2018-09-18
RFA
សមាជិកសភាឯកបក្សបើកកិច្ចប្រជុំដំបូង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨។ រូប៖ រដ្ឋសភា
រដ្ឋសភាឯកបក្សគ្រោងបើកកិច្ចប្រជុំប្រកាសទទួលស្គាល់ និងផ្តល់សុពលភាពដល់តំណាងរាស្ត្រថ្មីចំនួន ៣៨រូប នៅថ្ងៃពុធ ទី១៩ ខែកញ្ញា។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានយល់ព្រមតាមសំណើសុំរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែកញ្ញា ដែលបានបញ្ជូនបញ្ជីឈ្មោះតំណាងរាស្ត្រទាំង ៣៨រូបនោះ ដើម្បីជំនួសតំណាងរាស្ត្រ ដែលបានលាលែងពីតំណែង៖ «បាទលាលែងជំនួស ៣៨រូប ទៅធ្វើការខាងរដ្ឋាភិបាល។ តាមច្បាប់គណបក្សរបស់តំណាងរាស្ត្រនោះ ធ្វើសំបុត្រទៅ គ.ជ.ប ដើម្បីសុំអ្នកមកជំនួស។ សភាបានទទួលឈ្មោះពី គ.ជ.ប សភានឹងប្រកាសទទួលស្គាល់តំណាងរាស្ត្រទាំងនោះ ហើយក្រោយស្បថហើយនឹងចូលកាន់តំណែង»។
តំណាងរាស្ត្រដែលបានលាលែងពីតំណែងទាំងនោះ គឺដោយសារពួកគេបានចូលកាន់តំណែង ក្នុងជួររដ្ឋាភិបាល រួមមាន អ្នកខ្លះកាន់តំណែងជារដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ។ ចំណែកអ្នកដែលអាចមានតំណែងជាតំណាងរាស្ត្រផង និងកាន់តំណែងក្នុងគណៈរដ្ឋមន្ត្រីផង មានតែឧបនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីទេ។
អ្នកវិភាគនយោបាយ និងមន្ត្រីសង្គមស៊ីវិល រិះគន់របបក្រុងភ្នំពេញថា បានបង្កើតមុខតំណែងដ៏ច្រើនលើសលុបជាងអណត្តិមុនៗ ដែលជាការចែកអំណាចគ្នានោះ គឺបណ្តាលឲ្យខ្ជះខ្ជាយថវិកាជាតិឥតប្រយោជន៍។
សហគមន៍អន្តរជាតិ ជាពិសេសពីប្រទេសលោកសេរីធំៗ ហៅការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាថា មិនសេរី និងមិនយុត្តិធម៏ ហើយប្រកាសមិនទទួលស្គាល់ ព្រមទាំងកំពុងព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Just do what ever you because you all are the bunch of mafia groups O K ‘ this country is belong to you all ‘