សមាគមគ្រូបង្រៀននៅតែទទូចចង់ដង្ហែក្បួន ទោះ​បី​សាលារាជធានីភ្នំពេញមិន​អនុញ្ញាត

| |
https://vodhotnews.com

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន


សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែទទូចចង់បន្តរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកដោយការ​​ដង្ហែក្បួនដដែល បើ​ទោះជាមានការហាមប្រាម​ពី​សាលារាជធានីភ្នំពេញយ៉ាងណាក្តី។

ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ​លោក រ៉ុង ឈុន បានឲ្យដឹងថា ប្រសិនជានៅថ្ងៃទិវាគ្រូបង្រៀនពិភពលោក ខាងអាជ្ញាធរនៅតែ​ហាមមិនឲ្យប្រារព្ធពិធីនៅសួនច្បារវត្តភ្នំពេញ ខាងលោកនឹងធ្វើការតស៊ូមតិជាមួយអាជ្ញាធរ និងសុំឲ្យអាជ្ញាធរគិតគូរឡើងវិញជុំវិញ​បញ្ហានេះផងដែរ។


នៅពេលនឹងយើងតស៊ូមតិជាមួយអាជ្ញាធរ ហើយយើងគិតថាអាជ្ញាធរនឹងយល់ព្រមទៅតាមអ្វីដែល​យើងបានស្នើរ ពីព្រោះយើងគិតថាវាអត់មានផលប៉ះពាល់អីទៅនឹងសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញនេះទេ។​ កាលថ្ងៃ០១ ឧសភា ដែលការប្រមូលផ្តុំសហជីពរៀបចំ សាលាក្រុងអនុញ្ញាត្តិ ប៉ុន្តែពេលគ្រូបង្រៀនរៀបចំបែរជាសាលាក្រុងមិនអនុញ្ញាត្តិទៅវិញ អានឹងគ្រាន់តែយើង ចង់ឲ្យសាលារាជធានីភ្នំពេញគិតឡើងវិញជុំវិញបញ្ហាទាំងអស់ហ្នឹង​

ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ​លោក រ៉ុង ឈុន


ជុំវិញបញ្ហានេះផងដែរ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វីអូឌី មូលហេតុដែលមិនអនុញ្ញាតឲ្យ​មានក្បួនដង្ហែរដោយសារ​តែប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬការក៏ស្ទះជាដើម ប៉ុន្តែខាងម្ចាស់សំណើរ ឬអ្នករៀបចំពិធី​អាចដាក់ញត្តិទៅទីតាំងដែល​ខ្លួនចង់បាន។


ពុំមានការអនុញ្ញាតិឲ្យហែរក្បួនទេ ក៏ប៉ុន្តែការដាក់ញត្តិហ្នឹង​ ខាងម្ចាស់សំណើរ ឬក៏អ្នករៀបចំ​ពិធីហ្នឹង​ លោកអាចចាត់តាំងតំណាងប៉ុន្មាននាក់ទៅនៅតាមទីតាំងដែលលោកចង់ ដូចជាក្រសួងអប់រំ ឬទីតាំងផ្សេងៗជាដើម។​ បើហែរក្បួនពីទីតាំងណាដើម្បីទៅស្ថាប័នដាក់ហ្នឹង​គឺពុំអនុញ្ញាតិជូនទៅ

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ


តាមលិខិតអំពាវនាវរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលចេញកាលពីម្សិលមិញ បានឲ្យដឹង សមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ នឹងរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក្រោមប្រធានបទ “សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានគ្រូបង្រៀន​មានគុណភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែតុលា នៅសួនច្បារវត្តភ្នំ។

តាមរបាយការណ៍របស់​ក្រសួងអប់​រំយុវជន​និង​កីឡា​ឆ្នាំ២០១៧ បុគ្គលិក​អប់​រំ​ទូទាំងប្រទេសមាន​ជិត​១២ម៉ឺននាក់៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles