ជំនឿពលរដ្ឋខ្មែរ ក្នុង​ពិធី​បោះ​បាយ​បិណ្ឌ​នា​រដូវ​កាន់​បិណ្ឌ

ដោយ ជាតិ ចំណាន
2018-10-02
RFA

ស្ត្រី​រូប​នេះ​កំពុង​រៀបចំ​ដាក់​​ចាន​ដាក់​បាយបិណ្ឌ។ រូប៖ AFP
ស្ត្រី​រូប​នេះ​កំពុង​រៀបចំ​ដាក់​​ចាន​ដាក់​បាយបិណ្ឌ។ រូប៖ AFP


ក្នុង​អំឡុង​ពេល​ពលរដ្ឋ​​ខខ្មែរ​ទូទាំង​ប្រទេស​កំពុង​ប្រារព្ធពិធី​បុណ្យ​កាន់​បិណ្ឌតាម​ទំ​នៀម​​ទម្លាប់ ពួក​គេ​តែងតែ​គ្នាក្រោកពីព្រឹក​ព្រហាម ដើម្បី​ទៅ​បាយ​បិណ្ឌ​ជុំវិញ​ព្រះវិហារ​នៅ​តាម​វត្ត​អារាម​នីមួយៗ។

តើ​ពិធី​បោះ​បាយ​បិណ្ឌ​មាន​ទិដ្ឋភាព និង​អត្ថន័យ​បែប​នេះ​ចំពោះ​ពលរដ្ឋ​ខ្មែរ?

ក្រុមពលរដ្ឋដែលទៅ​បោះ​បាយ​បិណ្ឌ នាំ​គ្នា​ក្រោក​តាំង​ម៉ោង១២ ឬម៉ោង ​២​ទៀប​ភ្លឺ ​ដើម្បី​រៀបចំ​ដាំ​បាយ​ដំណើប ធូប ទៀន ផ្លែឈើ និង​ទង់​ក្រពើ រួច​នាំ​យក​ទៅវត្ត។ យ៉ាង​យូរ​បំផុត​ត្រឹម​ម៉ោង ៤ទៀប​ភ្លឺ​ពេល​គេ បាន​ទៅ​ដល់​វត្ត។

ការបោះ​បាយបិណ្ឌនេះ ពលរដ្ឋខ្មែរ​មាន​ជំនឿ​ថា នឹង​បាន​ទៅ​ដល់​ញាតិសន្ដាន​ដែល​កើត​ទៅ​ជា​ប្រេត ដោយ​ប្រេត​ទាំង​នោះ​ខ្លាច​ពន្លឺ​ថ្ងៃ។ ដូច្នេះ​ហើយ​ទើប​ត្រូវ​បោះ​បាយ​បិណ្ឌ​ឲ្យ​បាន​មុន​ព្រះ​សូរិយា​រះ។ បើ​គេ​មើល​ពី​ចម្ងាយ​ឃើញ​ភ្លើង​ធូប ទៀន ទៅ​មុខ​តិចៗ វិល​ជុំវិញ​ព្រះវិហារ។ រី​ឯ​គណៈកម្មការ​អាចារ្យ​វត្ត បាន​រៀបចំ​ដាក់​ចាន​ជ័រ​ទំហំ​ធំ​ល្មម​នៅ​កៀនៗ វិហារ​នោះ ដើម្បី​ឲ្យ​ពលរដ្ឋ​ដាក់​បាយ​បិណ្ឌ និង​ដោត​ធូប​នៅ​ទី​នោះ៖ «»

ដៃ​កាន់​បាយបិណ្ឌ និង​មាន​ដោត​ទង់​ក្រពើ​ពី​លើ​បាយ​បិណ្ឌ​ផង​នោះ ពលរដ្ឋ​រស់​នៅ​ក្រុង​ភ្នំពេញ ម្នាក់​លោកស្រី ស៊ីន មួយគា ឲ្យ​ដឹង​ថា អ្នកស្រី​ភ្ញាក់​តាំង​ពី​ម៉ោង១២​យប់ដើម្បី​រៀបចំ​បាយម្ហូប និង​គ្រឿង​បូជា​ផ្សេងៗ។ លោកស្រី​យល់ថា បើតាមជំនឿដែលចាស់ៗនិយាយតគ្នាបាយ​បិណ្ឌ​នេះ​នឹង​បាន​ដល់​​ដូនតាសាច់​ញាតិ​របស់​លោកស្រី​ដែល​បាន​ចែក​ឋាន​រំលាយ​កាយ​ទៅ​ហើយ​នោះ៖ «ភ្ញាក់​នៅ​ផ្ទះ​តាំង​ពី​ម៉ោង​១២ ឡើង​ធ្វើ​បាយ​ម្ហូប គេង​អត់​លក់​ចង់​មក​តែ​វត្ត។ ពេល​មក​ធ្វើ​បុណ្យ​អ៊ីចឹង​ទៅ​បាន​ជ្រះ​ថ្លា​ស្រឡះ​ក្នុង​ខ្លួន»

ដើរ​ជុំវិញ​វិហារខ្សិប​តិចៗ ​ហៅ​ឈ្មោះ​ដូនតា​ ដែល​បាន​ចែក​ឋាន​ទៅ​ទាំង​ប្រាំ​ពីរ​សណ្តាន​លោក​ស្រី សន គឹមចន និយាយ​ថា លោក​ស្រី​តែងតែ​ឆ្លៀត​មក​បោះ​បាយ​បិណ្ឌ​រៀង​រាល់​ឆ្នាំ។ លោក​ស្រី​សង្ឃឹម​ថា ដូន​តា​ដែល​ចែក​ឋានទៅ ​ហើយ​អាច​ទទួល​យក​ទៅ​សេព​សោយ​នូវ​អ្វី​ ដែល​លោកស្រី​យក​មក​ធ្វើ​ពិធី​នៅ​ពេល​នេះ«សង្ឃឹម​ថា ជី​ដូន​ជីតា​បាន​ទទួល ចេះ​តែ​ហៅ​ឈ្មោះ​គាត់ នៅ​ថ្ងៃ​បិណ្ឌ​ខ្ញុំ​ត្រូវ​ឲ្យ​បាន​ពីរ​វត្ត»

អាចារ្យវត្តសិរី​កៀនឃ្លាំង លោក ចាយ សុវណ្ណរ៉ា និយាយ​ថា តាម​ជំនឿ​ពេល​បោះបាយ​បិណ្ឌ​គឺ​ត្រូវ​ហៅ​ឈ្មោះ​សាច់​ញាតិ ឬ​ជីដូន​ជីតា​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​ប្រេត​នោះ​អាច​ទទួល​បាន​នូវអ្វី សាច់​ញាតិ​របស់​ខ្លួន​បាន​ឧទ្ទិស​ជូន។ លោក​បន្ត​ទៀត​ថា ពេល​បោះ​បាយ​បិណ្ឌ​ជុំវិញ​ព្រះ​វិហារ​បី​ជុំ​រួច​ហើយ គេ​ត្រូវ​យក​បាយ​បិណ្ឌ​ទៅ​ធ្វើ​ពិធី​នៅ​ឆ្ងាយ​ពី​វិហារ​បន្តិច ឬ​ធ្វើ​នៅ​មាត់​ទឹក​ ព្រោះ​គេ​មាន​ជំនឿ​ថា ប្រេត​ដែល​មាន​កម្ម​ច្រើន​មិន​អាច​ចូល​មក​ដល់​វិហារ ​ដើម្បី​សេព​សោយ​បាយ​បិណ្ឌ​បាន​ទេ៖ «កម្ម​នៅ​តិចតួច​អាច​មក​ដល់​វិហារ ព្រោះ​ព្រះ​វិហារ​មាន​បណ្ចុះ​ខណ្ឌ​សីមា វា​មាន​សីមា​ប្រេត​មិន​អាច​ឡើង​សីមា​បាន​ទេ ហើយ​ក៏​យើង​មិន​អាច​ដាក់​តាម​របង​បាន​ទេ»

លោកអាចារ្យ ចាយ សុវណ្ណរ៉ា ឲ្យ​ដឹង​ថា វត្ត​អារាម​ត្រូវ​បាន​រៀបចំ​ទីធ្លា​រួចរាល់​អស់​ហើយ​ដើម្បី​ទទួល​ពុទ្ធ​បរិស័ទដូច​ជាសម្អាត​ទីធ្លាដាក់​ចានឆ្នាំងឬ​ជើងពាន​ដើម្បី​ដាក់​បិណ្ឌ។ លោក​អាចារ្យ​បន្ត​ថា នៅ​វត្ត​សិរីគៀនឃ្លាំងមាន​រៀបចំ​ទៅ​សូត្រ​ធម៌និង​បោះបាយបិណ្ឌ​នៅ​ជិត​មាត់​ទន្លេ​ឆ្ងាយ​ពី​វិហារព្រោះ​គេ​យល់​ថា ​អ្នក​មាន​កម្ម​ខ្លាំង​មិន​អាច​ទទួល​បាយបិណ្ឌ​នៅព្រះ​វិហារ​បាន​ទេ៖ «ញាតិការ​ទាំង​ប្រាំ​ពីរ​សណ្តាន​មិន​ដឹង​ថា គាត់​កើត​ទៅ​ជា​ប្រេត ឬ​តិរច្ឆាន​យ៉ាង​ណា​ទេ។ អ៊ីចឹង​ទេ ​ត្រូវ​ឧទ្ទិស​ទើប​បាន​ដល់​ញាតិការ»

សៀវភៅ ពិធី​ប្រចាំ​ដប់​ពីរ​ខែរបស់​អ្នកស្រី ពេជ្រ សល់ សរសេរ​អំពី​ដើម​កំណើត​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ថា ផ្អែក​តាម​សិលា​ចារិក​របស់​ព្រះបាទយសោវរ្ម័នគ្រង​រាជសម្បត្តិ​រវាងគ..៨៨៩ ដល់ ៩១០​ព្រះ​អង្គ​បាន​សាង​អាវាស (វត្ត ឬ លំនៅ) ជា​ច្រើន ហើយ​ទ្រង់​តែង​ធ្វើ​ពិធី​បូជា​បាយ​បិណ្ឌ​ជា​រៀង​រាល់​ខែ ដើម្បី​ឧទ្ទិស​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ចម្បាំង និង​ចំពោះ​ខ្មោច​ទាំង​ឡាយ ​ដែល​គ្មាន​បង​ប្អូន គ្រួសារ ញាតិ​សណ្តាន។

តាម​ទំនៀម​ចាស់​ពី​បរម​បុរាណ​មកនៅ​ថ្ងៃ ១​កើត ខែ​អស្សុជ​នេះ ពុទ្ធបរិស័ទ​នាំ​គ្នា​ធ្វើ​ពិធី​ជូន​ដំណើរ​ព្រលឹង​ដូនតា​ត្រឡប់​ទៅ​ទីឋាន​ដើម​វិញ។ ពិធី​នេះ​កាល​ពី​សម័យ​មុន​ប្រព្រឹត្ដ​ទៅ​អស់​រយៈ​ពេល ៣​ខែ ប៉ុន្ដែ​ក្រោយ​មក​ប្ដូរ​ចុះ​មក ១៥ថ្ងៃ​វិញ។

ពិធី​បោះ​បាយ​បិណ្ឌ ដែល​មាន​តាំង​បរម​បុរាណ ដូច​នេះ ពលរដ្ឋ​ខ្មែរ​នៅ​តែ​នាំ​គ្នា​ថែ​រក្សា​បាន​យ៉ាង​ល្អ​ដោយ​ពួក​គេ​នាំ​គ្នា​គោរព​ប្រតិបត្តិ​ទាំង​ចាស់ ទាំង​ក្មេង និង​នាំ​គ្នា​ទៅ​វត្ត​ជា​ក្រុមៗ រីឯ កម្លោះ​ក្រមុំ​ដែល​មាន​គូ​សង្សារ ក៏​បបួល​គ្នា​ទៅ​បោះ​បាយ​បិណ្ឌ​ដែរ។

ពិធី​កាន់បិណ្ឌនិង​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​សម័យ​នេះ មាន​រយៈ​ពេល ១៥​ថ្ងៃគឺ​ពី​ថ្ងៃ ១​រោច ខែ​ភទ្របទ ដល់​ថ្ងៃ​ទី១៥​ រោច ខែ​ភទ្របទ ដែល​ថ្ងៃ​ចុង​ក្រោយ​គេ​ហៅ​ថាពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

ក្រោយ​ពលរដ្ឋ​ធ្វើ​ពិធី​បោះ​បាយបិណ្ឌ​ ដែល​ត្រូវ​បញ្ចប់​នៅ​មុន​ពេល​ថ្ងៃរះ ពលរដ្ឋ​ក៏​នាំ​គ្នា​យក​ចង្ហាន់ ឬ​ថវិកា​ទៅ​ប្រគេន​ព្រះ​សង្ឃ និង​ធ្វើ​ពិធី​រាប់​បាត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment