មន្ត្រី​បក្ស​ប្រឆាំង​ថា របប​ភ្នំពេញ​រង​សម្ពាធ​អន្តរជាតិ​ខ្លាំង​ដែល​ត្រូវតែ​ចរចា​រក​ដំណោះស្រាយ

ដោយ មួង ណារ៉េត
2018-10-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​ជាប់​ឆ្នោត និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ Photo: RFA
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​ជាប់​ឆ្នោត និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ Photo: RFA


មន្ត្រី​បក្ស​ប្រឆាំង​ថា របប​លោក ហ៊ុន សែន កំពុង​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប ដែល​ចៀស​មិន​ផុត ពី​ត្រូវតែ​ចរចា​ជាមួយ​ប្រទេស​ទាំងនេះ ដើម្បី​រក​ដំណោះស្រាយ បញ្ចៀស​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ការ​អះអាង​នេះ គឺ​ស្របគ្នា​ទៅ​នឹង​ជំហរ​របស់​មន្ត្រី​របប​នេះ ដែល​ព្រលយ​ពាក្យ អំពី​ការ​ការចរចា ជាមួយ​សហគមន៍​អឺរ៉ុប​នេះ​ដែរ។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លើកឡើង​ថា សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​នេះ គឺ​ដល់​ដំណាក់កាល​ចុងក្រោយ​មួយ ដែល​ធ្វើ​ឲ្យ​របប​លោក ហ៊ុន សែន ស្រែក​ឈឺ​ខ្លាំង ជាពិសេស​តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​បរទេស​នៃ​របប​នេះ ដែល​អះអាង​ថា​អយុត្តិធម៌​ណាស់ ដែល​សហភាព​អឺរ៉ុប ចាប់ផ្ដើម​នីតិវិធី​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​បែបនេះ​នោះ។ លោក អេង ឆៃអ៊ាង បញ្ជាក់​បន្ថែម​ថា ការ​ឈឺ​ខ្លាំង​ពី​សម្ពាធ​នេះ​ហើយ ទើប​មន្ត្រី​របប​នេះ ចាប់ផ្ដើម​និយាយ​អំពី​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​នោះ៖ «យើង​ដឹង យើង​យល់ មនុស្ស​ដែល​ស្រែក គឺ​បាន​ន័យ​ថា​មនុស្ស​ឈឺ បើ​មនុស្ស​អត់​ស្រែក មានតែ​ពីរ​ទេ មានតែ​អត់​ឈឺ និង​ស្លាប់​បាត់ ឬ​សន្លប់​បាត់។ ប៉ុន្តែ សម្រែក​មួយទៀត សម្រែក​ដែល​ឈឺ​ពិតប្រាកដ​ហ្នឹង គឺ​សម្រែក​របស់​ក្រសួងការបរទេស ស្រែក​រឿង​អយុត្តិធម៌។ ប៉ុន្តែ ខ្លួនឯង​បំពាន លើ​ប្រជាពលរដ្ឋ​ខ្មែរ មក​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ​កន្លះ​ប្រទេស​នោះ សួរ​ថា​អត់​ឈឺ​ទេ​ឬ រឿង​អស់ហ្នឹង​?»

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ ធ្វើឡើង​ក្រោយពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា និង​ជា​សមាជិក​គណបក្ស​កាន់អំណាច គឺ​លោក ឈាង វុន ដែល​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី១២ ខែតុលា ថា កម្ពុជា​នឹង​ចរចា​ក្រោម​តុ ជាមួយ​បណ្ដា​សមាជិក នៃ​សហភាព​អឺរ៉ុប ដើម្បី​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន យើង​ធ្វើការ​ក្រោម​តុ​ច្រើន៖ «យើង​និយាយ​នៅ​ក្នុង​វេទិកា​អ្នកការទូត​សភា គឺ​ការងារ​ភាគច្រើន ការងារ​ក្រោម​តុ​ហ្នឹងហើយ។ អាច​មាន​ជជែក​គ្នា ក្រៅផ្លូវការ ពន្យល់​គេ ប្រទេស​មួយ​ចំនួន ជាពិសេស​ប្រទេស​ស៊ីប (cible) របស់​យើង​ដែល​យើង​ដឹង​ថា នៅ​សហគមន៍​អឺរ៉ុប​មាន ២៧​ប្រទេស ក៏ប៉ុន្តែ​មាន​ប្រទេស​តែ ២,,,,៦ ដែល​ប្រឈម​ជាមួយ​យើង ចង់​បំផ្លាញ​យើង ដើម្បី​ទំនិញ​របស់​គេ ដើម្បី​ផលប្រយោជន៍​របស់​គេ! ចុះ​អ្នក​ផ្សេងទៀត យើង​អាច​ធ្វើការ​ជាមួយ​បាន​តើ​។ អ៊ីចឹង​ហើយ យើង​នឹង​ខំ​ប្រឹងប្រែង!»

ការណ៍​ដែល​លោក ឈាង វុន អះអាង​អំពី​ការ​ខំ​ប្រឹងប្រែង​ចរចា​ក្រោម​តុ​នេះ វា​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​សារ​របស់​លោក ហ៊ុន សែន និង​សារ​គាំទ្រ និង ហៃអើ​ភ្ល្លូកទឹកភ្លូកដី ពី​មជ្ឈដ្ឋាន​ចំណុះ​របប​នេះ ដែល​អះអាង​ថា មិន​ឱន​ក្បាល​ក្រោម​សម្ពាធ​អន្តរជាតិ​នេះ​ទេ។ ថ្លែង​នៅ​ចំពោះ​មុខ​និស្សិត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៧ ខែតុលា លោក ហ៊ុន សែន យក​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​របប​លោក​រង​ការរិះគន់ ថា​បាន​រំលោភ និង​បំផ្លាញ​ចោល​យ៉ាង​ដំណំ​នោះ ថា​ជា​មោទនភាព​ជាតិខ្មែរ និង​ជា​រឿង​ផ្ទៃក្នុង​កម្ពុជា ដែល​អន្តរជាតិ​មិន​ត្រូវ​លូកដៃ​ទៅវិញ៖ «ឥឡូវ​ចង់​ឲ្យ​ធ្វើ​អ្វី​ធ្វើ​ទៅ​! ចង់​ឲ្យ​បង់ពន្ធ បង់ពន្ធ​! សុំ​ផ្តាំ​ណា៎​! ឱន​ក្បាល​ម្តង ត្រូវ​ជំពាក់​ម្ដង​! ឱន​ក្បាល​ពីរ​ដង ត្រូវ​ជំពាក់​ពីរ​ដង​! ឱន​បី​ដង​ជំពាក់​បី​ដង​! ឱន​មួយ​ជីវិត​! ខ្មែរ​អត់​ឯករាជ្យ​បានទេ​។ ប្រឹង​រស់ ងើបឈរ​ឡើង ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ​របស់​ប្រទេស ដើម្បី​ការពារ​សន្តិភាព​របស់​ប្រទេស»

កាលពី​សប្ដាហ៍​មុន សហភាព​អឺរ៉ុប​បាន​ជូនដំណឹង​ផ្លូវការ​ទៅ​របប​លោក ហ៊ុន សែន អំពី​ចំណាត់​ការ​ឈាន​ទៅ​រក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” នេះ​។ ការ​ឈាន​ទៅដល់​ដំណាក់កាល នៃ​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​សហភាព​អឺរ៉ុប បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម ដើម្បី​ទៅ​ស្វែងរក​រក​ការពិត​នៅ​កម្ពុជា កាលពី​ខែ កក្កដា ហើយ​រក​ឃើញ​ថា ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងទៅ​នេះ។ សហភាព​អឺរ៉ុប​ទុក​រយៈពេល ៦​ខែ​ពីរ​ដង ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ហើយ​បើ​ក្នុង​រយៈពេល​នេះ របប​ក្រុងភ្នំពេញ​មិន​អនុវត្ត​តាម​លក្ខខណ្ឌ​នេះ​ទេ នោះ​សហភាព​អឺរ៉ុប នឹង​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ជាក់​ជាមិនខាន។

ទោះជា​យ៉ាង​នេះ​ក្តី លោក ឈាង វុន អះអាង​ថា រឿង​ទណ្ឌកម្ម​នេះ មិន​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ទេ។ លោក​ថា មក​ពី​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ចំនួន​ពីរ គឺ​ប្រទេស​អ៊ីតាលី និង​ប្រទេស​អូទ្រីស មាន​ទំនាស់​ផលប្រយោជន៍​ជាមួយ​កម្ពុជា ទើប​យក​ការ​ដាក់​ទណ្ឌកម្ម​នេះ ជា​លេស​មួយ ដើម្បី​ទប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា ក្រោម​ការ​អនុគ្រោះ​ពន្ធ​នេះ៖ «អ៊ីតាលី ជា​ប្រទេស​ដែល​ផលិត​ស្រូវ និង​សំលៀក​បំពាក់​ច្រើន​ជាងគេ​បង្អស់​នៅ​ក្នុង​អឺរ៉ុប។ ទីផ្សារ​អឺរ៉ុប​ដែល​យើង​ចូល​ទៅ ធ្វើ​ឲ្យ​គាត់​មិន​សប្បាយចិត្ត​ទេ។ អ៊ីចឹង​ទេ ជាង​ដប់​ឆ្នាំ​មកនេះ គាត់​តែងតែ​ខំប្រឹង​ប្រមូល​គ្នា ជំរុញ​ធ្វើ​យ៉ាងម៉េច​ឲ្យ​អឺរ៉ុប​ហ្នឹង លះបង់​កម្ពុជា ដោយ​ទាត់ចោល​នូវ​ការ​អនុគ្រោះ​ពន្ធ។ ប្រទេស​អូទ្រីស ជា​ប្រទេស​មួយ​មាន​ផលប្រយោជន៍​ដូចគ្នា​ដូច្នេះ​ដែរ​។ អូទ្រីស​ជា​ប្រទេស​ដែល​ផលិត​ស្ករស​ច្រើន​ណាស់។ ក្នុង​រយៈកាល​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ តែងតែ​មានការ​ប្រទូស​រាយ​គ្នា ជាមួយ​កម្ពុជា​ពី​រឿង​ស្ករស​របស់​យើង​ដែល​នាំ​ចេញទៅ»

ការ​អះអាង​របស់​លោក ឈាង វុន គឺ​ផ្ទុយគ្នា​ទាំងស្រុង ទៅ​នឹង​ជំហរ​របស់​សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន ២៨ប្រទេស។ គ្មាន​ប្រទេស​ណាមួយ​ក្នុងចំណោម​ប្រទេស​ទាំងអស់​នេះ ជំទាស់​ទៅ​នឹង​សេចក្ដីថ្លែងការណ៍ សេចក្តី​សម្រេច និង​ដំណោះស្រាយ​នានា របស់​សហភាព​អឺរ៉ុប ដែល​ថ្កោលទោស​របប​លោក ហ៊ុន សែន រឿង​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​នេះ​ទេ។

ជា​រួម​ប្រទេស​ទាំងអស់​របស់​សហភាព​អឺរ៉ុប សុទ្ធតែ​យល់ស្រប​ដូចគ្នា ថា​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ការបំផ្លាញ​ប្រជាធិបតេយ្យ មាន​សភាព​ធ្ងន់ធ្ងរ ដោយសារតែ​ការ​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​តវ៉ា​ដោយ​អហិង្សា និង ការរៀបចំ​ការបោះឆ្នោត ដែល​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មិន​អាច​ទទួល​យក​បាន ជាដើម។

លោក អេង ឆៃអ៊ាង ថា​កង្វល់​របស់​សហភាព​អឺរ៉ុប​នេះ មិនមែន​ជា​ការ​បំបាក់​មុខមាត់​ជាតិខ្មែរ ឬ​ធ្វើ​ឲ្យ​ខ្មែរ​បាត់​អធិបតេយ្យភាព ឬ​ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​កេង​ចំណេញ​នយោបាយ​នោះ​ទេ។ សហភាព​អឺរ៉ុប ទាមទារ​តែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​សុំ​ឲ្យ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ឲ្យ​ខាង​តែ​បាន ព្រោះ​នោះ​ជា​លក្ខខណ្ឌ​តម្រូវ​ជា​ចាំបាច់​នៃ​កិច្ចព្រមព្រៀង ក្នុង​ការ​បន្ត​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នេះ តទៅទៀត៖ «អ្វី​ដែល​សហគមន៍​អឺរ៉ុប​ចង់បាន​ហ្នឹង គឺ​ចង់បាន​ឲ្យ​ខ្មែរ​រួបរួម​គ្នា ឲ្យ​ខ្មែរ​មាន​ឯកភាព​ជាតិ ឲ្យ​ខ្មែរ​មានការ​គោរព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​។ បើកាលណា​ខ្មែរ​រួបរួម​គ្នា ខ្មែរ​គោរព​សិទ្ធិមនុស្ស ខ្មែរ​មាន​ប្រជា​ប្រជាធិបតេយ្យ គឺ​ខ្មែរ​រីកចម្រើន ខ្មែរ​រុងរឿង។ ផ្ទុយទៅវិញ​អ្វី​ដែល​សហគមន៍​អឺរ៉ុប ព្រួយបារម្ភ គឺ​ឃើញ​ខ្មែរ​កំពុង​បែប​បាក់​គ្នា ដោយសារ​របប​លោក ហ៊ុន សែន កំពុង​បំបែកបំបាក់​ខ្មែរ មិនមែន​ដើម្បី​រួបរួម​គ្នា​ទេ»។​

មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បាន​ដើរ​ផុត​បន្ទាត់​ក្រហម​ទៅ​ហើយ។ ក្នុង​ស្ថានភាព​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បែបនេះ ដំណោះស្រាយ​នៅ​ចំពោះ​មុខ គឺ​គ្មាន​អ្វី​ក្រៅពី​របប​លោក ហ៊ុន សែន ស្តារ​ស្ថាន​ភាព​អាក្រក់​បច្ចុប្បន្ន ឲ្យ​វិល​ទៅ​រក​សភាព​ល្អ​ប្រសើរ​វិ​ញ​នោះ​ទេ។ ម្យ៉ាងវិញទៀត​ដៃគូ​ចរចា គឺ​មិនមែន​ជាមួយ​គណបក្សប្រឆាំង​ទេ ព្រោះ​គណបក្សប្រឆាំង​គ្រាន់តែ​ជនរងគ្រោះ តែប៉ុណ្ណោះ​។ របប​នេះ ត្រូវ​ចរចា​ជាមួយ​សហគមន៍​អន្តរជាតិ ទោះ​ក្នុង​ទម្រង់​ណា​ក៏ដោយ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​បក្ស​ប្រឆាំង​ថា របប​ភ្នំពេញ​រង​សម្ពាធ​អន្តរជាតិ​ខ្លាំង​ដែល​ត្រូវតែ​ចរចា​រក​ដំណោះស្រាយ"

  1. so socheath says:

    ស្អីទៅចរចារកដំណោះស្រាយ ?
    ក្រុមជនក្បត់ជាតិ ហាក់រំពឹងហួស ពីអ្វីដែលជាទំនុកចិត្តពិតប្រាកដពេកហើយ ។
    តើ​មានប្រទេសណាមួយទៅ ដែលត្រូវ បានកំណត់ក្នុងច្បាប់ ថាត្រូវចរចា ជាមួយក្រុមជនក្បត់ជាតិ ?
    កម្ពជា ជាប្រទេសមានអធិបតេយ្យភាពជាតិ តើត្រូវស្តាប់បង្គាប់បញ្ជាពីប្រទេសណាមួយផ្សេងទេ ?
    ជនក្បត់ជាតិមានវាសនាតែមួយ គឺរត់ចោលស្រុក ហើយនិងជាប់គុកព្រោះតែទង្វើក្បត់ជាតិ របស់
    ខ្លួនតែប៉ុណ្ណោះ ។
    អេង ឆៃអាង ដេកយល់សប្តិ៍ពេកហើយ ។
    កម្ពុជាចេះរក ចេះរស់ពីយូរណាស់មកហើយ ។ ពន្ធអនុគ្រោះEBA នេះវាជាស្អី ។ កម្ពុជាមិនមែនជាអ្នកជម្ងឺទេ ។ ប្រជាជនកម្ពុជា កំពុងបោះជំហានក្នុងភាពរុងរឿង តាមនយោបាយ
    រក្សាសុខសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចតេជោ
    ហុនសែន ។
    ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា មិនមែនក្រទៅៗ ដូចក្រុមជនក្បត់ជាតិ ដែលស្ថិតនៅក្នុង
    បក្សក្បត់ជាតិសង្គ្រោះជាតិថានោះទេ ។ មានតែ១៣ភាគរយប៉ុណ្ណោះ ដែលស្ថិតក្នុងបន្ទាត់នៃភាពក្រីក្រ តែមិនមែន​ក្រដល់ថ្នាក់គ្មានអ្វីហូបនោះទេ ។
    ប្រទេសណាក៍មានប្រជាពលរដ្ឋខ្លួនរស់ក្នុងស្ថានភាពក្រីក្រដែរ សូម្បីនៅសហរដ្ឋអាមេរិក ។
    ដូច្នេះ វាគ្មានការចរចាណាមួយ ជាមួយ ក្រុមជនក្បត់ជាតិ ដូចដែលអេង ឆៃអាង ដេកយល់សប្តិ៍
    នោះទេ ។ តើអេង ឆៃអាង ឈរលើអំណះអំណាងណាមួយដែលពិតប្រាកដ ថានឹងមានការ
    ចរចារជាមួយជនក្បត់ជាតិ !