អ្នកវិភាគ​ថា ទីប្រឹក្សា​របស់​ប្រធាន​រដ្ឋសភា​មាន​ចំនួន​ច្រើន​និង​គ្មាន​គុណភាព

សេក បណ្ឌិត
2018-09-30
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន លោក ហ្សុង បូ (Xiong Bo) (ឆ្វេង) ជួប​សម្ដែង​ការ​គួរសម​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន លោក ហ្សុង បូ (Xiong Bo) (ឆ្វេង) ជួប​សម្ដែង​ការ​គួរសម​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev


អ្នកវិភាគ និង​ក្រុម​អ្នក​តាមដាន​សង្គម នៅតែ​អះអាង​ថា ទីប្រឹក្សា និង​ជំនួយការ​របស់​ប្រធាន​រដ្ឋសភា​ឯកបក្ស អាណត្តិ​ថ្មី មាន​ចំនួន​ច្រើន និង​មិន​មាន​គុណភាព ដូចគ្នា​នឹង​ទីប្រឹក្សា​ផ្ទាល់ លោក ហ៊ុន សែន និង​ទីប្រឹក្សា​របប​ក្រុងភ្នំពេញ​ទាំងមូល​ដែរ។

ក្រុម​អ្នក​តាមដាន​សង្គម ផ្ដល់​យោបល់​ថា របប​ក្រុងភ្នំពេញ គួរតែ​កាត់បន្ថយ​ចំនួន​ទីប្រឹក្សា តាមរយៈ​ការ​ចម្រាញ់​យក​មនុស្ស ដែល​មាន​ជំនាញ​ពិតប្រាកដ ជាជាង​ការ​ផ្ដល់​តំណែង​ឲ្យ​ដើម្បី​គ្រាន់តែ​ប្រមូល​ទុក​មនុស្ស ឬ​ដើម្បី​ជា​ការ​តបស្នង​ដែល​បាន​ខិតខំ​បម្រើ​បក្ស។

ក្រុម​អ្នក​តាមដាន​សង្គម សង្កេត​ឃើញ ផល​អវិជ្ជមាន ច្រើនជាង​ផល​វិជ្ជមាន ជុំវិញ​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ សម្រាប់​មុខតំណែង​ទីប្រឹក្សា និង​ជំនួយការ​ជិត​៥០​នាក់ របស់​ប្រធានរដ្ឋសភា​ឯកបក្ស អាណត្តិ​ថ្មី។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត មាស នី ពន្យល់​ថា ជាទូទៅ ការ​ធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​នានា គឺ​គេ ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​តម្រូវការ​ជាក់ស្ដែង និង​សមត្ថភាព​បុគ្គល​របស់​ទីប្រឹក្សា និង​ជំនួយការ ជាមុន​សិន និង​ត្រូវ​បង្ហាញ ជា​សាធារណៈ​ពី​តួនាទី ទទួលខុសត្រូវ​របស់​បុគ្គល ទើប​សម្រេចចិត្ត​ជ្រើស​យក​ធ្វើជា​ទីប្រឹក្សា​របស់​ស្ថាប័នរដ្ឋ។ ប៉ុន្តែ សម្រាប់​កំណែទម្រង់​របស់​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​វិញ មាន​វប្បធម៌​ខុស​ពី​ប្រទេស​ប្រជាធិបតេយ្យ គឺ​តែងតាំង​ទីប្រឹក្សា ឬ បង្កើត​ស្ថាប័ន ដើម្បី​ផ្ដល់​តំណែង​ឲ្យ សម្រាប់ ប្រមូល​យក​ចំនួន​មនុស្ស ឲ្យ​នៅ​ជាប់​ជាមួយ​គណបក្ស​កាន់អំណាច។

លោក​បណ្ឌិត មាស នី អះអាង​ថា ការ​ធ្វើ​កំណែ​ទម្រង់​បែបនេះ មិន​បាន​ប្រសិទ្ធភាព​ដល់​ប្រយោជន៍​ជាតិ​ទេ។ លោក​បណ្ឌិត ផ្ដល់​យោបល់​ថា របប​ក្រុងភ្នំពេញ រួម​ទាំង​ប្រធានរដ្ឋសភា គួរ​បង្ហាញ​ពី​គុណវុឌ្ឍិ និង​តួនាទី​របស់​ទីប្រឹក្សា​នីមួយៗ តាម​ជំនាញ​របស់​បុគ្គល​រៀងៗ​ខ្លួន ជា​សាធារណៈ៖ «ក្រៅពី​ចំនួន​ច្រើន​នេះ​ត្រូវ​បាន​គេ​ចោទសួរ​ថា​ទីប្រឹក្សា​ទាំងអស់​នោះ​ត្រូវ​បាន​គេ​យក​មកប្រើ​នោះ​សម្រាប់​វិស័យ​អ្វីខ្លះ ហើយ​តើ​អ្នក​ដែល​មាន​ឈ្មោះ នៅ​នឹង​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ត្រូវ​នឹង​ជាមួយ​តួនាទី​ដែល​ខ្លួនឯង​មាន​ត្រូវ​នឹង​តួនាទី​ដែល​ខ្លួនឯង​មាន​ដែរ​រឺទេ? ព្រោះ​យើង​ឃើញ​មាន​ឈ្មោះ​ខ្លះ​ដែល​នៅ​ក្នុង​នោះ មានឈ្មោះ​ខ្លះ​ដែរ ជា​មន្ត្រី​ជរា​មែនទែន​ទៅ​ហើយ​ជរា​ពិតប្រាកដ​មែន​មិនមែន​ស្ទើរតែ​មិនបាន បំពេញ​តួនាទី​ពេញ លក្ខណៈ​ដែល​គាត់​មាន​វ័យ​ជរា​ហើយ​មាន​ជំងឺ​ថែម​ទៀត​ផង​ដល់​កាលណា​យើង​មាន​ចំណុច​នេះ​មក​យើង​អាច​និយាយ​បាន​ថា ការ​ឲ្យ​តំណែង​តែងតាំង​នេះ​វា​មាន​លក្ខខណ្ឌ​ខ្លះ​គ្រាន់តែ​ជា​ការ​លើក​ទឹក​ចិត្ត​ជួយ​អោយ​មាន​ការងារ​ធ្វើ​កុំ​អោយ​បាក់​ទឹកចិត្ត​ជាពិសេស​មន្ត្រី​សំខាន់ៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នឹង បាទ»

លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្ដីទី និង​អនុប្រធាន​គណបក្ស​កាន់អំណាច កាលពី​ថ្ងៃ​ទី​២៧ កញ្ញា បាន​ចេញ​ព្រះរាជក្រឹត្យ​ជំនួស​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​ចំនួន​៤៦​នាក់ ឲ្យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដោយ​អះអាង​ថា ព្រះរាជក្រឹត្យ​នេះ ធ្វើតាម​សំណើ​របស់​លោក ហេង សំរិន។

នៅ​មុន​ពេល​តែងតាំង​ទីប្រឹក្សា​ឲ្យលោក ហេង សំរិន នោះ លោក សាយ ឈុំ និង​លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​ចេញ​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ តែងតាំង សមាជិក​បក្ស​កាន់អំណាច ជាង​៥០០​នាក់ រួចហើយ ដើម្បី​ឲ្យ​ធ្វើជា​ទីប្រឹក្សា ជំនួយការ ក្រុម​ពិធីការ ក្រុម​លេខា មន្ត្រី​ខុទ្ទកាល័យ ជាដើម របស់ លោក ហ៊ុន សែន និង​របស់​របប​ថ្មី លោក ហ៊ុន សែន។ ក្រៅពី​ទីប្រឹក្សា និង​ជំនួយការ ជាង​៥០០​នាក់​នេះ របប លោក ហ៊ុន សែន ក៏បាន​តែងតាំង​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​រយ​នាក់​ផ្សេងទៀត ធ្វើជា​មន្ត្រី​នយោបាយ តាម​ក្រសួង ស្ថាប័នរដ្ឋ ដែរ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ការងារ​របស់​ទីប្រឹក្សា​ប្រធានរដ្ឋសភា​ពី លោក ហេង សំរិន បានទេ នៅ​ថ្ងៃ​ទី​៣០ កញ្ញា ខណៈ​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​ថា លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​ជុំវិញ​ការងារ និង​តួនាទី​របស់​ទីប្រឹក្សា​ប្រធាន​រដ្ឋសភា បានទេ ដោយសារ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​របស់​លោក។ ប៉ុន្តែ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី​ថា ទីប្រឹក្សា​ទាំងនោះ ជា​តម្រូវ​ការចាំបាច់ និង​ជាក់ស្ដែង​សម្រាប់​របប​ក្រុងភ្នំពេញ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ថា តើ​តម្រូវការ​ជាក់ស្ដែង​នោះ​ជា​អ្វី​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល សង្កេត​ឃើញថា ទីប្រឹក្សា​ច្រើន មិនមែន​មាននៅ​តែ​ស្ថាប័ន​រដ្ឋសភា​ទេ ប៉ុន្តែ ជារួម​គ្រប់​ស្ថាប័ន​របស់​ជាតិ ដែល​ដឹកនាំ​ដោយ​របប​ក្រុងភ្នំពេញ ចំនួន​ទីប្រឹក្សា ហាក់​លើស​ពី​ទំហំ​ការងារ។ លោក ព្រាប កុល ចង់​ឃើញ ប្រធានរដ្ឋសភា ធ្វើការ​បែងចែក​តួនាទី ដោយមាន​តារាង​ការងារ​ច្បាស់លាស់ របស់​ទីប្រឹក្សា ដែល​ត្រូវ​នឹង​វិស័យ​ដែល​ពួកគេ​បន្ទុក ជួយ​កិច្ចការ​ប្រធានរដ្ឋសភា។ សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឲ្យ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ចម្រាញ់​យក​ទីប្រឹក្សា​ដែល​មាន​ជំនាញ​ច្បាស់លាស់ ហើយ​បង្វែរ​ថវិកាជាតិ​សម្រាប់​ទីប្រឹក្សា​ទាំងនោះ យក​ទៅ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​គ្រូបង្រៀន និង​ពង្រឹង​វិស័យ​សុខាភិបាល នៅ​កម្ពុជា ទើប​ជា​ការ​ល្អ​ព្រោះ​នៅ​ក្នុង​រដ្ឋសភា មាន​សមាជិក​១២៥​នាក់ សម្រាប់​ជួយ​ឃ្លាំមើល​ការងារ​របស់​នីតិ​បញ្ញត្តិ​រួច​ទៅ​ហើយ៖ «គាត់​គិតតែ​ទាមទារ​ឯកសារ ប៉ុន្តែ​ការទទួលខុសត្រូវ បើជា​ច្បាប់​យើង​មិន​គួរ​ដាក់​បែបនេះ​ទេ ព្រោះថា​យើង​ទុក​ឪ​កាស​ឲ្យ​ក្មេងៗ​ជំ​នាក់​ក្រោយ យើង​អាច អោយ​មាន​តួនាទី​ណា​ដែល​បណ្ដុះ​អោយ​យុវជន​ចេះដឹង​បាន​ហើយ កាល​អោយ​តំណែង តួនាទី នេះ មិន​គួរ​កើតមាន​លើ​យើង​ការ​មិន​អាសន្ន​​អ្វី​ផ្សេង​បាន​ក្រៅពី​នេះ​ទៀត​បាន​ទេ​បាទ»

បើទោះជា​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា របប​ក្រុងភ្នំពេញ​នៅតែ​មាន​ទំហំ​តូច និង​ចំនួន​ទីប្រឹក្សា​ច្រើន មិនមែន​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ ឥតប្រយោជន៍ ព្រោះ​របប​ក្រុងភ្នំពេញ មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់ ប៉ុនគ្នា លោក​បណ្ឌិត មាស នី សង្កេត​ឃើញ​ថា របប​ក្រុងភ្នំពេញ បាន​បង្កើន​ការខ្ចី​លុយ​ពី​របប​ក្រុង​ប៉េកាំង និង បង្កើន​ការ​យក​ពន្ធ​គ្រប់​វិស័យ រួម​ទាំង​បាន​ដំឡើង​ថ្លៃ​ប្រេងសាំង៕

What Next?

Recent Articles