របប​ក្រុងភ្នំពេញ​មិន​បារម្ភ​ការ​ដក​ហូតពន្ធ​អនុគ្រោះEBA​របស់​សហភាព​អឺរ៉ុប

ដោយ ថន ថារ៉ូ
2018-10-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA


របប​ក្រុងភ្នំពេញ មិន​បារម្ភ​ពី​ការ​ព្យួរ ឬ​ដកហូត​ការ​អនុគ្រោះ​ពន្ធ ឈ្មោះ​ថា អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ ឬ អ៊ី​ប៊ី​អេ (EBA) របស់​សហភាព​អឺរ៉ុប​ទេ។ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ អះអាង​ថា របប​ក្រុងភ្នំពេញ គ្មាន​គម្រោង​ទប់ស្កាត់ ឬ​ស្ដារ​វិធានការ​របស់​សហភាព​អឺរ៉ុប​ទេ បើ​ទោះ​ជា​ដក ឬ យ៉ាង​ណា គឺ​ស្រេច​តែ​ចិត្ត។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ពន្យល់​ថា ការ​ដក​ហូត​អនុគ្រោះ​ពន្ធ ឈ្មោះថា អ្វី​ទាំងអស់​លើកលែងតែ​អាវុធ កម្ពុជា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ដោយសារតែ កម្ពុជា​ក៏​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​ការលើកលែង​នៅ​ពេល​ខាងមុខ​ដ៏​ខ្លី​ដែរ​ដោយសារតែ​តាម​កំណើន​សេដ្ឋកិច្ច​សរុប​ប្រចាំ​ឆ្នាំ​ដូច្នោះ​កម្ពុជា​នឹង​ត្រូវ​ចូល​ក្នុង​លក្ខខណ្ឌ​ជា​ប្រទេស​គ្មាន​ការលើកលែង​ការ​អនុគ្រោះ​ពន្ធ​ជាក់​ជាមិនខាន។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា របប​ក្រុងភ្នំពេញ មិន​មាន​គម្រោង​ដើម្បី​ចរចា សុំ​ឲ្យ​សហភាព​អឺរ៉ុប​ស្ដារ​ឡើងវិញ​នូវ​វិធានការ​របស់​ពួកគេ​ទេ ហើយ​របប​មួយ​នេះ ធានា​ថា អាច​រស់​បាន​ដោយ​គ្មាន​ការ​ពឹង​ផ្អែកលើ​សេដ្ឋកិច្ច​ប្រទេស​ដទៃ។ លោក ផៃ ស៊ីផាន ហៅ​ភាសា ផ្ដាច់ការ​អនុគ្រោះ​ពន្ធ ឬ​ការ​ដាក់​សម្ពាធ ជា​ភាសា​ម៉ាក​ងាយ​លើ​របប​ក្រុងភ្នំពេញ៖ «ចំពោះ​កម្ពុជា​អាច​រស់​ខ្លួនឯង​បាន​ដែរ​តើ ដោយ​ឈរ​លើ​កម្លាំង​សេដ្ឋកិច្ច ដូច្នេះ​ការប្រើប្រាស់​ពាក្យ​ថា ដាក់ទណ្ឌកម្ម ការប្រើប្រាស់​ពាក្យ​ថា ផល​ប៉ះពាល់​ដល់​កម្ពុជា អានេះ​ជា​ភាសា​ម៉ាក់​ងាយ​ដល់​កម្ពុជា ពីព្រោះ​កម្ពុជា ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ផលិតផល សម្រាប់​លក់​លើ​ទីផ្សារ​ទូទាំង​ពិភពលោក មិនមែន​សម្រាប់​តែ​ទីផ្សារ​អឺរ៉ុប​ទេ»

សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៥ តុលា អះអាង​ថា បាន​ជូនដំណឹង​ទៅ​របប​លោក ហ៊ុន សែន រួចរាល់​ហើយ អំពី​ចំណាត់​ការ​ឈាន​ទៅ​រក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឈ្មោះ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA ។ សហភាព​អឺរ៉ុប​គូស​បញ្ជាក់​ថា ចំណាត់​ការ​នេះ គឺ​ដោយសារតែ ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មើល​ឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា កា​​​​​រ​ដែល​នាំ​ឲ្យ​កម្ពុជា​ឈាន​ដល់​ដំណាក់កាល​បែបនេះ ដោយសារតែ​វិបត្តិ​នយោបាយ​ដណ្ដើម​អំណាច​គ្នា​នៅ​កម្ពុជា មិនមែន​បណ្តាល​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ។ លោក​បណ្ឌិត យល់ថា របប​ក្រុងភ្នំពេញ គ្មាន​ជម្រើស​អ្វី ក្រៅពី​បន្ត​ប្រឹង​ទៅមុខ ដោយ​ពឹង​ពាក់​លើ​សេដ្ឋកិច្ច​មហា​យក្ស​ចិន ដើម្បី​រក្សា​អំណាច​ឲ្យ​ដល់​ឆ្នាំ​២០២៣​ទេ។ ប៉ុន្ដែ ទោះយ៉ាងណា លោក​បណ្ឌិត​បញ្ជាក់​ថា ចិន​មិន​អាច​ជួយ​រក្សា​សេដ្ឋកិច្ច​ឲ្យ​ពលរដ្ឋ​១៥​លាន​នាក់​ទេ។

បន្ថែម​ពី​នេះ លោក​បណ្ឌិត មាស នី បារម្ភ​ថា សហគមន៍​អឺរ៉ុប​នឹង​មិន​ព្រម​បញ្ឈប់​ត្រឹមនេះ​ទេ ហើយ​បន្ទាប់ពី​EBA របស់​សហភាព​អឺរ៉ុប អាច​នឹង​មាន​សម្ពាធ​បន្ថែម​លើ​របប​ក្រុងភ្នំពេញ ជា​បន្តបន្ទាប់​ទៀត៖ «យើង​ចាំ​មើល ទាក់ទង​នឹង​ដំណើរ​វិវត្តន៍​នឹង​សេដ្ឋកិច្ច​កម្ពុជា បន្ដ​ទៅ​ទៀត ថា​តើ​ក្រោយពី​សហភាព​អឺរ៉ុប គេ​បាន​ដកហូត​ការ​អនុគ្រោះ​ពន្ធ​ហ្នឹង តើ​នឹង​មាន​វិធានការ​អ្វី​ផ្សេងទៀត​? ខ្ញុំ​គិត​ថា វា​មិន​មែនមាន​តែមួយ​ហ្នឹង​ទេ វា​អាច​នឹង​មាន​អ្វី​បន្ថែម​ផ្ទូនៗ ទៀត​ទៅ​ណា។ អ៊ីចឹង អា​ប្រតិកម្ម​ថ្មី​នេះ ខ្ញុំ​គិត​ថា អ្នកនាំពាក្យ​រដ្ឋាភិបាល​គាត់​ក៏​មិន​មាន​អ្វី​ឆ្លើយតប​ភ្លាមៗ​ទេ​បាន​។ យើង​ចាំ​មើល​ថា​តើ នឹង​មាន​អ្វី​ផ្លាស់ប្ដូរ​ទៀត នៅ​ពេល​ខាងមុខ»

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ក៏​យល់ថា ការ​គ្មាន​គម្រោង​ស្ដារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើងវិញ ជា​ភាសា​របស់​អ្នកនាំពាក្យ​ដែរ ប៉ុន្តែ​យ៉ាងណា លោក​មាន​​​​​​ជំនឿ​​​ថា អ្នកនយោបាយ​ខ្មែរ​ទាំង​២​ក្រុម គឺ ក្រុម​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង នឹង​អាច​ចូល​តុ​ជជែក​គ្នា​បាន ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា ដើម្បី​រក​ចំណុច​រួម​មួយ ជា​ប្រយោជន៍​ជាតិ។

លោក រ៉ុង ឈុន អះអាង​ថា សហជីព​លោក នៅតែ​រក្សា​ជំហរ​ដដែល គឺ ក្រោយ​ភ្ជុំបិណ្ឌ លោក​នឹង​ដាក់​លិខិត​ជូន​របប​ក្រុងភ្នំពេញ ដើម្បី​សម្ដែង​មតិ ទាមទារ​ឲ្យ​មានការ​សម្របសម្រួល​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​ទាំង​២​ក្រុម ដើម្បី​ប្រយោជន៍​កម្មករ និង​ប្រយោជន៍​ជាតិ​ទាំងមូល៖ «ចំពោះ​ជំហរ សហភាព​សហជីព​កម្ពុ​ជា យើង​មិន​មាន​អ្វី​ផ្លាស់ប្ដូរ​ទេ។ កំណត់​ដូច​ដែល​ខ្ញុំ​បាន​ប្រកាស​ថា បន្ទាប់ពី​បុណ្យ​ភ្ជុំបិណ្ឌ​រួចរាល់ ខ្ញុំ​នឹង​ជូនដំណឹង​ធ្វើ​បាតុកម្ម ដើម្បី​សម្ដែង​មតិ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រប​សម្រួល ជាមួយ​សហគមន៍​អឺរ៉ុប​ក៏ដូចជា​បណ្ដា​ប្រទេស លោក​ខាងលិច ធ្វើ​ម៉េច​ដើម្បី​រក្សា​ការងារ​ជូន​បងប្អូន​កម្មករ កម្មការិនី»

ផ្អែក​តាម​បទ​បទបញ្ញត្តិ របស់​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប ក្រោយ​ស្នងការ​អឺរ៉ុប ជូនដំណឹង​ទៅ​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អំពី​ការអនុវត្ត​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ស្នងការ​អឺរ៉ុប​នឹង​ធ្វើ​ការ​តាមដាន និង​វាយតម្លៃ​ស្ថានភាព​ក្នុង​ប្រទេស​ទទួល​អត្ថប្រយោជន៍​រយៈពេល ៦​ខែ​ទៀត ចាប់ពី​ពេល​ជូនដំណឹង​នេះ។ ក្នុង​រយៈពេល ៦​ខែ​បន្ទាប់​ពី​ចប់​រយៈពេល​ខាងដើម​នេះ ស្នងការ​អឺរ៉ុប នឹង​ធ្វើ​សេចក្ដីសម្រេចចិត្ត ថា​តើ​គួរ​បញ្ឈប់​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន​នេះ ឬ ធ្វើការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន នេះ​តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "របប​ក្រុងភ្នំពេញ​មិន​បារម្ភ​ការ​ដក​ហូតពន្ធ​អនុគ្រោះEBA​របស់​សហភាព​អឺរ៉ុប"

  1. Anonymous says:

    This comment just shows the world how illiterate, nonsense and clueless Cambodia government is. Wandering how can they subsidize multi billion dollars a year just to keep export going in order to maintain Cambodia employment. Can China guarantees to take care this problem? And this is just the beginning.

  2. Anonymous says:

    if you believing this dump ass you will lost your under ware . this dog just burking for food when you give him some treat his tail weakling non stop. you have no second change Mr as Cambodian who go back to Cambodia you are the lowest educated of all. I rather used my brain to make money for my living . I will never use my mouse to make any harm to the other expressly to this poor nation. you are a poor dog indeed no question to ask. GOD bless Cambodia

  3. Anonymous says:

    PI C PEST is the man who doesn’t know anything only licking dictator’s ash

  4. Anonymous says:

    Stinky, dirty mouth Phay Si Phan.