អ្នកយកព័ត៌មានទូរទស្សន៍អប្សរារបស់គ្រួសារត្រកូលហ៊ុន បដិសេធរឿងស្នេហាត្រីកោណជាមួយលោក ហ៊ុន ម៉ាណែត

អ្នកយកព័ត៌មានទូរទស្សន៍អប្សរារបស់គ្រួសារត្រកូលហ៊ុន បដិសេធរឿងស្នេហាត្រីកោណជាមួយលោក ហ៊ុន ម៉ាណែត


By
ឌឹ ខេមបូឌា ដេលី

អ្នកយកព័ត៌មានទូរទស្សន៍អប្សរារបស់គ្រួសារត្រកូលហ៊ុនបដិសេធរឿងស្នេហាត្រីកោណជាមួយលោកហ៊ុន ម៉ាណែត កញ្ញា យុង ខេមរា ដែលជាអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍អប្សរារបស់ក្រុមបក្សកាន់អំណាច និងជាវរសេនីយ៍ទោ ប្រចាំការិយាល័យទី៥នៃកងពលតូចលេខ៧០ កាលពីថ្ងៃទី៤ ខែតុលា បានប្រកាសទាត់ចោលការសង្ស័យថា នាងមានស្នេហាត្រីកោណជាមួយលោក ហ៊ុន ម៉ាណែត។

ការប្រកាសរបស់នាង យុង ខេមរា ធ្វើឡើងក្រោយពេលមានក្រុមចោរព័ត៌មានវិទ្យាបានទម្លាយ គណនីហ្វេសប៊ុករបស់កញ្ញា យុង ខេមរា កាលពីថ្ងៃទី៣ ខែតុលា បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីកិច្ចសន្ទាតាម Messenger ដែលកញ្ញា យុង ខេមរា បានផ្ញើសារជាសម្លេងសោកសង្រេងរបស់នាងទៅកាន់គណនីហ្វេសប៊ុកឈ្មោះ ហ៊ុន ម៉ាណែត អំពីការបែកបាក់ស្នេហា។

ប្រព័ន្ធឃោសនារបស់លោកហ៊ុន សែនបានដកស្រង់សម្តីកញ្ញា យុង ខេមរា ចុះផ្សាយថា កញ្ញាពិតជាបានទទួលស្គាល់ថា មានក្រុមជនក្រុមចោរព័ត៌មានវិទ្យាបានលួចយកគណនីហ្វេសបុករបស់កញ្ញាទៅគ្រប់គ្រងតាំងពីថ្ងៃទី ២៧ ខែ កញ្ញា មកម៉្លេះ ហើយកញ្ញាទើបតែដណ្តើមយកមកគ្រប់គ្រងវិញនៅថ្ងៃទី៤ខែ តុលានេះ។

កញ្ញាបញ្ជាក់ថា ក្រុមចោរដែលលួចហ្វេសប៊ុករបស់កញ្ញានោះបានកែ profile បុរសម្នាក់ផ្សេងទៀតទៅជាលោក ហ៊ុន ម៉ាណែត ទៅវិញ។

ប៉ុន្តែកញ្ញាទទួលស្គាល់ថា សារជាអក្សរ និងសំឡេងទាំងនោះគឺពិតរបស់កញ្ញាមែន ប៉ុន្តែនាងបានផ្ញើទៅអ្នកផ្សេងដែលមិនមែនជាលោក ហ៊ុន ម៉ាណែត នោះឡើយ។

រហូតមកទល់ពេលនេះ លោក ហ៊ុន ម៉ាណែត នៅមិនទាន់មានប្រតិកម្មអ្វីនោះឡើយចំពោះការបែកធ្លាយសារស្នេហារវាងកញ្ញា យុង ខេមរា និងគណនីហ្វេសប៊ុកឈ្មោះ ហ៊ុន ម៉ាណែត នោះ៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles