អ្នកនិពន្ធ​បទ​ភ្ជុំបិណ្ឌ​នឹក​ស្រុក​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បើក​សិទ្ធិ​ទូលាយ​ដល់​អ្នកនិពន្ធ

ដោយ សេក បណ្ឌិត
2018-10-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បទ​ចម្រៀង​ភ្ជុំបិណ្ឌ នឹក​ស្រុក ដែល​ត្រូវ​បាន​ចែកចាយ​តាម​បណ្ដាញ​យូធូប។ Photo Screenshot (Photo: RFA)
បទ​ចម្រៀង​ភ្ជុំបិណ្ឌ នឹក​ស្រុក ដែល​ត្រូវ​បាន​ចែកចាយ​តាម​បណ្ដាញ​យូធូប។ Photo Screenshot (Photo: RFA)


អ្នកនិពន្ធ​បទ​ចម្រៀង «ភ្ជុំបិណ្ឌ​នឹក​ស្រុក​» ដែល​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហាម​ឈប់​ឲ្យ​ចាក់​ផ្សាយ​នោះ ចង់​ឲ្យ​របប​ក្រុងភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ លើ​វិស័យ​សិល្បៈ វប្បធម៌ បើក​សិទ្ធិ​ឲ្យ​ទូលាយ​ដល់​អ្នកនិពន្ធ។

អ្នកឃ្លាំមើល​សង្គម ថា​ក្រសួង​ការងារ មិន​គួរ​ដាក់​វិធានការ​ហាមប្រាម លើ​ការ​ចរាចរ​បទ​ចម្រៀង​ដែល​ឆ្លុះបញ្ចាំង​ពី​ការពិត​ក្នុង​សង្គម​កម្មករ​រោងចក្រ​កាត់ដេរ​នោះ​ឡើយ ព្រោះ​នេះ​ជា​សិល្បៈ និង​សិទ្ធ​របស់​អ្នកនិពន្ធ។

អ្នក​និពន្ធ លោក ងួន សុបិន ម្ចាស់​បទ​ចម្រៀង «ភ្ជុំបិណ្ឌ នឹក​ស្រុក» បាន​ឲ្យ​ដឹង​ថា លោក​មិន​ចង់​តវ៉ា ជុំវិញ​ក្រសួង​ការងារ​សុំ​ឲ្យ​ឈប់​ផ្សាយ​បទ​ចម្រៀង​នេះ ដែល​ច្រៀង​ដោយ លោក ម៉ៅ ហាជី នោះ​ឡើយ ពីព្រោះ​លោក​មិន​ចង់​អោយ​មានរឿង​វែងឆ្ងាយ​តទៅទៀត។

ប៉ុន្តែ លោក​អាច​បញ្ជាក់​បាន​ថា បទ​នេះ​លោក​និពន្ធ និង​ផ្ដល់​សិទ្ធិ​អោយ​ផលិតកម្ម​ថោន​ជា​អ្នក​ផលិត តាំងពី​អំឡុង​មុន​ពេល​បុណ្យ ភ្ជុំ​បិណ្ឌឆ្នាំមុន គឺ​ឆ្នាំ​២០១៧ និង​បាន​ចេញ​ផ្សាយ​រួច​ជាង​មួយ​ឆ្នាំ​ហើយ ហើយ​បទ​នេះ ទើប​មាន​ការចែក​ផ្សាយ​ឡើងវិញ​ក្នុង​ឱកាស​បិណ្ឌ​ភ្ជុំ​ឆ្នាំ​២០១៨ ដោយ​ខាង​ក្រុមហ៊ុន មិន​បាន​ផលិត​ឡើងវិញ​នោះ​ទេ។

លោក​បន្ត​ថា បទ​នេះ​លោក និពន្ធ​ឡើង តាម​សាច់រឿង​ជីវិត​របស់​កម្មករ​មួយ​ចំនួន ដែល​លោក​បាន​ជួបប្រទះ​នៅ​ក្នុង​សង្គម​កាល​ពេលនោះ តាម​បែប​សិល្បៈ​ចម្រៀង​មនោសញ្ចេតនា​តែប៉ុណ្ណោះ៖ «និយាយ​រួម​ទាល់តែ​មានរឿង​ជាក់ស្ដែង​ខ្លះ​ទើប​យើង​សរសេរ​បាន វា​មិនមែន​ទូទាំង​ប្រទេស​ទេ វា​មាន​រោងចក្រ​មួយ​ចំនួន​…​ឧទាហរណ៍​ថា​មាន​រោងចក្រ​ខ្លះ​បើក​លុយ​ថ្ងៃ​៥ តែ​ភ្ជុំបិណ្ឌ ថ្ងៃ​ទី​២៤ ឬ២៥ អញ្ចឹង រោងចក្រ​គាត់​មិន​អាច​បង្ខំចិត្ត​បើក​២​ដង​ក្នុង​ខែ​ដូច​ឥឡូវនេះ​ទេ»

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា បាន​ជំរុញ​ឲ្យ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់​វិធានការ ផ្អាក​ការផ្សាយ​បទ​ចម្រៀង «ភ្ជុំបិណ្ឌ​នឹក​ស្រុក» ដែល​ច្រៀង​ដោយ លោក ម៉ៅ ហាជី នៃ​ផលិតកម្ម​ថោន។

ក្រសួង​ការងារ​លើកឡើង​ថា ចំណុច​ពីរ​តែ​ក្រសួង​មាន​បញ្ហា​នោះ «កម្មករ​និយោជិក​មិន​ទាន់​បើក​ប្រាក់ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល ធ្វើ​ឱ្យ​កម្មករ​និយោជិក​មិន​បាន​ទៅ​ស្រុកកំណើត​ទៅលេង​ម៉ែ​-​ពុក បាន​ត្រឹមតែ​ស្រុក​ទឹក​នេត្រា ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ម៉ែ​-​ពុក បន្ទាប់ពី​ភ្ជុំបិណ្ឌ​រួចហើយ បាន​អាច​ទៅលេង​ស្រុកកំណើត»

លិខិត​របស់​លោក អ៊ិត សំហេង បញ្ជាក់​ទៀត​ថា បទ​ចម្រៀង​មួយ បទ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​គោលនយោបាយ​របស់​របប​លោក ហ៊ុន សែន និង​ផ្ទុយ​ទាំងស្រុង​នូវ​អ្វី​ដែល​របប​ក្រុងភ្នំពេញ កំពុង​យកចិត្តទុកដាក់ និង​ផ្ដល់​កិច្ច​គាំពារ​ដល់​កម្មករ​និយោជិក។

ចំណែក​អ្នកឃ្លាំមើល​សង្គម ព្រមាន​ថា ការ​ចាត់​វិធាន​របស់​ក្រសួង​ការងារ​ដែល​ហាម មិន​ឲ្យ​ផ្សព្វផ្សាយ​បទ​ចម្រៀង​«​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​ថា របប​លោក ហ៊ុន សែន ងាយ​ទៅ​រក​របប​ផ្ដាច់ការ​ខ្លាំង​ឡើង​និង​ជា​ការ មិន​លើកទឹកចិត្ត​ដល់​ស្នាដៃ​របស់​សិល្បករ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​អតីត​ទីប្រឹក្សា​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ គឺ​លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា របប​លោក ហ៊ុន សែន មិន​ត្រូវ ធ្វើការ​ហាមប្រាម​លើ​បទ​ចម្រៀង​ដែល​ឆ្លុះបញ្ចាំង​ពី​ការពិត​ក្នុង​សង្គម​កម្មករ​រោងចក្រ​កាត់ដេរ កាលពី​ពីរ​ឆ្នាំមុន​នោះ​ឡើយ។

លោក​បន្ត​ថា វិធានការ​របស់​ក្រសួង​ការងារ​នៅ​ពេល​នេះ គឺជា​ការ​បង្ហាញ​អំពី អភិបាលកិច្ច​ដែល​មាន​លក្ខណៈ​ត្រួតត្រា ជាជាង​ការ​លើកទឹកចិត្ត​ដល់ អ្នក​ដែល​មាន​ទេព​កោសល្យ៖ «ទៅ​ឈឺក្បាល​វិលមុខ​អី អា​អ៊ីចឹង វា​អត់​ត្រូវ​ឈឺក្បាល​វិលមុខ។ មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ នេះ​គ្រាន់តែ​ជា​បញ្ចេញ​មនោសញ្ចេតនា ហើយ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជាក់ស្ដែង។ មាន​ស្អី​តិច​ត្រួតត្រា ស្អី​ត្រួតត្រា»

ទោះជា​យ៉ាងណាក៏ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា បទ​ចម្រៀង​មួយ​បទ​នេះ​មិន​បាន​ធ្វើ​ប៉ះទង្គិច​ដល់​មុខមាត់​របប​លោក ហ៊ុន សែន និង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ របៀប​រៀបរយ​សង្គម ឬ​ផ្ទុយ​នឹង​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ឡើយ។

បទ «ភ្ជុំបិណ្ឌ នឹក​ស្រុក»នេះ គឺជា​បទ​ទី​៣ របស់​អ្នកនិពន្ធ ងួន សុបិន ដែល​ក្រសួង​ពាក់ព័ន្ធ​បាន​ហាម​ឃាត​មិន​អោយ​ចេញផ្សាយ ក្នុង​នោះ​មាន​បទ ស៊ី​បាន​ចេះតែ​ស៊ី​ទៅ និង​បទ​ជីវិត​អ្នក​ប្រដាល់។

លោក​ថា បទ​ចម្រៀង​របស់​លោក ប្រមាណ​២០០ បទ​ភាគច្រើន លោក​សរសេរ អំពី​បញ្ហា​ជីវិត​យុវវ័យ​ក្នុង​សង្គម​បច្ចុប្បន្ន ច្រើនជាង​រឿង​ជីវិត​ស្នេហា​អូន​បង។

លោក​ចង់​ឲ្យ​របប​លោក​ក្រុងភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ លើកកម្ពស់​ស្នាដៃ​អ្នកនិពន្ធ​និង​បើក​សិទ្ធិ​ឲ្យ​ទូលាយ​ដល់​អ្នកនិពន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment