បទយកការណ៍៖ គ្រួសារ​លោក​ ចាន់ សាវ៉េត ជួប​ការ​លំបាក ​ខណៈ​សង្គម​ហាក់​បាន​ភ្លេច​ឈ្មោះ​លោក​បន្តិច​ម្តងៗ

| |
https://vodhotnews.com

អ្នក​ស្រី ប៊ី សោភា ភរិយាសកម្ម​ជន​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុងការការពារ​សិទ្ធិមនុស្សលោក ចាន់ សាវ៉េត



អត់​ពីគាត់​ទៅ​គឺ​ខ្ញុំ​ប្រឹង​ធ្វើ​ការ​ដោយ​ខ្លួន​ឯង ហើយ​ម្តាយ​មីង​ខ្ញុំគាត់​ជួយ​ម្នាក់​ពាក់​កណ្តាល​ជា​មួយ​គាត់​នោះ។ គាត់​ជួយ​ខ្ញុំ​ច្រើន​ណាស់​បើ​អត់​ពីគាត់​ប្រហែល​ខ្ញុំ​រស់​នៅ​វេទនា​ហើយ

អ្នក​ស្រី ប៊ី សោភា ភរិយាសកម្ម​ជន​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុងការការពារ​សិទ្ធិមនុស្សលោក ចាន់ សាវ៉េត


នេះ​ជា​ការ​​ត្អួញ​ត្អែ​រ​របស់​អ្នក​ស្រី ប៊ី សោភា ភរិយាសកម្ម​ជន​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុងការការពារ​សិទ្ធិមនុស្សលោក ចាន់ សាវ៉េត ដែល​បាន​ទទួល​មរណភាព​កាលពី​៤ឆ្នាំ​មុន។

ប្រជាជន​កម្ពុជា​មិន​ច្រើន​ទេ​នា​ពេល​បច្ចុប្បន្ន​ដែល​នៅ​ចងចាំ​ឈ្មោះ និង​ការ​លះបង់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​គឺ​លោក ​ចាន់ សាវ៉េត។ ពេញ​មួយ​ជីវិត​របស់​លោក​ សាវ៉េត លោក​បាន​ធ្វើ​ការ​លះបង់​ជាច្រើន​ដើម្បី​បុព្វហេតុ​សិទ្ធិ​មនុស្ស​កម្ពុជា រហូត​លោក​ត្រូវ​បាន​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ដាក់​នាម​ឲ្យ​លោក​ជា​វីរៈជន​សិទ្ធិ​មនុស្ស​ទៀតផង។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​គឺ​លោក ​ចាន់ សាវ៉េត (រូបភាព៖ បណ្ដាញសង្គម)

ថ្វីត្បិត​លោក ចាន់ សាវ៉េត លាកចាក​លោក​ពិត​មែន​ក្តី​តែ​ការ​លះបង់​របស់​លោក​នៅ​តែ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​លោក មាន​មោទនភាព ដោយ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​ជា​អ្នក​ស្រលាញ់​សិទ្ធិ​មនុស្ស​នឹក​ឃើញ​លោក​ផង​ ដោយ​មិន​ចង់​ឃើញ​ការ​លះបង់​របស់​លោក​ត្រូវ​បាន​បាត់​បង់​តាម​ពេលវេលា​ដែល​ចេះ​កន្លង​ហួស​នោះ​ទេ។


ពេល​ដល់​ទិវា​សិទ្ធិមនុស្ស​ហ្នឹង​ តែ​ភាគតិច​ណាស់​ដែល​នឹក​ឃើញ​គាត់ មាន​តែ​អ្នក​ធ្វើ​ការ​ជាមួយ​គាត់​ចុះ​ខេត្ត​ជា​មួយ​គាត់​ នៅ​ខាង​អាដហុក​អី​ដែល​នៅ​នឹក​ឃើញ។ តែ​និយាយ​ទៅ​មនុស្ស​ភាគ​តិច​ណាស់​ដែល​នឹក​ឃើញ​គាត់

សកម្ម​ជន​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុងការការពារ​សិទ្ធិមនុស្សលោក ចាន់ សាវ៉េត


​លោក សាវ៉េត បាន​ទទួល​មរណភាព​ ដោយ​ជំងឺ​លើស​ឈាម ចំ​ថ្ងៃ​សិទ្ធិ​មនុស្ស​ពិភព​លោក​ ១០ ធ្នូ ២០១៤​ដែល​ជា​ថ្ងៃ​ចុងក្រោយ​ដែល​លោក​បាន​ចេញ​មុខ​ការពារ​សិទ្ធិ​មនុស្ស​ចុង​ក្រោយ​គេ​ផង​ដែរ​តាម​រយៈ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​​១០​ធ្នូ​។ មរណភាព​របស់​លោក​ សាវ៉េត បាន​បន្សល់​ទុក​កូន​ប្រុស​២នាក់ និង​ស្រី​ម្នាក់​ឲ្យ​ប្រពន្ធ​របស់​លោក​ទទួល​បន្ទុក​មើល​ថែ​បន្ត។

ស្ថិត​ក្នុង​ផ្ទះ​ជាន់​ទី​២ ក្នុង​សង្កាត់​បឹង​កេងកង​៣ ម្ដុំ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ សំឡេង​ម៉ាស៊ីន​ដេរ​បាន​លាន់​រំពង​ផ្ទះ​ដែល​មាន​តាំង​រូបថត​លោក​ចាន់ សាវ៉េតផង​នោះ​ ដោយ​កំពុង​ដេរ​ភ្ជាប់​កំណាត់​សំពត់​ភ្ជាប់​គ្នា ក្រោម​ការ​ផ្ចិតផ្ចង់​របស់​ស្ត្រី​ម្នាក់​ដែល​ជា​ភរិយា​របស់​លោក ចាន់ សាវ៉េត គឺ​អ្នក​ស្រី​ប៊ី សោភា បាន​ដក​ឃ្លា​ពី​ម៉ាស៊ីន​ដេរ​របស់​អ្នក​ស្រី​មក​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន VOD ថា​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​៤ឆ្នាំ​ដែល​អ្នកស្រី​បាន​ឃ្លាត​ពី​ប្តី​របស់​អ្នកស្រី​។


<និយាយ​ទៅ​កាល​គាត់​នៅ​ខ្ញុំ​រៀង​ស្រណុក ខ្ញុំ​អត់​ហត់​នឿយ​អី​ទេ​ដោយសារ​ប្រាក់ខែ​គាត់​អាច​ចិញ្ចឹម​ក្រុម​គ្រួសារ​បាន​អញ្ចឹង​ណា។ មិន​ជា​អ្នក​មាន​អី​ទេ​គ្រាន់​តែ​យើង​អាច​រស់​បាន​នឹង​គេ​នឹង​ឯង មាន​លទ្ធភាព​ឲ្យ​កូន​រៀន ហើយ​វា​មិន​សល់​លុយ​អី​ទេ​គ្រាន់​តែ​យើង​រស់​បាន​មិន​ជំពាក់​គេ ហើយ​មក​ដល់​សព្វថ្ងៃ​ខ្ញុំ​បាន​ម្ដាយ​មីង​គាត់​បាន​ជួយ​ខ្ញុំ​អញ្ចឹង​ណា! អត់​ពីគាត់​ទៅគឺ​ខ្ញុំ​ប្រឹង​ធ្វើការ​ដោយ​ខ្លួនឯង ហើយ​ម្ដាយ​មីង​ខ្ញុំ​ហ្នឹង​គាត់​ជួយ​ម្នាក់​ពាក់​កណ្ដាល​ជា​មួយ​គាត់

អ្នក​ស្រី​ ប៊ី សោភា


អ្នកស្រី​បន្ថែម​ថា ការ​រស់​នៅ​បន្ទាប់​ពី​បាត់​បង់​ប្តី​ដែល​ជា​ជំហរ​គ្រួសារ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ជួប​ការ​លំបាក​ជា​ខ្លាំង ​ដែល​អ្នក​ស្រី​ត្រូវ​ដេរ​ជា​មួយម្តាយ​​មីង​របស់​អ្នកស្រី ហើយ​នឹង​ត្រូវ​ទៅ​ធ្វើ​ការ​ខាង​ក្រៅ​​ជា​អ្នក​សំអាត​ដើម្បី​រក​ប្រាក់​មក​ជួយ​ផ្គត់ផ្គង់​កូន​៣នាក់​នៅ​ក្នុង​បន្ទុក​គ្រួសារ។


ដល់​ពេល​អញ្ចឹង​ទាល់​តែ​ថែម​ពី​ខាង​ក្រៅ​ផង​ខាង​ក្នុង​ផង វារត់​វា​មិន​រួច​ទៀត​ណា ហត់​ណាស់!​ការងារ​ប្រើ​កម្លាំង។ […] អត់​ពី​គាត់​ទៅ​មាន​ម្ដាយ​មីង​ខ្ញុំ​គាត់​ជួយ​ជ្រោមជ្រែង ពី​មុន​គាត់​ជួយ​ដែរ​តែ​គាត់​ចំណាយ​តិចតួច តែ​ឥឡូវ​ពាក់កណ្ដាល​ម្នាក់។ ​មក​លើ​ខ្ញុំ​ច្រើន​ដោយសារ​មីង​ខ្ញុំ​គាត់​នៅលីវ​ហើយ​អញ្ចឹង​គាត់​រក​បាន​មក​គាត់​ជួយ​មក​ខ្ញុំ​ទាំង​អស់

អ្នក​ស្រី​ ប៊ី សោភា


ស្ថិត​ក្នុង​វ័យ​៥៣​ឆ្នាំ​ម្ដាយ​មីង​បង្កើត​របស់​អ្នកស្រី​ ប៊ី សោភា គឺ​អ្នកស្រី ហ៊ឺ លាងហ៊ន មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​បាត់បង់​លោក សាវ៉េត មក​ដោយសារ​ក្តី​អាណិត ស្រលាញ់​ក្រុម​គ្រួសារ​លោក​​ ដូច​កូន​ចៅ​បង្កើត​ទើប​អ្នកស្រី​មិន​ចង់​ឃើញ​ពួកគេ​លំបាក​នោះ​ទេ។ អ្នកស្រី​បន្ថែម​ថា​បច្ចុប្បន្ន ខណៈ​ដែល​បន្ទុក​ចំណាយ​កាន់តែ​ច្រើន​នោះ​វា​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ការ​លំបាក​ផង​ដែរ។


ផ្គត់ផ្គង់​បាន​ទាំង​ភិត​ផើយ​ហ្នឹង​ប្អូនព្រោះរាល់​ថ្ងៃ​យើង​រក​ស៊ី​មុខ​របរ​ប៉ុនហ្នឹង​វា​លំបាក​ដែរ​ហ្នឹង​ណា! ពេល​ដែល​គាត់​នៅ(លោក សាវ៉េត) គាត់​មាន​ប្រាក់ខែ​ខ្លះ​ជួយ​គ្នា​ទៅ​យើង​វា​ធូរស្រាល​ខ្លះ​អញ្ចឹង​ទៅ ដល់​ពេល​អស់​គាត់​ទៅ​ គឺ​បន្ទុក​នៅ​លើ​យើង​ពីរ​នាក់​ម៉ាក់​វា​ដល់អញ្ចឹង​វា​ពិបាក

ស្ថិត​ក្នុង​វ័យ​៥៣​ឆ្នាំ​ម្ដាយ​មីង​បង្កើត​របស់​អ្នកស្រី​ ប៊ី សោភា គឺ​អ្នកស្រី ហ៊ឺ លាងហ៊ន


បើ​ទោះ​ជា​មានការ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ក៏​អ្នកស្រី សោភា បាន​បន្ត​ឲ្យ​កូន​ទាំង​៣​របស់​អ្នកស្រី​បន្ត​ការ​សិក្សា​ ខណៈ​អ្នកស្រី​ក៏​ចង់​ឲ្យ​កូន​អ្នកស្រី​ធ្វើ​ការងារ​ដូច​ឪពុក​របស់​ពួកគេ​ផង​ដែរ។

កូនស្រី​ពៅ​របស់​លោក​ ចាន់ សាវ៉េត ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី៦ យុវតី​ ចាន់ សុលិកា ថា​គាត់​នៅតែ​មាន​ការ​នឹក​រលឹក​ដល់​លោក​ឪពុក​របស់​ខ្លួន ព្រោះ​នៅ​ផ្ទះ​នេះ​គឺ​មាន​អនុស្សាវរីយ៍​ដែល​ធ្លាប់​មាន​នៅ​ជា​មួយគ្នា​ឪពុក​របស់​គាត់​។


នឹក​តែ​ពេល​ខ្លះ​សប្បាយ​ខ្លះ​ទៅ​ព្រោះ​រាង​យូរឆ្នាំ​ហើយ។ តែ​បើ​គាត់​នៅ​ខ្ញុំ​ចង់​អោប​គាត់ លេង​ជា​មួយ​គាត់

កូនស្រី​ពៅ​របស់​លោក​ ចាន់ សាវ៉េត ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី៦ យុវតី​ ចាន់ សុលិកា


លោក​ ចាន់​​ សាវ៉េត កើត​នៅ​ឆ្នាំ​១៩៦៣ ក្នុង​ភូមិ​កណ្ដាល ឃុំ​ព្រៃ​រ៉ៃ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល លោក​បាន​ចូល​បំរើ​ការងារ​ក្នុង​សមាគម​អាដហុក​ក្នុង​ឆ្នាំ​១៩៩៥ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​កញ្ញា​ប៊ី សោភា នៅ​ក្នុង​ឆ្នាំ​១៩៩៨ ចំណង​អាពាហ៍ពិពាហ៍​នេះ ទទួលបានកូនចំនួន៣នាក់ ក្នុង​បន្ទុក កូនប្រុសទី១ឈ្មោះ ចាន់ សុវិសាល អាយុ២០ឆ្នាំ កូនប្រុស​ទី២​ឈ្មោះ ចាន់ សុវុទ្ធី អាយុ១៧ឆ្នាំ និង​កូនស្រីទី​៣ឈ្មោះ ចាន់ សុលិកា អាយុ១៣ឆ្នាំ។ ពួកគេទាំងបី​នាក់​សុទ្ធតែកំពុងសិក្សា​។ លោក ចាន់ សាវ៉េត បាន​លះបង់​ពេល​វេលា បម្រើ​ប្រជាពលរដ្ឋ​កម្ពុជា ស្ទើរ​គ្រប់​ករណី​រំលោភ​សិទ្ធិមនុស្ស និង​រឿង​អយុត្តិធម៌​សង្គម នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី​លោក​ចូល​បម្រើ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​នេះ រហូតដល់​ថ្ងៃ​លោក​លា​ចាក​លោក​នៅ​ថ្ងៃ​សិទ្ធិ​មនុស្ស ១០ ធ្នូ ឆ្នាំ​២០១៤ ក្នុង​​អាយុ៥១​ឆ្នាំ៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment