​១១៨​រូប​ ​មិន​ឲ្យធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។​

ចំណែក​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​ការ​រិតត្បិតលើ​សារព័ត៌មាន​ឯករាជ្យ​ ​ព្រមទាំង​ការ​រិត​ត្បិត​ក្រុម​សំឡេង​ប្រឆាំង​ ​ក៏​ជាផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រមាន​ដាក់ទណ្ឌ​កម្ម​ ​និង​រិះគន់​ផង​ដែរ៕

What Next?

Recent Articles