លោក ហ៊ុន សែន បង្ហើប​ពី​លទ្ធភាព​ធ្វើ​ច្បាប់​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ

ដោយ អេង គីមហុង
19/09/2018
RFI

media
រូប​ភាព​លោក ​កឹម សុខា ​ដែល​គេ​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក​ នៅ​ថ្ងៃ ​អាទិត្យ​ ទី ​១៦​ កញ្ញា​ ២០១​៨​​​។
@facebook


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ច្បាប់ដើ​ម្បី​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ។ ការ​លើក​ឡើង​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទេរ លោក កឹម សុខា ពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​មក​ឃុំ​ខ្លួននៅ​ក្នុង​ផ្ទះ អស់​រយៈ​ពេល​ជិត​២​សប្ដាហ៍​មក​ហើយ​គិត​មក​ដល់​ថ្ងៃនេះ។

«ដោយ​សារ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ឃុំ​ខ្លួន​ទណ្ឌិត ឬ​ពិរុទ្ធជន នៅ​ក្នុង​ផ្ទះ ទើប​កម្ពុជា​គ្រោង​​នឹង​រៀប​ចំ​ឲ្យ​មាន​ច្បាប់​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ» នេះ​គឺ​ជា​ការ​លើក​​ឡើង​របស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ក្នុង​ឱកាស​ជួបសំណេះ​សំណាល​ជាមួយ កម្មករ-កម្មាការិនី ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ត្រង់​ចំណុច​នេះ​លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ច្បាប់​កម្ពុជា​ទាក់ទង នឹង​អ្នក​ទោស​មាន​ភាព​ខ្វះចន្លោះ​ត្រង់ការ​កំណត់​ឲ្យ​ឃុំ​ខ្លួន​អ្នកទោស​ឬ​ទណ្ឌិត​នៅ​ក្នុង​ផ្ទះ។ ដូច្នេះ​ហើយ​ទើប​តុលា​ការ​កំណត់​ទីតាំង​មួយ​សម​ស្រប​ដើម្បី​ឃុំ​ខ្លួន​លោក កឹម សុខា។

សូមបញ្ជាក់ថា ការ​លើក​ឡើង​ពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​ច្បាប់​ឃុំ​ខ្លួន​ពិរុទ្ធជន នៅ​ក្នុង​ផ្ទះ​ពី​សំណាក់ លោក ហ៊ុន សែន ដូច្នេះ នៅ​ពេល​២ថ្ងៃ បន្ទាប់​ពី​លោក ស ខេង អនុ​ប្រធាន​គ​ណបក្ស​ប្រជាជន និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា អះ​អា​ង​ថា លោក​គឺជា​អ្នករៀបចំ​ផ្ទេរ​ការ​ឃុំ​ខ្លួន​​មេដឹកនាំ​​អតីត​​គណបក្ស​ប្រឆាំង ​លោក ​កឹម សុខា ​ពី​ពន្ធនាគារ​​ត្រពាំង​​ផ្លុ​ង ​មក​ឃុំ​ខ្លួន​​នៅ​ក្នុង​​ផ្ទះ​​។ នេះ​ក៏​ដោយ​សារ​តែ​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា ​មិនបាន​ចែង​នៅ​ត្រង់​ចំណុច​នេះ។ នេះ​បើ​តាម​លោក ស ខេង ។ ​

បន្ថែម​ពី​លើ​ការ​គូស​បញ្ជាក់​របស់ លោក ស ខេង លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា ការ​ផ្ទេរ លោក កឹម សុខា មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ធ្វើ​ឡើង​ក្នុង​គោលបំណង​មនុស្ស​ធម៌ ដើម្បី​សុវត្ថិ​ភាព និង​ស្ថានភាព​ជម្ងឺ​លោក កឹម សុខា គឺ​មិន​មែន​ដោយ​សារ​សម្ពាធ​អន្តរ​ជាតិ​ឡើយ​។ បើ​តាម​ការ​ពន្យល់​របស់ លោក​នាយករដ្ឋមន្ត្រី លោក កឹម សុខា មិន​មែន​ជា​ទណ្ឌិ​ត​​ទេ។ លោក កឹម សុខា ជា​ពិរុទ្ធជន​នៅ​ឡើយ។

ហើយ​រាល់​សកម្មភាព​ប្រចាំថ្ងៃ លោក កឹម សុខា ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ដីកា​កំណត់ បើ​ពុំ​ដូច្នោះ​ទេ តុ​លា​ការ​មាន​សិទ្ធិ​យក លោក កឹម សុខា ទៅ​ឃុំ​ឃាំង​នៅ​កន្លែង​ណា ក៏​បានអា​ស្រ័​​យ​លើ​ឆន្ទានុសិទ្ធ​របស់​តុលាការ។ នេះ​បើ​តាម លោក ហ៊ុន សែន។

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​​ និង​ការពារ​សិទ្ធិ​មនុស្ស​ នៃអង្គការលីកាដូ​លើ​ក​​ឡើងថា ច្បាប់​ស្ដី​ពី​ការ​ឃុំ​ខ្លួន​អ្នក​ទោស​នៅ​ក្នុងផ្ទះ ដូច​ជា​មិន​ចាំ​បាច់​សម្រាប់​កម្ពុជា​នោះ​​ទេ​។ ប៉ុន្តែ​អាច​ថា រដ្ឋាភិបាល​ទាញ​យក​ករណី លោក កឹម សុខា មក​ឃុំ​ខ្លួន​នៅ​ក្នុងផ្ទះ​ជា​បទ​មូលដ្ឋាន​ឬ​ជា​លេស ដើម្បី​រៀបចំ​ធ្វើ​ច្បាប់ ឬ​ធ្វើ​វិសោធកម្ម​ច្បាប់​មួយ​ចំនួន ទៅ​តាម​ស្ថានភាព​នយោបាយ​ជាក់​ស្ដែង។ នេះ​បើ​តាម លោក អំ សំអាត​៕

What Next?

Recent Articles