អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​រង​ការ​ចោទ​ថា នៅ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ

2018-09-25
RFA

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​​ភូមិ​​ក្បាល​រមាស ដែល​រងគ្រោះ​ដោយ​​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ ជាង ១០​នាក់ ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទីរួម​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី២៣ កញ្ញា ឆ្នាំ២០១៨។ រូប៖ ពលរដ្ឋ
ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​​ភូមិ​​ក្បាល​រមាស ដែល​រងគ្រោះ​ដោយ​​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ ជាង ១០​នាក់ ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទីរួម​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី២៣ កញ្ញា ឆ្នាំ២០១៨។ រូប៖ ពលរដ្ឋ


សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង រារាំង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ដែល​ក្រាញ​ននៀល​មិន​ទទួល​សំណង ពី​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ ជាង ១០​នាក់ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទីរួម​ខេត្ត​ស្ទឹងត្រែង ក្រោម​ហេតុផល​មិន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ។ ពួក​គេ​ចាត់​ទុក​ការ​រារាំង​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។ ក៏​ប៉ុន្តែ​អាជ្ញាធរ​ស្រុក​អះអាង​ថា ការ​រារាំង​នេះ ដើម្បី​ជួយ​ពលរដ្ឋ​ទៅ​វិញ​ទេ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសាន​ចាត់​ទុក​ការ​រារាំង​នេះ ជា​ការ​រើសអើង និង​រំលោភ​សិទ្ធិ​សេរីភាព​ធ្វើ​ដំណើរ និង​ការ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជា​ដើម។ ពួក​គេ​ទាមទារ​ឲ្យ​អាជ្ញាធរ ខេត្ត​ស្ទឹងត្រែង ពិរចារណា​ឡើង​វិញ ចៀស​វាង​ពង្រីក​បញ្ហា​កាន់​តែ​រីក​ធំ​ឡើង ដែល​នាំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ជួប​ការ​លំបាក។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​រស់នៅ​ឃុំ​ក្បាល​រមាស លោក គឹម ឌឿង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ កញ្ញា​ថា សមត្ថកិច្ច​ស្រុក​សេសាន​មួយ​ក្រុម ពាក់​ឯកសណ្ឋាន​នគរបាល បាន​ហាម​អ្នក​ភូមិ ១៣នាក់ នៅ​ព្រឹក​ថ្ងៃ​ទី២៣ កញ្ញា ឆ្នាំ២០១៨ នៅ​គ្រា​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ដោយ​រថយន្ត បំណង​ទៅ​ទីរួម​ខេត្ត​ស្ទឹងត្រែង ដើម្បី​បំពេញ​បែបបទ​ស្នើសុំ​ចុះ​បញ្ជី​ដី​សមូហភាព ដែល​ក្រសួង​មហាផ្ទៃ​បាន​អនុញ្ញាត។ លោក​ថា សមត្ថកិច្ច​ទាំង​នោះ បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ទៅ​ផ្ទះ​វិញ បើ​ទោះ​បី​ជា​អ្នក​ភូមិ​ព្យាយាម​បង្ហាញ​ហេតុផល​យ៉ាង​ណា​ក្តី។ លើស​ពី​នេះ​ទៀត ការ​រារាំង​នេះ បង្ក​ការ​លំបាក​ខ្លាំង​ដល់​ស្ត្រី និង​កូន​ខ្ចី​ពីរ​នាក់ ដែល​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ​សហគមន៍ បំណង​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត ក៏​ប៉ុន្តែ​បែរ​ជា​ខក​បំណង៖ «រារាំង គឺ​រើសអើង​ជន​ជាតិ​ដើម​ភាគ​តិច ធ្លាប់​គេ​មើល​ងាយ គេ​រំលោភ​បំពាន​សិទ្ធិ​អីចឹង។ អ្នក​មាន​ជំងឺ​ថា ទៅ​រក​ពេទ្យ​ដល់​គេ​មិន​ឲ្យ​ទៅ ត្រឡប់​មក​ទាំង​អស់​គ្នា»

ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី ចឺ នាង លើក​ឡើង​ថា សមត្ថកិច្ច​បាន​រារាំង​ពួក​គេ​រយៈ​ពេល ២ថ្ងៃ​មក​ហើយ នាំ​ឲ្យ​ពលរដ្ឋ​ខ្លះ ត្រូវ​ខកខាន​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ ទំនាក់ទំនង​សេដ្ឋកិច្ច និង​ទិញ​សម្ភារៈ​ជា​ដើម។ លោកស្រី​ចាត់​ទុក​ការ​រារាំង​នេះ​ថា បាន​បង្ក​ប៉ះពាល់​ជីវភាព​រស់​នៅ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ មួយ​កម្រិត​ទៀត ត្បិត​ក្តី​កង្វល់​ជា​ច្រើន ដែល​ពួក​គេ​ប្រឈម​ជា​យូរ​មក​ហើយ នៅ​គ្រា​ដែល​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​ពន្លិច​ភូមិ​កំណើត​របស់​ពួក​គេ បង្ក​ឲ្យ​លិចលង់​ផ្ទះ​សម្បែង ផ្នូរ​កប់​សព ផល​ដំណាំ និង​ទ្រព្យ​សម្បត្តិ​ជាដើម អាជ្ញាធរ​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ចប់​នៅ​ឡើយ។ លោក​ស្រី​ថា មាន​ពលរដ្ឋ ៤នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ ព្រោះ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ រូម​ផ្សំ​ជីវភាព​ខ្វះខាត​ផង៖ «តាម​ពិត​គាត់​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច។ បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​សហគមន៍​ក្បាល​រមាស»

ឆ្លើយតបការចោទប្រកាន់​នេះ អភិបាល​ស្រុក​សេសាន​ស្តីទី លោក សុវណ្ណ ពិសេដ្ឋ មាន​ប្រសាស៍​ថា ហេតុផល​ដែល​សមត្ថកិច្ច​រារាំង ដោយសារ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ជា​ថ្ងៃ​ឈប់​សម្រាក​នៅ​ស្ថាប័ន​រដ្ឋ បើ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ទីរួមខេត្ត​ស្ទឹងត្រែង នាំ​តែ​ខក​ខាន​ពេល​វេលា​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ភូមិ/ឃុំ និង​ស្រុក គាំទ្រ​រាល់​សកម្មភាព​ការងារ​របស់​ជន​ជាតិ​ដើម​ភាគ​តិច និង តែង​តែ​ចុះ​ផ្ទាល់​នៅ​មូលដ្ឋាន។ លោក​ន្ថែម​ថា ប្រសិន​បើ​សាធារណជន និង​ក្រុម​និស្សិត​ចង់​ចូល​តំបន់​នោះ គួរ​តែ​ផ្តល់​ដំណឹង មក​អាជ្ញាធរ​មូលដ្ឋាន​ជា​មុន​សិន៖ «ដើម្បី​ធ្វើ​សកម្មភាព​លុះ​ត្រា​តែ​មាន​ផែនការ​ការងារ​ច្បាស់លាស់។ យើង​ក៏​មិន​បាន​ដឹង​ថា គាត់​មក​ជួប​ដែរ។ ខ្ញុំ​បាន​សួរ​មន្ទីរ​ជំនាញ គេ​ថា អត់​បាន​ណាត់​ជួប​ពួក​គាត់​ទេ។ ខ្ញុំ​សូម​អធ្យាស្រ័យ​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច ស្រុក/ខេត្ត​គាំទ្រ​ទាំង​ស្រុង​ការងារ​ចុះ​បញ្ជី​ដី​ជនជាតិ​ដើម​ភាគ​តិច និង​ចូលរួម​ធ្វើ​ជាមួយ​គ្នា»

នេះពុំមែនជាលើកទីមួយ​ទេ ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង រឹតត្បិត​អ្នក​ខាង​ក្រៅ និង​ជន​ជាតិ​ដើម​ភាគ​តិច​មិន​ឲ្យ​ចេញ​ចូល​តំបន់​នោះ ក្រោម​លេស​ថា ការពារ​សុវត្ថិភាព និង​សន្តិសុខ។ កាល​ពី​ចុង​ឆ្នាំ ២០១៧ កន្លង​ទៅ សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង បាន​រារាំង​ក្រុម​ភ្លេង​ជន​ជាតិ​ដើម​ភាគ​តិច ១៦នាក់ មិន​ឲ្យ​ចួល​ឃុំ​ក្បាល​រមាស ដើម្បី​សម្តែង​សិល្បៈ។ លើស​ពី​នេះ សមត្ថកិច្ច​ធ្លាប់​ឆែកឆេរ​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​ពលរដ្ឋ នៅ​គ្រា​ដែល​ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​បិទ​ទ្វារ​ទឹក​ពន្លិច​ភូមិ។

អ្នក​នាំពាក្យ​សមាគម អាដហុក (ADHOC) លោក សឹង សែនករុណា ចាត់​ទុក​ការ​រារាំង​នេះ​ថា ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​បើក​ទូលាយ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ជូន​ពលរដ្ឋ ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​នានា។ លោក​ពន្យល់​ថា សង្គម​ប្រជាធិបតេយ្យ បើ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​លើ​ការ​ដោះ​ស្រាយ​អ្វី​មួយ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បែប​នេះ ពលរដ្ឋ​អាច​មាន​សិទ្ធិ​តវ៉ា ប៉ុន្តែ​បើ​អាជ្ញាធរ​រារាំង​ពួក​គាត់​មិន​ឲ្យ​តវ៉ា​ដោយ​សន្តិវិធី គឺ​ជា​ការ​គំរាមកំហែង​លើ​សិទ្ធិ​សេរីភាព​បំពាន​ច្បាប់៖ «សេរីភាព​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ កាល​ណា​គាត់​មិន​ពេញ​ចិត្ត គាត់​មាន​សិទ្ធិ​ដើរ​ហើរ និង​ទាមទារ​តវ៉ា​ស្រប​តាម​ច្បាប់។ បើ​ជន​ណា​រារាំង គឺ​ជា​ការ​គំរាម​កំហែង​សិទ្ធិ​ពលរដ្ឋ»

មកទល់ពេលនេះ ពលរដ្ឋរស់​នៅ​ឃុំ​ក្បាល​រមាស ៥៧គ្រួសារ និង​ឃុំ​ស្រែគ ៤៥គ្រួសារ រាប់​បញ្ចូល​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ​ផង នៅ​មិន​ទាន់​យល់​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅ​ឡើយ។ អំឡុង​ខែកញ្ញា​កន្លង​ទៅ​មាន​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគ ៥គ្រួសារ​ថ្មី​ទៀត សម្រេច​ចិត្ត​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន និង​បាន​ទៅ​តាំង​ទីលំនៅ​ថ្មី ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​ផ្អែក​តាម​គោល​នយោបាយ​សំណង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment