អង្គកា​រ Plan​ ចំណាយ ​២.៥​អឺរ៉ូ​ ​ដើម្បី​​​ជួយ​បណ្តុះ​បណ្តាល​​ក្មេងស្រី​​ឲ្យ​​ក្លាយ​ជា​​អ្នក​ដឹកនាំ​​ក្នុង​​សហគមន៍​

ដោយ វណ្ណ សុគន្ធា
18/09/2018
RFI

media
ក្មេងៗកំពុងសិក្សាសាកល្បងឩបករណ៍វាយតម្លៃពីប្រសិទ្ធភាព មុខងារ និងតួនាទីរបស់អាជ្ញាធរមូលដ្ឋានក្នុងគម្រោង “ក្មេងស្រីដឹកនាំ”
@Plan International


ខេត្ត​ចំនួន​បី​នៃ​ប្រទេស​កម្ពុជា គឺ​ខេត្តសៀមរាប ស្ទឹងត្រែង និង​ខេត្តរតនគិរី ត្រូវបាន​អង្គការ​ភ្លែ​ន​អន្តរជាតិ (Plan International) ចាប់យក​ជា​គោលដៅ​ក្នុងការ​អនុវត្ត​គម្រោង​ថ្មី​ឈ្មោះថា “ក្មេងស្រី​ដឹកនាំ។ គម្រោង​ថ្មី​នេះ អង្គការ​ភ្លែ​ន​អន្តរជាតិ​បានគ្រោង​ចំណាយ​ថវិកា២.៥លាន​អឺរ៉ូ ដើម្បី​បណ្តុះបណ្តាល​ក្មេងស្រី​ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​ធ្វើ​កិច្ចការ​នៅក្នុង​សហគមន៍​ពួកគេ។

គម្រោង​ថ្មី​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ (Plan International) នេះ គឺមាន​រយៈពេល៥ឆ្នាំ​ចាប់ពី​ឆ្នាំ២០១៨ដល់​ឆ្នាំ២០២៣ ហើយ​គម្រោង​នេះ​បានដាក់​ឲ្យ​ដំណើរការ​ហើយ​កាលពី​ខែមិថុនា​កន្លងទៅនេះ។ លោក Jan Jaap Kleainrensink នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បាន​អះអាងថា គម្រោង​ថ្មី​នេះ នឹង​អនុវត្ត​លើ​កុមារ​ប្រមាណ៤ពាន់​នាក់ ដោយ​បង្កើន​សមត្ថភាព និង​លទ្ធភាព​ក្មេងស្រី ដើម្បី​សិក្សា ចែករំលែក បង្កើត និង​ដឹកនាំ​នៅក្នុង​សហគមន៍។ បើតាម​លោក Jan Jaap Kleainrensink គម្រោង “ក្មេងស្រី​ដឹកនាំ”នឹង​បំផុស​ឲ្យ​មានការ​អនុវត្ត​ដែល​ជំរុញ​ការចូលរួម​របស់​ក្មេងប្រុស និង​ក្មេងស្រី ស្ត្រី​វ័យក្មេង និង​បុរស​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​វិសមភាព​យេនឌ័រ​ដែល​នៅមានកម្រិត​នៅក្នុង​ប្រទេស​កម្ពុជា។

គួរ​កត់សម្គាល់ថា នៅក្នុង​ប្រទេស​កម្ពុជា បញ្ហា​យេនឌ័រ​រវាង​ក្មេងប្រុស និង​ក្មេងស្រី​នៅតែ​កើតមាន​នៅឡើយ​នៅក្នុង​វិស័យផ្សេងៗ បើទោះបី​មានការ​ខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​គម្លាត​យេនឌ័រ​នេះ​ពី​សំណាក់​អង្គការ ស្ថាប័ន​ពាក់ព័ន្ធ​យ៉ាងណាក៏ដោយ។ ជាក់ស្តែង អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បាន​រកឃើញ​កាលពី​ឆ្នាំ២០១៦កន្លងទៅ​ថា មាន​ក្មេងស្រី៩៨% បាន​ប្រឡូក​ក្នុង​កិច្ចការ​ប្រចាំថ្ងៃ។ បន្ថែម​លើ​នេះ អត្រា​ក្មេងស្រី​នៅតែ​តិច​ដែលមាន​លទ្ធភាព​ទទួល​បានការ​អប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា។ ពិសេស​ជាងនេះទៀត​នោះ គឺ​នៅតែមាន​ការយល់ឃើញ​បែប​អវិជ្ជមាន​ចំពោះ​ស្ត្រី និង​ក្មេងស្រី​នៅក្នុង​តួនាទី​ដឹកនាំ។

តាមរយៈ​គម្រោង​ថ្មី​នេះ លោក ​Jan Jaap Kleainrensink បាន​សម្តែង​សុទិដ្ឋិនិយម​ថា ការចាប់ផ្តើម​អនុវត្ត​គម្រោង​ក្មេងស្រី​ដឹកនាំ​នេះ​នឹង​ទទួលបាន​ការគាំទ្រ ហើយ​វា​ក៏​នឹង​អាច​កាត់បន្ថយ​បញ្ហា​ពាក់ព័ន្ធ​នឹង​យេនឌ័រ និង​ផ្តល់​លទ្ធភាព​ឲ្យ​កុមារ​ជាពិសេស កុមារ​ដែល​មិន​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ក្មេងស្រី ឲ្យ​សម្រេចបាន​សក្តានុពលរ​បស់​ខ្លួន​យ៉ាង​ពេញលេញ។

សូម​ជំរាបជូន​បន្ថែមថា ក្នុងការ​អនុវត្ត​គម្រោង “ក្មេងស្រី​ដឹកនាំ”នេះ ក្មេងស្រី និង​ក្មេងប្រុស​ក្នុង​ក្លឹប​កុមារ​ចំនួន ៥២ ស្ថិតនៅ​ខេត្តរតនគិរី ស្ទឹងត្រែង និង​ខេត្តសៀមរាប នឹង​ទទួលបាន​ការរៀនសូត្រ​តាមរយៈ​កម្មវិធី​ជើងឯក​សម្រាប់​កម្ពុជា ចែករំលែក​ចំណេះដឹង​របស់ខ្លួន​តាម​រយៈ​កម្មវិធី​ស្នូរ​ជួង បង្កើត​សកម្ម​ភាពជា​សមូហភាព តាមរយៈ​ជំនួយ​ថវិកា​ខ្នាតតូច​សម្រាប់​សមភាព​យេនឌ័រ និង​ដឹកនាំ​តាមរយៈ​ការធ្វើជា​គំរូ និង​ការតស៊ូ​មតិ​នៅ​ថ្នាក់ឃុំ ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​ផងដែរ៕

What Next?

Recent Articles