កុមារ​កំព្រា​ត្រូវ​ការ​ជំនួយ​បន្ទាប់​ពី​បិទ​សារមន្ទីរ​មីន​អាគីរ៉ា

| |
https://vodhotnews.com

កុមារកំព្រាត្រូវបានបណ្ដេញចេញ បន្ទាប់ពីបិទសារមន្ទីរមីនអាគីរ៉ា (រូបភាព៖ បណ្ដាញសង្គម)


កុមារកំព្រា២០នាក់ប្រឈមនឹងកង្វះអាហារនិងគ្មានកន្លែងស្នាក់នៅបន្ទាប់ពីបិទសារមន្ទីរមីនអាគីរ៉ាដែលពួកគេធ្លាប់រស់​នៅ និង​ការឃុំខ្លួនស្ថាបនិកជាប់ពាក់ព័ន្ធរក្សាអាវុធខុសច្បាប់។

មន្ទីរសង្គមកិច្ចខេត្តសៀមរាបកំពុងស្វែងរកជំនួយសម្រាប់ឧបត្ថម្ភដល់កុមារកំព្រា២០នាក់ដែលយកមកពី សារមន្ទីរ​មីន​អាគីរ៉ា បន្ទាប់ពីបិទទ្វារបណ្តោះអាសន្ន​​​ ព្រមទាំងឃុំខ្លួនលោក អឿន យក្ស ហៅ អាគីរ៉ា ជាស្ថាបនិករបស់អង្គការ និងមន្រ្តីពីរនាក់ទៀត កាលពីចុងខែសីហា កន្លេងទៅនេះ។

លោក អឿន យក្ស ហៅ អាគីរ៉ា (រូបភាព៖ បណ្ដាញសង្គម)

មន្ត្រីមន្ទីរសង្គមកិច្ចខេត្តសៀមរាបនិងទទួលបន្ទុកផ្នែកកុមារ​ លោក មឿន គុណ បាននិយាយថាជនជាតិបរទេសពីរនាក់ដែលធ្លាប់ធ្វើការស្ម័គ្រចិត្តនៅសារមន្ទីរមីនអាគីរ៉ាបានជួយឧបត្ថម្ភអាហារនិងកន្លែងស្នាក់នៅបណ្តោះអាសន្ននៅក្នុងទីក្រុងសៀមរាប ពេលដែលយកកុមារទាំងនោះចេញពីសារមន្ទីរមីន ក្នុងស្រុកបន្ទាយស្រី។ ប៉ុន្តែឥឡូវពួកគេបានប្រាប់លោកថាខ្វះថវិកា​ក្នុងការបន្តជួយឧបត្ថម្ភ។ មន្ទីរសង្គមកិច្ចកំពុងស្វែងរកដៃគូរក្នុងការជួយឧបត្ថមកុមារទាំងនោះ។


វាអីចេះណាបង! ខាងខ្ញុំយើងក៏បាន ទុកដាក់​ហើយរៀបចំ។ យើងក៏បានទាក់ទងមក ជនជាតិហ្នឹងគាត់ក៏បានទំនុកបម្រុងមួយរយៈដែរប៉ុន្តែគាត់ថាគាត់អស់លទ្ធភាពហើយ ដោយសារគាត់អត់មានលុយចឹញ្ចឹមដែរ។​ យើងកំពុងស្វែងរកដៃគូដើម្បីបន្តនិតិវិធីតាមអ្វីដែលយើងបានកំពុងនឹងធ្វើបាទ

មន្ត្រីមន្ទីរសង្គមកិច្ចខេត្តសៀមរាបនិងទទួលបន្ទុកផ្នែកកុមារ​ លោក មឿន គុណ


សា្ថបនិកអង្គការកំចាត់មីនកម្ពុជានិង​​​សារមន្ទីរអាគីរ៉ា លោក អឿនយក្ស ហៅ អាគីរ៉ា ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបធ្វើការឃាត់ខ្លួនជាមួយមនុស្សពីរនាក់ទៀតគឺ ប្រធានប្រតិបត្តិសារមន្ទីរមីន ​​​លោក ហ៊ាញ សុគន្ធា និងនាយករង លោក អឿន យុន ​​​បន្ទាប់ពីឆេះឃ្លាំងគ្រាប់ក្នុងបរិវេណសារមន្ទីរ។

ពាក់ពន្ធ័នឹងស្ថានភាពកុមារនិងសារមន្ទីរ​មីន លោក ឈុន បូរ៉ា ជាគ្រូបង្រៀនដោះមីនមួយរូបរបស់អង្គការកំចាត់មីនកម្ពុជាបានបញ្ជាក់ប្រាប់ VODថាក្មេងៗទាំងអស់កំពុងរស់នៅផ្ទះឯកជនមួយកន្លែងដែលមានអ្នកស្ម័គ្រចិត្តជាជនជាតិបរទេសពីរនាក់ជាអ្នកផ្តល់កន្លែងស្នាក់នៅ និងផ្តល់អាហារ ប៉ុន្តែពួកគេត្រូវការជំនួយបន្ថែមទៀតដើម្បីផ្គត់ផ្គង់ការរស់នៅ និង​​​ការសិក្សា។ សារមន្ទីរមីនអាគីរ៉ាលក់សំបុត្រឲ្យភ្ញៀវចូលទស្សនា ហើយថវិកាដែលបានពីការលក់សំបុត្រគឺសម្រាប់ជួយឧបត្ថម្ភដល់ការរស់នៅនិងថ្លៃសិក្សារបស់កុមារ។


ប៉ុន្តែសារមន្ទីរគាត់កម្មកវិធីគេហៅថា បើកពិព័រតាំងគ្រាប់មីនដែលអស់ប្រសិទ្ធិភាពហ្នឹងឲ្យភ្ញៀវមើលដើម្បីយកកំរៃនោះទៅចឹញ្ចឹមក្មេងនោះឯង ទៅលើសាលារៀននិងចឹញ្ចឹមបន្ត។ ឧទាហរណ៏ថាក្មេងរៀនចប់ថ្នាក់ទី៦បញ្ជូនឲ្យគាត់រៀនបន្តឌីផ្លូមនៅអីខេត្តសៀមរាបឯនេះ។ អាហ្នឹងខាងសារមន្ទីគ្រប់គ្រង។ ប៉ុន្តែបច្ចុប្បន្ន​នេះសារមន្ទីរមីនមិនទាន់បើកវិញទេ

លោក ឈុន បូរ៉ា ជាគ្រូបង្រៀនដោះមីនមួយរូបរបស់អង្គការកំចាត់មីនកម្ពុជា


កុមារកំព្រាដែលយកពីសារមន្ទីរមីនមានប្រុស១០នាក់ និងស្រី១០នាក់។ ក្នុងនោះមានក្មេង៧នាក់រៀនថ្នាក់បឋមសិក្សា ៧នាក់ថ្នាក់អនុវិទ្យាយល័យ ៣នាក់កម្រិតវិទ្យាយ និង៣នាក់ទៀតបានបញ្ចប់មធ្យមសិក្សាទុតិយភូមិហើយកំពុងបន្តស្វែងរកអាហាររូបករណ៍ទៅរៀននៅមហាវិទ្យាល័យ។

លោក បូរ៉ា បានបន្តទៀតថាក្រុមការងាររបស់លោកកំពុងស្វែងរកអន្តរាគមន៍ ដើម្បីស្នើសុំក្នុងការបើកដំណើរការសារមន្ទីរឡើងវិញនិងដោះលែងថ្នាក់ដឹកនាំរបស់អង្គការពីរនាក់ទៀតដែលត្រូវបានចាប់ខ្លួនជាមួយលោក អាគីរ៉ា។ លោកបូរ៉ា​​​និយាថា លោក ហ៊ាញ សុគន្ធា និង អឿន យុន​​​មិនជាប់ពាក់ពន្ធ័រឿងរក្សារទុកអាវុធខុសច្បាប់នោះទេ។


បាទ! មេធាវីគាត់កំពុងដុតដៃដុតជើងដើម្បីសុំមនុស្សពីរនាក់ទៀតមកវិញ​សិន​​​ព្រោះមនុស្សពីរនាក់នោះបើសិនជាយើងគិតតាមផ្លូវច្បាប់​​​គាត់អត់មានពាក់ពន្ធ័អីទេ​ ព្រោះថារឿងនោះជារឿងបុគ្គលរបស់ អាគីរ៉ាតែម្នាក់ទេ

លោក ឈុន បូរ៉ា ជាគ្រូបង្រៀនដោះមីនមួយរូបរបស់អង្គការកំចាត់មីនកម្ពុជា


អ្នកនាំពាក្យតុលាការខេត្តសៀមរាប លោក យិន ស្រាង បានប្រាប់ VODថា តុលាការមិនទាន់បានទទួលលិខិតស្នើសុំនៅក្រៅឃុំ ពីមេធាវីរបស់ លោក ហ៊ាញ សុគន្ធា និង លោក អឿន យុន នោះទេ។


អត់ទាន់មានឃើញមានពាក្យស្នើសុំ របស់ខាងមេធាវីរបស់គាត់ផង! បាទដូចគ្នាតើ! អត់ទាន់ឃើញ ពាក្យសុំនៅក្រៅឃុំទេ

អ្នកនាំពាក្យតុលាការខេត្តសៀមរាប លោក យិន ស្រាង


អ្នករត់ម៉ូតូកង់បីដែលរស់នៅក្នុងស្រុកបន្ទាយស្រីម្នាក់​ គឺលោក សំ បូ ដែលធ្លាប់ជួបលោក អាគីរ៉ា ម្តងម្កាល និងធ្លាប់ដឹកភ្ញៀវចូលទស្សនាក្នុងសារមន្ទីរ បានសម្តែងការសោកស្តាយពីការចាប់ខ្លួនលោក អាគីរ៉ា​​​ និងបារម្ភពីកុមារកំព្រាទាំងនោះ។ លោក សំ​​​ បូ លើកឡើងថា អាគីរ៉ាជាមនុស្សល្អ និងចូលរួមជួយសង្គមជាច្រើន ព្រមទាំងចិញ្ចឹមកុមារកំព្រាដែលចំណូលបានពីការលក់សំបុត្រ។


ដោះមីនតាំងពីជិះកង់ជិះអីមកឡើងលំបាកវេទនា ហើយតែកើតប៉ុណ្ណឹង។ យើងមើលទៅទោះគាត់មិនបានជួយសង្គមអីធំដុំក៏ក្នុងខ្នាតមួយ ម៉ាគួសមដែរណា។ មនុស្សយើងកម្ររមាននណាធ្វើបានដូចកាត់ដែរ

អ្នករត់ម៉ូតូកង់បីដែលរស់នៅក្នុងស្រុកបន្ទាយស្រីម្នាក់​ គឺលោក សំ បូ


លោកអាគីរ៉ាជាស្ថាបនិកអង្គការដោះមីនកម្ពុជានិងស្ថាបនិកសារមន្ទីរមីនអាគីរ៉ា ដែលត្រូវបានមហាជនស្គាល់ថាជាវិរៈបុរសដោះមីននិងធ្លាប់បានទទួលពានរង្វាន់ ” a CNN top 10 Hero” វិរៈបុរសកំពូលទាំ់ង១០របស់ទូរទស្សន៏ CNN​កាលពីឆ្នាំ២០១០។

លោក អាគីរ៉ា និងបុគ្គលិកពីរនាក់ទៀតត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួនបន្ទាប់ពីឆេះឃ្លាំងគ្រាប់ក្នុងបរិវេណសារមន្ទីរមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ ក្រោយមកតុលាការខេត្តសៀមរាបបានសម្រេឃុំខ្លួនក្នុងពន្ធនាគារដោយចោទពីបទ រក្សារទុកអាវុធជាតិផ្ទុះដោយខុសច្បាប់នៅក្នុងបរិវេណសារមន្ទីរ។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles