អ្នកឃ្លាំមើល​សង្គម៖ ការ​បន្ថែម​អ្នក​វិនិយោគ​ចិន​នៅ​កម្ពុជា មាន​​គុណ​វិបត្តិ​ច្រើន​ជាង​គុណ​សម្បត្តិ

ដោយ សុ ជីវី
2018-09-25
RFA

ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។ Photo: RFA
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។ Photo: RFA


អ្នកឃ្លាំមើលបញ្ហាសង្គមសង្កេតឃើញថា ការបន្ថែមជនជាតិចិនរាប់ម៉ឺន​នាក់មកវិនិយោគនៅប្រទេស​កម្ពុជា​​បន្ថែម​ទៀត​នឹង​បង្ក​ឲ្យ​​មាន​​គុណវិបត្តិ ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ជាង​គុណ​សម្បត្តិ​ដល់​ពលរដ្ឋ។ ប្រតិកម្ម​បែប​នេះ គឺ​ខណៈរបបលោក ហ៊ុន សែន យល់ព្រមឲ្យជនជាតិចំនួនប្រាំម៉ឺននាក់ទៀតមករក​ស៊ីនៅ​កម្ពុជា ដែល​ពួក​គេ​ទាំង​នោះ​នឹង​ត្រូវ​មក​ដល់​កម្ពុជា​នៅ​ចុង​ឆ្នាំ២០១៨ នេះ។

បើទោះមន្រ្តីនៃរបបលោក ហ៊ុន សែន គ្រប់​ផ្នែក​អះអាង​ថា អ្នក​វិនិយោគ​ចិន​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​ស្ទុះ​ឡើង​នា​ពេល​ខាង​មុខ​នេះ​ក្តី ប៉ុន្តែ​អ្នក​ឃ្លាំមើល​សង្គម​មិន​ទាន់​បាន​ឯកភាព​លើ​ការ​លើក​ឡើង​នេះ​ទាំង​ស្រុង​នោះ​ទេ។ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​យល់​ថា ការ​បន្ថែម​អ្នក​វិនិយោគ​ចិន​ច្រើន​ម៉ឺន​នាក់​បន្ថែម​ទៀត គឺ​បង្ហាញ​ថា ស្មើ​នឹង​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​ទៅ​លើ​ការ​វិនិយោគ​របស់​ចិន។ ដូច្នេះ បើ​សេដ្ឋកិច្ច​ចិន​មាន​បញ្ហា​អ្វី​មួយ កម្ពុជា​ក៏​នឹង​រង​គ្រោះ​នោះ​ដែរ។

ការលើកឡើងពីអ្នកឃ្លាំមើល​បញ្ហា​សង្គម​ពេល​នេះ គឺ​ខណៈ​ជន​ជាតិ​ចិន​សម្រុក​មក​កម្ពុជា​ដូច​ទឹក​បាក់​ទំនប់ ដែល​នឹង​កើន​ដល់​ជាង ២១ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៨ នេះ។ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សុខ ផល បាន​និយាយ​កាល​ពី​ថ្ងៃ​ទី១៣ កញ្ញា​ថា ចំនួន​ជនជាតិ​ចិន​មក​ប្រទេស​កម្ពុជា​ស្នាក់​នៅ និង​រកស៊ី​កើន​ឡើង​ជា​បន្ត​បន្ទាប់​ចាប់​ពី​ឆ្នាំ២១០៧ មក។ ទោះ​មន្រ្តី​រូប​នេះ​អះអាង​ពី​ចំនួន​ដ៏​ច្រើន​របស់​ជន​ជាតិ​ចិន​បែប​នេះ​ក្តី លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជន​ជាតិ​ចិន ដែល​​ចូល​កម្ពុជា​ច្រើន​ជាង គឺ​ខេត្ត​ព្រះសីហនុ​មាន​ជាង ១០ម៉ឺន​នាក់ ប៉ុន្តែ​ក្នុង​នោះ​មាន​តែ​ចិន​ជាង​ពីរ​ម៉ឺន​នាក់​ប៉ុណ្ណោះ មាន​ប័ណ្ណ​ការងារ​ត្រឹម​ត្រូវ។

លោក​ក៏​ត្រូវ​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ដក​ស្រង់​សម្តី​ថា នៅ​ចុង​ឆ្នាំ២០១៨ ខាង​មុខ​នេះ​នឹង​មាន​ជន​ជាតិ​ចិន​ជាង​ប្រាំម៉ឺន​នាក់​បន្ថែម​ទៀត ចូល​មក​ប្រទេស​កម្ពុជា ដែល​មាន​ពួក​គេ​ទៅ​រស់​នៅ និង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​គោលដៅ​មួយ​ចំនួន​ដូចជា ខេត្ត​ព្រះសីហនុ កំពង់ចាម និង​ខេត្ត​សៀមរាប​ជា​ដើម។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា គ្រាន់​តែ​ចិន​នៅ​ខេត្ត​ព្រះ​សីហនុ​មួយ កំពុង​បង្ក​បញ្ហា​ដល់​អាជ្ញាធរ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក រួម​ទាំង​ជន​បរទេស​ផ្សេង​ទៀត។ ដូច្នេះ លោក​យល់​ថា របប​លោក ហ៊ុន សែន គួរ​សម្អាត​អ្នក​វិនិយោគ​ចិន​មិន​ល្អ ដើម្បី​ចៀសវាង​ការ​បង្ក​បញ្ហា​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក។ លោក​បន្ត​ទៀត​ថា ដើម្បី​បង្ការ​ព្យុះ​ភ្លៀង ដែល​បង្ក​ដោយ​អ្នក​វិនិយោគ​ចិន​ទាំង​នោះ គឺ​មាន​តែ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធិភាព៖ «នៅ​ពេល​គុណ​សម្បត្តិ និង​គុណ​វិបត្ត​ដើរ​ទន្ទឹម​គ្នា​ដូច្នេះ ផល​ប៉ះ​ពាល់​ពលរដ្ឋ​ម្ចាស់​ស្រុក​ពិត​ជា​កើត​មាន»

កាលពីដើមឆ្នាំ២០១៨ អភិបាលខេត្ត​ព្រះ​សីហនុ លោក យន្ត ម៉ីន បាន​ផ្ញើ​របាយការណ៍​ជូន​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដោយ​រៀបរាប់​ពី​ផល​ប៉ះពាល់​នៃ​កំណើន​ជន​ជាតិ​ចិន​នៅ​ក្នុង​ខេត្ត​នេះ។ ក្នុង​របាយការណ៍​នោះ លោក យន្ដ មីន បញ្ជាក់​​ថា កំណើន​ជន​បរទេស ជា​ពិសេស​ជន​ជាតិ​ចិន ដែល​មាន​ច្រើន​ជាង​គេ​នោះ កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​រួមមាន ការ​បង្ក​ឱកាស​ដល់​ជន​ជាតិ​ចិន​ជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទ​ល្មើស បង្ក​អសន្ដិសុខ និង​ចាប់​ជម្រិត អ្នក​វិនិយោគ​ខ្លះ​ទៀត បាន​ជួល​ផ្ដាច់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​មួយ​ចំនួន​ធំ ដែល​ធ្វើ​ឲ្យ​ការ​ផ្ដល់​សេវា​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ការ​ខ្វះ​ខាត​នៅ​ពេល​បុណ្យ​ទាន។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ឲ្យ​អាស៊ី​សេរី​ដឹង​ថា រាល់​ការ​អភិវឌ្ឈន៍​អ្វី​មួយ​តែង​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ ប៉ុន្តែ​លោក​យល់​ថា ការ​វិនិយោគ​របស់​ចិន​នៅ​ខេត្ត​ព្រះ​សីហនុ មាន​គុណ​សម្បត្តិ​ច្រើន​ជាង​គុណវិបត្តិ។ អភិបាល​ខេត្ត​រូប​នេះ អះអាង​ថា សព្វថ្ងៃ​នេះ​អាជ្ញាធរ​ខេត្ត​កំពុង​ពង្រឹង​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍៖ «យើង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​មិន​ថា​តែ​ចិន​ទេ មិន​ថា​អាមេរិកកាំង បារាំង​អី​ទេ ឲ្យ​តែ​មក​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​តែ​អនុវត្ត​ច្បាប់​គ្រប់​គ្នា»

លោក Sam Parker និង​លោកស្រី Gabrielle Chefitz ដែល​បាន​រៀន​ចប់​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ ហាវើត ខិននេឌី (Harvard Kennedy School) និង​ជា​អ្នក​សរសេរ​របាយការណ៍ បាន​ព្រមាន​ប្រទេស​ទាំង​អស់ ដែល​ទទួល​ជំនួយ​ពី​ចិន ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​នៃ​អន្ទាក់​បំណុល​ចិន ដែល​អ្នក​ទាំង​ពីរ​ហៅ​ថា “កិច្ចការ​ការទូត​អន្ទាក់​បំណុល”។

ប៉ុន្តែអ្នកនាំពាក្យរបប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន អះអាង​ថា ការ​ជំពាក់​បំណុល​ចិន គឺ​កម្ពុជា​ស្ថិត​ក្នុង​លទ្ធភាព​ដែល​អាច​គ្រប់គ្រង​បាន​មិន​វ័ណ្ឌ​ក​ទេ។

ទោះ​ជា​យ៉ាង​ណា អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោកបណ្ឌិត មាស នី សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​របប​លោក ហ៊ុន សែន មិន​សូវ​មាន​ទំនាក់ទំទង​ជាមួយ​ក្រុម​ប្រទេស​សេរី​មក របប​ក្រុង​ភ្នំពេញ​ហាក់​មាន​ភាព​តក់ក្រហល់​ក្នុង​ការ​ទទួល​អ្នក​វិនិយោគ​ចិន។ អ្នក​សិក្សា​ការ​អភិវឌ្ឈ​សេដ្ឋកិច្ច​រូប​នេះ​រម្លឹក​ថា ការ​វិនិយោគ​បែប​នេះ គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ បើ​ធៀប​ទៅ​នឹង​ការ​វិនិយោគ​មាន​ប្រទេស​ច្រើន​ចូលរួម៖ «ឧបមាថា បើ​ចិន​ជួប​វិបត្តិ​សេដ្ឋកិច្ច​អ្វី​មួយ គឺ​ប្រទេស​យើង​ជួប​វិបត្តិ​មុន​គេ មួយ​ទៀត អ្នក​វិនិយោគ​ចិន​មិន​សូវ​គិតគូរ​អំពី​ផល​ប៉ះពាល់​របស់​ពលរដ្ឋ​ទេ»

សម្រាប់​កម្ពុជា ប្រទេស​ស្រី​លង្កា​មិន​មាន​លុយ​សង​ប្រទេស​ចិន ក៏​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​ប្រទេស​នោះ ត្រូវ​ប្រគល់​ទឹក​ដី​នៅ​តាម​ឆ្នេរ​សមុទ្រ​ឲ្យ​ប្រទេស​ចិន​គ្រប់គ្រង​កំពង់​ផែ តាម​រូបភាព​សម្បទាន​រយៈ​ពេល ៩៩ឆ្នាំ។ ចំណែក​ដើម​របប​លោក ហ៊ុន សែន វិញ បាន​ជួល​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ឲ្យ​ចិន​ក្នុង​រយៈ​ពេល ៥០ឆ្នាំ។ កំពង់ផែ​នេះ​មាន​ផ្ទៃ​ដី ១០​ហិកតារ និង​ចម្ងាយ ៤គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដែល​ក្រុម​ចិន​ជួល ដើម្បី​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។ ប៉ុន្តែ​តម្លៃ​នៃ​ការ​ជួល​កំពង់ផែ​នេះ​មិន​ទាន់​មាន​ការ​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ។ អ្នក​វិភាគ​គោល​នយោបាយ​ការ​បរទេស បណ្ឌិត អៀ សុផល កត់​សម្គាល់​ថា កម្ពុជា​ជំពាក់​បំណុល​ចិន​សរុប​ដល់​ទៅ ៤,៣ពាន់​លាន​ដុល្លារ ឬ​ស្មើ​នឹង​ជាង ២០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​កម្ពុជា ដែល​នេះ គឺ​ជា​ចំនួន​ដ៏​ច្រើន​លើសលុប ដែល​កម្ពុជា​ជំពាក់​ម្ចាស់​បំណុល​តែ​មួយ គឺ​មហា​អំណាច​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment