លោក ​ហ៊ុន​ សែន​ ថា​មេ​ដឹក​នាំ​ចិន​ចាត់​ទុក​កម្ពុជា ​«​ជា​មិត្ត​ដែក​ថែប​»

| |
https://vodhotnews.com

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ស្យង់ ព័រ (Xiong Bo) ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបរជាមានិតចិន ប្រចាំនៅកម្ពុជា ដើម្បីសំដែងការគួរសម និងជំរាបលាមុននឹងលោកត្រូវចប់អាណត្តិជាឯកអគ្គរដ្ឋទូត រយៈពេល២ឆ្នាំក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២៤ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អះអាងថា មេដឹកនាំចិន លោក ស៊ីជីង ពីង ចាត់ទុក​កម្ពុ​ជាជា​មិ​​ត្ត​​ដែកថែបរបស់ខ្លួន​។

តាមការសរសេររៀបរាប់នៅលើទំ​ព័​​រ​ហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ​ លោកហ៊ុន សែន បាន​ប្រាប់ លោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលផុតអាណត្តិ ថា ទំនាក់ទំនងកម្ពុជានិង​ចិន ឈានដល់កិច្ចស​ហ​ប្រតិបត្តិការ​ភាព​ជា​ដៃគូរគ្រប់ជ្រុងជ្រោយ ហើយថា៖


ថ្មីៗនេះប្រធានាធិបតីចិន Xi jinping បានចាត់ទុក​ថា កម្ពុជា ចិន ជា​មិត្ត​ដែកថែប ដែលកសាងឡើងដោយភាពស្មោះត្រង់រវាង មិត្តនិងមិត្ត

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន


អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី និយាយ ថា ការ​ហក់​​ចាប់​​​មហាអំណាចចិនជារឿងល្អមួយ។ ប៉ុន្តែ​លោកថាវាក៏​​ជាគ្រោះថ្នាក់មួយរបស់ កម្ពុជាផងដែរ​ បើចាប់យកចិនតែមួយហើ​​យ​​ដើរ​ចេ​​​​ញ​​ពីប្រទេសលោកសេរី ដោយសារតែប្រទេសទាំងនោះ​ជំរុញឲ្យស្តារប្រជាធិបតេយ្យឡើងវិញ ។


រឿងដែលគ្រោះថ្នាក់មួយធំនោះ ប្រសិនបើប្រទេសចិនដែល​ជាប្រទេសដែល​យើងកំពុង​តែពឹងផ្អែ​ក​ទៅ​លើខ្លាំងតែមួយនោះ ជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចណាមួយ ប្រទេសខ្មែរយើងនឹ​ងរងគ្រោះមុ​នគេ

អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី


អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ ក៏​បានបង្ហាញពីការព្រួយបារម្ភពីឥទ្ធិពលរបស់ចិន ដោយបានសរសេរ លើសប៊ុករបស់លោក កា​ល​ពីខែមុនថា ចិនកំពុង​ប្រើ​​យុ​ទ្ធ​សាស្ត្រដើម្បីទន្ទ្រានទីផ្សារ និងពង្រី​កឥទ្ធិ​ព​ល​​លើទឹកដីកម្ពុជា​។

​អ្នកជំនាញសេដ្ឋកិច្ចរូបនេះ អះអាងថា ចិនឆក់យកបេះដូងកម្ពុជា តាមរយៈកសាងភាព​ល្អូក​ល្អឺ​នជា​​មួយ​រដ្ឋា​ភិ​បាល ចា​ក់បញ្ចូលឈាម តាមរយៈផ្តល់កម្ចីសាធារណៈ និង​ត្រួ​​​ត​​​​ត្រា​គ្រោ​ង​ឆ្អឹង របស់​កម្ពុ​ជា ​តាម​រយៈ​ត្រួ​តត្រាហេដ្ឋារច​នាសម្ពន្ធ័សំ​ខាន់ៗ មានកំពង់​ផែស​មុទ្រ​ជា​ដើ​ម​។

ក្នុងរយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ សារព័ត៌មាន​​លោកខាងលិច​បានចុះ​ផ្សាយ​ជាបន្តបន្ទាប់​ថា​ចិន​កំពុងប្រើ​អន្ទាក់​បំណុល​ជាពិសេស​ជាមួយ​ប្រទេសកំពុងអភិវឌ្ឍ ក្នុងចេតនា​ដើម្បីអូសទាញ​ប្រទេស​ទាំងនោះឲ្យ​ស្ថិត​ក្រោម​ឥទ្ធិពលរបស់​ខ្លួន។ ប៉ុន្តែ​កាល​ពី​ដើម​ខែកញ្ញាកន្លងមក​នេះ អ្នក​នាំពាក្យក្រសួងការបរទេស​ចិន​ លោក​ស្រី ហួ ឈុន​អ៊ីង​ បានបដិសេធចំពោះ​ការចោទប្រកាន់នេះ។ លោកស្រី​ ថា​ចំនួន​ប្រាក់​កម្ចី​ដែល​ចិន​ផ្ដល់​ឲ្យប្រទេស​ទាំងនោះ​ជា​ផ្នែក​មួយតូច​តែប៉ុណ្ណោះ បើប្រៀបធៀប​នឹង​កម្ចី​ដែល​ប្រទេសទាំងនោះ​ជំពាក់​ប្រទេស​ផ្សេង៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "លោក ​ហ៊ុន​ សែន​ ថា​មេ​ដឹក​នាំ​ចិន​ចាត់​ទុក​កម្ពុជា ​«​ជា​មិត្ត​ដែក​ថែប​»"

  1. Anonymous says:

    Remember ‘ khmer people never forget 3 million been killed by communist pol-pot and the friend-ship of china ‘. khmer people still waiting for justice ‘