សង្គម​ស៊ីវិល​មាន​ជំនឿតិច​តួច ​ចំពោះ​បម្រាម​របស់​ក្រសួង​បរិស្ថាន​ទប់ស្កាត់​ការ​ទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ​ព្រះ​សីហនុ រាម

ដោយ សុ ជីវី
2018-09-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រសួងបរិស្ថាន ៦២២ (Printscreen photo)
ក្រសួងបរិស្ថាន ៦២២ (Printscreen photo)


មន្ត្រី​ឃ្លាំមើល​ផែន​ការអភិវឌ្ឍសង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ​ អះអាង​ថា ពួក​គេ​មាន​ជំនឿ​តិច​តួច​បំផុត ទៅ​លើ​ប្រសិទ្ធភាព ​នៃ​ការ​ចុះ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន ដែលហាម មិន​ឲ្យមាន​​ការ​ទន្ទ្រាន​ដី ក្នុង​ព្រៃ​ការពារ​ធម្មជាតិ ឧទ្យាន​ជាតិ​ព្រះសីហនុ រាម ​ធ្វើ​ជា​កម្ម​សិទ្ធិឯក​ជន​ខុស​ច្បាប់។

មន្ត្រីសមាគម អាដហុក និង​អង្គការ លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ ចាត់​ទុក​ការ​ចេញ​លិខិត​របស់​ក្រសួង​បរិស្ថាន ដែល​ហាម​ឃាត់​សកម្មភាព​ឈូសឆាយ​កាប់​ឆ្ការ ដុត ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​របស់​រដ្ឋ យក​ធ្វើកម្ម​សិទ្ធិ​ឯក​ជន​នៅក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ថា​ជា​រឿង​អត់ ប្រយោជន៍​។ ពួកគេ​លើកឡើង​ថា ដីព្រៃធម្មជាតិ នៅតាមឧទ្យានជាតិមួយចំនួន ត្រូវគេ​កាប់​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ស្ទើ​រលាយហិនហោចនាពេលកន្លងមក។

អ្នកស្រី ជាប​ សុធារី អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ចាត់​ទុក​ការ​ចេញលិខិត​របស់​ក្រសួង​បរិស្ថាន​យឺត​ពេល ព្រោះ​ព្រៃ​ក្នុង​ទីតាំង​ពីរ គឺ​ឧទ្យាន​ជាតិ​ព្រះសីហនុ​ រាម និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ ត្រូវ​បាន​គេ​កាប់​រាន​ធ្វើ​កម្មសិទ្ធិ​ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ​ដោយ​គ្មាន​អាជ្ញាធរ​ណា​មួយ ​ចេញ​មុខ​ទប់ស្កាត់ ឬ​រឹបអូស​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ​នោះ​ទេ៖ «អាជ្ញាធរប្រសិនបើប្រជាពលរដ្ឋក្រីក្រ គាត់អត់​មានដី ហើយបានចូលទីទន្ទ្រានកាប់​ដី​ព្រៃ​រដ្ឋ យកមកចំការដាំដំណាំផ្សេងៗ និងសង់ផ្ទះជាដើមហ្នឹង យើង​ឃើញ​ថា ត្រូវបានមន្ត្រីអនុវត្តច្បាប់ហ្នឹង​គឺ​ត្រូវ​បាន​ប្តឹង​ពួក​គាត់​ដាក់​ពន្ធនាគារ ប៉ុន្តែសម្រាប់មនុស្ស​មួយចំនួន ដែល​សុទ្ធតែអះអាងថា ពួកគេមានប័ណ្ណកម្មសិទ្ធិ ប៉ុន្តែ​ប័ណ្ណ​ទាំង​អស់​នោះ គឺភាគច្រើនធ្វើនៅឆ្នាំ​១៩៩៣១៩៩៤ ១៩៩៥ ១៩៩៦ និងឆ្នាំ១៩៩៧ជាដើម។ ហើយប័ណ្ណទាំងអស់ហ្នឹង យើង​មិន​ដឹង​ថា តើក្រោយ​ពី​មាន​ប័ណ្ណរួចហើយ ពួកគាត់មានបាន​កាន់កាប់​ដី​អាស្រ័យ​ផល​នៅ​លើ​ដី​នោះ​ពិត​ប្រាកដ​ដែរ​ឬ​អត់? ហើយ​មន្ត្រីដែលចេញប័ណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ហ្នឹង តើគាត់មានបានចុះទៅពិនិត្យ​ដល់ទីតាំង​ដី​ហ្នឹង​ដែរ​ឬ​ក៏​អត់។ ដូច​ជា ករណី​ដី​នៅ​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​ព្រះ​សីហនុ រាម ដែល​តំបន់​នេះ ត្រូវ​បាន​ប្រកាស​ថាជាតំបន់​ឧទ្យាន​ជាតិ​ ដោយ​ព្រះរាជក្រិត្យ​របស់​ព្រះមហាក្សត្រ។ ប៉ុន្តែ​ដី​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម​មួយ​ចំនួន​ធំ សុទ្ធ​តែ​ជាប់​​ពាក់ព័ន្ធ​ជាមួយ​អ្នក​កាន់​កាប់ ដែល​បាន​បង្ហាញ​ពី​ឯកសារ​ផ្លូវ​ច្បាប់ ដែល​មាន​ចុះ​ហត្ថលេខា និង​ការ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ និង​ដោយ​មន្ត្រី​ជំនាញ»

ក្រសួងបរិស្ថាន កាលពីថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់​ទាំង​នោះ​មាន​នៅ តំបន់​ការពារ​ធនធាន​ធម្មជាតិ​ជាំ តំបន់​ឧទ្យាន​ជាតិ​ព្រះ​សីហនុ រាម ឧទ្យាន​ជាតិ​ព្រះ​មុនីវង្ស បូក​គោ ឧទ្យា​ជាតិ​ព្រះ​សុរាម្រិតកុសមៈ គីរីរម្យ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ និង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ជា​ដើម។

បញ្ហានេះ លោក ស្រេង វ៉ាន់លី អ្នក​សម្របសម្រួល​អង្គការ លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ ​មើល​ឃើញ​ថា សម្មភាព​ល្មើស​ច្បាប់​នេះ​ គឺអាច​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​តែ​ម្តង។ លោក​បន្ត​ថា ការ​ចេញ​លិខិត​មួយ​សន្លឹក របស់​ក្រសួង​បរិស្ថាន អំពាវនាវ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ទប់​ស្កាត់​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ក្នុង​ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​ថា ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ និង​ធ្វើ​ឲ្យ​តែ​ល្អ​មើល ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា ការ​ចុះ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​ព្រៃ​ឈើ​ គឺ​ពុំ​មាន​ប្រសិទ្ធភាព​ទេ៖ «តំបន់​មួយ​ចំនួន គឺ​ត្រូវ​បាន​ហាម​ឃាត់​រួច​ហើយ ប៉ុន្តែ​អាជ្ញាធរ ដែល​ជា​អ្នក​គ្រប់គ្រង​ហ្នឹង គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ទប់​ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ អ៊ីចឹង​ធ្វើ​ឲ្យ​អ្នក​មាន​លុយ មាន​អំណាច​ហ្នឹង គាត់​អាច​កាប់​ទន្ទ្រាន រុករាន​ឈូស​ឆាយ​តាម​តែ​អំពើ​ចិត្ត ហើយ​យើង​ឃើញ​ថា ពាក់ព័ន្ធ​នឹង​ការ​ឈូស​ឆាយ​ដី​តំបន់​ហាម​ឃាត់​ហ្នឹង គឺ​ឈូស​ឆាយ​រាប់​រយ​ហិកតារ​រួច​ហើយ ទើប​តែ​មាន​ការ​ចេញ​លិខិត​ឲ្យ​ទប់​ស្កាត់។ អ៊ីចឹង​ថា តើ​អាជ្ញាធរ ដែល​នៅ​មូលដ្ឋាន​ហ្នឹង​មិន​ដឹង​អំពី​បទ​ល្មើស​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ ឬ​មួយ​ក៏​ដឹង​ហើយ ប៉ុន្តែ​មិន​មាន​ការ​ទប់​ស្កាត់»

លើស​ពី​នេះ​ លោក ស្រេង វ៉ាន់លី សង្កេត​ឃើញថា​មាន​មន្ត្រី​មាន​អំណាចទាំងថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ទាំងមន្ត្រីស្ថា​ប័ន​ស៊ីវិល និង​កម្លាំង​ប្រដាប់អាវុធមួយចំនួន គឺ​ពួក​គេ​បាន​នៅ​ពី​ក្រោយ​បទល្មើស​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ការពារ​ធម្មជាតិ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ៖ «ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​មេត្តា​ជួយ​ចាត់​មន្ត្រី​ចុះ​អង្កេត​ដល់​ទីតាំង​បរិវេណ​ដី​ព្រៃ​រដ្ឋ ដែល​មាន​សកម្មភាព​កាប់​ឆ្ការ​ហ្នឹង ​ដើម្បី​រក​ប្រភព​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​សកម្មភាព​កាប់​ទន្ទ្រាន​ទាំង​អស់​ហ្នឹង កើត​ឡើង​ដោយសារ​តែ​មូលហេតុ​អ្វី​ឲ្យ​ពិត​ប្រាកដ ដែល​អាច​ឈាន​ដល់​កាប់​រាន​ដីព្រៃរដ្ឋរាប់សិបហិចតា។ អ៊ីចឹង​យើង​អាច​រក​ឃើញ​មូលហេតុ​រួច​ហើយៗ អាច​ឈាន​ទៅ​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល ឬ​ក៏​ភាគី​មន្ត្រី​រូប​ណា ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ ទៅ​លើ​សកម្មភាព​បំផ្លាញ​ដីព្រៃ​ធ្វើ​កម្ម​សិទ្ធិ​ខុស​ច្បាប់ ​ដែល​បើក​ដៃ​ឲ្យ​ជន​ខិល​ខូច​អ្នក​មាន​លុយ មាន​អំណាច​មួយ​ចំនួន​អាច​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ហ្នឹង​ អាច​យក​ទៅ​អនុវត្ត​ច្បាប់​ចំពោះ​គាត់ ដើម្បី​ឲ្យ​រាង​ចាល​ដល់​អ្នក​ក្រោយៗ ទៀត»

មន្ត្រីសង្គមស៊ីវិលខេត្ត​ព្រះ​សីហនុ បាន​កត់​សម្គាល់​ថា ចំពោះ​ពលរដ្ឋ​សាមញ្ញ​ ដែល​ហ៊ាន​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ឈើ​រដ្ឋ ដើម្បី​ធ្វើ​ស្រែ​ចម្ការ ឬ​សង់​លំនៅឋាន​បន្តិចបន្តួច​វិញ គឺ​ត្រូវ​បាន​មន្ត្រី​ជំនាញ​បរិស្ថាន កម្លាំង​យោធា និង​កម្លាំង​កង​រាជ​អាវុធហត្ថ​ជា​ដើម នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ ចាប់​ដាក់​ខ្នោះ បញ្ជូន​ទៅ​តុលា​ការ​​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចោទ​ប្រកាន់ និង​ផ្តន្ទាទោស​ដាក់​គុក​ច្រវ៉ាក់​ជា​ច្រើន​នាក់ និង​មួយ​ចំនួន​នៅ​មិន​ទាន់​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ទេ រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles