របាយការណ៍​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បង្ហាញ​ថា ការ​រឹត​ត្បិត​សេរីភាព​ជា​មូល​ដ្ឋាន បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល​​១​ឆ្នាំ​ចុង​ក្រោយ​នេះ​

ដោយ សួង សុខភារី
21/09/2018
RFI

media
រូបភាព៖ ឡូហ្គូ មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR)
@FB/ CCHR


មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) សមាគម​អាដ​ហុក និង​មជ្ឈ​មណ្ឌល​សាមគ្គី​ភាព នៅ​ក្នុង​សប្តាហ៍​នេះ បាន​រួម​គ្នា​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ​ទី ២ នៃ​ការ​ឃ្លាំ​មើល​សេរីភាព​មូល​ដ្ឋាន​នៅ​កម្ពុជា​។ របាយការណ៍​កម្រាស់ ១៦៦​ទំព័រ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​រឹត​ត្បិត​លើ​សេរី​ភាព​ជា​មូល​ដ្ឋាន សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​សេរី​ភាព​ខាង​ការ​បង្កើត​សមាគម បាន​ធ្លាក់​ចុះ​ច្រើន​។ 

របាយការណ៍​ឆ្នាំទី ២នោះ គឺ​ជា​លទ្ធផល​នៃ​ការ​ឃ្លាំ​មើល​ចាប់​ពី​ថ្ងៃ​ទី ១​ខែ​មេសា ឆ្នាំ ២០១៧ ដល់​ថ្ងៃ​ទី ៣១​ខែ​មីនា ឆ្នាំ ២០១៨ ដោយ​បូក​រួម​បញ្ចូល​ទាំង​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ ២០១៧ និង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ២០១៨​។ ជា​ការ​កត់​សម្គាល់ របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ទាំង ៣ បាន​រក​ឃើញ​ថា ការ​រឹត​ត្បិត​លើ​សេរីភាព​ជា​មូល​ដ្ឋាន នៅ​ក្នុង​ឆ្នាំទី ២នេះ មាន​ចំនួន ៥៩៣​ករណី កើន​លើស​ឆ្នាំ​ទី ១ ដែល​មាន​ត្រឹម ៣៩១​ករណី​។

របាយការណ៍​ដដែល​នោះ ក៏​បញ្ជាក់​ដែរ​ថា សេរី​ភាព​ខាង​ការ​បង្កើត​សមាគម បាន​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​ទី ២ តាម​រយៈ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ក្នុង​ពេល​ថ្មីៗ និង​ការ​កើន​ឡើង​នៃ​ការ​តាម​ដាន​ និង​ឃ្លាំ​មើល​លើសកម្មភាព​របស់​សមាគម ក៏​ដូច​ជា​សន្ទុះ​ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​លើ​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​។​ គម្រោង​ឃ្លាំ​មើល​សេរី​ភាព​មូល​ដ្ឋាន បាន​កត់​ត្រា ១៨២​ករណី ដែល​បង្ហាញ​ថា​ រដ្ឋា​ភិបាល​បាន​ត្រួត​ត្រា មក​លើ​អង្គ​ការ​សង្គម​ស៊ីវិល ដែល​ជា​ការ​រំលោភ​បំពាន​លើ​បទ​ដ្ឋាន​អន្តរ​ជាតិ​។ ក្នុង​នោះ មាន​ករណី​ជា​ច្រើន ដែល​អាជ្ញាធរ​បាន​រំខាន​ដល់​សកម្មភាព​ប្រជុំ វគ្គ​បណ្តុះ​បណ្តាល ឬ ការ​ជួប​ជុំ​គ្នា ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​អ្វី​មួយ​របស់​សមាគម​។

បើ​តាម​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ដដែល នៅ​ក្នុង​ឆ្នាំ​ទី ២នេះ រដ្ឋា​ភិបាល បាន​បង្កើន​ការ​ចាប់​អារម្មណ៍លើ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង ការ​រំលោភ​បំពាន​លើ​សេរីភាព​បញ្ចេញ​មតិ​តាម​អ៊ីន​ធឺណេត​។ ចំណែក​សេរី​ភាព​ខាង​ការ​ជួប​ប្រជុំ ត្រូវ​បាន​រឹត​បន្តឹង ដោយ​មានការ​ហាម​ឃាត់​ការ​ជួប​ប្រជុំ​ចំនួន ២៦ដង ហើយ​ការ​ហាម​ឃាត់​ភាគ​ច្រើន គឺ​មាន​ពាក់​ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​គម្រោង​ប្រមូល​ផ្តុំ​ជុំវិញ​ករណី​ឃាត់​ខ្លួន សាក​សួរ និង​សវនាការ​លោក​កឹម សុខា​៕

What Next?

Recent Articles