ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​​ នឹង​តវ៉ា​ប្រឆាំង​​វត្តមាន​របស់​លោក ហ៊ុន សែន នៅ​អ.ស.ប

នយោបាយ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមសម្ពោធផ្លូវជាតិលេខ១ ដែលត្រូវបានសាងសង់ឡើងដោយជំនួយពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។


24 កញ្ញា 2018
ស៊ុន ណារិន
វីអូអេខ្មែរ

ខណៈ​ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ញូវយ៉ក​នៅ​សប្តាហ៍​នេះ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ និង​មាន​គម្រោង​ជួប​ជាមួយ​អគ្គលខាធិការ​អង្គការ​សហប្រជាជាតិ​ផង​ដែរ​នោះ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​រស់​នៅ​ក្រៅ​ប្រទេស មាន​គម្រោង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​ផង​ដែរ។

ខណ:ដែល​មាន​សំណួរ​លើកឡើង​អំពី​ភាព​ស្របច្បាប់​នៃ​រដ្ឋាភិបាល​កម្ពុជា​ដែល​កើត​ចេញ​ពី​ការបោះ​ឆ្នោត​កាល​ពី​ខែកក្កដា លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុងញូវយ៉ក​នៅ​សប្តាហ៍​នេះ​ តំណាងឲ្យប្រទេស​កម្ពុជា​ក្នុង​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​មួយ​ចំនួន​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ខាង​មុខ​ ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​អន្តរ​ជាតិ ក៏​ដូច​ជា​អង្គការ​សហប្រជាជាតិ ដាក់​គំនាប​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ប្រទេស​កម្ពុជា​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ ដោយ​មិនមាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ត្រូវបាន​រំលាយ​ចោល ដោយ​តុលាការ​កំពូល​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ហើយ​មិន​អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​បាន។ គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន​ សែន គឺ​គណបក្សប្រជាជន​កម្ពុជា បាន​ឈ្នះអាសនៈ​រដ្ឋសភា​ទាំង​អស់ គឺ​១២៥​អាសនៈ​ ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ធ្លាក់​ក្នុង​ការ​ដឹកនាំ​ដោយ​បក្ស​តែ​មួយ។

អង្គការ​សហប្រជាជាតិ សហរដ្ឋអាមេរិក និងសហគមន៍​អន្តរជាតិ​មួយ​ចំនួន ​បាន​រិះគន់​ការ​បោះ​ឆ្នោតនេះ​ ដោយសារការ​បោះ​ឆ្នោត​មិន​មាន​ការ​ប្រកួត​ប្រជែង​គ្នា។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នឹង​ចូលរួម​កិច្ចប្រជុំ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា​ ក្រោម​ប្រធាន​បទ«ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ​មាន​សារ:​សំខាន់​ពាក់​ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់ ភាព​ជា​អ្នកដឹកនាំ​សកល និង​ការ​ទទួល​ខុសត្រូវ​រួម សម្រាប់​សង្គម​ប្រកប​ដោយ​សន្តិភាព សមធម៌ និង​និរន្តរភាព»។ លោក ហ៊ុន សែន នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍មួយ​ផ្តោត​ទៅ​«លើ​ការ​វិវត្ត​នា​ពេល​ថ្មីៗ និង​សមិទ្ធ​ផល​សំខាន់ៗ ដែល​រដ្ឋាភិបាល​សម្រេច​បាន និងបញ្ហា​តំបន់ និង​អន្តរ​ជាតិ​ដែល​ជា​ការ​ព្រួយ​បារម្ភ​រួម»។

រូបឯកសារ៖ លោក ​ហ៊ីង សុខសាន្ត អតីតមន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ។ (រូប​ផ្តល់​ឲ្យ)

រូបឯកសារ៖ លោក ​ហ៊ីង សុខសាន្ត អតីតមន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ។ (រូប​ផ្តល់​ឲ្យ)


លោក​ ហ៊ីង សុខសាន្ត អតីតមន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​អ្នក​ឆ្លង​ឆ្លើយ​ព័ត៌មាន បាន​ថ្លែង​ប្រាប់​VOAថា ពលរដ្ឋខ្មែរ​អាមេរិកកាំង​ប្រមាណ​ពី​៣០០​ទៅ​៥០០​នាក់ នឹង​ចូលរួម​ការ​តវ៉ានៅ​អង្គការ​សហប្រជាជាតិ​នៅថ្ងៃទី​២៩ ​ខែ​កញ្ញា ខាងមុខ។ លោក​បន្ត​ថា​ ការ​តវ៉ា​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​ ក្នុង​នោះ​មាន​ការ​ទម្លាក់ចោល​ការចោទ​ប្រកាន់​លើ​លោក កឹម​ សុខា​ ការ​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​រស់​ឡើង​វិញ ការ​លើក​លែង​ការកាត់​សិទ្ធិនយោបាយ​មន្រ្តី​បក្ស​ប្រឆាំង​ទាំង​១១៨នាក់ និង​ការបញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្រ្តី​បក្ស​ប្រឆាំង អង្គការ​សង្គមស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​ដើម។ លោក​បញ្ជាក់​ថា លោក​ចង់​ឃើញ​អង្គការ​សហប្រជាជាតិ​លើក​ឡើង​បញ្ហានៃ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​កាន់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​គិត​ថា​អ្វី​ដែល​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ គាត់​អាច​លើក​ឡើង​ គឺ​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ហើយ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហើយ ជា​ពិសេស​គឺ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ប្រមាណ​ជា​ពាក់​កណ្តាល​ប្រទេស ហើយនិង​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​សង្គម​ស៊ីវិល ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែកញ្ញា លោក ហ៊ុន​ សែន​ គ្រោង​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​អគ្គលេខាធិការ​របស់​អង្គការ​សហប្រជាជាតិ លោក​ អង់​តូនីញ៉ូ ហ្គូ​តេរ៉េស(Antonio Guterres) ហើយ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សមភាគី និង​មន្រ្តី​ជាន់​ខ្ពស់​នៃ​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​មាន​អូស្រ្តាលី សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ជាដើម។

លោក Farhan Haq អ្នកនាំ​ពាក្យ​រង​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពីថ្ងៃទី២២ ខែកញ្ញា នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុងញូវយ៉ក។ (ស៊ុន ណារិន/VOA)

លោក Farhan Haq អ្នកនាំ​ពាក្យ​រង​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពីថ្ងៃទី២២ ខែកញ្ញា នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុងញូវយ៉ក។ (ស៊ុន ណារិន/VOA)


អ្នក​នាំពាក្យ​រង​របស់​អង្គការ​សហប្រជាជាតិ​លោក​ Farhan Haq បាន​ថ្លែង​ប្រាប់​VOAថា​ លោក​មិន​ទាន់​ដឹង​ថា​តើ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នឹង​លើក​យក​ប្រធានបទ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​មកពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា អគ្គលេខាធិការ​នៅ​តែ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖

«នៅ​ដំណាក់​កាល​នេះ យើង​បន្ត​សង្កត់​ធ្ងន់​ថា​អ្នក​ត្រូវ​ការ​ការប្រកួត​ប្រជែង​មួយ​ត្រឹមត្រូវ និង​មាន​ការ​គោរព​សិទ្ធិមនុស្ស ដែល​ទាំង​នេះ​គឺ​ជា​ការ​កសាង​មួយ​សម្រាប់​ប្រជាធិបតេយ្យ​រឹងមាំមួយ​ក្នុង​ការ​អភិវឌ្ឍ។ នេះ​ជា​ក្តី​សង្ឃឹម​របស់​យើង​សម្រាប់​កម្ពុជា»។

មុន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក៏​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​បោះ​ឆ្នោត ដោយ​មិន​មាន​វត្តមាន​ណបក្ស​ប្រឆាំង។

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​សប្តាហ៍​មុន ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បានថ្លែង​ថាកម្ពុជាជា​រដ្ឋ​ឯករាជ្យ និងអធិបតេយ្យ​ មិន​អាច​ឱនក្បាល​ចំពោះ​បរទេស​ណា​មួយ​នោះ​ទេ។​

​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖​

​«កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ ​ជា​អ្នក​គ្រប់គ្រង​ទាំងអស់​ ​នូវ​បណ្តា​វេទិការ​អន្តរជាតិ​ទាំងអស់​នៅ​លើ​លោក​នេះ​ ​សូម​កុំ​មាន​ការភ័ន្ដច្រឡំ​ឲ្យ​សោះ»។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បន្ថែម​ថា​ ​លោក​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រាប់​ពី​ស្ថានភាព​ដែល​បាននិង​កំពុង​កើត​មាននៅ​កម្ពុជា។​

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ​ ស៊ីផាន បាន​ថ្លែង​ថា​ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន មាន ​«សិទ្ធិពេញច្បា​ប់​ក្នុង​ការតំណាងខ្មែរ​នៅអង្កការ​សហប្រជាជាតិ»។

លោក​បាន​ថ្លែង​ថា៖ «គ្មានហេតុផលណា​ដែល​អង្គការសហប្រជាជាតិហ្នឹង​ប្រឆាំង​នឹង​ឆន្ទ:របស់កម្ពុជា​ទេ អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ»។

លោក​បន្ថែម​ថា៖ «សម្តេច​អញ្ជើញ​ទៅ​អង្គការ​សហប្រជាជាតិ​ហ្នឹង​នៅ​ក្នុង​ន័យ​តំណាង​ប្រជាជាតិខ្មែរ​ ហើយ​អ្នក​ធ្វើ​បាតុកម្ម​ហ្នឹង​មិន​មែន​តំណាង​ប្រជាជាតិ​ខ្មែរ​ទេ គឺ​តំណាង​តែ​មនុស្ស​មួយ​ក្រុម​តូច​ហ្នឹង»។

អ្នកនាំពាក្យ​រូប​នោះ​ក៏​បាន​បញ្ជាក់​ថា នឹង​មិន​មាន​ប្រធាន​បទ​នៃ​ការ​ពិភាក្សា​អំពី​បញ្ហា​នយោបាយ​របស់​កម្ពុជាជាមួយ​អគ្គ​លេខាធិការ​របស់​អង្គការ​សហប្រជាជាតិនោះ​ទេ។

លោក Paul Chambers ជាសាស្រ្តាចារ្យ និង​ជាទី​ប្រឹក្សា​ស្តីពី​បញ្ហា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Naresuan ក្នុង​ប្រទេស​ថៃ បាន​ថ្លែង​ថា​ដំណើរ​ទស្សនិច្ច​របស់​លោក​ ហ៊ុន​ សែន​ គឺ​ដើម្បី​ធ្វើ​ឲ្យ​សកម្ម​នៃ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​របស់​លោក។

គួរបញ្ជាក់​ថា​ប្រទេស​លោក​ខាង​លិច​បាន​ចំណាយ​ប្រាក់រាប់​លាន​ដុល្លារ ដើម្បី​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ ក្រោយ​ប្រទេស​មួយ​នេះ​ទើប​ងើប​ពីរបប​កាប់​សម្លាប់​ខ្មែរ​ក្រហម។

បច្ចុប្បន្ន​នេះ​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប កំពុង​ពិចារណា​ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​មក​លើ​ប្រទេស​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការ​ពិចារណា​ក្នុង​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចេញ(EBA)ផង​ដែរ៕

What Next?

Recent Articles