កិច្ចប្រជុំកំពូល​មេគង្គ ជប៉ុន ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន ប្រឆាំង​ឥទ្ធិពល​របស់​ចិន

ដោយ សេក បណ្ឌិត
2018-10-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី១០ នៅ​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ ២០១៨ ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបតិ្តការ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​គុណភាព​នៅ​ក្នុង​តំបន់។ រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី១០ នៅ​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ ២០១៨ ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបតិ្តការ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​គុណភាព​នៅ​ក្នុង​តំបន់។ រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន


មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ព្រមព្រៀង​គ្នា​លើ​គម្រោង​ជាង ១០០


មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គជប៉ុន លើក​ទី១០​ នៅ​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​អង្គារ ទី៩ ខែ​តុលា ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបតិ្តការ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​គុណភាព​នៅ​ក្នុង​តំបន់។

សារពត៌មានជប៉ុន The JapanTimes ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ក្រោយ​កិច្ច​ប្រជុំ​កំពូល​នេះ ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួយ ដោយ​ព្រមព្រៀង​គ្នា​ថា ប្រទេស​នីមួយៗ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា ក្នុង​គំម្រោង​ទ្វេ​ភាគី ជាង ១៦ និង​គំម្រោង​រួម​ផ្សេងៗ ទៀត ជាង ១០០គំម្រោង នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ និង​ជប៉ុន​នេះ។

គោលបំណងសំខាន់នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គជប៉ុន​នេះ គឺ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន និង​ជំរុញ​សមាហរណកម្ម​អាស៊ាន។ បន្ថែម​ពី​នេះ កិច្ច​សហប្រតិបត្តិការ​នេះ មាន​គោលដៅ​ចម្បង​មួយ​ទៀត ក្នុង​ការ​សម្រេច​កំណើន​សេដ្ឋកិច្ច​ដោយ​ចីរភាព ដោយ​គិតគូរ​អំពី​បរិស្ថាន សុខភាព ព្រម​ទាំង​ធានា​សន្តិភាព និង​ស្ថេរភាព​ជា​និរន្តរ៍ នៅ​ក្នុង​តំបន់។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន សិនហ្សូ អាបេ (Shinzo Abe) បាន​ថ្លែង​ក្នុង​សន្និសីទ​សារពត៌មាន​នៅ​ថ្ងៃ​នេះ​ថា ក្រុមហ៊ុន​ជប៉ុន បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ជាង ២ទ្រីលាន​យេន ឬ​ស្មើ​នឹង​ជាង ១៨ ប៊ីលាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល ៣ឆ្នាំ​កន្លង​មក​នេះ នៅ​តំបន់​មេគង្គ ដែល​ចំនួន​នេះ​លើស​ពី​ការ​គ្រោង​ទុក។ លោក​បន្ត​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ជប៉ុន និង​សម្រួល​ដល់​ក្រុមហ៊ុន​វិយោគ​ឯកជន​ទាំង​នេះ រដ្ឋាភិបាល​ជប៉ុន នឹង​ប្រើប្រាស់​ថវិកា​ជាតិ រួមទាំង​ប្រាក់​កម្ចី​ផង ដល់​ប្រទេស​ទាំង​នោះ ដែល​មាន​ការ​ប្រាក់​ទាប។

ទាក់ទងនឹងកម្ចីការ​ប្រាក់​ទាប​នេះ លោក ស៊ិនហ្សូ អាបេ ក៏​បាន​សន្យា​ជាមួយ​លោក ហ៊ុន សែន ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ចន្ទ ទី​៨ ខែតុលា​ថា ជប៉ុន​នឹង​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ដល់​ទៅ​ជាង ៣ពាន់​ប៊ីលាន​យ៉េន ឬ​ស្មើ​ជាង ៣១លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ជួសជុល​ ​និង​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ជុំវិញ​បឹង​ទន្លេ​សាប។

ប្រភពដដែលបន្តថា កិច្ច​ព្រមព្រៀង​មេគង្គ​ជប៉ុន ឆ្នាំ២០១៨ នេះ ជប៉ុន​ហាក់​បី​ដូច​ជា​ព្យាយាម ពង្រីក​វិស័យ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន។ ជប៉ុន​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ខ្លួន​យ៉ាង​ខ្លាំង ចំពោះ​ប្រទេស​ក្នុង​តំបន់​មេគង្គ ដោយ​បង្ហាញ​ពី​គោល​នយោបាយ ឥណ្ឌូប៉ាស៊ីហ្វីក សេរី និង​បើក​ចំហ។ ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​មាន​ជំនឿ​ថា ក្រៅ​តែ​ពី​ការ​ពង្រីក​ទីផ្សារ​ក្នុង​តំបន់ ក្រុមហ៊ុន​ជប៉ុន​រំពឹង​ថា នឹង​បង្កើត​រោងចក្រ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ចិន។

កិច្ច​ប្រជុំ​កំពូល​នេះ​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន ហ៊្សូអាបេ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​នាយករដ្ឋមន្ត្រី​មក​ពី​តំបន់​មេគង្គ រួមមាន កម្ពុជា ឡាវ វៀតណាម មីយ៉ានម៉ា និង​ថៃ។

កិច្ចសហប្រតិបត្តិការមេគង្គជប៉ុន ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ ហើយ​កិច្ច​ប្រជុំ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ចំនួន ៩ដង ចាប់​តាំង​ពី​ឆ្នាំ២០០៩ មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment