សហភាព​អឺរ៉ុប​ជូនដំណឹង​ផ្លូវការ​ដល់​កម្ពុជា​អំពី​ចំណាត់​ការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ដោយ មាន ឫទ្ធិ
2018-10-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ Photo courtesy of European parliament
អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ Photo courtesy of European parliament


សហភាព​អឺរ៉ុប​ជូនដំណឹង​ទៅ​របប​លោក ហ៊ុន សែន រួចរាល់​ហើយ អំពី​ចំណាត់ការ​ឈាន​ទៅ​រក​ការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ» ហៅ​កាត់​ថា EBA ។ សហភាព​អឺរ៉ុប​គូស​បញ្ជាក់​ថា ចំណាត់ការ​នេះ គឺ​ដោយសារតែ ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ បន្ត​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ងាក​មក​រក​កិច្ច​សន្ទនា​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ជា​បន្ទាន់​ដោយ​ពិតប្រាកដ​មួយ ដើម្បី​បញ្ចៀស​សហភាព​អឺរ៉ុប ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដ៏​សំខាន់​មួយ​នេះ​ពី​កម្ពុជា។

ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​គោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម (Cecilia Malmstrom) ព្រមាន​សាជាថ្មី​ម្តង​ទៀត​ថា កម្ពុជា អាច​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប “​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​ឬ​ហៅ​កាត់​ថា EBA។ ការព្រមាន​សាជាថ្មី​របស់​ស្នងការ​សហភាព​អឺរ៉ុប​ដ៏​មាន​ឥទ្ធិពល​រូប​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ ទី៥ ខែ​តុលា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ក្រោយ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង អ៊ីនស៏ប្រ៊ុក ( Innsbruck ) ប្រទេស​អូទ្រីស ផ្តោត​លើ​បញ្ហា​របស់​កម្ពុជា និង​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា។

អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម គូស​បញ្ជាក់​ថា នៅ​កម្ពុជា មាន​ការ​វិវត្ត​គួរ​ឲ្យ​ព្រួយបារម្ភ អំពី​ការ​ធ្លាក់ចុះ​ដុនដាប​យ៉ាង​ច្បាស់​ក្រឡែត នៃ​បញ្ហា​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ដោយ​គ្មាន​សង្ឃឹម​ពី​ការ​កែ​លម្អ​ស្ថានភាព​ណាមួយ គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​នោះ​ឡើយ។ អ្នកស្រី​ថា បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប ទៅកាន់​ប្រទេស​កម្ពុជា កាល​ពី​ពេល​កន្លង​ទៅ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ការ​រំលោភ​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សម្ដែង សិទ្ធិ​ការងារ និង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ បន្ថែម​លើ​បញ្ហា​រ៉ាំរ៉ៃ​ដទៃ​ទៀត ដែល​កំពុងតែ​កើតមាន​ស្រាប់ ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ​និយោជិក និង​ការរំលោភ​ដីធ្លី ជាដើម។

អ្នកស្រី​ពន្យល់​ថា កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ​នេះ ដែល​ធានា​អំពី​លទ្ធភាព​នៃ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដោយ​ពុំ​ចាំបាច់​បង់ពន្ធ​អ្វី​ទាំងអស់ លើកលែងតែ​ការនាំចេញ​អាវុធ និង​គ្រាប់រំសេវ​នោះ។ ក៏ប៉ុន្តែ អ្នកស្រី​ថា ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មិនមែន​បាន​មក​ដោយ​គ្មាន​លក្ខខណ្ឌ​ណាមួយ​នោះ​ឡើយ។ អ្នកស្រី​ថា សហភាព​អឺរ៉ុប​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដល់​កម្ពុជា ដោយ​មាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​នៃ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​លើកកម្ពស់ និង​គោរព​គុណ​តម្លៃ​នានា​ដូច​មាន​ចែង​ក្នុង​កតិកាសញ្ញា​ជា​មូលដ្ឋាន​ចំនួន​១៥ របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)

អ្នកស្រី​បន្ត​ថា ដូចដែល​អ្នកស្រី​បាន​គូស​បញ្ជាក់​ជាច្រើនលើក​ជាច្រើន​សារ​មក​ហើយ ក្នុងនាម​ជា​ស្នងការ​ពាណិជ្ជកម្ម គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ត្រូវតែ ផ្សា​ភ្ជាប់​ជាមួយ​នឹង​គុណ​តម្លៃ​របស់​អឺរ៉ុប។ ដូច្នេះ អ្នកស្រី​ថា នៅ​ពេល​ដែល​មាន​ការ​មើល​ស្រាល​យ៉ាង​ជាក់ច្បាស់​ទៅលើ​គុណ​តម្លៃ​ទាំងនោះ នោះ​សហភាព​អឺរ៉ុប ត្រូវតែ​មាន​ចំណាត់​ការ​តបត​វិញ។

ក្នុង​ន័យ​នេះ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​រូប​នេះ សង្កត់​ធ្ងន់ៗ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​កម្ពុជា​នេះ សហភាព​អឺរ៉ុប កំពុង​ឈាន​ទៅ​អនុវត្ត​ដំណាក់កាល​មួយទៀត ក្នុង​ដំណើរការ​នេះ។ អ្នកស្រី លើកឡើង​ថា បញ្ហា​ជាច្រើន បាន​កើត​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​នៅ​ក្នុង​ករណី​ខ្លះ ប្រទេស​កម្ពុជា កំពុងតែ​បោះជំហាន​ថយក្រោយ។ ជា​ឧទាហរណ៍​ជាក់ស្ដែង ការ​បោះឆ្នោត កាលពី​ខែ​កក្កដា​កន្លង​ទៅ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប ដោយមាន​ការ​យាយី និង​ការ​បំភិតបំភ័យ ក៏ដូចជា​ការ​រឹតត្បិត​ខ្លាំង​ដល់​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋាន។

អ្នកស្រី​ថ្លែង​ថា តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ អ្នកស្រី Federica Mogherini និង​អ្នកស្រី បាន​ជម្រាប​ទៅ​ភាគី​កម្ពុជា​រួចរាល់​ហើយ ថា សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ» នេះ ដោយសារតែ​គ្មាន​ការ​កែលម្អ​ស្ថានភាព​ច្បាស់លាស់ និង​គួរ​ឲ្យ​ទុកចិត្ត​បាន​នៅ​កម្ពុជា។ យ៉ាងណាក៏ដោយ ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​គោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម មិន​បាន​ទាត់ចោល​នូវ​ការ​រក្សាទុក​លទ្ធភាព ឲ្យ​មាន​កិច្ច​សន្ទនា ឬ​ចរចា​គ្នា​ក្នុងចំណោម​អ្នកនយោបាយ​ខ្មែរ​នោះ​ទេ។

អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​របប​លោក ហ៊ុន សែន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ បាន​នៅឡើយ​ទេ ដោយសារ​លោក មិន​លើក​ទូរស័ព្ទ កាលពី​យប់​ថ្ងៃ​ទី៥ តុលា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ព្យាយាម​បំភ្លៃ​ព័ត៌មាន​ថា ក្នុង​អត្ថន័យ​ធ្វើ​ឲ្យ​ភាន់ច្រឡំ​ថា សហភាព​អឺរ៉ុប អាច​នឹង​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ រហូតដល់​ឆ្នាំ២០២៧។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ប្រាប់​អាស៊ីសេរី​ថា ដោយសារតែ​លោក ហ៊ុន សែន បាន​ដើរ​ហួស​បន្ទាត់​ក្រហម ដែល​ជា​ការបំពាន​ជ្រុល​ទៅលើ​សិទ្ធិមនុស្ស សិទ្ធិ​របស់​គណបក្ស​សង្គ្រោះជាតិ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ពាក់​កណ្តាល​នគរ និង​ដោយ​បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​ជា​ស្ថាពរ​ហើយ​នោះ សហភាព​អឺរ៉ុប ក៏ដូចជា​សហគមន៍​អន្តរជាតិ​ទាំងមូល បាន​ផ្តល់​នូវ​សារ​ព្រមាន​នេះ​ជាច្រើនលើក​ច្រើន​សា​ហើយ។ អ្នកស្រី គូស​បញ្ជាក់​ថា នេះ​គឺជា​សារ​ចុង​ព្រមាន​ក្រោយ ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​សម្រាប់​កម្ពុជា ដែល​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ទាំងមូល ព្រោះ​នេះ​គឺជា​ជំហាន​មួយ​ដែល​នឹង​មិន​ត្រលប់​ថយក្រោយ​វិញ​ឡើយ។ អ្នកស្រី ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ងាក​មក​រក​កិច្ច​សន្ទនា​ដ៏​ស្មោះត្រង់​មួយ ជាមួយ​គណបក្ស​សង្គ្រោះជាតិ ក្រោម​ការចូលរួម​ដឹងឮ​របស់​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ចៀស​នូវ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ៖ «ចំពោះ​យើង​វិញ យើង​យល់ឃើញ​ថា ជៀស​មិន​ផុត​ទេ​នៅ​ក្នុង​ការ​ដោះលែង​លោក​ប្រធាន កឹម សុខា ដើម្បី​ឲ្យ​មាន​ជា​ប្រធាន​នៃ​គណៈប្រតិភូ​នៃ​គណបក្ស​សង្គ្រោះជាតិ ឈាន​ទៅ​ចូល​ក្នុង​ការសន្ទនា ដោយ​យក​ផលប្រយោជន៍​ជាតិ​ទាំងមូល យក​មក​ដាក់​នៅ​ក្នុង​គ្រប់​ចំណុច​ទាំងអស់ ដើម្បី​ឲ្យ​ចាក​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​នៃ​សហភាព​អឺរ៉ុប។ តែ​សហភាព​អឺរ៉ុប គេ​ដាក់​វិធានការ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ហើយ ដែល​ជា​ទីផ្សារ​ដ៏​ធំ​ណាស់តែ​អឺរ៉ុប​ចេញដំណើរ​ហើយ អាមេរិក​ក៏​គេ​នឹង​ចេញ​ដំណើរ កាណាដា ក៏​នឹង​ចេញដំណើរ គឺ​ពាណិជ្ជកម្ម​របស់​យើង​នឹង​អស់​ច្រក។ នេះ​គឺជា​វិបត្តិ​សេដ្ឋកិច្ច នឹង​ក្លាយ​ទៅ​ជា​វិបត្តិ​សង្គម និង​នយោបាយ​ដ៏​ធ្ងន់​ណាស់។ គេ​បាន​និយាយ​ហើយ ចាត់​វិធានការ​ឲ្យ​គេ​ឃើញ​ទៅ គេ​នៅ​ទុក​ពេល​វេលា​ឲ្យ​មានការ​សន្ទនា។ បើ​មិន​ដូច្នោះ​ទេ ឈាន​ទៅ​ដល់​ការ​បិទ​ទីផ្សារ​ទាំងស្រុង​ហើយ»

អ្នកស្រី​សង្កត់​ធ្ងន់ៗ​ថា ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ គឺ​នៅ​ដដែល គឺ​គណបក្ស​នេះ មិន​ចង់​ឲ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា​នោះ​ទេ និង​ចង់​ឃើញ​នូវ​ការ​វិល​ត្រលប់​មកវិញ នូវ​វប្បធម៌​សន្ទនា​ឡើងវិញ ស្របតាម​លក្ខខណ្ឌ​ទាមទារ​នានា នា​ពេល​កន្លងមក​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម។ អ្នកស្រី​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ឲ្យ​គិតគូរ​ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ និង​ស្វែងរក​ដំណោះស្រាយ​ក្នុងនាម​ខ្មែរ​ដូចគ្នា។

កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​មិន​គិត​ពន្ធ ក្រោម​គម្រោង «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» (Everything But Arms , EBA ) របស់​សហភាព​អឺរ៉ុប តាំងពី​ខែ​វិច្ឆិកា ឆ្នាំ ២០១២ មក​ម្ល៉េះ។ កម្ពុជា គឺជា​ប្រទេស​មួយ ក្នុងចំណោម ៤៨​ប្រទេស​ផ្សេងទៀត​នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដែល​គឺជា​ការ​លើកទឹកចិត្ត​ដល់​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិចតួច។ នៅ​អាស៊ីអាគ្នេយ៍ ក្រៅពី​កម្ពុជា មាន​ប្រទេស​ឡាវ មីយ៉ាន់ម៉ា ឬភូមា និង​ប្រទេស​ទីម័រខាងកើត ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ សហភាព​អឺរ៉ុប បាន​បង្កើត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឡើង​ក្នុង​ឆ្នាំ ២០០១ ដើម្បី​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​នៅ​លើ​ពិភពលោក នូវ​ការ​មិន​គិត​ពន្ធ ឬ​ទទួល​បាន​ប្រព័ន្ធ​កូតា​សេរី ក្នុង​ការ​នាំ​ទំនិញ​ទាំងអស់ ចេញទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប លើកលែងតែ​អាវុធ និង​គ្រាប់រំសេវ។ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​ចំណេញ​ពី​ការ​មិន​ចាំបាច់​បង់ពន្ធ ក្នុង​តម្លៃ​ដល់​ទៅ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។

ផ្អែក​តាម​បទ​បទបញ្ញត្តិ លេខ ៩៧៨/២០១២ របស់​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប ក្រោយ​ស្នងការ​អឺរ៉ុប ជូនដំណឹង​ទៅ​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អំពី​ការអនុវត្ត​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ស្នងការ​អឺរ៉ុប នឹង​ធ្វើ​ការ​តាមដាន និង​វាយតម្លៃ​ស្ថានភាព​ក្នុង​ប្រទេស​ទទួល​អត្ថប្រយោជន៍​រយៈពេល ៦ ខែ​ទៀត​ចាប់ពី​ពេល​ជូនដំណឹង​នេះ។ ក្នុង​រយៈពេល ៦ ខែ​បន្ទាប់ពី​ចប់​រយៈពេល​ខាងដើម​នេះ ស្នងការ​អឺរ៉ុប នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត ថា​តើ​គួរ​បញ្ឈប់​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន​នេះ ឬ ធ្វើការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន នេះ​តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment