ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាង ៥​ពាន់​នាក់ មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​នឹង​លើក​គ្នា​មក​តវ៉ា​នៅ​ភ្នំពេញ​ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយ តាំង សារ៉ាដា
2018-10-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់ ខេត្ត​ព្រះសីហនុ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត ទាមទារ​ដោះលែង​ពួក​គាត់ ៤រូប កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៨។ រូប៖ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់ ខេត្ត​ព្រះសីហនុ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត ទាមទារ​ដោះលែង​ពួក​គាត់ ៤រូប កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៨។ រូប៖ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា


ពលរដ្ឋមានបញ្ហាដីធ្លីខេត្តព្រះសីហនុនិងខេត្តផ្សេងទៀត ដែលមានបញ្ហា​ដីធ្លីគ្រោង​លើក​គ្នា​ជាង ៥.០០០នាក់ មក​តវ៉ា​ទាមទារ​នៅ​ក្រុង​ភ្នំពេញ ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ ៤បួន​រូប ដែល​តុលាការ​ខេត្ត​ព្រះសីហុន បាន​កាត់​ទោស។

គម្រោងនៃការលើកគ្នាមកទាមទាររកយុត្តិធម៌ជូនដល់ពលរដ្ឋសហគមន៍អូរខ្សាច់ទាំង​បួន​រូប​ព្រោះ​ក្រុម​ពលរដ្ឋ​ទាំង ១៣សហគមន៍​ក្នុង​ខេត្ត​ព្រះសីហនុ​យល់​ថា តុលាការ​ខេត្ត​នេះ កាត់​ក្តី​មិន​ត្រឹមត្រូវ និង​អយុត្តធម៌ ចំពោះ​ពលរដ្ឋ​ក្រីក្រ។

តំណាងពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ លោក ស៊ុន សុផាត ឲ្យអាស៊ីសេរីដឹង នៅថ្ងៃទី៩ តុលា​ថា គោលដៅ​ទី​មួយ ដែល​ពលរដ្ឋ​ទៅ​ទាមទារ គឺ​សាលាឧទ្ធរណ៍ ដើម្បី​ឲ្យ​តុលាការ​ជាន់​ខ្ពស់​​មួយ​នេះ​បដិសេធ​សាលក្រម​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​កន្លង​ទៅ។ លោក​បន្ត​ទៀត​ថា ក្រុម​ពលរដ្ឋ​ក៏​គ្រោង​ហែ​ក្បួន​ទៅ​តវ៉ា និង​ដាក់​ញត្តិ​នៅ​ក្រសួង​កសិកម្ម និង​ក្រសួង​ដែន​ដី ដែល​ជា​ក្រសួង​ពាក់ព័ន្ធ និង​សំណុំ​រឿង​បញ្ហា​ដីធ្លី​នេះ៖ «ខ្ញុំ​សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​ស្តាប់​តាម​ការ​ទាមទារ​ព្រោះ​មាន​មនុស្ស​ច្រើន ដោយសារ​ភាគ​ច្រើន​សាលាឧទ្ធរណ៍​គេ​កាត់​ក្តី​បុគ្គល​ទេ ប៉ុន្តែ​បើ​មាន​ពាក់ព័ន្ធ​សហគមន៍​ដែល​មាន​រឿង​អយុត្តិធម៌​អ៊ីចឹង​ប្រហែល​ជា​មាន​សង្ឃឹម»

ចំណែក​មេធាវីម្នាក់ដែលការពារក្តីឲ្យសហគមន៍អូរខ្សាច់លោកមេធាវី ពុធ ធាវី ឲ្យ​ដឹង​ដែរ​ថា ក្រុម​មេធាវី​នឹង​ប្តឹង​ជំទាស់​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​មក​សាលាឧទ្ធរណ៍។

កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា​កន្លង​ទៅ តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ដាក់​ទោស​ប្រជា​សហមន៍​បួន​នាក់ ឲ្យ​ម្នាក់ៗ ជាប់​ពន្ធនាគារ​មួយ​​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ២០​លាន​រៀល។ ប៉ុន្តែ តុលាការ​ឲ្យ​ពលរដ្ឋ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល ៧ខែ ទោស​នៅ​សល់​បី​ខែ​ទៀត ត្រូវ​ព្យួរ។ ដូច្នេះ ពលរដ្ឋ​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ជិត ៥ខែ​មក​ហើយ​នោះ នឹង​ត្រូវ​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជាង ២ខែ​ទៀត។ ដើម​បណ្តឹង​ឈ្មោះ តាន់ តាត់ មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មួញ​រកស៊ី​ដីធ្លី​ម្នាក់​ទៀត​ឈ្មោះ ឡុញ វណ្ណៈ ជា​អ្នក​បណ្តឹង​ពលរដ្ឋ។

ពលរដ្ឋរងការចោទប្រកាន់ម្នាក់លោកស្រី ឡុច ទូច បាន​ស្រែក​ទ្រហោ​យំ​ក្រោយ​តុលាការ​ចេញ​សាលដីការ​កាត់​ទោស កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា​ថា នេះ​ជា​ទង្វើ​អយុត្តិធម៌​ចំពោះ​លោក ស្រី។ លោកស្រី​ស្នើសុំ​ឲ្យ​ក្រុម​ពលរដ្ឋ​ជួយ​រក​យុត្តិធម៌​ជូន​លោកស្រី​នៅ​ក្រុង​ភ្នំពេញ​បន្ត​ទៀត៖ «សុខ​ចិត្ត​ទៅ​ភ្នំពេញ​យក​គ្នា​ប្រាំ​ពាន់​នាក់​ទៅ យើង​ទៅ​ភ្នំពេញ​ទាំង​អស់​គ្នា»

អ្នក​សម្របសម្រួល​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ លោក ញិល ភាព ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​យល់​ថា ការ​សម្រេច​ក្តី​របស់​តុលាការ គឺ​មិន​យុត្តិធម៌​ដែរ៖ «គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​តុលាការ​គ្មាន​យុត្តិធម៌​ទេ ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​តាំង​ពី​ឆ្នាំ១៩៩២ មក បែរ​ជា​ត្រូវ​ជាប់​គុក និង​ត្រូវ​បង់​ផាក​ពិន័យ»

សង្គមស៊ីវិល​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​តាមដាន​ដំណើរ​រឿង​នេះ​សង្កេត​ឃើញ​ថា ករណី​ជម្លោះ​ដីធ្លី​នេះ​ គឺ​ជា​ការ​រំលោភ​ដីធ្លី​មក​លើ​ក្រុម​ពលរដ្ឋ​ជា​ប្រព័ន្ធពី​សំណាក់​ឈ្មួញ​មាន​លុយ និង​មន្ត្រី​មាន​អំណាច ហើយ​ពួក​គេ​ប្រើ​ឥទ្ធិពល​មក​លើ​ប្រព័ន្ធ​តុលាការ។ ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​អូរ​ខ្សាច់​អះអាង​ថា ការ​ដែល​ភាគី​ដើម​បណ្តឹង​មាន​ប្លង់​កម្មសិទ្ធិ​លើ​ដីធ្លី​លើ​ដី​មាន​ជម្លោះ​នេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ ព្រោះ​ដី​តំបន់​នេះ​ជា​ដី​គម្រប​ព្រៃ​ឈើ ដែល​អាជ្ញាធរ មិន​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​បាន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment