មន្ត្រី​អតីត​បក្ស​ប្រឆាំង​ដែល​ទើប​ត្រូវ​បាន​ដោះលែង ចាប់ផ្តើម​ធ្វើការ​រិះគន់​មក​លើ​រដ្ឋាភិបាល

(​ពីស្តាំ​) ​លោក​ ញ៉យ ចំរើន លោក​ សុវណ្ណារ៉ា​ និង​លោក អ៊ុំ សំអាន​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ការលើកលែង​ទោស​ថ្មីៗ​នេះ ​ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​បក្សប្រឆាំង​បាន​ចាប់ផ្តើម​ធ្វើការ​រិះគន់​ជាថ្មី​ទៀត​មក​លើ​រដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​តំណាងរាស្ត្រ​អាមេរិក​បាន​ចាត់​ទុក​ពួកគេ​ថា​ជា​ «​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ដ៏អស្ចារ្យ​» ជា​អ្វី​ដែល​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ចាត់​ទុក​សកម្មភាព​ទាំងនោះ​ថា បង្ហាញ​ពី​ភាព​ជា​ «​អាយ៉ង​ដាច់​ថ្លៃ​» ​របស់​បរទេស​។

កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម៉ោង​នៅ​សហរដ្ឋអាមេរិក ឬ​ល្ងាច​ថ្ងៃ​អាទិត្យ​ម៉ោង​នៅ​កម្ពុជា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​ពិធី​ជួបជុំ​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ «​វេទិកា​ខ្មែរ-សង្គ្រោះជាតិ​» ​ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា ដែល​មាន​ការចូលរួម​ពី​លោក Edward Royce តំណាងរាស្ដ្រ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភា​អាមេរិក ព្រម​ទាំង​លោក Alan Lowenthal តំណាងរាស្ត្រ​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។

មន្ត្រី​អតីត​បក្សប្រឆាំង​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ «​សកម្មជន​ស្នេហា​ជាតិ​» ទាំងនោះ​រួមមាន​អតីត​តំណាងរាស្ត្រ​លោក​ អ៊ុំ សំអាន និង​លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ត្រូវ​បាន​ទទួល​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី តាម​សំណើ​របស់​លោក ហ៊ុន សែន ក្នុង​ពេល​ថ្មីៗ​នេះ​ព្រម​ទាំង​លោក​ ញ៉យ ចំរើន អតីត​តំណាងរាស្ត្រ​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់​ដែល​ធ្លាប់​ទទួល​រង​ការវាយដំ​យ៉ាង​ដំណំ​ពី​កងអង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ខាង​ក្រៅ​របង​រដ្ឋសភា​កាលពី​ឆ្នាំ ២០១៥​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ពួកគេ​ទាំង​ ៣ ​នាក់​ត្រូវ​បាន​លោក Edward Royce ប្រគល់​ប័ណ្ណសរសើរ ខណៈ​លោក Alan Lowenthal បាន​ហៅ​ពួកគេ​ថា​ជា​ «​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ដ៏អស្ចារ្យ​» ឬ «great freedom fighters»​។ លោក​​ មាជ សុវណ្ណារ៉ា ក៏​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​អន្ដរជាតិ​អញ្ជើញ​ឲ្យ​ទៅ​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហប្រជាជាតិ​នា​ថ្ងៃទី​ ២៤ ខែ​កញ្ញា​ផង​ដែរ​។

តាមរយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក មាជ សុវណ្ណារ៉ា ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ​ពី​បទ​ដឹកនាំ និង​ចូលរួម​ចលនា​បាតុកម្ម​ហិង្សា​​តវ៉ា​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​ ២០១៤ ​នោះ​បាន​កោតសរសើរ​តំណាងរាស្ត្រ​អាមេរិក​លោក Alan Lowenthal លោក Dana Rohrabacher និង ​លោក Ed Royce ដែល​លោក​ថា បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ខំ​តស៊ូ​តាម​បែប​អហិង្សា ដើម្បី​ទាមទារ​នូវ​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ដឹង​ពី​តម្លៃ​នៃ​មនុស្ស​ឲ្យ​យល់​អំពី​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​។

លោក​ថ្លែង​ថា​៖ «​នោះ​ហើយ​ជា​តម្លៃ​នៃ​អ្នកតំណាងរាស្ត្រ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ប្រទេស​ដែល​យក​ច្បាប់​ជា​ធំ​គឺ​ផ្ទុយ​ពី​ប្រទេស​កម្ពុជា​ដែល​ខ្លួន​អាង​អំណាច​ពី​ប្រជាពលរដ្ឋ បែរ​ជា​ជាន់ឈ្លី​តម្លៃ​នៃ​ប្រជាពលរដ្ឋ​។ តើ​ឯណា​ទៅ​សេរីភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅឯ​ប្រទេស​កម្ពុជា​។ យើង​ចង់​ឃើញ​អាហ្នឹង ដើម្បី​ភាព​ស្មើ​គ្នា​»​។

លោក​បន្ត​ថា​៖ «​បងប្អូន​នៅ​ក្រៅ​ប្រទេស​នេះ​ហើយ​ជា​ចលករ​មួយ​ដែល​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គេ​បិទ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​គេ​ជិះជាន់ ភាព​អយុត្តិធម៌​គឺថា​បាន​បងប្អូន​ខ្មែរ​នេះ​ហើយ​។ ដូចជា​ករណី​ខ្ញុំ​គឺ​ថា​ជាប់គុក​បាន​បងប្អូន​ទៅ​បាតុកម្ម​នៅ​វ៉ាស៊ីនតោន ឌីស៊ី ទៅ​ញូវយ៉ក​ទៅ​គ្រប់​ទីកន្លែង​ឲ្យ​មាន​ការដោះលែង​រូបខ្ញុំ មាជ សុវណ្ណារ៉ា ក៏​ដូចជា​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​»​។

ជាមួយ​គ្នា​នេះ​លោក​ សុវណ្ណារ៉ា ក៏​មិន​ភ្លេច​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អតីត​មេបក្ស​ប្រឆាំង​លោក​ កឹម សុខា ​ដែល​កំពុង​បន្ត​ជាប់​ឃុំ​នៅក្នុង​ផ្ទះ​ផងដែរ​។

លោក​សង្កត់​​ធ្ងន់​ថា​៖ «​ហើយ​ចុង​ក្រោយ​នេះ យើង​ចង់​ឲ្យ​មាន​ការ​ដោះលែង​លោក​ប្រធាន កឹម សុខា ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំ​នៅ​ត្រពាំងផ្លុង ឥឡូវ​នេះ​គេ​ឃុំ​នៅក្នុង​ផ្ទះ​ទៀត​»​។

នៅក្នុង​ពិធី​នោះ​ដែរ​សមាជិក​សភា​អាមេរិក​លោក Alan Lowenthal ដែល​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក​នោះ​ថ្លែង​ថា​៖ «​លោក (​ហ៊ុន សែន​) បាន​យល់​ស្រប​ចំពោះ​ការធ្វើឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​តើ​គាត់​បាន​ធ្វើអ្វី​? គាត់​បាន​ព្យាយាម​កម្ទេច​គណបក្ស​ប្រឆាំង​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង ដូច្នេះ​ហើយ​សភា​​សហរដ្ឋអាមេរិក​នឹង​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​»​។

លោក​បញ្ជាក់​ថា​នៅ​ក្រោម​ការដឹកនាំ​របស់​លោក Royce ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​អាមេរិក និង​ទទួល​បាន​ការជួយ​ជ្រោមជ្រែង​ពី​សមាជិក​សភា​ផ្សេង​ទៀត និង​រូបលោក​ព្រម​ទាំង​សមាជិក​សភា​លោក Rohrabacher គឺ​បាន​រួម​គ្នា​ធ្វើការ​ប្រឆាំង​នឹង​លោក ហ៊ុន សែន​។

លោក​បន្ត​ថា​ កាលពី​ពេល​ថ្មីៗ​នេះ ​សភា​អាមេរិក ​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់ ដើម្បី​លើកស្ទួយ សេរីភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា (Cambodian Democracy Acts) ដែល​ជា​លើក​ដំបូង ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​។

«​ដូច្នេះ​ខ្ញុំ​ធ្វើ​ផ្នែក​របស់​ខ្ញុំ ដើម្បី​ដឹកនាំ និង​ជា​ផ្នែក​មួយ​នៃ​ការតស៊ូ​មតិ​នៅ​ក្នុង​សភា​អាមេរិក​ ប៉ុន្តែ​ប្រជាជន​គឺជា​ជើងឯក​ពិតប្រាកដ​។ ពួកគេ​គឺជា​អ្នក​ដែល​ក្រោក​ឡើង ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ ពួកគេ​គឺជា​អ្នក​ដែល​ក្រោក​ឡើង​តតាំង​នឹង​លោក​ ហ៊ុន សែន​។ ​ដូច្នេះ​ហើយ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា យើង​នឹង​មិន​ឈប់​ទេ យើង​ធ្វើ​រហូត​ទាល់​តែ​លទ្ធិប្រជាធិបតេយ្យ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​មាន​កិត្តិយស​ដែល​មាន​វត្តមាន​នៅ​ទី​នេះ ដើម្បី​ទទួល​ស្វាគមន៍​អ្នក​តស៊ូ​ដើម្បី​សេរីភាព​ដ៏អស្ទារ្យ​ទាំងនេះ​ដូចជា​លោក អ៊ុំ សំអាន … នឹង​ទាំង​អ្នក​ផ្សេង​ទៀត​… ហើយ​សូម​កុំ​ភ្លេច​អ្នក​ដែល​ត្រូវ​បាន​គេ​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​គឺ​លោក កឹម សុខា​។ គាត់​គឺជា​ផ្នែក​មួយ​នៃ​ជើងឯក​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ​ក្រៅពី​ការដោះលែង​អ្នកទោស​នយោបាយ​នោះ​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​យល់​ឃើញ​ថា​ពាក្យ​«great freedom fighters» ដែល​ចេញពី​មាត់​តំណាងរាស្ត្រ​អាមេរិក​គឺជា​ពាក្យ​ដែល​គេ​ធ្លាប់​ប្រើប្រាស់​នៅក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ដោយ​លោក​លើក​ឡើង​ថា សកម្មភាព​របស់​ក្រុមប្រឆាំង​ទាំង​នោះ​បង្ហាញ​ពី​ភាព​ជា​ «​អាយ៉ង​ដាច់​ថ្លៃ​»​ របស់​បរទេស​។

លោក​ថ្លែង​ថា​៖ «​ពួក freedom fighters ទាំងនោះ​បាន​រលាយ​អស់​ហើយ​វា​រត់​ចោល​ស្រុក​អស់​ហើយ​។ ឥឡូវ​នេះ​ពួកនេះ​គ្រាន់តែ​អ្នក freedom fighters ជំនាន់​ក្រោយ គ្រាន់តែ​ជា​កូនក្មេង​បាតជើង​ក្រហម​រងាល​ដែល​ចូល​ប្រឡូក​នៅ​ក្នុង​បញ្ហា​នេះ គឺ​មិន​មែន​មាន​ទិសដៅ​ពង្រឹង​សន្តិភាព ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ គ្រាន់តែ​ជា​អាយ៉ង​បរទេស​នៅក្នុង​និន្នាការ​អូសទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​អ្វី​ដែល​ហៅថា​ភូមិសាស្ត្រ​នយោបាយ​ប៉ុណ្ណោះ​»​។

លោក​ថា​កម្ពុជា​គឺជា​ប្រទេសមួយ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​អព្យាក្រឹត និង​មិន​ឈរ​នៅ​ខាង​ប្រទេស​ណា​ឡើយ ឬ​ការពារ​ផលប្រយោជន៍​បរទេស​នោះ​ទេ​។ «​ក្រុម​អាយ៉ង​បរទេស​ដែល​បម្រើ​បរទេស​ដាច់​ថ្លៃ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​តែ​ប៉ុណ្ណោះ មិនមែន​ជា​អ្នក​ស្វែងរក​ទិសដៅ​ក្នុង​កិច្ចពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​របស់​មហាជន​នោះ​ទេ​»​។

លោក​បញ្ជាក់​ថា​ការសរសើរ​របស់​តំណាងរាស្ត្រ​អាមេរិក​ដល់​អតីត​សមាជិក​បក្ស​ប្រឆាំង​គឺ​គ្រាន់តែ​គេ​បោក​ទឹកចិត្ត ពួក​នោះ​ឲ្យ​ឆ្កួត​វង្វេង​តាម​គេ​ប៉ុណ្ណោះ ដូចជា​ការផ្តល់​ពាន​ណូបែល​ដែល​គេ​ឲ្យ​ទៅ​លោកស្រី អ៊ុងសាន ស៊ូជី នៅ​មីយ៉ាន់ម៉ា​បើ​មិន​បាន​បម្រើ​បរទេស គេ​ដក​ពាន​ទៅវិញ​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​គុណធម៌​របស់​សម្ដេច​ (​ហ៊ុន សែន​) ​ហើយ​នឹង​អ្វី​ដែល​ជា​លក្ខណៈ​បិសាច​របស់​ពួក​នោះ​មិន​អាច​យក​មក​ប្រៀបធៀប​គ្នា​បាន​ទេ​។ សម្ដេច និង​រាជរដ្ឋាភិបាល​អត់​មាន​បំណង​ចង់​បាន​គុណ ឬ​សេចក្ដី​កោតសរសើរ​ពី​ក្រុម​ដែល​ជា​អាយ៉ង​បរទេស​ទេ​។ យើង​ធ្វើ​ទៅ​តាម​គុណធម៌​របស់​យើង​រីឯ​ពួក​អាយ៉ង​បរទេស​ដែល​ដាក់​ឲ្យ​ខ្លួន​គេ​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ​…»​។

លោក​ ហង្ស វិទូ អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​វា​ជា​ការធម្មតា​ដែល​អតីត​សមាជិក​បក្សប្រឆាំង​ទាំង​នោះ​បញ្ចេញ​សំឡេង​រិះគន់​ជាថ្មី ក្រោយពី​ទទួល​បាន​ការលើកលែង​ទោស ហើយ​ការរិះគន់​របស់​ពួកគាត់​ត្រឹមត្រូវ​ឬ​យ៉ាង​ណា ពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​។ «​ខ្ញុំ​យល់​ថា ការរិះគន់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ វា​គឺជា​រឿង​ដ៏សាមញ្ញ ជាពិសេស​គឺ​អ្នក​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ដោយសារ​តែ​បាន​ប្រព្រឹត្ត​កំហុស​ដែល​ចោទ​ដោយ​រដ្ឋាភិបាល​។ ការរិះគន់​នេះ​វា​ជា​ការ​រិះគន់​មួយ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ពិត​នៅ​កម្ពុជា ដែល​ថា​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រទេស​មួយ​ដែល​មិន​បាន​គោរព និង​ប្រកាន់ខ្ជាប់​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​នេះ​គឺជា​តួនាទី​របស់​ពួកគាត់​ក្នុង​ការ​ធ្វើការ​រិះគន់​ក្នុង​នាម​ជា​គណបក្ស​ប្រឆាំង ឬ​ក៏​ជា​អតីត​នៃ​សមាជិក​បក្សប្រឆាំង​គឺ​គាត់​ត្រូវតែ​ធ្វើការ​បញ្ចេញមតិ​រិះគន់​ទៅ​តាម​អ្វី​ដែល​គាត់​យល់​ឃើញ​»៕ NS


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

One Response to "មន្ត្រី​អតីត​បក្ស​ប្រឆាំង​ដែល​ទើប​ត្រូវ​បាន​ដោះលែង ចាប់ផ្តើម​ធ្វើការ​រិះគន់​មក​លើ​រដ្ឋាភិបាល"

  1. Anonymous says:

    I used to hear the word AH YORNG that POL POT used to fight whit the US in the past. no though that this group are the same killer . I’m not a fortune teller but I can see inside HUN SEN mind . in some time GOD make him telling some thing the true that he been there done that. if you concentrate on every word he spoke there will be some point that make you see from inside out of this jungle person. all these guy saying they obey democracy the question is what kind of democracy they are talking about. they are working whit CHINA and Vietnam they do not like western democracy nation. we Cambodian knew CHINA and Vietnam just waiting for those day to swallow this poor nation . CHINA population is sky high now it over 140,000,000 people they can filling up Cambodian just one province of their population. about the Vietnam they wanted to take Cambodian under their control because they scare of CHINA also. in recently shout CHINA sea be cam a major problem in this region and HUN SEN going 100% to CHINA what will Cambodian think it will happen in the near future. I knew world war will happen at any time and nay where in ASIA or in SYRIA . what so ever HUN SEN going 100% to CHINA is again western nation the question is what will they are going to do to our nation?????? GOD bless Cambodia

Leave a Reply

Submit Comment