អង្គការ​មាតា​ធម្មជាតិ​ រកឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការនាំ​មាស​សុទ្ធ​ចូល​ពី​សិង្ហបុរី​ ​ក្នុង​តម្លៃ​ដល់​ទៅ ១៥ ពាន់​លាន​ដុល្លារ

ដោយ មាន ឫទ្ធិ
2018-10-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធាន​ចលនា​មាតា​ធម្មជាតិ (Alejandro Gonzalez Davidson) ។ Mother Nature Cambodia/Facebook
លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធាន​ចលនា​មាតា​ធម្មជាតិ (Alejandro Gonzalez Davidson) ។ Mother Nature Cambodia/Facebook


ការសិក្សា​ស្រាវជ្រាវ​បែប​ស៊ើប​អង្កេត​ ​និង​ប្រៀបធៀប​មួយ​ ​ធ្វើឡើង​ដោយ​ស្ថាបនិក​របស់​អង្គការ​មាតា​ធម្មជាតិ​ ​លោក​ ​អាឡិច ​ហេន​ដ្រូ ​ហ្គន់សាឡេស ​ដេវិត​សុន (Alejandro Gonzalez-Davidson) ​រកឃើញ​ថា​ របប​លោក​ ហ៊ុន ​សែន ​មិន​បាន​កត់​ត្រា​​ចំនួន​មាស​ពិតប្រាកដ ​ដែល​កម្ពុជា​នាំចូល​ពី​បរទេស​ក្នុង​ចន្លោះ​ពី​ឆ្នាំ ២០១២ ​ដល់​ឆ្នាំ ២០១៧ ​នោះ​ឡើយ។ ភាព​មិន​ប្រក្រតី​នេះ​ ​នាំឲ្យ​មាន​ការសង្ស័យ​ថា​ របប​នេះ​ ​អាចនឹង​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ជា​ប្រព័ន្ធ​ដ៏​មហាសាល​មួយ​នៅ​កម្ពុជា​ ​ដែល​ក្នុង​នោះ​ រួមមាន​ដូចជា​ ករណី​គេច​ពន្ធ​ ​ក្លែង​បន្លំ​ឯកសារ​ ​អំពើ​លាង​លុយក​ខ្វក់​ ​និង​បញ្ហា​ពុក​រលួយ​ផ្សេងៗ។

ក្នុង​វីដេអូ​ឃ្លីប​មួយ​របស់​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ រយៈពេល​ជិត​ ៣នាទី​ ​ទើប​នឹង​ចេញផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ទី១ ​តុលា ​លោក​ ​អាឡិច ​ហេន​ដ្រូ ​ហ្គាន់​សាឡេស ​ដេវិសុន ​រកឃើញ​ថា​ ​មាស​សុទ្ធ ៣៧០តោន ​ឬ​ជាង​ ៣សែន ៧ម៉ឺន​​គីឡូក្រាម​ ស្មើ​នឹង​ទឹក​ប្រាក់​ ១៥ពាន់​លាន​ដុល្លារ​អាមេរិក​ ត្រូវបាន​នាំចេញ​ពី​សិង្ហបុរី​ មក​កម្ពុជា​ ​គិត​ចាប់ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៧។ ​តួលេខ​នេះ​ ​គឺ​ប្រហែលគ្នា​​នឹង​តួលេខ​ដែល​សិង្ហបុរី​ ​បាន​នាំចេញ​មាស​ទៅកាន់​ប្រទេស​ចិន​ ​ដែល​ជា​ប្រទេស​​មហា​អំណាច​សេដ្ឋកិច្ច​ទី​ពីរ​នៅលើ​ពិភពលោក​។ ​លោក​ឲ្យដឹង​ទៀត​ថា​ ​កម្ពុជា​នាំចូល​មាស​ពី​ប្រទេស​សិង្ហបុរី​ច្រើន​ជាង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​ ​រួមទាំង​ប្រទេស​វៀតណាម​ ម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី​ និង​ថៃ​ ​ជាដើម​ ​បើ​ទោះបីជា​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ ​តូច​ជាង​ប្រទេស​នោះ​ឆ្ងាយ​ក៏​ដោយ​។ ​ផ្អែក​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​សិង្ហបុរី​ ​ក្នុង​មួយ​ឆ្នាំ​ៗ​ ​កម្ពុជា​នាំចូល​មាស​សុទ្ធ​ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ ១ពាន់ ២យ​លាន​ដុល្លារ​អាមេរិក​ ​ទៅ ៥ពាន់ ៤ រយ​លាន​ដុល្លារ​អាមេរិក​ ​ដែល​នេះ​ស​បញ្ជាក់​​ឲ្យ​ឃើញ​​ថា​ ​កម្ពុជា​ ​មិន​បាន​កត់ត្រា​ចំនួន​នាំចូល​មាស​ដ៏​មហាសាល​នោះ​ទេ៖ «យើង​ពិតជា​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ថា រឿង​នេះ​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ ដូចជា​ ​ការ​គេច​ពន្ធ​ ​ការ​ក្លែង​បន្លំ​ឯកសារ ​ការ​លាង​លុយក​ខ្វក់​ ​និង​បញ្ហា​ពុក​រលួយ​ផ្សេងៗ ទៀត។ ហេតុ​ដូច្នេះ ​យើង​ទាំងអស់​គ្នា​ ​តម្រូវឲ្យ​មាន​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​របប​ក្រុង​ភ្នំពេញ​ ​ជាពិសេស​ នាយកដ្ឋាន​គយ ​និង​រដ្ឋាករ ​និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​សំណួរ​ដែល​ខ្ញុំ​ជឿ​ថា​ ​ប្រជាជន​ខ្មែរ​ទាំងអស់​កំពុងតែ​ឆ្ងល់​ ​មាន ២ ​គឺ​ទី១ ​តើ​មូលហេតុ​អ្វី​បាន​ជា​ប្រទេស​កម្ពុជា​ ​ដ៏​តូច​មួយ​នេះ​ ​មាន​លទ្ធភាព​នាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ​ប្រហែលគ្នា​នឹង​ប្រទេស​មហា​អំណាចិន? ​សំណួរ​ទី២ ​មូលហេតុ​អ្វី​ ​បាន​ជា​ស្ថាប័ន​របស់​រដ្ឋ​ ​មិន​បាន​កត់ត្រា​ទិន្នន័យ​មាស​ ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ ​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​សិង្ហបុរី? ​ឬ​ក៏​មាន​អាថកំបាំង​អ្វី​នៅ​ពីក្រោយ​រឿង​នេះ​ ​ដែល​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដឹង

ផ្អែក​តាម​ព័ត៌មាន​ស្ថិតិ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ពាក់ព័ន្ធ​នឹង​ការនាំ​ មាស​ចូល​ពី​គ្រប់​ប្រទេស​មក​កម្ពុជា​ ​ដែល​ទិន្នន័យ​នេះ​ចាប់​ផ្តើម​មាន​ពី​ខែ​សីហា ​ឆ្នាំ២០១៣ រហូតដល់​បំណាច់​ខែធ្នូ ​ឆ្នាំ២០១៧ ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១៣ ​ដល់​ឆ្នាំ២០១៧ កម្ពុជា​នាំ​មាស​ចូល​ពី​បរទេស​ ​ដែល​មាន​ន័យ​ថា ​ពី​គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក​ ​ជា​មធ្យម​មាន​តម្លៃ​ប្រមាណ​ ៣៨៧,៩៥ ​លាន​ដុល្លារ។ ​តួលេខ​ដដែល​នេះ​ ​ឲ្យដឹង​ថា​ ​គិត​ចាប់ពី​ឆ្នាំ២០១៣ ​ដល់​ឆ្នាំ ២០១៧ កម្ពុជា​នាំ​មាស​ចូល​ពី​គ្រប់​ប្រទេស​ទាំងអស់​ មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ចំនួន​ជិត​ ២ ពាន់​លាន​ដុល្លារ​ (.៩៣៩,៧៥ ​លាន​ដុល្លារ)

ផ្ទុយទៅវិញ​ផ្អែក​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ស្ថិតិ​របស់​រដ្ឋាភិបាល​សិង្ហបុរី​ ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​គ្រាន់តែ​មាស​នាំចេញ​ពី​ប្រទេស​សិង្ហបុរី​ ​តែ​មួយ​គត់ ​ទៅ​កាន់​ប្រទេស​កម្ពុជា​ ​ក្នុង​រយៈពេល​ដូចគ្នា​គឺ​ពី​ឆ្នាំ២០១៣ ​ដល់​ឆ្នាំ២០១៧ ​មាន​តម្លៃ​សរុប​រហូត​ដល់​​ទៅ​ជាង​ ១៤ពាន់​លាន​ដុល្លារ​អាមេរិក​ ​(១៤.២៧៩.៤៣៤.៨៣៩,០០​ដុល្លារ​អាមេរិក​)​។ ​បើ​ប្រៀបធៀប​នឹង​ទិន្នន័យ​នាំ​ទំនិញ​ចូល​គ្រប់​ប្រភេទ​ ​(​រួមទាំង​មាស​) ​ពី​ប្រទេស​សិង្ហបុរី ​ចេញផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​សម្រាប់​រយៈពេល​ដដែល​​នេះ​ ​គឺ​មាន​តម្លៃ​សរុប​ត្រឹមតែ​ជាង​ ២ពាន់ ៥រយ​លាន​ដុល្លារ​អាមេរិក​ (.៥១២,០១លាន​ដុល្លារ​អាមេរិក) ប៉ុណ្ណោះ​ ​គឺ​កម្ពុជា​មិន​បាន​កត់ត្រា​ចំនួន​នាំចូល​ពី​សិង្ហបុរី​ ​ដល់​ទៅ​ជាង​ ១១ពាន់​លាន​ដុល្លារ​អាមេរិក។

អាស៊ី​សេរី ​បាន​ព្យាយាម​សុំ​ការពន្យល់​បំភ្លឺ​ ​អំពី​ការចោទប្រកាន់​នៃ​ភាព​មិន​ប្រក្រតី​នៃ​ការនាំចូល​មាស​ដ៏​មហាសាល ​និង​ការកត់ត្រា​មិន​ត្រឹមត្រូវ​ ​ឬ​បាត់បង់​តួលេខ​នាំ​ចូល​មាស​ពី​បរទេស​ដែល​មាន​លក្ខណៈ​ខុសគ្នា​ឆ្ងាយ​នេះ​ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ដែល​​មាន​អ្នកស្រី​ ​ជា សេរី អគ្គនាយក​បច្ចេកទេស​ ពី​សំណាក់​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ ​ព្រមទាំង​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​ក៏ប៉ុន្តែ​ ​ពុំ​ទទួលបាន​ការ​ឆ្លើយ​តប​ណា​មួយ​ឡើយ​ ​ទាំង​តាម​ទូរស័ព្ទ​ ​និង​តាម​សារ​អេឡិចត្រូនិក ​គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

លោក​ ​អាឡិច ​បាន​ឲ្យ​អាស៊ី​សេរី ​ដឹង​ថា​ ​ដើមហេតុ​ដំបូង​ដែល​ធ្វើឲ្យ​លោក​ចាប់ផ្តើម​ធ្វើ​ការសិក្សា​លើ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការនាំ​មាស​ចូល​ពី​សិង្ហបុរី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ ​គឺ​ផ្តើម​ចេញ​ពី​រឿង​បាត់​ខ្សាច់​នាំចេញ​ ​ដែល​មាន​តម្លៃ​ដល់​ទៅ ៧០០ ​លាន​ដុល្លារ​អាមេរិក​ កាលពី​រយៈពេល ២ ឆ្នាំ​មុន​ ​ដែល​ជា​ហេតុ​ធ្វើឲ្យ​លោក​សង្ស័យ​លើ​ករណី​នាំចេញ​ ​ឬ​នាំចូល​ទំនិញ​ដទៃទៀត​របស់​កម្ពុជា​។ ​លោក​ថា​ ​ការស៊ើបអង្កេត​នេះ​ នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ ​ព្រោះ​នេះ​ ​គ្រាន់តែ​ជា​តួលេខ​នៅ​ប្រទេស​សិង្ហបុរី​តែ​មួយ​​ប៉ុណ្ណោះ​ ​ពោលគឺ​នៅ​មិន​ទាន់​រាប់បញ្ចូល​ករណី​នាំ​មាស​ចូល​ពី​ប្រទេស​ថៃ​ វៀតណាម​ ហុងកុង ​ឬ​ចិន​ជាដើម។

លោក​ ​អាឡិច ​សង្ឃឹម​ថា​ ​រដ្ឋាភិបាល​សិង្ហបុរី​ ​អាចនឹង​មិន​អនុញ្ញាតឲ្យ​នាំ​មាស​ចេញ​ទៅ​ប្រទេស​កម្ពុជា​ ​ប្រសិនបើ​រកឃើញ​ថា​ ករណី​នេះ​អាច​មាន​ជាប់ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ ​ឬ​បទល្មើស​ណា​មួយ​នៅ​កម្ពុជា​ ​ស្រដៀង​នឹង​ករណី​រឿងអាស្រូវ​ខ្សាច់​​សមុទ្រ ​ដែល​រដ្ឋាភិបាល​សិង្ហបុរី​ ​បាន​បញ្ឈប់​ការ​នាំ​ចូល​ពី​កម្ពុជា​ដូច្នោះ​ដែរ។

លោក​ ​អាឡិច ​ឲ្យដឹង​ទៀត​ថា​ ​លោក​ចំណាយ​ពេលវេលា​ប្រហែល​ជា​ជិត​ ១ឆ្នាំ​ ​ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នាំចូល​មាស​នេះ​ ​ដោយ​ផ្អែក​លើ​របាយការណ៍​នាំចេញ​ ​នាំចូល​ផ្លូវការ​របស់​ប្រទេស​ទាំង​ពីរ​ ការសាកសួរ​អ្នកជំនាញ​រកស៊ី​ខាង​ជួញដូរ​មាស​ ការស៊ើបអង្កេត​ធ្វើជា​អ្នករកស៊ី​ជួញ​ដូរ​មាស​ និង​សម្ភាសន៍​អ្នកជំនាញ​ដែល​ធ្វើការ​នៅ​សិង្ហបុរី​ ​ក្នុង​វិស័យ​មាស​នេះ​។ ​លោក​ថា​ ករណី​នាំ​មាស​ចូល​កម្ពុជា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ ​មិន​មែន​ទើបតែនឹង​កើតឡើង​ពី​ឆ្នាំ ២០១២ ​ឬ ២០១៣ ​នេះ​ទេ ​តែ​គឺ​ជា​រឿងរ៉ាវ​មួយ​ដែល​បាន​កើត​មាន​ឡើង​នៅ​កម្ពុជា​ ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ យ៉ាង​ហោច​ណាស់​ក៏​ជាង ១០ឆ្នាំ​ដែរ​ ​ហើយ​តម្លៃ​នៃ​ការនាំចូល​មាស​វិញ​ ​ក៏​អាច​មាន​ច្រើន​ជាង​ករណី​រក​ឃើញ​នេះ​ទៅ​ទៀត។

លោក​ ​អាឡិច ​ពន្យល់​ថា​ ​អាច​មាន​ហេតុផល​ចម្បងៗ មួយចំនួន​ពាក់ព័ន្ធ​នឹង​ការនាំ​មាស​ចូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ ពី​ប្រទេស​សិង្ហបុរី​ មកកាន់​កម្ពុជា​នេះ​។ ​លោក​ថា​ ​ហេតុផល​ទី១ ​គឺ​អាច​មាន​ពាក់ព័ន្ធ​នឹង​ក្រុម​មន្ត្រី​អ្នក​មាន​លុយ​មាន​អំណាច​​​​នៅ​កម្ពុជា​ ​ក្រៅពី​យក​លុយ​ដែល​បាន​មកពី​អំពើ​ពុករលួយ​ ​កឹប ​ឬ​កេងប្រវ័ញ្ច​ថវិកា​ជាតិ​ យក​ទៅ​ទិញ​ដី​ ​ទិញ​ផ្ទះ​ ​ឬ​វិនិយោគ​អ្វី​មួយ​នោះ​ ​ពួក​គេ​ក៏​អាច​យក​លុយ​ដែល​បាន​មក​ដោយ​អំពើ​ទុច្ចរិត​នេះ​ ​ទៅ​ទិញ​មាស​សុទ្ធ​ទុក​នៅ​ផ្ទះ​ ​ដើម្បី​ជា​ការ​វិនិយោគ​​បន្ត​ ​ជា​ជាង​​ការ​រក្សា​ទុក​សាច់ប្រាក់​ ​នៅ​ធនាគារ​ ​ដែល​នាំ​ឲ្យ​គេ​អាច​ស៊ើបអង្កេត​នា​ពេល​អនាគត​ ​ដឹង​ថា​ខ្លួន​មាន​លុយ​ដោយ​ខុស​ច្បាប់​នោះ។

ដោយឡែក​ ​ហេតុផល​ទី២ ​គឺ​ការ​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​កន្លែង​លាង​លុយក​ខ្វក់​ ​ដែល​អាច​ជា​បទ​ល្មើស​ក្នុង​តំបន់។ លោក​ថា​ ករណី​នេះ​ ​មិន​មែន​មាន​តែ​មនុស្ស​ខ្មែរ​ទេ ​ដែល​លាង​លុយក​ខ្វក់​តាម​រយៈ​មាស​នេះ​ តែ​គឺ​អាច​មាន​មនុស្ស​មកពី​ចិន​ មក​ពី​​ប្រទេស​ផ្សេងៗ ទៀត ​ក្នុង​តំបន់​ ​ដែល​មាន​លុយក​ខ្វក់​ក្នុង​ដៃ​ ​ហើយ​ចង់​លាង​លុយក​ខ្វក់​នេះ​ តាមរយៈ​មាស​ ក្រៅពី​សកម្មភាព​លាង​លុយក​ខ្វក់​តាម​រយៈ​វិធីសាស្ត្រ​ផ្សេង​ៗ​ទៀត​ ​ដូចជា​ ​កាស៊ីណូ ​ការវិនិយោគ​លើ​វិស័យ​សំណង់​ ​សណ្ឋាគារ​ ធនាគារ​​ជា​ដើម​ ​ដែល​ករណី​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​តាមដាន​ដឹង។

ហេតុផល​មួយ​ទៀត​ ​គឺ​ការ​មិន​កត់ត្រា​បរិមាណ​មាស​នាំចូល​កម្ពុជា​ទាំងនេះ​ ​ដើម្បី​នឹង​នាំ​មាស​ចេញ​បន្ត​ដោយ​ខុស​ច្បាប់​ ​ទៅកាន់​ប្រទេស​វៀតណាម​ ​ឬ​ចិន​ជា​បន្ត​ទៀត​ ​ដែល​អាច​ក្លាយជា​ករណី​គេច​ពន្ធ​មួយ​ ​ដោយសារតែ​នៅ​ប្រទេស​វៀតណាម​ការ​នាំ​ចូល​​មាស​​ពី​សិង្ហបុរី​ តម្រូវឲ្យ​បង់​ពន្ធ​ថ្លៃ​ ​ខណៈ​ដែល​នៅ​កម្ពុជា​គ្រាន់តែ​មាន​អាជ្ញាប័ណ្ណ​ជា​ការស្រេច។

ផ្អែក​តាម​តារាង​ពន្ធ​គយ​កម្ពុជា​ ​ឆ្នាំ២០១៧ របស់​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​ការ​នាំ​ចូល​មាស​ ​ដែល​រាប់​បញ្ចូល​ទាំង​មាស​ជ្រលក់​ប្លាទីន​ ​ក្នុង​ទម្រង់​មិន​ទាន់​កែច្នៃ​ ​ឬ​ពាក់​កណ្តាល​សម្រេច​ ​ឬ​ជា​ម្សៅ​ ​មិន​តម្រូវឲ្យ​ជាប់​ពន្ធ​គយ ​អាករ​ពិសេស ​អាករ​បន្ថែម​ ​ឬ​អាករ​លើ​តម្លៃ​បន្ថែម​នោះ​ទេ។ តែ​តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។

យោង​តាម​ប្រកាស​ចុះ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ​ឆ្នាំ២០០៩ ​ចុះហត្ថលេខា​ដោយ​លោក​ ​ជា ​ចាន់​តូ ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ការផ្តល់​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​នាំចេញ​ ​នាំចូល​លោហធាតុ​ ​និង​ត្បូង​ថ្ម​មាន​តម្លៃ​ ​ត្រូវ​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ ​ដែល​មាន​ឈ្មោះ​ផ្លូវការ​របស់​តំណាង​ក្រុមហ៊ុន​ លក្ខន្តិកៈ​ក្រុមហ៊ុន​ ​និង​អាសយដ្ឋាន​ច្បាស់លាស់​ ត្រូវ​បង់​សោហ៊ុយ​សំណុំ​លិខិត​ចំនួន​ ១ លាន​រៀល ​សោហ៊ុយ​អាជ្ញាប័ណ្ណ​ប្រចាំ​ឆ្នាំ​ចំនួន​ ២​លាន​រៀល​ ​និង​បង់​សោហ៊ុយ​ ២លាន​រៀល ​រាល់​ការនាំចេញ​នាំចូល​ ​លោហធាតុ​ ​និង​ត្បូង​ថ្ម​មាន​តម្លៃ​ ​ដែល​ត្រូវ​មាន​ការ​អនុញ្ញាត​ជា​មុន​ពី​ធនាគារ​ជាតិ​ ​ក្នុង​មួយ​ប្រតិបត្តិការ។

អាស៊ី​សេរី​ ​មិន​អាច​ទាក់ទង​មន្ត្រី​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ដើម្បី​សុំ​ការពន្យល់​បន្ថែម​អំពី​ការផ្តល់​អាជ្ញាប័ណ្ណ​នេះ​ ​និង​ថា ​តើ​បច្ចុប្បន្ន​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ចំនួន​សរុប​ប៉ុន្មាន​ដល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នានា ​ដែល​ប្រកប​អាជីវកម្ម​នាំចេញ​ ​នាំចូល​លោហធាតុ​ ​និង​ត្បូង​ថ្ម​មាន​តម្លៃ​នេះ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ​លោក​ ​អាឡិច ​យល់​ថា​ ការណ៍​ដែល​គ្រាន់​តែ​តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ ​ដោយ​ពុំ​ចាំបាច់​បង់​ពន្ធ​អាករ​សម្រាប់​ការ​នាំ​ចូល​មាស​នេះ​ ​គឺ​ជា​រឿងរ៉ាវ​មួយ​ដ៏​គួរឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ ​ព្រោះ​ភាព​ធូរ​លុង​នេះ​ ​អាច​បើក​ឱកាស​ឲ្យ​មាន​អំពើ​លាង​លុយក​ខ្វក់​ ​និង​ការរត់ពន្ធ​មាស​យ៉ាង​សម្បើម​នៅ​កម្ពុជា​ ​ពីសំណាក់​ក្រុម​ឧក្រិដ្ឋ​ជន​នានា។

ទោះបីជា​កម្ពុជា បាន​ក្លាយជា​សមាជិក​ កាល​ពី​ឆ្នាំ២០០៤ ​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការ​លាង​លុយក​ខ្វក់ ​ឬ​ហៅ​ថា​ ​(Asia Pacific Group on Money Laundering) ​ដែល​ផ្តោត​លើ​ការធានា​ការ​អនុវត្ត​ស្តង់ដារ​អន្តរជាតិ​ ​ប្រឆាំង​នឹង​អំពើ​លាង​លុយក​ខ្វក់​ ​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ការ​រីក​សាយភាយ​នៃ​គ្រឿង​សព្វាវុធ​ប្រល័យ​លោក​ ​ហើយ​ដែល​អង្គការ​នេះ​ ​បាន​វាយ​តម្លៃ​ថា​ ​ប្រទេស​កម្ពុជា​បាន​បន្ត​ពង្រឹង​អំពើ​ប្រឆាំង​នឹង​ការលាង​លុយក​ខ្វក់​ ​និង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ប្រព័ន្ធ​ហិរញ្ញប្បទាន​ភេរវកម្ម​ តាមរយៈ​ការប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​កាលពី​ឆ្នាំ ២០០៧ ​ព្រមទាំង​ការបង្កើត​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ ​(Financial Intelligence Unit) ​នៅក្នុង​ធនាគារ​ជាតិ​ ​ក៏​ដោយ​ របាយការណ៍​ស្តីពី​សន្ទស្សន៍​ប្រឆាំង​អំពើ​លាង​លុយក​ខ្វក់​របស់​វិទ្យាស្ថាន​បាសែល ​ប្រទេស​ស្វីស ​ឆ្នាំ២០១៧ ​បាន​ដាក់​ប្រទេស​កម្ពុជា​ ​ជាប់​លេខ ៩ ​ក្នុង​ចំណោម ១៤៦ប្រទេស​នៅលើ​ពិភពលោក​ ​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​សម្រាប់​អំពើ​លាង​លុយក​ខ្វក់​ ​ឬ​ការផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម​ ​ឬ​ក្នុង​ន័យ​ម្យ៉ាងទៀត​ ​អាច​ថា​ជា​ឋានសួគ​នៃ​អំពើ​លាង​លុយក​ខ្វក់។

អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​លោក​ សម ​រង្ស៊ី​ ​ប្រាប់​អាស៊ី​សេរី​ថា​ ​លោក​ ហ៊ុន ​សែន ​ដឹកនាំ​ប្រទេស​សព្វ​ថ្ងៃ​ ​ជា​រដ្ឋ​ម៉ាហ្វីយ៉ា ​ហើយ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ ​គឺជា​ប្រព័ន្ធ​ដើម្បី​ទ្រទ្រង់​អំពើពុករលួយ​ ​ជួយ​បិទ​បាំង​ ការពារ​អំពើពុករលួយ​ ​ដើម្បី​ជួយ​លាង​បង្វិល​លុយ​ដែល​បាន​ពី​អំពើ​ពុករលួយ​ទាំងនោះ​ ​ឲ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ​វិញ៖ «ស្រុក​ខ្មែរ​យើង​ ​គេ​អាច​ចាត់ទុក​ថា​ ​រដ្ឋ​សព្វ​ថ្ងៃ​ជា​រដ្ឋ​ម៉ាហ្វីយ៉ា ​ដែល​ពួក​ក្រុម​ម៉ាហ្វីយ៉ា ​ជ្រកកោន ​ហើយ​ចិញ្ចឹម​រដ្ឋ​នោះ​។ ​រដ្ឋ​នោះ​គឺ​ម៉ាហ្វីយ៉ា​ខ្លួនឯង​តែម្តង។ អ៊ីចឹង​រដ្ឋ​ហ្នឹង​ ​ដើរតួ​ជា​រដ្ឋ​តែ​បម្រើ​ពួកម៉ាហ្វីយ៉ា។ ​អញ្ចឹង​ហើយ​បាន​ជា​ ហ៊ុន ​សែន ​គាត់​ត្រូវការ​ភាព​ស្រប​ច្បាប់​ ពីព្រោះ​ម៉ាហ្វីយ៉ា ​ជា​ចោរ​អន្តរជាតិ​ ​ហើយ​មិន​អាច​រក​ភាព​ស្រប​ច្បាប់​បាន​ងាយ​ៗ​នោះ​ទេ។ តែ​បើ​មាន​រដ្ឋ​ម៉ាហ្វីយ៉ា ​គ្រប់គ្រង​ជួយ​ការពារ​វា ​នោះ​វា​មក​ជ្រក​ក្រោម​ដំបូល​រដ្ឋ​ម៉ាហ្វីយ៉ា ​ដើម្បី​រស់​បាន​ ​ហើយ​ថែមទាំង​អាច​លូតលាស់​ថែមទៀត។ អ៊ីចឹង​ហើយ​បាន​ ហ៊ុន ​សែន ​គាត់​ត្រូវតែ​ការពារ​ភាព​ស្រប​ច្បាប់​ ​ដើម្បី​គាត់​ជា​ដំបូល​ឲ្យ​ពួក​ជន​ម៉ាហ្វីយ៉ា។ ជន​ម៉ាហ្វីយ៉ា ​ក៏​រស់​បាន​ ​ហើយ​លូតលាស់​ ​ហើយ​ ហ៊ុន ​សែន ​ក៏​ទទួល​ផលប្រយោជន៍​ពី​ជន​ម៉ាហ្វីយ៉ា។ វា​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ រស់​ទៅ​វិញ​ទៅ​មក​ លូតលាស់​ទៅ​វិញ​ទៅ​មក។ អ៊ីញ្ចឹង​ឃើញ​ថា​ ​មាន​ការចូល​ដៃ​ពី​រដ្ឋាភិបាល​ ​ដើម្បី​ជួយ​បិទ​បាំង​អំពើ​ខុស​ច្បាប់​ លុយ​បាន​មកពី​សកម្មភាព​ខុស​ច្បាប់​ សកម្មភាព​ឧក្រិដ្ឋ​ផង។ អ្នក​ដែល​ជា​ឧកញ៉ា​ធំ​ៗ​ ​គេ​យក​លុយ​នោះ​ ​គឺ​គេ​ពឹង​រដ្ឋាភិបាល​កម្ពុជា​តែម្តង​ដើម្បី​ជួយ​បិទ​បាំង​ប្រភព​របស់​គេ។ អ៊ីចឹង​បើ​រដ្ឋាភិបាល​ចេញមុខ​ការពារ​ ​ហើយ​ជួយ​បិទ​បាំង​លុយក​ខ្វក់​របស់​ជន​ទុចរិត ​អញ្ចឹង​ប្រព័ន្ធ​ដទៃទៀត​ ​ស្ថាប័ន​​ដទៃទៀត គឺ​ច្បាស់ជា​ឃុបឃិត​ជាមួយ​អ្នក​ដែល​ ទទួល​លុយក​ខ្វក់​ហ្នឹង​ ​ហើយ​មាន​បំណង​ចង់​លាយ​លុយក​ខ្វក់​នោះ»

ជុំវិញ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការនាំចូល​មាស​មហា​សាលពី​សិង្ហបុរី​នេះ​ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ​ស្នើឲ្យ​របប​ក្រុង​ភ្នំពេញ​ បកស្រាយ​ ​និង​ផ្តល់​នូវ​ចម្លើយ​ដែល​អាច​ទទួលយកបាន​ ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​រយៈពេល ២ សប្តាហ៍​គិត​ចាប់ពី​ថ្ងៃ​ទី ១ ​តុលា ត​ទៅ​។ ​លោក​ថា​ ​បើ​ពុំ​នោះ​សោត​ទេ ​លោក​នឹង​ដាក់ពាក្យបណ្តឹង​ទៅកាន់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​របស់​ប្រទេសិង្ហបុរី​ ​ឲ្យ​បើក​ការស៊ើបអង្កេត​អំពី​ករណី​នេះ«ឥឡូវ​ហ្នឹង​ បន្ទាប់ពី​យើង​បាន​បញ្ចេញ​ព័ត៌មាន​ ​បាន​ចេញ​វីដេអូ​ហ្នឹង​ ​យើង​កំពុងតែ​ ​ទាមទារឲ្យ​គេ​បកស្រាយ​ ​ហើយ​បន្ទាប់ពី​បក​ស្រាយ​ ​ក៏​ប្រហែលជា​ទាមទារឲ្យ​គេ​ស៊ើប​អង្កេត។ ​ព្រោះ​អា​រឿង​ហ្នឹង​ ​បើសិនជា​កើត​មាន​ឡើង​នៅ​អេស្ប៉ាញ ​ដូច​ប្រទេស​ ដែល​ខ្ញុំ​រស់នៅ​រាល់​ថ្ងៃ​ ​ឬ​ក៏​កើតឡើង​នៅ​អាមេរិក​ ​ឬ​កើត​ឡើង​​នៅ​អឺរ៉ុប។ ​រឿង​នេះ​ ​ជា​រឿង​ធំ​មែនទែន ​ដែល​ជា​រឿង​មួយ​ដែល​ប្រាកដ ១០០​ភាគរយ​ថា​ ​មិន​មែន​ត្រឹម​ភ្ញាក់ផ្អើល​សាធារណៈ​ជន​ទេ ​គឺ​នាយកដ្ឋាន​ពាក់ព័ន្ធ​ ​គឺ​អាចនឹង​មាន​ប៉ូលីស​ផង​ ​អាចនឹង​មាន​ព្រះរាជ​អាជ្ញា ​គេ​នឹង​យក​រឿង​ហ្នឹង​ទៅ​ស៊ើប​អង្កេត។ ​ព្រោះ​​ជា​​រឿង​​ស្អុយ ​អាចនឹង​ពាក់ព័ន្ធ​ជាមួយនឹង​បទល្មើស​ធំ​មែនទែន​។ ​អញ្ចឹង​យើង​នឹង​តម្រូវឲ្យ​គេ​បកស្រាយ បើសិនជា​គេ​បកស្រាយ​បែប​ឡប់​ឡែ ​ឬ​ក៏​មិន​និយាយ​ ​មិន​ឆ្លើយតប ​យើង​នឹង​ជំរុញឲ្យ​គេ​ស៊ើបអង្កេត​តែម្តង​ ព្រោះ​រឿង​នេះ​វា​មិន​ធម្មតា​ទេ»

យោង​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​ពិភពលោក​ស្តីពី​មាស​ ​(World Gold Council) ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ ​ចក្រភព​អង់គ្លេស​ សម្រាប់​ឆ្នាំ ២០១៧ ​ចិន​ ​គឺជា​ប្រទេស​ផលិត​មាស​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ ​ខណៈ​ប្រទេស​អូស្ត្រាលី​ ​រុស្ស៊ី ​សហរដ្ឋ​អាមេរិក​ ​និង​កាណាដា ​ឈរ​នៅ​លេខរៀង​លំដាប់​បន្តបន្ទាប់​។ ​គិត​ត្រឹម​ថ្ងៃ​ទី ២៤ ​កញ្ញា​ ​តម្លៃ​មាស​ក្នុង​មួយ​គីឡូក្រាម​ ស្មើនឹង​ជាង​ ៣ ម៉ឺន ៨ ពាន់​ដុល្លារ​អាមេរិក (៣៨.៦៦៩,៣០ ​ដុល្លារ​អាមេរិក)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អង្គការ​មាតា​ធម្មជាតិ​ រកឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការនាំ​មាស​សុទ្ធ​ចូល​ពី​សិង្ហបុរី​ ​ក្នុង​តម្លៃ​ដល់​ទៅ ១៥ ពាន់​លាន​ដុល្លារ"

  1. ស្នេហាជាតិ says:

    ល្ងាចល្អ Alex
    អ្វីដែលអ្នកបានធ្វើគឺប្រជាជនខ្មែរពិតប្រាកដអ្នកសរសេរឈ្មោះរបស់អ្នកនៅក្នុងសៀវភៅភ្ញៀវរបស់បុរសដ៏អស្ចារ្យនៃប្រជាជាតិខ្មែរ
    អ្នកស្រឡាញ់សេរីភាព
    អ្នកមិនបានឈ្លោះប្រកែកមនុស្សម្នាក់នៅក្នុងបុគ្គលរបស់អ្នកចិត្តសាស្រ្ត HUn Sen នោះទេប៉ុន្តែអ្នកប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាប្រឆាំងនឹងអំពើពុករលួយនៃប្រព័ន្ធអេកូឡូស៊ីទាំងអស់សុជីវធម៌របស់មនុស្សត្រូវបានគេបណ្តេញចេញ
    សូមអរគុណលោក ALEX និងទទួលយកការគោរពនិងការដឹងគុណដ៏ជ្រាលជ្រៅរបស់យើង
    សូមអរគុណអ្នក
    buenas noches Alex
    Lo que hicieron fue la verdadera gente libre Khmer, escriben su nombre en el libro de visitas de los grandes hombres reales de la nación Khmer
    Amas la libertad
    No peleaste con una persona en la persona del psicópata HUn Sen pero peleas contra un sistema corropu violencia oligarquistas todo LA MORAL de un ser humano ha desterrado
    Gracias, Sr. ALEX, y acepte nuestros profundos respetos y gratitud
    Gracias
    good evening Alex
    What you did is the real Khmer free people, you write your name in the guestbook of the real great men of the Khmer nation
    You love freedom
    You did not fight a person in the person of the psychopath HUn Sen but you fight against a system corropu violence oligarchists all THE MORAL of a human being has banished
    Thank you, Mr ALEX, and accept our profound respects and gratitude
    we do thank you sir alex

Leave a Reply

Submit Comment