ក្រសួង​មហា​ផ្ទៃ នឹង​ចេញ​លិខិត​បណ្តេញ​ផលិតករ​ភាព​យន្ត​លោក James Ricketson ចេញ​ពី​កម្ពុជា​ជាផ្លូវការ

សិទ្ធិ​មនុស្ស


រូបឯកសារ៖ លោក​ James Ricketson អ្ន​កផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី បានលើក​ដៃ​ នៅ​ពេល​ដែល​លោក​ត្រូវបាន​នាំ​ខ្លួន​មក​ដល់​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។


25 កញ្ញា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​អង្គារ​នេះ​លើកឡើង​ថា​ ​ក្រសួង​មហាផ្ទៃ​នឹង​ចេញ​ប្រកាស​បណ្តេញ​លោក​ ​James Ricketson​ ​អ្នកផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​អូស្រ្តាលី​ចេញ​ពី​កម្ពុជា​នា​ពេល​ឆាប់ៗ​នេះ​ដោយ​ថា​ ​លោក​ជា​ជន​ដែល​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​កម្ពុជា។​ ​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ​James Ricketson​ ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ ​និង​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​ឯ​ប្រទេស​អូស្រ្តាលី​វិញ។

មន្ត្រីជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​ ​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​លោក​ ​James Ricketson​ ​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​អូស្រ្តាលី​ដែល​ទើប​ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ ​នឹង​មិន​អាច​វិល​ចូល​កម្ពុជា​វិញ​បាន​នោះ​ទេ​ ​នៅ​ពេល​ដែល​ប្រកាស​ស្តី​ពី​ការ​បណ្តេញ​ចេញ​របស់​ក្រសួង​មហាផ្ទៃ​ ចេញ​ជា​ផ្លូវការ។

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ថា​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក​ ​ស ខេង​ ​នឹងចេញ​លិខិតបណ្តេញ​លោក​ ​James Ricketson​ ចេញ​ពីប្រទេស​កម្ពុជា​ ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។​ ​នៅ​ពេល​នោះ​ លោក​ ​James Ricketson​ ​នឹង​មិន​អាច​ចូល​មក​ប្រទេស​កម្ពុជា​វិញ​បាន​ទេ។

លោក​បញ្ជាក់​ថា៖​

«គាត់​នឹង​ត្រូវ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បណ្តេញ​ចេញ​តាម​ច្បាប់​អន្តោរ​ប្រវេសន៍​ ​និង​តាមសំណើ​របស់​នាយកដ្ឋាន​ជំនាញ​ ​បើ​តាម​ពូ​ដឹង។​ ​ប៉ុន្តែ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​មិន​ទាន់បាន​សម្រេច​នៅ​ឡើយ​ទេ។​ ​បើ​បណ្តេញចេញ​មុន​រដ្ឋមន្រ្តី​មហាផ្ទៃ​ចេញ​ ​វាដូច​ជា​ខុស​ហើយ​ ​បើរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោកមិន​ទាន់​បាន​ចុះ​ហត្ថលេខា​ផង។​ ​ប៉ុន្តែ​ប្រសិនបើ​គាត់​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ប្រកាស​ក្រសួង​មហា​ផ្ទៃ​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បណ្តេញ​ចេញ​តាម​ច្បាប់​អន្តោរ​ប្រវេសន៍​ ​អត់​មាន​វាសនា​ ​ឬ​ក៏​អត់មាន​ឱកាស​ដើម្បី​វិល​មក​កម្ពុជា​ម្តង​ទៀត​ទេ»។

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បណ្តេញ​លោក​ ​James Ricketson​ ​ចេញពី​កម្ពុជា​យ៉ាង​ដូច្នេះ៖​

«ថ្វី​ត្បិត​តែ​គាត់​ពោល​ពាក្យ​ថា​គាត់​ស្រលាញ់​កម្ពុជា​អី​ឯណា​ ​នៅ​តែ​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​ក្នុង​អ្វីដែល​គាត់​បានធ្វើ​កន្លង​មក​ ​តុលាការ​បាន​រក​ឃើញ​ថា​គាត់មិនមែន​ស្រលាញ់​កម្ពុជា​ទាំងមូល​ទេ​ ​គាត់​ស្រ​លាញ់​តែ​បក្ស​ប្រឆាំង​កម្ពុជាហ្នឹង​ ​ជិត​ពាក់​កណ្តាល​ទេ។​ ​គាត់​មិន​ស្រលាញ់​កម្ពុជា​ដោយ​រូបារម្មណ៍​ទេ ប៉ុន្តែ​គាត់​ស្រលាញ់​កម្ពុជា​ ​ដោយ​ស្រលាញ់​តែបក្ស​ប្រឆាំង​កម្ពុជា​ហ្នឹង​ឯង។​ ​គាត់​មិនមែន​ជា​ជន​អព្យាក្រឹត្យ​ ​មិនមែន​ជា​ជន​ឯករាជ្យ​ទេ។​ ​អ្នក​ខ្លះ​គេ​ស្រលាញ់​កម្ពុជា​ទាំងមូល ​បក្សប្រឆាំង​ក៏​ស្រលាញ់ បក្ស​ណា​ក៏​ស្រលាញ់​ ​ប្រជាជន​ខ្មៅ​ ​ស។​ ​ប៉ុន្តែ​គាត់​ស្រលាញ់​កម្ពុជា​ដោយ​រើសអើង​ ​មួយ​ម៉ាត់​ប៉ុណ្ណឹង ដូច្នេះ​កម្ពុជា​មិន​ស្វាគមន៍​ទេ»។​

លោក​ ​James Ricketson​ ដែល​មានអាយុ​៦៩​ឆ្នាំ​ ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ដើម​ខែ​មិថុនា​ ​ឆ្នាំ​២០១៧​ ​ក្រោយ​ពី​លោក​បាន​ថត​ពី​លើ​អាកាស​ ​ដោយ​ប្រើប្រាស់​ឧបករណ៍​ថត​រូប​ ​ដែល​ហៅ​ថា​ ​Drone​ ​ផ្ដិត​យក​ទិដ្ឋ​ភាព​ក្បួន​ដង្ហែ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។​

ក្រោយ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១៤​ខែ​ ​លោក​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​សីហា​ឆ្នាំ​២០១៨ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៦​ឆ្នាំ។​

បន្ទាប់ពីការ​កាត់ទោស​បាន​បី​សប្តាហ៍​ ​លោក​ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា​លើកលែង​ទោស​កាល​ពី​សប្តាហ៍​មុន ទៅតាមការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។

បន្ទាប់ពី​លោក​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ដល់​ទីក្រុង​ស៊ីដនី​ ​ប្រទេស​អូស្រ្តាលី​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោក​បាន​ប្រកាស​តាម​សារព័ត៌មាន​ថា​ ​លោក​នៅ​តែ​ស្រលាញ់​កម្ពុជា​ ​ហើយ​លោក​នឹង​ត្រ​ឡប់​មក​កម្ពុជា​វិញនៅ​ពេល​ឆាប់ៗ។​

លោក​ ​James Ricketson​ ​បាន​មក​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ ​ដោយ​បាន​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​អំពី​ប្រទេស​កម្ពុជា​ ​និង​ប្រជាជន​កម្ពុជា។​

លោក​ ​គង់ សំអុន​ ​មេធាវី​ការពារក្តី​ឲ្យ​លោក​ ​James Ricketson​ ​ប្រាប់​ ​VOA​ ​ថា​ ​លោក​មិនទាន់​បានដឹងថា​ ​មាន​ករណី​បណ្តេញ​លោក​ ​James Ricketson​ ​ចេញ​ពី​កម្ពុជា​នៅ​ឡើយ។​ ​លោក​បន្ថែម​ថា​ ​ប្រសិន​ជា​រដ្ឋាភិបាល​កម្ពុជាពិត​ជា​បណ្តេញកូនក្តី​របស់​លោក​ចេញ​ពី​កម្ពុជា​ពិត​មែន​នោះ​ កូនក្តី​របស់​លោក​នឹង​សម្រេច​ថា​ត្រូវ​អនុវត្ត​តាម​ ​ឬ​ប្តឹង​មិនសុខ​ចិត្ត​ជា​បន្ត។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​អត់​ដឹង​ដែរ​ចាំ​មើល​ខ្ញុំ​ឃើញ​លិខិត​ហ្នឹង​សិន​ ​ហើយ​អាហ្នឹង​គឺ​ជា​សិទ្ធិ​របស់​លោក​ ​James Ricketson​ ខ្លួន​ឯង​ ​តើ​គាត់​ទទួល​យក​ ​ឬ​មិន​ទទួល​យក​ ​បើ​គាត់​មិន​ទទួល​យក​ ​គាត់​មាន​សិទ្ធិ​អាច​ប្តឹងតវ៉ា​ទៅតុលាការ​ជា​បន្ត​ទៀត​ទាក់​ទង​នឹង​ការ​អនុវត្ត​ហ្នឹង»។

​លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ ​Human Rights Watch ប្រាប់ VOA តាម​រយៈសារ​អេឡិច​ត្រូនិច ឬ​អ៊ីមែល​ថា លោក​ James Ricketson គឺ​ជា​មនុស្ស​ល្អ​ដែល​តែង​ជួយ​ជន​ក្រីក្រ​នៅ​កម្ពុជា។ លោក​បន្ថែម​ថា ជា​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ហាម​លោក​មិន​ឲ្យ​ចូល​មក​កម្ពុជា​វិញ។​

លោក​សរសេរ​ក្នុងន័យ​ដើម​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖«បន្ទាប់​ពី​ការ​ចាប់​លោក Ricketson ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទ​ចោទប្រកាន់​ក្លែងក្លាយ​ សេចក្តី​សម្រេច​នៅ​ក្នុង​ការ​ហាមឃាត់​លោក​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា កន្លែង​ដែល​លោក​បាន​ចំណាយ​ពេល​ជាង២០​ឆ្នាំ​មក​នេះ ពិត​ជា​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ដុនដាប​ឡើង។ វា​ជា​រឿង​គួរ​ឲ្យ​សោក​សង្រេង​ដែល​ ជនការពារ​រដ្ឋាភិបាលលោក​ហ៊ុន សែន ​ដ៏​ពុករលួយ​និងបំពាន​សិទ្ធិ​ ដែល​មាន​ទៅ​ដោយ​ពួក​អភិជន ចង់​បង្ខាំង​មនុស្ស​ដូច​លោក Ricketson ដែល​បាន​ចំណាយ​ពេល​វេលា​ជួយ​ប្រជាជន​ទីទ័លក្រ»។

ការ​លើក​លែង​ទោស​លោក​ James ​Ricketson​ ​បាន​កើត​មាន​ឡើង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាចជាង​៣៣ឆ្នាំ​ ​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​បុរី​ញូវយ៉ក​ដើម្បី​ចូលរួម​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជា​ជាតិ។

ការ​ដោះ​លែង​នេះ​ ​ក៏ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្យាយាម​បន្ធូរ​បន្ថយ​កម្ដៅ​នយោបាយ​ ​តាម​រយៈការធ្វើ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​ឲ្យ​មាន​ការ​ដោះ​លែង​ ​និង​លើក​លែង​ទោស​ដល់​សកម្មជន​នយោបាយ​ ​សកម្មជន​សិទ្ធិ​មនុស្ស​ ​សកម្មជន​ដីធ្លី​និង​អ្នក​សារព័ត៌មាន​ ​ដែល​ជាប់​ទោស​ក្នុង​ពន្ធនា​គារនាពេល​កន្លង​មក៕

What Next?

Recent Articles