អ្នក​ការទូត​អាមេរិក​ប្រាប់​កម្ពុជា​ឱ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​រាប់​មិត្ត​ជាមួយ​ចិន​​កុម្មុយនីស្ត

នយោបាយ


លោក Michael Newbill ភារធារី​នៃ​ស្ថាន​ទូត​អាមេរិក​ប្រចាំនៅកម្ពុជា​ថ្លែងនៅក្នុង “សន្និសីទតំបន់ស្តីពីយុទ្ធសាស្រ្តនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ដែលបានរៀបចំឡើងដោយ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​ និង​សន្តិភាព (CICP) នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨។ (រូបថតពីគេហទំព័ររបស់ស្ថានទូតអាមេរិកប្រចាំនៅ​កម្ពុជា)


25 កញ្ញា 2018
អូន ឆេងប៉រ
វីអូអេខ្មែរ

ខណៈ​ដែល​ទំនាក់​ទំនង​កម្ពុជា​ចិន ​កំពុង​តែ​ល្អូក​ល្អឺន ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ក្រើន​រំឭក​ដល់​កម្ពុជា​ឱ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​និង​ពិចារណា​ឱ្យ​ល្អិត​ល្អន់​ ស្ដាប់​មតិ​ពលរដ្ឋ ​នៅ​ក្នុង​ការ​រាប់​អាន​ប្រទេស​ចិន​ជា​មិត្ត ​ហើយ​ក៏​បាន​ព្រមាន​ផង​ដែរ​អំពី​ឧទាហរណ៍​នៃ​អន្ទាក់​បំណុល​ដែល​ប្រទេស​មួយ​ចំនួន​រង​គ្រោះ។

ខណៈ​ដែល​ទំនាក់​ទំនង​កម្ពុជា​ចិន​ ​មាន​ភាព​ជិតស្និទ្ធ​កាន់តែ​ខ្លាំង​ជាង​មុន​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ​ក្នុង​នៅ​ប្រទេស​កម្ពុជា​ រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​ ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​ស្ថាន​ទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​បានព្រមាន​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថា ​កម្ពុជា​គួរ​ណាស់​តែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ជឿ​ទុកចិត្ត​លើ​ប្រទេស​ចិន​កុម្មុយនីស្ត។​

ក្នុង​ សិក្ខា​សាលា​មួយ​នៅ​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន​ ​ដែល​មាន​ការ​ជជែក​ពិភាក្សា​អំពី​ខ្លឹមសារ​នៃ​គំនិត​ផ្ដួច​ផ្ដើម​ភូមិសាស្ត្រ​នយោបាយ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ ​ឬ​ដែល​គេ​ស្គាល់​ថា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ​លោក​ ​Michael Newbill​ ​ភារធារី​នៃ​ស្ថាន​ទូត​អាមេរិក​ ​បាន​លើក​ឡើង​ជាឧទាហរណ៍​ដែល​មាន​ស្រាប់​ ​នៅ​ប្រទេស​ស្រីលង្កា​ ​ជីប៊ូទី​ ​និង​កោះ​ម៉ាល់ឌីវ​ ​ដែល​លង់​ផុង​ខ្លួន​ក្នុង​គម្រោង​កម្ចី​ជាមួយ​ប្រទេស​ចិន​ ​ដែល​នៅ​ទី​បំផុត​គ្មាន​លទ្ធភាព​សង​ត្រឡប់។

​លោក​ភារធារី​រូប​នេះ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«បណ្ដា​មេ​ដឹកនាំ​របស់​ប្រទេស​កម្ពុជា​ត្រូវ​ចាំ​បាច់​ទទួល​ស្គាល់​នូវ​ហានិភ័យ​ក្នុង​ការ​ពឹង​ផ្អែក​តែ​ទៅ​លើ​ដៃ​គូ​តែ​មួយ​ ​ហើយនិង​លើ​ចំណុច​ថា​តើ​ប្រជាជន​របស់​ខ្លួន​នឹង​ទទួល​យក​បាន​ឬ​ទេ ​នូវ​ការ​ផ្លាស់​ប្ដូរ​ដ៏​ចម្បង​នៃ​ទិសដៅ​ដំណើរ​របស់​ប្រទេស»។

មន្ត្រី​លំដាប់​ទី​ពីរ​នៅ​ស្ថាន​ទូត​អាមេរិក​រូប​នេះ​បាន​បន្ត​សុន្ទរ​កថា​លោក​ ​ដោយ​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ ​ឱ្យ​បើក​ចំហរ​លំហរនយោបាយ​និង​សិទ្ធិ​សេរីភាព​ ​«សម្រាប់​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ចំណែក​ចូល​រួម​ជា​មតិ​យោបល់​ទៅ​លើ​អនាគត​ប្រទេស​របស់​ពួក​គេ»​ ​មុន​នឹង​លោក​បន្ត​នូវ​សំណូមពរ​ដល់​កម្ពុជា​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​ប្រទេស​ចិន។​

​លោក​ ​Michael ​Newbill​ ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«ការ​វិនិយោគ​របស់​ចិន​អាចនិយាយថា​បាន​ថា​ផ្ដល់​នូវ​សារៈ​ប្រយោជន៍​ ​តែ​កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ត្រូវ​ការ​ចាំ​បាច់​នូវ​ការ​ត្រួត​ពិនិត្យ​ពិច័យ ​និង​ការ​ណែ​នាំ​ឱ្យ​បាន​ដិត​ដល់​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ផល​ប្រយោជន៍​នឹង​បានទៅ​ដល់ប្រទេស​ទាំង​មូល ​មិន​មែនបាន​តែ​អ្នក​សរសេរ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ។​ ​តម្លាភាព​មាន​គុណ​តម្លៃ​ខ្លាំង​ណាស់​ក្នុង​ការ​រក្សា​អធិបតេយ្យភាព»។​

​មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​ថ្លែង​បន្ត​យ៉ាង​ដូច្នេះ​ទៀត​ថា៖​

«បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​ក្នុង​ពេល​ដ៏​យូរ​លង់​ណាស់​មក​ហើយ​ ​ដើម្បី​រក្សា​សេរីភាព​និង​ឯករាជ្យ​ភាព​របស់​ខ្លួន​ ​ហើយ​បណ្ដា​ប្រទេស​ទាំង​នោះ​មិន​អនុញ្ញាត​ដាច់ខាត​ ​ក្នុង​ការ​ដាក់​លក់​អធិបតេយ្យ​ភាព​របស់​ខ្លួន​ទោះក្នុង​តម្លៃ​ណា​ក៏​ដោយ»។​

​ការ​ថ្លែង​របស់​អ្នក​ការ​ទូត​អាមេរិក​នេះ​ធ្វើ​ឡើង​ខណៈ​ប្រទេស​ចិន​បាន​គាំទ្រ​កម្ពុជា​យ៉ាង​ពេញ​ទំហឹង​ ​ក្នុង​បរិបទ​នៃ​ការ​ចាត់​វិធាន​ការ​ច្បាប់​ដាក់​គោល​ដៅ​លើ​អ្នក​រិះ​គន់ ​និង​ក្រុម​គណបក្ស​ជំទាស់​ ​ដែល​កើត​មាន​មុន​ការ​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដែល​បាន​ក្រសោប​អសនៈ​ទាំង​អស់​១២៥​ ​នៅក្នុង​រដ្ឋ​សភា។​

​ទីក្រុង​ប៉េកាំង​បាន​សម្ដែង​ការ​យល់​ស្រប​នឹង​ទីក្រុង​ភ្នំពេញ​ ​ដែល​ថា​ការ​ចាត់​វិធាន​ការ​ច្បាប់​លើ​អ្នក​ជំទាស់​មុន​ការ​បោះ​ឆ្នោត មាន​សារៈ​សំខាន់​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ផ្ទៃ​ក្នុង ​និង​ស្ថិរភាព​នៅ​ប្រទេស​កម្ពុជា​ ​ដែល​បាន​ទទួល​ទុន​វិនិយោគ​ផ្ទាល់​ពី​ចិន​ដី​គោក​ប្រមាណ​ ​៥,៣​ពាន់លាន​ដុល្លារ ​ចន្លោះ​ពី​ឆ្នាំ​២០១៣​មក​ឆ្នាំ​២០១៧។​

​សំណូមពរ​របស់​អ្នក​ការ​ទូត​អាមេរិកាំង​ក៏​ធ្វើ​ឡើង​នៅ​ចំ​កណ្ដាល​ចំណុច​រំពុះ​នៃ​ព្រឹត្តិការណ៍​ជម្លោះ​ពាណិជ្ជកម្ម​រវាងចិន​និង​អាមេរិក ​ដែល​បាន​លើក​រនាំង​ពន្ធ​គយ​ដាក់​ទំនិញ​នាំ​ចូល​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ បង្ក​ជា​ភាព​តាន​តឹង​កម្រិត​សាកល​ ហើយ​ដែល​បណ្ដា​ប្រទេស​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់​បាន​សម្ដែង​ក្ដី​មន្ទិល​សង្ស័យ​អំពី​ចេតនា​របស់​ចិន​ ក្នុង​គំនិត​ផ្ដួច​ផ្ដើមផ្លូវ​និង​ខ្សែក្រវ៉ាត់​ (Belt ​and Road Initiative)​ ​ក្នុង​ការ​ពង្រីក​មាគ៌ា​ពាណិជ្ជកម្ម​បុរាណ​ផ្លូវ​សូត្រ​និង​ផ្លូវ​សូត្រ​សមុទ្រ។​

​ប្រទេស​ម៉ាឡេស៊ី ​ដែល​ទើប​នឹង​ទទួល​ការ​វិល​ត្រឡប់​មក​ចូល​កាន់​អំណាច​វិញ​នៃ​បុរស​ខ្លាំង Mahathir Mohamad​ ​ជា​នាយក​រដ្ឋ​មន្ត្រី ​បាន​សម្រេច​ប្រកាស​ចរចា ​និង​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​គម្រោង​ហិរញ្ញប្បទាន​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ទុន​វិនិយោគ​អភិវឌ្ឍន៍​តម្លៃ​សរុប​ប្រមាណ ​៤០ពាន់​លាន​ដុល្លារ ​ជាមួយ​ប្រទេស​ចិន​ ដែល​ត្រូវ​បាន​អនុម័ត​យល់​ព្រម​ដោយ​រដ្ឋា​ភិបាល​លោក​ ​Najib Razak​ ​ដែល​ធ្លាក់​ពី​ដំណែង​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​ឧសភា។​

​ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​វិញ​ ជំហរ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម ​និង​របៀប​វារៈ​ថ្នាក់​តំបន់​របស់​ចិន​នៅ​ក្នុង​តំបន់​នៅ​តែ​មាន​សភាព​ក្លៀវក្លា។​

​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​មួយ​ទៅ​កាន់​ប្រទេស​ចិន ​ដែល​ជា​ដំណើរ​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​ក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មីនា​ដើម​ខែ​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​និយាយ​ធានា​ប្រាប់​វិនិយោគិន​ចិន​ថា ​រដ្ឋាភិបាល​របស់​លោក​នឹង​នៅ​បន្ត​ការពារ​ផល​ប្រយោជន៍​នៃ​ការ​វិនិយោគ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​បន្ត​ទៅ​ទៀត។​

​បើ​ទោះ​ជា​សម្ដែង​នូវ​សំណូម​ពរ​ដល់​កម្ពុជា​ឱ្យ​សម្គាល់​ឥរិយាបថ​របស់​ប្រទេស​ចិន ​និង​បើ​ទោះ​ជា​ស្ថាន​ភាព​ទំនាក់​ទំនង​ខ្មែរ​-អាមេរិកាំង​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​បញ្ចប់​សង្គ្រាម​ត្រជាក់​មក​យ៉ាង​ណា​ក្ដី ​លោក​ភារធារី ​Michael Newbill ​នៅ​តែ​បង្ហាញ​ក្ដី​សង្ឃឹម​ថា ​សហរដ្ឋ​អាមេរិក ​«នឹង​បន្ត​ជា​មិត្ត ​និង​ជា​ដៃ​គូ​ជាមួយ​នឹង​ប្រជាជន​កម្ពុជា ក្នុង​បុព្វ​ហេតុ​ថែរក្សា​សេរីភាព ​និង​ឯករាជ្យ​ភាព​របស់​ពួក​គេ»។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ​ដាក់​ដោយ​សេតវិមាន​ និង​រដ្ឋ​សភា​អាមេរិក​ ​ដែល​បាន​ព្រាង​ច្បាប់​មួយ​ដាក់​រូប​លោក ​និង​មន្ត្រី​ជំនិត​ជាន់​ខ្ពស់​១៧រូប​របស់​លោក​ ​ក្នុង​បញ្ជី​ស្នើ​ឱ្យ​ទទួល​ទណ្ឌកម្ម​យ៉ាង​ណា​ក្ដី ​នឹង​ទៅ​ដល់​បុរី​ញូវយ៉ក​នា​សប្ដាហ៍​នេះ​ ​ដើម្បី​ចូល​រួម​អង្គ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។ ​លោក​ ​ប្រាក់ សុខុន​ ​ដែល​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​លោក​ ​ក៏​ត្រូវ​បាន​ប្រកាស​ថា​ ​នឹង​ជួប​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ផង​ដែរ។​

​ក្នុង​ខែ​នេះ​ដែរ​ ​លោក​ ​ជុំ សុន្ទរី​ ​អតីត​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ​ ​បាន​ចូល​ជួប​លោក Donald Trump​ ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ​ដើម្បី​បង្ហាញ​សារ​តាំង​ ​ក្លាយ​ជា​ឯក​អគ្គរាជ​ទូត​ថ្មី​របស់​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ ស្ថាន​ទូត​ចិន​នៅ​ភ្នំពេញ​ ​មិនបាន​ធ្វើ​សេចក្ដី​អធិប្បាយ​អ្វី​ឡើយ​ ​ក្នុង​ការឆ្លើយឆ្លង​ទៅ​នឹង​សំណើ​តាម​សារ​អេឡិច​ត្រូនិក​របស់​ ​VOA​ ​ដើម្បី​សុំ​ការ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ស្ថាន​ទូត​អាមេរិក​ខាងលើ។​

​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យរាជរដ្ឋា​ភិបាលកម្ពុជា​ បាននិយាយថារដ្ឋ​អំណាច ​កម្ពុជា​មាន​គោល​ការណ៍​ក្នុង​ការ​ការពារមិន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថាន​ការណ៍​ដែល​ខ្ចី​បំណុល​មិន​អាច​សង​បាន​នោះ​ទេ​ ហើយ​ថា​បរិយាយ​របស់​លោក​ភារធារី​ស្ថាន​ទូត​អាមេរិក​គ្រាន់​តែ​ជា​ការ​ទាញ​ចំណាប់​អារម្មណ៍​ពី​ ​«ការ​ធ្វើ​ឱ្យ​ឯកោ​ខ្លួន​ឯង»​ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ទំនាក់​ទំនង​សេដ្ឋកិច្ច​សកល ​ដោយ​រដ្ឋ​ការ​លោក​ ​Donald Trump​ ​ពី​ពហុ​ភាគី​និយម​ ​មក​ទ្វេ​ភាគី​និយម​តែ​ប៉ុណ្ណោះ។​

«ហើយ​សម្រាប់​កម្ពុជា ​យើង​ប្រយ័ត្ន​ប្រយែង។​ គឺ​បំណុល​ទាំង​នោះ​ស្ថិត​ក្នុង​លទ្ធភាព​ដែល​យើង​អាច​សង​បាន។​ ​យើង​មិន​ឱ្យ​បំណុល​ទាំង​នោះ​ក្លាយ​ជា​ឥទ្ធិពល​នយោបាយ​លើ​កម្ពុជា​នោះ​ទេ។ ​ព្រោះ​រាជ​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ដាច់​ខាត​មិន​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​តំបន់​ភូមិ​សាស្ត្រ​នយោបាយ»។​

​គួរ​រំឭក​ផង​ដែរ​ថា​ ឆ្នាំ​២០១៨​នេះ​ គឺ​ជា​ខួប​គំរប់​៦០​ឆ្នាំ ​នៃ​ទំនាក់​ទំនង​ខ្មែរ​ចិន​ ដែល​បាន​ចាប់​ផ្ដើម​តាំង​តែ​ឆ្នាំ​១៩៥៨​មក​ ក្រោម​ការ​ត្រួស​ត្រាយ​ផ្លូវ​ដោយ ​ព្រះបាទ​ នរោត្តម​ សីហនុ​ និង​អតីត​មេដឹកនាំ​ចិន ​លោក ​Zhou ​Enlai៕

What Next?

Recent Articles

2 Responses to "អ្នក​ការទូត​អាមេរិក​ប្រាប់​កម្ពុជា​ឱ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​រាប់​មិត្ត​ជាមួយ​ចិន​​កុម្មុយនីស្ត"

  1. Anonymous says:

    Yep’ you are right mr new bill ‘ cambodia is the country that have too many communist brain-washed leaders since decade 60 (communist king si hak nouk) and leaded to disaster ‘ killing 3 million khmer people and keep losing every day ‘land, cultural etc . Now cambodia still leaded by former veitcong communist killer and his groups’ and been rip off by communist china and veitname ‘so theses former communist killers never learn about the past because theses dumb brain-washed are the puppet of veitcong since they living in forest Marky and they still rule as the communist and cheated all international and khmer people ‘ they said they are democracy but the fact they waering democracy and they rule like mafia style ‘ they can do anything they wanted and they said law’law but mafia law’ ‘they will be suffer till go to hell like communist king si hak nouk ‘

  2. Anonymous says:

    as a Cambodian born I firmly again whit HUN SEN copping whit communist CHINA . I knew this jungle communist brain head will never change his attitude and get away from communist. too bad so sad this poor nation have to rising up and kicking communist CHINA and Vietnam out of Cambodia. also Cambodian have to kick HUN SEN out of powers to save their own nation. I knew HUN SEN can not survive in this fake election of his six term . world community is not accepting this leader that come out from un fair election. that all mean no more support from the free nation around the world the only a few communist nation that support HUN SEN. even those CHINA still support HUN SEN but this giant communist will not let HUN SEN landing more money because under international law if any country landing money to the other nation that not a legitimacy government those money will not pay back by those nation. so in order for HUN SEN can landing money from the other country is >> he has to be a legitimate Government that mean elect by Cambodia and the world community accepting him . we Cambodian seeing this election was not free and fair as well as world community seeing it. if CHINA still support HUN SEN that mean this country own by CHINA and have to do every thing that CHINA want HUN SEN to do. this is a every important for every Cambodian HUN SEN is over he can not run his government without money . CHINA have to buy out Cambodia to get HUN SEN going again I do not think CHINA that stupid . GOD bless Cambodia

Leave a Reply

Submit Comment