ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​នៅ​​អាមេរិក​រំឭក​គុណ​មេដឹកនាំ​សហគមន៍លោក​ ទន់ សុវណ្ណ

ខ្មែរ​នៅ​អាមេរិក


លោក​បណ្ឌិត ទន់ សុវណ្ណ អតីត​ប្រធាន​ពុទ្ធិកសមាគម​ខ្មែរ​​នៃ​វត្ត​ពុទ្ធិការាម គឺជា​មេដឹកនាំ​សហគមន៍​ម្នាក់​ដ៏​គួរ​ឲ្យ​គោរព​ ដោយ​លោក​បាន​ចំណាយ​ពេល​ជាង​៣៧ឆ្នាំ​បម្រើ​ការងារ​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​កសាង​សមាគម​វត្ត និង​សហគមន៍​ខ្មែរ​នៅ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)


25 កញ្ញា 2018
ទែន សុខស្រីនិត
វីអូអេខ្មែរ

ព្រះសង្ឃនិងពលរដ្ឋខ្មែរនៅអាមេរិករំឭកគុណមេដឹកនាំសហគមន៍លោក ទន់ សុវណ្ណ


ក្នុង​វ័យ​៧៨ឆ្នាំ លោក ទន់ សុវណ្ណ ត្រូវបាន​ព្រះសង្ឃ និង​ពុទ្ធសាសនិក ចាត់​ទុក​ជា «ព្រឹទ្ធបណ្ឌិត» និង «អ្នក​មាន​គុណ» ដោយ​សារ​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​បំផុត ក្នុងការ​កសាង​វត្ត លើក​កម្ពស់​ព្រះពុទ្ធ​សាសនា និង​ដឹកនាំ​សហគមន៍​ខ្មែរ នៅ​តំបន់​រដ្ឋធានីវ៉ាស៊ីនតោន។ កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ លោក​ត្រូវបាន​តែងតាំង​ជា​ប្រធាន​កិត្តិយស​នៃ​ពុទ្ធិកសមាគម​ខ្មែរ​ប្រចាំ​វត្តពុទ្ធិការាម បន្ទាប់ពី​លោក​បាន​ចូល​និវត្តន៍។

លោក ទន់ សុវណ្ណ មាន​ទឹក​មុខ​រីករាយ ពោរពេញ​ដោយ​ស្នាម​ញញឹម នៅពេល​ដែល​មិត្តភក្តិ​របស់​លោក ព្រមទាំង​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ជាង​៤០​អង្គ បាន​ចំណាយ​ពេលវេលា​មក​ជួប​លោក ក្នុង​ពិធី​រំឭក​គុណ និង​ផ្ទេរ​តំណែង​របស់​លោក ជា​ប្រធាន​ពុទ្ធិក​សមាគម​ខ្មែរ​ប្រចាំ​វត្ត​ពុទ្ធិការាម នៅ​រដ្ឋ​ម៉ារីឡែន កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ។

ក្នុង​វ័យ៧៨ឆ្នាំ លោក សុវណ្ណ ត្រូវបាន​ព្រះសង្ឃ និង​ពុទ្ធសាសនិក ចាត់​ទុក​ជា «ព្រឹទ្ធបណ្ឌិត» និង «អ្នក​មាន​គុណ» ដោយ​សារ​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​បំផុត ក្នុងការ​កសាង​វត្ត លើក​កម្ពស់​ព្រះពុទ្ធ​សាសនា និង​ដឹកនាំ​សហគមន៍​ខ្មែរ នៅ​តំបន់​រដ្ឋធានីវ៉ាស៊ីនតោន​ ឲ្យ​ពលរដ្ឋ​អាមេរិកាំង និង​សហគមន៍​នៃ​ជាតិសាសន៍​ដទៃ​ទៀត​បាន​ស្គាល់ពី​វប្បធម៌ ប្រពៃណី និង​ជាតិ​សាសន៍​ខ្មែរ។ ក្រៅពី​បំពេញ​ការងារ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក លោក​បាន​ចំណាយ​ពេលវេលា​ជិត​៣៨ឆ្នាំ បម្រើ​ការងារ​ផ្សេងៗ​នៅក្នុង​ជួរ​គណៈកម្មការ​វត្តពុទ្ធិ​ការាម តាំងពី​វត្តនេះ​បាន​ចាប់​កំណើត​ឡើង​នៅដើម​ឆ្នាំ​១៩៨១។

ថ្លែង​នៅក្នុង​ពិធី​រំឭក​គុណ​នេះ ព្រះ​ចៅ​អធិការ​វត្ត អ៊ុក ចាន់ហន បាន​ឲ្យ​ដឹង​ថា វត្ត​ ទទួល​បាន​ការ​រីកចំរើន និង​ការ​អភិវឌ្ឍ​ជាច្រើន ក្រោម​ការ​ដឹកនាំ​របស់​លោក ទន់ សុវណ្ណ ដែល​ព្យាយាម​ជំនៈ​គ្រប់​ឧបសគ្គ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា ដែល​វត្ត​ជួប​ប្រទះ និង​ស្វែងរក​ការ​ឧបម្ភត្ថ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងការ​សម្រេច​ការងារ​ចាំបាច់​របស់​វត្ត និង​តម្រូវការ​ពុទ្ធសាសនា។

ព្រះចៅ​អធិការ​វត្ត អ៊ុក ចាន់ហន មាន​សង្ឃដីកា​ពី​គុណ​សម្បត្តិ​របស់​លោក ទន់ សុវណ្ណ នៅក្នុងពិធីប្រោសព្រំ រំឭកគុណ និង​តែងតាំង​លោក​ ទន់ សុវណ្ណ ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)

ព្រះចៅ​អធិការ​វត្ត អ៊ុក ចាន់ហន មាន​សង្ឃដីកា​ពី​គុណ​សម្បត្តិ​របស់​លោក ទន់ សុវណ្ណ នៅក្នុងពិធីប្រោសព្រំ រំឭកគុណ និង​តែងតាំង​លោក​ ទន់ សុវណ្ណ ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)


ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា៖ «លោក​បាន​យក​ចំណេះ​ដឹង​ទាំងនេះ​មក​ប្រើប្រាស់​ក្នុង​កិច្ចការ​បម្រើ​ឲ្យ​មនុស្សធម៌ សង្គមជាតិ បម្រើ​ឲ្យ​ព្រះពុទ្ធ​សាសនា ក្នុង​បុព្វេហតុ​ជាតិ។ គាត់​បាន​ធ្វើ​យ៉ាង​ច្រើន ហើយ​ធ្វើ​ដោយ​ចិត្ត​ជ្រះថ្លា។ ព្រះអង្គ​ដែល​ធ្វើការ​កាន់​បច្ច័យ​ជាមួយ​លោក​ដឹង​ហើយ​ពី​ភាព​ស្មោះត្រង់​នឹង​សាសនា​របស់​លោក»។

នេះ​គឺ​ជា​លើក​ទី១​ហើយ ដែល​ព្រះសង្ឃ ក្រុម​អភិបាល​វត្ត​ពុទ្ធិការាម និង​ពុទ្ធសាសនិក​ទាំង​អស់​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន បាន​រៀបចំ​ពិធី​រំឭក​គុណ​ដល់​មេដឹកនាំ​សហគមន៍​របស់​ពួកគេ។

តាំង​ពី​ឆ្នាំ​១៩៨១​មក សមិទ្ធផល​របស់​លោក​មួយ​ចំនួន ​រួម​មាន ការ​សាងសង់​របង​វត្ត​ដ៏​ធំ ការ​សាងសង់ក្បាច់​បុរាណ​ចេតិយ​ ​ការ​សន្សំ​និង​បង្កើន​ថវិកា​វត្ត​ពី​៥ម៉ឺន​ដុល្លារ​ដល់​ជិត​១លាន​ដុល្លារ និង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ព្រះសង្ឃ​ចំនួន​២២អង្គ​ ឲ្យ​បាន​ទទួល​ឱកាស​មកគង់​សិក្សា​រៀន​សូត្រ​នៅ​សហរដ្ឋ​អាមេរិក​ជាដើម។

លោក សែ គឹមតាន់ សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​គណៈកម្មការ​វត្ត​ បាន​ថ្លែង​ប្រាប់​ព្រះសង្ឃ និង​អ្នក​ចូលរួម​ប្រមាណ​ជាង​១០០នាក់​ អំពី​គុណ​សម្បត្តិ​របស់​លោក ទន់ សុវណ្ណ ថា៖

«‍បើសិន​ជា​គ្មាន​ការ​ដឹកនាំ​របស់​លោក​ពូ​ទេ ខ្ញុំ​មិន​ដែល​គិត​ថា ចេតិយ​ត្រូវបាន​សាងសង់​នៅ​វត្ត​នេះ​ទេ។ ខ្ញុំ​សូម​អរគុណ​យ៉ាង​អនេក​ដល់​ការ​លះបង់​របស់​លោក​ពូ​នៅ​វត្ត​យើង​នេះ ហើយ​ជា​ពិសេស​គឺ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ពូ។ លោក​ពូ​គឺជា​មនុស្ស​ដ៏​ល្អ​បំផុត ដែល​ខ្ញុំ​មាន​ឱកាស​បាន​ធ្វើការ​ជាមួយ។ លោក​ពូ​ជា​មនុស្ស​ឆ្លាតវៃ និង​ចិត្ត​ល្អ។ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​បាន​ធ្វើ​ការ​ជាមួយ​លោក​ពូ»។

​មាន​ស្រុក​កំណើត​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង លោក ទន់ សុវណ្ណ បាន​តស៊ូ​រៀន​សូត្រ​ដោយ​បញ្ចប់​ថ្នាក់​បាក់ដុប​ ហើយ​បាន​ទទួល​ឱកាស​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៦២។ ក្រោយ​មក​ លោក​ក៏​បាន​ចូលរួម​បម្រើ​ជា​គ្រូបង្រៀន​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​មហាវិទ្យាល័យ​រដ្ឋ​នានា ចាប់ពី​ឆ្នាំ​១៩៦៦ ក្រោម​រដ្ឋាភិបាល​លន់ នល់ ​រហូត​ដល់​ខ្មែរ​ក្រហម​បាន​ឡើង​កាន់កាប់​ប្រទេស ដែល​ពេល​នោះ​លោក​និង​ក្រុម​គ្រួសារ​បាន​ភៀស​ខ្លួន​មក​សហរដ្ឋ​អាមេរិក។

ពុទ្ធបរិស័ទ​ជាច្រើន​នាក់​ដែល​គោរព​ប្រតិបត្តិ​សាសនា​នៅ​វត្តនេះ បាន​ស្គាល់​លោក ទន់ សុវណ្ណ តាម​រយៈ​កម្មវិធី​បុណ្យ​ព្រះ​ពុទ្ធ​សាសនា​នានា​នៅ​វត្ត​ ដែល​ជា​រឿយៗ ពួក​គេ​តែងតែង​ឃើញ​រូបលោក​ស្វាគមន៍​ពុទ្ធបរិស័ទ​គ្រប់​រូប​ដោយ​ទឹក​មុខរីករាយ។

លោក​ស្រី ប្រាក់ សាមឿន​ អាយុ​៧២ ដែល​បាន​មក​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ម្នាក់​នៅ​វត្ត​ពុទ្ធិការាមតាំង​ពី​ដើម​ទសវត្សរ៍​១៩៨០​មក បាន​ប្រាប់ VOA ថា៖ «‍គាត់​ហ្នឹង​ក៏​ចាស់ទុំ​ហើយ គាត់​ធ្វើការ​នៅ​វត្តនេះ​យូរ​ហើយ គាត់​បម្រើ​ហ្នឹង​ណា។ គាត់​ក៏​ល្អ តាម​អ៊ំស្គាល់ អ៊ំដឹង»។

លោកស្រី Khin Swe Myint ត្រូវជា​មិត្តភក្តិ​របស់​លោក ទន់ សុវណ្ណ ដែល​អ្នក​ទាំងពីរ​បាន​ធ្វើការ​ជាមួយ​គ្នា ដើម្បី​លើក​កម្ពស់ព្រះពុទ្ធ​សាសនា​នៅក្នុង​សមាគម International Buddhist Association of America (IBAA)។ ក្នុង​រយៈពេល​ជាង​១២ឆ្នាំ ធ្វើការ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​លោក ទន់ សុវណ្ណ លោកស្រី Myint បាន​រៀបរាប់​ពីគុណ​សម្បតិ្តរបស់​លោក សុវណ្ណ ថា៖

«លោក​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ដល់​សហគមន៍​ព្រះពុទ្ធ​សាសនា​ ហើយ​លោក​ក៏​បាន​ជួយ​ដល់​ព្រះសង្ឃ​ខ្មែរ​ជា​ច្រើន​អង្គ​ដែរ ហើយ​ជាពិសេស​ដល់​ពុទ្ធបរិស័ទ​ទូទៅ។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ខ្លាំង​លើ​រូប​លោក។ ហើយ​ថ្ងៃ​នេះ ទោះ​អាកាសធាតុ​មិន​ល្អ​ក្តី​ ក៏​ខ្ញុំ​ខំ​បើក​ឡាន​ពី​ក្រុង Arlington មក​ទី​នេះ​ដើម្បី​ចូលរួម»។

លោក ងូវ សុភក្តិ (ស្តាំ​បង្អស់) ដែល​ជា​ប្រធាន​ថ្មី​នៃ​ពុទ្ធិក​សមាគម​ខ្មែរ​ ថ្វាយ​បង្គំ​ស្តាប់​ព្រះសង្ឃ​នៅ​ក្នុង​ពិធីប្រោសព្រំ រំឭកគុណ និង​តែងតាំង​លោក​ ទន់ សុវណ្ណ ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)

លោក ងូវ សុភក្តិ (ស្តាំ​បង្អស់) ដែល​ជា​ប្រធាន​ថ្មី​នៃ​ពុទ្ធិក​សមាគម​ខ្មែរ​ ថ្វាយ​បង្គំ​ស្តាប់​ព្រះសង្ឃ​នៅ​ក្នុង​ពិធីប្រោសព្រំ រំឭកគុណ និង​តែងតាំង​លោក​ ទន់ សុវណ្ណ ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)


ទោះ​បី​លោក​បាន​ចូល​និវត្តន៍​ពី​តួនាទី​ជា​ប្រធាន​ពុទ្ធិក​សមាគម​ខ្មែរ​ក្តី ក៏​លោក ទន់ សុវណ្ណ នៅ​តែ​ប្តេជ្ញា​ចូលរួម​ប្រឹក្សា​យោបល់​ដល់​សហគមន៍​ខ្មែរ​បន្ត​ទៀត។ លោក ទន់ សុវណ្ណ និង​ភរិយា មាន​ចៅ​បួននាក់ ហើយ​លោក​តែងតែ​អប់រំ​ពី​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ដល់​ចៅៗ​របស់​លោក ​តាំង​ពី​ពួកគេ​នៅ​ក្មេង។ នេះ​បើ​តាម​លោក James Taggart ដែលជា​កូន​ប្រសារ​របស់​លោក ទន់ សុវណ្ណ។

លោក​ Taggart យល់​ថា ការ​ចូលនិវត្តន៍​របស់​លោក ទន់ សុវណ្ណ មាន​ន័យ​ថា លោក​នឹង​មាន​ពេល​វេលា​បន្ថែម​ទៀត ជួបជុំ​ក្រុម​គ្រួសារ និង​សម្រាក​ពី​ការងារ​បម្រើ​សហគមន៍​របស់​លោក​ដែល​មាន​រយៈពេល​ជិត​៤ទសវត្សរ៍។

«‍ខ្ញុំ​គិត​ថា វា​ជា​ការ​ល្អ​ដែល​លោក​បាន​ចូល​និវត្តន៍។ យើង​ជា​ក្រុម​គ្រួសារ​សង្ឃឹម​ថា នឹង​បាន​ចំណាយ​ពេល​ជាមួយ​គាត់​ ពីព្រោះ​ថា គាត់​ជា​មនុស្សមាន​ថាមពល ហើយ​ធ្វើ​ការងារ​មិន​ចង់​ឈប់ ហើយ​តែងតែ​មក​ជួយ​ធ្វើ​ការងារ​នេះ​ការងារ​នោះ​នៅ​វត្ត​ជានិច្ច។ ដូច្នេះ​វា​ជា​ការ​ល្អ ដែល​លោក​អាច​មាន​ពេល​នៅ​ជាមួយ​គ្រួសារ​ខ្លះ។ តែ​ខ្ញុំ​គិត​ថា លោក​នៅ​តែ​បន្ត​ចូលរួម​កិច្ចការ​សហគមន៍ និង​ផ្តល់​ប្រឹក្សា​ផ្សេងៗ ហើយ​វា​ក៏​ជា​រឿង​ល្អ​ដល់​សហគមន៍ ដែល​មាន​អ្នក​ដឹកនាំ​ថ្មី ហើយ​ធ្វើការ​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​នានា»។

មុន​ពិធី​រំឭក​គុណ និង​កត្តិញ្ញូធម៌​ដល់​រូប​លោក​បាន​ចាប់ផ្តើម លោក ទន់ សុវណ្ណ បាន​ប្រាប់ VOA ថា លោក​មាន​ចិត្ត​សោមន្ស​រីករាយ ដែល​បាន​ឃើញ​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​មិត្តភក្តិ​របស់​លោក​ចូលរួម​ក្នុង​ពិធី​នេះ។

«‍ខ្ញុំ​មាន​ចិត្ត​រំភើប​ពន់ពេក​ណាស់ ដែល​ព្រះអង្គ​ដែល​និមន្ត​មក​ហ្នឹង បាន​ធ្វើ​សេចក្តី​ថ្លែងការ​ពី​ថា​ម៉េច​គេ​ហៅថា កត្តិញ្ញូធម៌ យល់​អំពី​រឿង​បុគ្គល​ដែល​យើង​គួរ​គោរព​បុគ្គល​ដែល​យើង​គួរ​តបស្នង​សងគុណ​ហ្នឹង​ណា។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រំភើប។ ខ្ញុំ​ឃើញ​ព្រះសង្ឃ​ក្រាស់ក្រែល ហើយនិង​ពុទ្ធបរិស័ទ​ដ៏​ច្រើន ដែល​បាន​មក​ជួយ​គាំទ្រ​ខ្ញុំ​យ៉ាងនេះ គឺថា ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កាន់តែ មាន​ការ​គិត​រឿង​បូជា​ដល់​ពុទ្ធសាសនា​តទៅទៀត។ ឃើញ​ទេ បរទេស​ក៏គេ​មក​ច្រើន ដើម្បី​គាំទ្រ​ខ្ញុំ⁣ ព្រោះ​ខ្ញុំ​ធ្វើការ​ជាមួយ​គេ គេ​ដឹង​ថា ខ្ញុំ​ជឿជាក់​ស្ម័គ្រ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា។ គេ​មក​គាំទ្រ»។

លោក​បណ្ឌិត ទន់ សុវណ្ណ រួម​ទាំង​ក្រុម​គ្រួសារ គោរព​ព្រះសង្ឃ​នៅ​ក្នុង​ពិធី​ប្រោសព្រំ រំឭកគុណ និង​តែងតាំង​លោក​ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)

លោក​បណ្ឌិត ទន់ សុវណ្ណ រួម​ទាំង​ក្រុម​គ្រួសារ គោរព​ព្រះសង្ឃ​នៅ​ក្នុង​ពិធី​ប្រោសព្រំ រំឭកគុណ និង​តែងតាំង​លោក​ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)


លោក ទន់ សុវណ្ណ ក៏​បាន​សម្តែង​ការ​ជឿ​ទុក​ចិត្ត​របស់​លោក​លើ​ប្រធាន​ពុទ្ធិក​សមាគម​ខ្មែរ​ថ្មី គឺ​លោក ងូវ សុភក្តិ ដែល​លោក​ក៏​ធ្លាប់​បាន​បួស​ជា​ព្រះសង្ឃនៅ​វត្តនេះ​ដែរ។

«‍តាមមើល​ទៅ តាមខ្មែរ​យើង​ទាំងអស់ នៅក្នុង​វត្តនេះ គឺ​មានតែ​លោក ងូវ សុភក្តិ ទេ ដែល​អាច​ស្នង​ធ្វើការ​ជំនួស​ខ្ញុំ​បាន ពីព្រោះ​គាត់​ធ្លាប់​បួស និង​ធ្វើការ​នៅនេះ ហើយ​ធ្វើការ​ទាំង​ប៉ុន្មាន គឺថា គាត់​អាច​ធ្វើ​ជំនួស​ខ្ញុំ​បាន។ ទាស់​ត្រង់​ថា គាត់​មិន​សូវ មាន​ពេល និង​មិន​សូវ​ស្គាល់​គេ។ ដូច្នេះ គាត់​ពឹង​ឲ្យ​ខ្ញុំ​ជួយ​ទាក់ទង​គេ ហើយ​ខ្ញុំ​មិន​ចោល​គាត់​ទេ ដើម្បី​ធ្វើ​ការងារ​ជួយ​ឲ្យ​មាន​ការ​រីកចំរើន​ទាំងអស់​គ្នា។ គាត់​ជា​បុគ្គល​មួយ​ដែល​យើង​គួរ​គោរព ដែល​យើង​គួរគាំទ្រ និង​ជួយ​គាត់»។

លោក ងូវ សុភក្តិ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត ហើយ​បាន​បួស​ជា​សង្ឃ​នៅ​វត្ត​លង្ការ រាជធានី​ភ្នំពេញ។ នៅ​ឆ្នាំ​២០០៧ លោក​ត្រូវ​បាន​ចៅអធិការ​វត្ត​ពុទ្ធិការាម និង​លោក ទន់ សុវណ្ណ ធានា​ឲ្យ​មក​គង់​សិក្សា​រៀនសូត្រ​ធម៌​ព្រះពុទ្ធ​នៅ​សហរដ្ឋ​អាមេរិក។

មុន​នឹង​លោក​ ងូវ សុភក្តិ​ ទទួល​តំណែង​ជា​ប្រធាន​ពុទ្ធិក​សមាគម​ខ្មែរ​ប្រចាំ​វត្ត លោក​បាន​ប្រាប់​ VOA ​ពី​គុណ​សម្បត្តិ​របស់​លោក ទន់ សុវណ្ណ ថា៖ «‍គាត់​ជា​មនុស្ស​ល្អ ធ្វើការ​ម៉ត់ចត់ ជួនកាល​ម៉ោង១១ ម៉ោង១២ ក៏​គាត់​មក​វត្ត​ដែរ ដើម្បី​ធ្វើការ​បម្រើ​ឲ្យ​វត្ត បម្រើ​ព្រះពុទ្ធ​សាសនា។ គាត់​ចំណាយ​ពេលវេលា​ច្រើន គាត់​ជា​មនុស្ស​ល្អ​មែនទែន»។

ក្នុង​តួនាទី​ជា​អ្នក​ដឹក​នាំ​គណៈកម្មការ​វត្ត​ លោក ងូវ សុភក្តិ ត្រូវបាន​ព្រះសង្ឃ និង​ក្រុម​ ក្រុង​អភិបាល​វត្ត ជឿ​ទុក​ចិត្ត និង​គោរព​លើ​សមត្ថភាព​របស់​លោក​ក្នុង​ការ​ដឹកនាំ​វត្ត​ឲ្យ​ទទួល​បាន​ការ​រីក​ចម្រើន។ លោក​សង្ឃឹម​ថា​នឹង​ធ្វើការងារ​យ៉ាង​សកម្ម​ដើម្បី​អភិវឌ្ឍ​វត្ត និងប្រមូល​ផ្តុំ​សហគមន៍​ខ្មែរ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​បន្ថែម​ទៀត លើ​សមិទ្ធិផល​មុនៗ​ដែល​លោក ទន់ សុវណ្ណ សម្រេច​បាន៕

What Next?

Recent Articles