លោក សម រង្ស៊ី៖ លោក ហ៊ុន សែន ព្យាយាម​បំបែក​លោក កឹម សុខា ចេញ​ពី​លោក​

ដោយ វ៉ា សំណព្វ
21/09/2018
RFI

media
លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​ចលនា​សង្គ្រោះ​ជាតិ
@សហការី


លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី ២០ កញ្ញា ម្សិល​មិញ​នេះ បាន​ចេញ​លិខិត​ចំហ​មួយ ដោយ​បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា កំពុង​ព្យាយាម​បំបែក​លោក កឹម សុខា ចេញ​ពី​លោក​។ មិន​តែ​ប៉ុណ្ណោះ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក កឹម សុខា កំពុង​ប្រឈម​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ច្រាន​ចោល និង​បាន​បន្ត​ការពារ​ខ្លួន​ថា ការ​ផ្ទេរ​កា​រឃុំ​ខ្លួន​លោក កឹម សុខា ពីពន្ធនាគារ​ត្រពាំង​ផ្លុង មក​នៅ​ក្នុង​ផ្ទះ គឺ​ជា​រឿង​មនុស្ស​ធម៌​។  

លិខិត​ចំហ​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ២០ កញ្ញា បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​ថា ការ​ផ្ទេរ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​មក​នៅ​ក្នុង​ផ្ទះ គឺ​ជា​រឿង​មនុស្ស​ធម៌​សុទ្ធ​សាធ​។ សម្រាប់​លោក សម រង្ស៊ី ការ​បន្ត​ឃុំ​ខ្លួន លោក កឹម សុខា នៅ​ក្នុង​ផ្ទះ ពី​សំណាក់​អាជ្ញាធ​រដ្ឋា​ភិបាល​កម្ពុជា​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ការ​ប៉ុន​ប៉ង​បំបែក​សម្ព័ន្ធភាព​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី ​ចាប់​តាំង​ពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ​។ ប៉ុន្តែ​លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​បាន​ថ្លែង​ការពារ​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ពី​ការ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ​នេះ​ថា គឺ​ជា​រឿង​មនុស្ស​ធម៌​ប៉ុណ្ណោះ​។

តាម​រយៈ​លិខិត​ចំហ​ដដែល លោក សម រង្ស៊ី បាន​បន្ត​ចោទ​ប្រកាន់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ថា បាន​យក​លោក កឹម សុខា ធ្វើ​ជា​ចំណាប់​ខ្មាំង តាម​រយៈការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ «ក្បត់​ជាតិ»​។ លោក សម រង្ស៊ី ថែម​ទាំង​បាន​សង្កត់​ធ្ងន់​ទៀត​ថា លោក កឹម សុខា កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ទាំង​ក្នុង​ករណី​សុវត្ថិភាព​របស់​លោក កឹម សុខា និង​ករណី​សម្ព័ន្ធ​ភាព​នៃ​មេដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ទាំង​ពីរ​។ បើ​តាម​លោក ផៃ ស៊ីផាន លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​ព្យាយាម​បំបែក​លោក កឹម សុខា ចេញ​ពី​លោក សម រង្ស៊ី នោះ​ឡើយ​។

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន កាល​ពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី ៣ កញ្ញា ឆ្នាំ ២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ដោយ​ឃុប​ឃិត​ជាមួយ​ជន​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​។ បន្ទាប់​ពី​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​អស់​រយៈ​ពេល​ជាង​១ឆ្នាំ​រួច​មក លោក កឹម សុខា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​គេហដ្ឋាន​របស់​លោក​វិញ កាល​ពី​ថ្ងៃ​ទី ១០ កញ្ញា ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។

លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះ​លែង​លោក កឹម សុខា ជា​បន្ទាន់ ខណៈ​ដែល​ការ​ស៊ើប​អង្កេត​លើ​ករណី​របស់​លោក កឹម សុខា នៅ​មិន​ទាន់​រក​ឃើញ​អ្វី​នៅ​ឡើយ​៕

What Next?

Recent Articles