វ៉ែន សុមេធ
2018-09-22
RFA
រូបសំណាកស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) (ស្ដាំ) ដែលត្រូវបានរចនាដោយជាងគំនូ ចម្លាក់ក្បាច់ខ្មែរ និងសំណង់លោក សៀន កាម៉ង់ដង់ (ឆ្វេង)។ Photo screenshot
រូបសំណាកស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា សាងសង់ជិតរួចរាល់ហើយ
មេជាងគំនូ ចម្លាក់ក្បាច់ និងសំណង់ដែលធ្លាប់ធ្វើរូបសំណាកលោកបណ្ឌិត កែម ឡី និងអ្នកធ្វើការងារសង្គម និងវប្បធម៌ សិល្បៈពីរនាក់ទៀត បានសហការគ្នាសាងសង់រូបសំណាក់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ជិតរួចរាល់ហើយ ដើម្បីទុកអោយមនុស្សជំនាន់ក្រោយ ចងចាំ និងគោរពដឹងគុណ ចំពោះវីរៈភាព និងការលះដ៏បង់ខ្ពស់របស់លោកក្នុងការជួយដល់កុមារ និងស្ត្រីកម្ពុជារាប់សិបឆ្នាំមក។ ពួកគេទាំងបីនាក់ មានគម្រោងដង្ហែរូបសំណាក់នោះ ជូនមន្ទីរពេទ្យគន្ធបុប្ផាឆាប់ៗខាងមុខនេះ ហើយក៏នឹងមានគម្រោងធ្វើពិធីរៃអង្គាសប្រាក់ សម្រាប់ជួយដល់មន្ទីរពេទ្យទៀតផង។
នេះគឺជាសំឡេងដាប់ដុស និងខាត់ជូតសម្អាតលើរូបសំណាកស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ដែលទើបចាក់ពុម្ពធ្វើអំពីស្ពាន់ កាលពីថ្ងៃទី២១ ខែ កញ្ញា នៅផ្ទះមេជាងគំនូ ចម្លាក់ក្បាច់ខ្មែរ និងសំណង់ដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់ធ្វើរូបសំណាក លោកបណ្ឌិត កែម ឡី គឺលោក សៀន កាម៉ង់ដង់ ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញ្ញាលឺ ខេត្តកណ្ដាល។
លោក សៀន កាម៉ង់ដង់ រៀបរាប់ថា លោកបានធ្វើរូបសំណាក់លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ជិតរួចរាល់ហើយ។ លោកគ្រោងនឹងបង្ហើយរូបសំណាកនេះ នៅសប្តាហ៍ក្រោយ។ លោកបន្តថា រូបសំណាកនេះ គឺធ្វើពាក់កណ្ដាលខ្លួន ពាក់វ៉ែនតា នៅក្នុងទឹកមុខញញឹមរាក់ទាក់ពោរពេញដោយបេះដូងមនុស្សធម៌ដែលធ្លាប់បានជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជាជិត ៣ទស្សវត្សកន្លងទៅ៖ «រូបគាត់បើយើងគិតពីមនុស្សឈរវិញប្រហែលឡើងដល់កម្ពស់៣ម៉ែត្រ ព្រោះខ្នាត់ធំ ប៉ុន្តែយើងធ្វើតែមួយកំណាត់ខ្លួន ព្រោះយើងធ្វើទៅតាមថវិកាផ្ទាល់ខ្លួន ដោយសារយើងមិនត្រូវការជំនួយ។ម្យ៉ាងទៀត ពេលបញ្ចប់រូបនេះហើយ យើងចង់មានគំនិតផ្សេងវិញគឺចង់បង្កើតមូលនិធិមួយដែលគេចូលរួមជាមួយរូបសំណាកដើម្បីយកជំនួយនោះទៅជួយកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទៀត។មកដល់ពេលនេះ គឺយើងចំណាយលុយលើរូបនេះ ប្រហែលជាងមួយពាន់ដុល្លារហើយ»។
លោក សៀន កាម៉ង់ដង់ បញ្ជាក់ថា រូបសំណាកនេះកើតឡើងដោយមានការសហការគ្នាជាមួយនឹងតារាសម្ដែង និងជាផលិតករផលិតវីដេអូអប់រំដ៍ល្បីមួយរូបគឺ លោក តាន់ គឹមសួរ និងបុរសម្នាក់ទៀត ឈ្មោះ ស្រាន់ សុខរុំ ហៅថា ឌីជេ អាចារ្យធំ ដែលជាសកម្មជនសង្គម និងជាអ្នកនិយមអភិរក្សសិល្បៈវប្បធម៌បុរាណខ្មែរ៖ «ខ្ញុំទាំងបីនាក់នេះ មានបេះដូងនិងទឹកចិត្តដូចគ្នា ហើយយើងនិយាយគ្នាតែ ១០នាទី យើងសម្រេចធ្វើរូបសំណាក់លោកវេជ្ជបណ្ឌិតតែម្តង ដោយសារទី១ យើងសម្លឹងឃើញវីរៈភាពគាត់ធំធេងបំផុតសម្រាប់ខ្មែរ ជាពិសេសកុមារខ្មែរ ដូច្នេះប្រសិនបើគ្មានគាត់ទេ ក៏យើងមានការលំបាកដែរ ដូចជាបច្ចុប្បន្ននេះ គឺមន្ទីរពេទ្យនានា មិនដូចមន្ទីរពេទ្យគន្ធបុប្ផាទេ អ៊ីចឹងមន្ទីរពេទ្យគន្ធបុប្ផានេះ គឺជាបេះដូងរបស់គាត់។ ដូច្នេះយើងមិនអាចអោបដៃឈរមើលបានទេ ព្រោះយើងមានជំនាញ មានកម្លាំង និងមាត់និយាយ យើងអាចធ្វើរូបសំណាក់នេះបាន។ យើងសាងសង់រូបនេះសម្រាប់ខ្មែរជំនាន់ក្រោយបានដឹង បានស្គាល់ថា ជនជាតិបរទេសរូបនេះ មានគុណធំធេង មានមេតា្ត ករុណា មុទិតា និងឧបេក្ខា គ្រប់សព្វបែបយ៉ាង»។
លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានទទួលទទួលមរណៈភាព ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសកំណើត គឺប្រទេសស្វីស កាលពីថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមក។ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានបង្ហាញអារម្មណ៍រំជួលចិត្ត សោកស្តាយក្រៃលែង។
លោក ស្រាន់ សុខរុំ ហៅ ឌីជេ អាចារ្យធំ រៀបរាប់ថា ផ្តើមចេញពីការគោរពស្រឡាញ់ និងដឹងគុណ ចំពោះការលះបង់ដ៏មហាធំធេងរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ទើបបណ្តាលឲ្យលោកទាំងបី នាក់សម្រេចចិត្តសាងសង់រូបសំណាក់របស់លោក ដើម្បីជាការតបស្នងសងគុណ៖ «គ្រួសាររបស់ខ្ញុំធ្លាប់ត្រូវបានសង្គ្រោះសណ្តោសប្រណីពីមន្ទីរពេទ្យមួយនេះ ដែលធ្វើឲ្យប្អូនស្រីរបស់ខ្ញុំបានរស់មកដល់ពេលនេះ ចុះទម្រាំមហាជនខ្មែរទូទាំងប្រទេសដែលគាត់បានជួយកុមារខ្មែរយើងរាប់លាននាក់ ដូច្នេះតួអង្គលោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ គឺប្រៀបដូចជាគ្រូពេទ្យទេវតានៃកុមារកម្ពុជាទៅហើយ។ អ៊ីចឹងគុណូបការៈរបស់គាត់ធំធេងណាស់ ហើយគាត់ជាជាតិសាសន៍ដទៃទៀត ហើយហេតុអីបានជាគត់ឈឺឆ្អាលចំពោះប្រជាជាតិខ្មែរយើងបែបនេះ។ ករណីទាំងអស់នេះ យើងមិនអាចព្រងើយកន្តើយបានទេ ប្រសិនបើយើងដឹងគុណវីរៈជននៅថ្ងៃនេះ យើងនឹងបណ្តុះឲ្យមានឆន្ទៈវីរៈជននៅថ្ងៃក្រោយ»។
អ្នកនិយមអភិរក្សសិល្បៈវប្បធម៌បុរាណរូបនេះ បន្តថា ក្រុមការងាររបស់លោក មានគម្រោងយករូប សំណាកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាឆាប់ៗខាងមុខនេះ បន្ទាប់ពីធ្វើរួចរាល់ ប៉ុន្តែយ៉ាងណាក្តី លោក មិនទាន់បានជជែកគ្នាអំពីការស្នើសុំច្បាប់អនុញ្ញាតពីអាជ្ញាធរនៅឡើយទេ។ លោកសង្ឃឹមថា អាជ្ញាធរនឹងមិនជំទាស់ចំពោះរូបសំណាកលោកវេជ្ជបណ្ឌិតឡើយ ព្រោះអ្វីដែលលោកធ្វើមិនពាក់ នឹងរឿងនយោបាយនោះទេ។ ឌីជេ អាចារ្យធំ ឲ្យដឹងបន្ថែមថា លោកមានបំណងចង់បង្កើតមូលនិធិ ឬចង់ធ្វើពិធីរៃអង្គាសប្រាក់ពីសប្បុរសជននានា ក្រោយសាងសង់រូបសំណាករួចរាល់ ដើម្បីយកប្រាក់ទាំងនោះ ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៖ «យើងធ្វើរូបសំណាកគាត់រួចរាល់សិន ហើយបន្ទាប់មកក្រុមការងារខ្ញុំ ដែលផ្ដួចផ្ដើមសង់រូបសំណាក់នេះ នឹងជជែកគ្នា ថាតើយើងនឹងធ្វើអ្វីបន្តទៀត ដើម្បីប្រែក្លាយការសាងសង់រូបនេះ អោយកើតជាប្រយោជន៍សម្រាប់មន្ទីរពេទ្យ ព្រោះយើងដឹងថា គោលបំណងរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ មិនត្រូវការរូបគាត់ប៉ុណ្ណឹងទេ គឺគាត់ចង់អោយមន្ទីរពេទ្យនេះ ដំណើជានិរន្តរភាព និងមានជំនួយជាថវិកាសុទ្ធដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យដែលតែងតែចំណាយខ្ទង់លានដុល្លារប្រចាំឆ្នាំ»។
តាមគេហទំព័រមន្ទីរពេទ្យគន្ធបុប្ផា ឲ្យដឹងថា វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ត្រូវបានកាកបាទក្រហមស្វីសបញ្ជូន មកបំពេញបេសកកម្មដំបូងនៅមន្ទីរគន្ធបុប្ផាក្នុងឆ្នាំ១៩៧៤។ បន្ទាប់មក លោកត្រូវបង្ខំចិត្ដវិលទៅមាតុភូមិវិញ នៅពេលខ្មែរក្រហមគ្រប់គ្រងអំណាច។ លោកបានបង្កើតមូលនិធិគន្ធបុប្ផា និងវិលមកកសាងដឹកនាំមន្ទីរពេទ្យឡើងវិញ ក្នុងឆ្នាំ១៩៩២ តាមសំណើរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ រហូតដល់ឆ្នាំ២០១៧ ទើបលោកលាលែងពីដំណែង ដោយសារធ្លាក់ខ្លួនឈឺខ្លាំង។ របាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញថា ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៦ មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារកម្ពុជាជិត ១៨លាននាក់។
ប្រជាពលរដ្ឋខ្មែរបានប្រសិទ្ធិនាមជូនលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធ បុប្ផា ថា ជាគ្រួពេទ្យទេវតា ជាវីរៈបុរសបេះដូងមនុស្សធម៌ ដែលបានពលីកម្លាំងកាយចិត្ត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនផង ដើម្បីជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជាក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។
ជាងចម្លាក់ក្បាច់ខ្មែរ លោក សៀន កាម៉ង់ដង់ ដែលមហាជនស្គាល់ច្រើនបន្ទាប់ពីបង្ហាញស្នាដៃសូន្យរូបរបស់លោកបណ្ឌិត កែម ឡី លើកឡើងថា អ្វីដែលលោកបានធ្វើដូចជាសូន្យរូបសំណាក លោកបណ្ឌិត កែម ឡី និងលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ នេះ គឺគ្មានបំណងកេងយកផលប្រយោជន៍ឬបម្រើនូវនយោបាយណាមួយនោះទេ ប៉ុន្តែអ្វីដែលលោកបានធ្វើ គឺកើតចេញពីឆន្ទៈ និងបេះដូងគោរពស្រលាញ់ពិតប្រាកដ ហើយលោកប្រកាន់ជំហរថា អ្នកណាធ្វើល្អ គឺលោកគាំទ្រនិងបូជាការគោរពចំពោះអ្នកនោះ៕