មន្ត្រី​បក្ស​ប្រឆាំង ថា​របប​លោក ហ៊ុន សែន អនុវត្ត​ស្តង់ដារ​ពីរ​ជុំវិញ​រឿង​បែក​ធ្លាយ​ទំនាក់ទំនង​ស្នេហា​លួចលាក់

ដោយ មួង ណារ៉េត
2018-10-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA


មន្ត្រី​បក្ស​ប្រឆាំង ថា​របប​លោក ហ៊ុន សែន អនុវត្ត​ស្តង់ដារ​ពីរ ជុំវិញ​រឿង​បែក​ធ្លាយ​ទំនាក់ទំនង​ស្នេហា​លួចលាក់ ពាក់ព័ន្ធ​នឹង​មន្ត្រី​បក្ស​កាន់អំណាច។ ចំណែក​ឯ មន្ត្រី​សិទ្ធិមនុស្ស សម្ដែង​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង ដោយសារ​អាជ្ញាធរ ហាក់​គ្មាន​ចំណាត់ការ​ម៉ឺងម៉ាត់​ណាមួយ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ នៃ​ការរំលោភ​សិទ្ធិ​ឯកជន។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤ ខែ តុលា ថា រម្លឹក​អំពី​ភាព​អយុត្តិធម៌ ដែល​របប​នេះ ប្រព្រឹត្ត​មក​លើ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​រូប រួមមាន​ទាំង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ផង ដែល​ត្រូវ​បាន​គេ​ប្រឌិត​ព័ត៌មាន​បង្ខូច​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​យ៉ាង​ដំណំ​ដល់​បក្ស​ប្រឆាំង តាមរយៈ​ខ្សែអាត់​សំឡេង​ប្រឌិត ពី​ជន​អនាមិក៖ «ពីព្រោះ​កន្លងមក ទោះបី​រឿង​នេះ​កើត​មិន​ពិត​ក៏ដោយ ទៅលើ​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ បែរជា​អាជ្ញាធរ​ហាក់បីដូចជា​ដុតដៃដុតជើង ហាក់បីដូចជា​សស្រាក់សស្រាំ​ក្នុង​ការ​ធ្វើ​កិច្ចការ​ក្នុង​រឿង​នេះ បើ​ទោះ​បី​ជា​សាមីខ្លួន​មិន​អើពើ ក៏​ខំ​ព្យាយាម ឲ្យ​មាន​ក្រុម​ក្មេង​នេះ ក្រុម​យុវជន​នោះ ចេញ​មក​ប្ដឹង រហូតដល់​ប្រើ​ស្ថាប័នរដ្ឋ មាន​រដ្ឋសភា​ផង អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង គ្រប់​ទាំងអស់ ដើម្បី​បំប្លែង​រឿង​កិត្តិយស​បុគ្គល និង រឿង​ឯកជន​នេះ ឲ្យ​ទៅជា​រឿង​នយោបាយ»

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​រូប​នេះ បន្ត​ទៀត​ថា ពេល​ដែល​រឿង​អកុសល​បែបនេះ ធ្លាក់​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង អាជ្ញាធរ​មិន​ត្រឹមតែ​មិន​អើពើ​វែកមុខ​រក​ជនល្មើស ដែល​ប្រឌិត និង បញ្ចេញ​ខ្សែអាត់​ទាំង​នោះ​ទេ តែ​បែរជា​ប្រឹង​រក​លេស​ដាក់​កំហុស និង​ដាក់​បន្ទុក​ទៅលើ​ជនរងគ្រោះ ដែល​ជា​មន្ត្រី​បក្ស​ប្រឆាំង ដែល​រងគ្រោះ​ពី​អំពើ​រំលោភ​សិទ្ធិ​ឯកជន​នេះ ថែមទៀត​ទៅវិញ។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង ធ្វើឡើង​ក្រោយពី​មានការ​បែក​ធ្លាយ​សារ​ឆ្លើយឆ្លង​គ្នា រវាង​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ ហ៊ុន ម៉ាណែត និង​ម្ចាស់​គណនី​ហ្វេសប៊ុក កញ្ញា យុង ខេមរា កាលពី​ថ្ងៃទី៣ ខែ តុលា។

នៅ​ក្នុង​សារ​ជា​អក្សរ និង​សំឡេង ដោយ​សម្ដែង​អារម្មណ៍​ក្ដុកក្ដួល អួលអាក់​ដើម​ក​ផង កញ្ញា យុង ខេមរា ថ្លែង​សារសព្ទ​សម្ដែង​ការ​ខូចចិត្ត ទៅកាន់​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្ខាង​ទៀត​ឈ្មោះ ហ៊ុន ម៉ាណែត កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៦ ព្រោះ​នាង​អះអាង​ថា ខាង​ប្រុស​ជ្រើស​រើស​យក​វិធី​ផ្ដាច់​ស្នេហ៍​ជាមួយ​នាង​ត្រឹម​ពេលនោះ។ ទោះជា​យ៉ាង​នេះ ក្តី​នាង​អះអាង​ថា នាង​បំពេញ​តាម​បំណង​ខាង​ប្រុស ដែល​នាង​បញ្ជាក់​ថា ប្លក់​នាង​ចោល ទោះ​នាង​មិនដែល​នឹកគិត​ថា នឹង​មាន​បញ្ហា​បែបនេះ​ក៏ដោយ​។ នាង​អរគុណ​ខាង​ប្រុស​គ្រប់យ៉ាង ដែល​ស្រលាញ់​នាង៖ «ខ្ញុំ​មិនដែល​ប៉ង ខ្ញុំ​មិនដែល​ស្រមៃ​ចង់​ឲ្យ​បង បញ្ចប់​ទំនាក់ទំនង​មួយ​នេះ​ទេ។ ខ្ញុំ​អត់​ដែល​សុំ​ឲ្យ​បង​ប្លក់​ខ្ញុំ​ចោល​ទេ។ ខ្ញុំ​អត់​ដែល​ទេ។ ប៉ុន្តែ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​គិត​ថា គ្រប់គ្រាន់​ហើយ​។ ខ្ញុំ​យល់»

កញ្ញា យុង ខេមរា បញ្ជាក់​ថា នាង​សង្ឃឹមថា ការ​ដើរ​ចេញ និង​លះបង់​របស់​នាង​មួយ​នេះ នឹង​ធ្វើ​ឲ្យ​ខាង​ប្រុស​បាន​សុខ។ នាង​ជូនពរ​ឲ្យ​ខាង​ប្រុស ជួបជុំ​គ្រួសារ សូម​ឲ្យ​បុរស​នោះ​មើលថែ​ប្រពន្ធ​ឲ្យ​ល្អ ឬ អ្នក​ក្រោយ​ផង​បើ​មាន។

មុន​នឹង​មាន​រឿង​នេះ​មួយ​ខែ គឺ​ក្នុង​ខែ​តុលា ឆ្នាំ ២០១៦ ម្ចាស់​គណនី​ឈ្មោះ ហ៊ុន ម៉ាណែត នោះ បាន​សរសេរ​សារ​លែបខាយ សុំ​រួមមេត្រី ជាមួយ​កញ្ញា យុង ខេមរា ដោយ​សរសេរ​ថា “ដូចជា​ខាន​យូរហើយ”។ ប៉ុន្តែ ត្រូវ​កញ្ញា យុង ខេមរា តប​វិញ​ថា “កុំ​ចង់​ខុស​ទំនង ប្រយ័ត្ន​ប្រពន្ធ​បង​ឯង​ដឹង”។

នៅ​ក្នុង​សារ​សន្ទនា​គ្នា​នោះ​ដែរ ម្ចាស់​គណនី​ឈ្មោះ ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជាក់​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្តល់​លុយ ១​លាន​ដុល្លារ ពី​លោក ហ៊ុន សែន ទៅ​កញ្ញា ធី សុវណ្ណថា ដើម្បី​បំផ្លាញ​គណបក្ស​សង្គ្រោះជាតិ​នោះ។ ម្ចាស់​គណនី​ឈ្មោះ ហ៊ុន ម៉ាណែត ថា​កញ្ញា ធី សុវណ្ណថា ជា​នារី​សំណាង​ជាងគេ​លើ​លោក ហើយ​បាន​ប្រាប់​ឲ្យ​កញ្ញា យុង ខេមរា គួរ​រាប់អាន​នាង​នោះ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ផង​ទៅ។ ប៉ុន្តែ​ម្ចាស់​គណនី យុង ខេមរា តប​ថា នាង​មិនដែល​ចូលចិត្ត​កញ្ញា ធី សុវណ្ណថា ម្តង​ណា​នោះ​ឡើយ ហើយក៏​គ្មាន​ថ្ងៃ​ចូលចិត្ត​នាង​នោះ​ដែរ។ កញ្ញា យុង ខេមរា ថា នាង​បាន​ដឹង​រឿង​អ្វីៗ​គ្រប់យ៉ាង​អស់ហើយ ហើយ​ឲ្យ​លោក ហ៊ុន ម៉ាណែត ប្រយ័ត្នប្រយែង​ជាមួយ​កញ្ញា ធី សុវណ្ណថា។ នាង​ប្រាប់​កុំ​ឲ្យ​ទុកចិត្ត​នាង​នោះ​ឲ្យ​សោះ។

ជុំវិញ​ការ​សន្ទនា ត្រង់​ចំណុច​រសើប​នៃ​ប្រាក់​មួយ​លាន​ដុល្លារ​នេះ កញ្ញា យុង ខេមរា សម្ដែង​ការ​ភ្ញាក់ផ្អើល ដោយ​សរសេរ​ថា មិន​គួរ​ឲ្យ​ជឿ​សោះ ដែល​រឿង​នេះ អាច​បែក​ធ្លាយ​ជា​សាធារណៈ​បាន​បែបនេះ។ ទោះជា​យ៉ាង​នេះ​ក្តី នាង​ផ្ញើ​សារ​អបអរ​សាទរ។ ភ្លាម​នោះ​ម្ចាស់​គណនី​ឈ្មោះ ហ៊ុន ម៉ាណែត បាន​ប្រាប់​ឲ្យ​កញ្ញា យុង ខេមរា លុបចោល​ឲ្យ​អស់ អ្វី​ដែល​មាននៅ​ក្នុង​ការ​សន្ទនា​គ្នា​នេះ។ ប៉ុន្តែ សារ​ទាំងនោះ មិន​បាន​លុបចោល​នោះ​ទេ រហូត​ដល់​បែក​ធ្លាយ កាលពី​ថ្ងៃ​ទី២ ខែ​តុលា កន្លង​ទៅ​នេះ។

ទោះជា​យ៉ាង​ក្ដី ទាំង​លោក ហ៊ុន ម៉ាណែត និង​កញ្ញា យុង ខេមរា សុទ្ធតែ​ប្រកាស​បដិសេធ ចំពោះ​រឿង​នេះ។ លោក ហ៊ុន ម៉ាណែត សរសេរ​សារ​តាម​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី៤ ខែ​តុលា ដោយ​ចាត់​ទុក​ព័ត៌មាន​ដែល​លេច​ធ្លាយ​នោះ ថា ជា​ល្បិច​បំផ្លាញ​កិត្តិយស​លោក។ លោក ហ៊ុន ម៉ាណែត បន្ថែម​ថា អ្នកខ្លះ​រក​វិធី​ត្រឹមត្រូវ​បំបាក់​លោក​មិនបាន បែរជា​បង្កើត​រឿង​ប្លែកៗ​បែបនេះ​ទៅវិញ។ លោក​ថា នោះ​ជា​ការ​លាប​ពណ៌ និង​ស្នើ​ឲ្យ​ឈប់​បាន​ឈប់​ទៅ។

ចំណែក​ឯ​កញ្ញា យុង ខេមរា ក៏​ប្រកាស​ទាត់ចោល​ការសង្ស័យ​នោះ​ដែរ។ កញ្ញា​ក៏បាន​សរសេរ​សារ​តាម​ហ្វេសប៊ុក​របស់​ខ្លួន និង​ប្រាប់​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ថា Facebook របស់​នាង​ត្រូវ​បាន​ក្រុម​ជន​ងងឹត លួច​យក​ទៅ​គ្រប់គ្រង​តាំងពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ដែល​នាង​ទើបតែ​ដណ្ដើម​យក​មក​គ្រប់គ្រង​វិញ កាលពី​ថ្ងៃទី៤ ខែ​តុលា។ កញ្ញា​អះអាង​ថា អ្នក​លួច​ហ្វេសប៊ុក​របស់​កញ្ញា​នោះ បាន​កែប្រែ​រូប (Profile) បុរស​ម្នាក់​ផ្សេង ទៅជា​លោក ហ៊ុន ម៉ាណែត។ ទោះ​យ៉ាង​នេះ​ក្តី កញ្ញា យុង ខេមរា ទទួល​ស្គាល់​ថា សារ​ជា​អក្សរ និង​សារ​ជា​សំឡេង​ទាំងនោះ គឺ​ពិត​របស់​នាង​មែន ប៉ុន្តែ​នាង​ឆ្លើយឆ្លង​ក្នុង​លក្ខណៈ​ឯកជន ជាមួយ​អ្នក​ផ្សេង មិនមែន​ជាមួយ​លោក ហ៊ុន ម៉ាណែត នោះ​ទេ។

ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន លោក ផៃ ស៊ីផាន អះអាង​ថា ជា​រឿង​បុគ្គល​ផ្ទាល់ខ្លួន ដែល​តម្រូវ​ឲ្យ​អ្នក​រង​ផល​ប៉ះពាល់ ដាក់ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឲ្យ​ចាត់ការ​តាម​នីតិវិធី ដើម្បី​វែកមុខ​រក​ជនល្មើស​ពិត​ប្រាកដ។ ប៉ុន្តែ លោក​ប្រាប់​ថា ប្រសិនបើ​អ្នក​ប្រព្រឹត្ត​នោះ មិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ការស៊ើបអង្កេត ដើម្បី​ចាប់​ជន​នោះ​មាន​ភាព​លំបាក។

អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ហ៊ុន ម៉ាណែត និង​កញ្ញា យុង ខេមរា ដើម្បី​បញ្ជាក់​ថា តើ​អ្នក​ទាំងពីរ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ ដើម្បី​ឲ្យ​មានការ​ស្រា​ជ្រាវ និង ស៊ើបអង្កេត​ក្នុង​ករណី​នេះ ឬ​យ៉ាងណា​នៅឡើយ។

ប៉ុន្តែ ក្នុង​ករណី​រំលោភ​សិទ្ធិ​ឯកជន ដែល​កើតឡើង​ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង នា​ពេល​កន្លងមក អាជ្ញាធរ​តែងតែ​ប្រញាប់​ចាត់​ការ​ជំនួស​ជនរងគ្រោះ បើ​ទោះ​បី​ជា​គ្មាន​បណ្ដឹង​យ៉ាង​ណា​ក្តី ដូចជា​ករណី​លោក កឹម សុខា។ ចំណាត់​ការ​បែបនេះ រង​ការ​រិះគន់​ថា មិនមែន​ធ្វើ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ទេ ប៉ុន្តែ ដើម្បី​បន្ទាបបន្ថោក​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រធាន​បក្ស​ប្រឆាំង។

ការរំលោភ​សិទ្ធិ​ឯកជន បន្ត​កើតមាន​ជាច្រើន​ករណី​បន្តមក​ទៀត ដូចជា​ការ​លួច​ស្ដាប់​ទូរស័ព្ទ​ការ​សន្ទនា​គ្នា​ជា​ឯកជន របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ និង​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង​គ្នា។ ពេលខ្លះ​ចេញពី​លោក ហ៊ុន សែន ដោយ​ផ្ទាល់​ផង។ ប៉ុន្តែ អាជ្ញាធរ​មិន​បាន​ចាត់ការ ស៊ើបអង្កេត​វែកមុខ​រក​ជន​ប្រព្រឹត្ត ដើម្បី​រក​យុត្តិធម៌ ឲ្យ​ជនរងគ្រោះ នៃ​ការ​លួច​ស្ដាប់​សំឡេង ឬ​ការ​បែក​ធ្លាយ​សារ​ទាំងអស់​នោះ​ឡើយ។

លោក ហ៊ីង សុខសាន្ត ចាត់​ទុក​អ្នក​ដែល​ត្រូវ​គេ​លួច​យក​ព័ត៌មាន​ឯកជន ទៅ​ផ្សាយ​ជា​សាធារណៈ ថា​ជា​ជនរងគ្រោះ​ទាំងអស់ មិន​ថា​លោក ហ៊ុន ម៉ាណែត ឬ​កញ្ញា យុង ខេមរា ឬ​មន្ត្រី​បក្ស​ណា​នោះ​ទេ។ លោក​ថា មានតែ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ត្រឹមត្រូវ ឈរ​លើ​គោលការណ៍​យុត្តិធម៌ និង​តម្លាភាព​មួយ​ទេ ទើប​អាច​លាតត្រដាង​ការពិត​បាន និង​ចៀសវាង​ការ​ចង្អុល​ដាក់គ្នា៖ «ឥឡូវនេះ ចង់​មិន​ចង់​គេ​នឹង​បង្វែរ​ថា​រឿង​នេះ ជា​រឿងប្រឌិត​ឡើង​របស់​គណបក្សប្រឆាំង។ បើ​គ្មាន​ការស្រាវជ្រាវ​ទេ ភាព​មន្ទិល​សង្ស័យ​ហ្នឹង នៅតែ​ធ្លាក់​កំហុស​មក​ចោទ​ថា ហ្នឹង​ជា​រឿងប្រឌិត​របស់​គណបក្ស​ប្រឆាំង​ទៅវិញ។ បើ​គិត​ពី​គុណធម៌ និង​សីលធម៌ វា​ហាក់​ដូចជា​បៀម​ឈាម​ព្រួស​ដាក់​អ្នក​ដ៏​ទៃ នៅ​ពេល​រឿង​នេះ មិនទាន់​ស្រាវជ្រាវ​ពិតប្រាកដ។

ការ​គ្មាន​ការស្រាវជ្រាវ​ពិតប្រាកដ​នេះ ក៏​ធ្វើ​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស ព្រួយបារម្ភ​ដែរ។ មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថា​ការ​មិន​ចាត់ការ​លើ​អំពើ​ល្មើសច្បាប់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអនុវត្ត​ច្បាប់ បាត់បង់​ជំនឿ​ចិត្ត​លើ​សុចរិត​ភាព​នៃ​អាជ្ញាធរ និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ ដោយសារ​មនុស្ស​ចាប់ផ្ដើម​ខ្លាចរអា​ខ្លាំង ក្នុង​ការ​សន្ទនា​គ្នា តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​បច្ចេកវិទ្យា ដែល​គេ​អាច​លួច​ស្ដាប់ ឬ​លួច​ចូល​ប្រើប្រាស់​បាន​នោះ៖ «ជាពិសេស​យើង​មានការ​ព្រួយបារម្ភ សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។ ចំពោះ​សកម្មជន​សិទ្ធិមនុស្ស ដែល​មាន​កិច្ចការ​សន្ទនា ប្រឹក្សា​យោបល់​ផ្សេងៗ ទៅដល់​ប្រជាពលរដ្ឋ ទៅដល់​ជន​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ ដែល​យើង​ត្រូវ​ផ្ដល់​យោបល់​នោះ យើង​ឃើញ​ថា មាន​ភាព​លំបាក ដែល​មិន​អាច​ជជែក​ឲ្យ​អស់​លទ្ធភាព​តាម​ទូរស័ព្ទ​នោះ​ទេ ដោយសារ​មាន​កិច្ចការ​មួយ​ចំនួន ជា​រឿង​ភាព​ឯកជន​ភាព​របស់​ពួកគាត់ ដូច្នេះ​ពួកគាត់​ព្យាយាម​ណាត់​ជួប​ជំនួស​វិញ។ យើង​ឃើញ​ថា ការ​ណាត់​ជួប​នេះ ធ្វើ​ឲ្យ​មានការ​ខាត​ពេល​ខាត​វេលា​ជាច្រើន និង​ការ​ធ្វើដំណើរ​មក​ជួប​ជុំគ្នា ជា​ការ​លំបាក»

លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា ការ​មិន​ពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុង​បញ្ហា​នេះ វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​របស់​មនុស្ស ដែល​ជា​ជនរងគ្រោះ ក្នុង​ការ​រំលោភ​សិទ្ធិ​ឯកជន​នេះ។

បញ្ហា​រំលោភ​សិទ្ធិ​ឯកជន​នេះ ត្រូវ​បាន​អ្នកវិភាគ និង​មន្ត្រី​សិទ្ធិមនុស្ស ចាត់ទុកថា ជា​បញ្ហា​ធំ ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ ព្រោះ​ជនរងគ្រោះ​អាច​ជា​មន្ត្រី​បក្ស​កាន់អំណាច ផង​ដែរ។ គេ​នៅ​រង់​ចាំ​មើល ថា​តើ​អាជ្ញាធរ​នឹង​ចាត់ការ​យ៉ាង​ដូចម្ដេច ក្នុង​ករណី​លោក ហ៊ុន ម៉ាណែត និង​កញ្ញា យុង ខេមរា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​បក្ស​ប្រឆាំង ថា​របប​លោក ហ៊ុន សែន អនុវត្ត​ស្តង់ដារ​ពីរ​ជុំវិញ​រឿង​បែក​ធ្លាយ​ទំនាក់ទំនង​ស្នេហា​លួចលាក់"

  1. ស្នេហាជាតិ says:

    if manet has these 2 lychees between his legs he has only to meet this challenge
    https://m.facebook.com/story.php?story_fbid=298188700910390&id=100021577872461&_rdr

Leave a Reply

Submit Comment