លោក មាជ សុវណ្ណារ៉ា ស្នើ​ប្រទេស​ហត្ថ​លេខី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ជួយ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​

ដោយ វណ្ណ សុគន្ធា
25/09/2018
RFI

media
លោក មាជ សុវណ្ណារ៉ា (@FB/ មាជ សុវណ្ណារ៉ា)
@FB/ មាជ សុវណ្ណារ៉ា


ម្សិល​មិញ លោក​មាជ សុវណ្ណារ៉ា អតីត​មន្រ្តី​អតីត​បក្ស​សង្រ្គោះ​ជាតិ​បាន​ជួប​ផ្ទាល់​ជា​មួយ​ក្រុម​ស្រាវ​ជ្រាវ​និង​ស៊ើប​អង្កេត​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​បុរី​ញូវយ៉ក​។ ក្នុង​ជំនួប​នោះ លោក​មាជ សុវណ្ណារ៉ា បាន​លើក​ឡើង​ពី​ស្ថាន​ភាព​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ លោក​ក៏​បាន​លើក​ឡើង​ពី​តួនាទី​របស់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ និង​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង​នេះ​ជួយ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​។ 

នៅ​ចំពោះ​មុខ​ក្រុម​ស៊ើប​អង្កេត​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក លោក​មាជ សុវណ្ណារ៉ា បាន​រិះ​គន់​លើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ការ​បំពាន​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ ការ​ចាប់​ខ្លួន​អ្នក​នយោបាយ សកម្មជន​នយោបាយ និង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​លោក​ថា ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ហេតុ​ផល​ចង់​បង្កើត​ឲ្យ​មាន​បដិវត្ត​ពណ៌​នៅ​កម្ពុជា​។

សម្រាប់​លោក មាជ សុវណ្ណរ៉ា សកម្ម​ភាព​ទាំង​អស់​នេះ គឺ​បាន​បំពាន​កាត​ព្វកិច្ច​គោរព​សិទ្ធិ​មនុស្ស ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​មាន​ប្រទេស​ចំនួន​១៨ ជា​ហត្ថ​លេខី​។ ហេតុ​ដូច្នេះ​ហើយ លោក​មាជ សុវណ្ណារ៉ា បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​ហត្ថ​លេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ទាំង​អស់ បំពេញ​កាតព្វ​កិច្ច​របស់​ពួក​គេ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង និង​ជួយ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ នីតិ​រដ្ឋ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​លោក​មាជ សុវណ្ណារ៉ា នេះ លោក​ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​អះ​អាង​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ ដែល​ប្រទេស​ហត្ថ​លេខី​ទាំង​នោះ​ធ្វើ​សកម្មភាព​តាម​ការ​អំពាវ​នាវ​របស់​លោក មាជ សុវណ្ណារ៉ា។ សម្រាប់​លោក​ផៃ ស៊ី​ផាន ការ​ខិត​ខំ​របស់​លោក មាជ សុវណ្ណារ៉ា នេះ គឺ​គ្រាន់​តែ​ចង់​បំផ្លាញ​កម្ពុជា​តែ​ប៉ុណ្ណោះ​។ លោក​បន្ថែម​ដែរ​ថា បើ​ទោះ​បី​អ្នក​ណា​មើល​មក​រដ្ឋា​ភិបាល​កម្ពុជា​យ៉ាង​ម៉េច​ក៏​ដោយ​ចុះ ប៉ុន្តែ​រដ្ឋា​ភិបាល​នេះ ជា​រដ្ឋា​ភិបាល​ស្រប​ច្បាប់ ដែល​កើត​ចេញ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​លើស​លប់​តាម​រយៈ​ការ​បោះ​ឆ្នោត​។

ក៏​ប៉ុន្តែ រដ្ឋា​ភិបាល​ថ្មី​របស់​កម្ពុជា​នេះ ត្រូវ​បាន​លោក​មាជ សុវណ្ណារ៉ា បរិហារ​ថា ជា​រដ្ឋា​ភិបាល​មិន​ស្រប​ច្បាប់ ព្រោះ​លោក​អះ​អាង​ថា វា​បាន​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​មិន​ស្រប​ច្បាប់​។ ដូច្នេះ​ហើយ លោក​ថា របប​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បច្ចុប្បន្ន​នេះ គឺ​បាន​រំលោភ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស និង រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដែល​បាន​បង្កើត​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា ព្រម​ទាំង​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។

ប្រឈម​នឹង​បញ្ហា​កំពុង​កើត​ឡើង​នេះ លោក​មាជ សុវណ្ណារ៉ា គូស​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មិន​បាន​បោះ​បង់​ចោល​ការ​ខិត​ខំ​របស់​ពួក​គេ​ឡើយ ហើយ​លោក​ថា មន្រ្តី​អតីត​គណបក្ស​ប្រឆាំង​ក៏​បាន​បន្ត​ធ្វើ​ការ​តស៊ូ​មតិ ដើម្បី​ជួយ​ដល់​ការ​ខិត​ខំ​របស់​ពួក​គេ​នេះ​។ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា ដើម្បី​ធ្វើ​កិច្ចការ​នេះ អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​ការ​ជំនួយ និង​ការ​គាំទ្រ​ជា​ចាំ​បាច់​ពី​សំណាក់​អន្តរជាតិ​៕

What Next?

Recent Articles

Leave a Reply

Submit Comment