មេដឹកនាំរបបក្រុងភ្នំពេញ អះអាង​ថា ទទួល​បាន​​លទ្ធផល​ល្អ​ប្រសើរ ពី​កិច្ច​ប្រជុំ​ទាំង​នៅ​ប្រទេស​ជប៉ុន និង​ឥណ្ឌូនេស៊ី

ដោយ ថន ថារ៉ូ
2018-10-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ក្នុង​វេទិកា​ជំនួប​កំពូល​ថ្នាក់​ដឹក​នាំ​អាស៊ាន, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក ហ៊ុន សែន ក្នុង​វេទិកា​ជំនួប​កំពូល​ថ្នាក់​ដឹក​នាំ​អាស៊ាន, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន


ក្រុមគណៈប្រតិភូជាន់ខ្ពស់ នៃ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ បាន​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី១២ តុលា​ក្រោយ​កិច្ច​ប្រជុំ​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ឥណ្ឌូនេស៊ី។ លោក ហ៊ុន សែន មេដឹកនាំនៃរបបក្រុងភ្នំពេញ​អះអាង​ថា លោក​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ច​ប្រជុំ​ទាំង​ពីរ​នោះ ប៉ុន្តែ​អ្នក​វិភាគ​ថា ការ​លើកឡើងរបស់​លោក ហ៊ុន សែន គ្រាន់​តែ​ដើម្បី​កេង​ចំណេញ​ប្រជាប្រិយ​ភាព​នយោបាយ​តែ​ប៉ុណ្ណោះ។ ពួក​គេ​ចង់​ឲ្យ​លោក ហ៊ុន សែន ដោះ​ស្រាយ​គម្រោង​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អឺរ៉ុប​វិញ​ប្រសើរ​ជាង។

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី ដោយ​បន្ទរ​តាម​លោក​​ហ៊ុន សែន ថា លទ្ធផលល្អប្រសើរ​ដែល​របប​ក្រុង​ភ្នំពេញ​ទទួល​បាន គឺ​រដ្ឋាភិបាល​ជប៉ុន បាន​ទទួល​ស្គាល់​ស្នាដៃ​លោក ហ៊ុន សែន ក្នុង​ការ​ដឹក​នាំ និង​ការ​អភិវឌ្ឍ​ប្រទេស។ ការ​ប្ដេជ្ញា​ពី​ភាគី​ជប៉ុន ក្នុង​ការ​ជំរុញ​អ្នក​វិនិយោគ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា និង​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ​យោបល់ និង​ទទួល​ស្គាល់​រដ្ឋាភិបាល​អណត្តិ​ថ្មី ពី​បណ្ដា​មេ​ដឹក​នាំ​របស់​អាស៊ាន​ជា​ដើម៖ «អ្វី​ដែល​យើង​និយាយ​ថា គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ទទួល​បាន​ជោគជ័យ គឺ​ដំណើរ​កិច្ចការ​ការងារ​នយោបាយ​ផ្នែក​ក្រៅ​ប្រទេស គឺ​ឈរ​លើ​ទំនាក់ទំនង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​អន្ដរជាតិ ជាមួយ​នឹង​ការ​វាយ​តម្លៃ​ខ្ពស់​នៃ​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន យើង​ធ្វើ​បាន​ការ​ប្តេជ្ញា​របស់​សមាគម​ជប៉ុន ក្នុង​ការ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា»

លោក ហ៊ុន សែន បានចូលរួម​កិច្ច​ប្រជុំ ​មេគង្គជប៉ុន និង​ថ្នាក់​ដឹក​នាំ​អាស៊ាន​កាល​ពី​ថ្ងៃ​ទី៦​ ដល់​ថ្ងៃ​ទី​១០ ចំណែក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី១២ តុលា លោក​ចូលរួម​ក្នុង​វេទិកា​អាស៊ាន។

អ្នកវិភាគនយោបាយ លោក ហង្ស វិទូ មើល​ឃើញ​ថា បញ្ហា​ចម្បង​ដែល​របប​លោក ហ៊ុន សែន ត្រូវ​ដោះ​ស្រាយ​នោះ គឺ​សម្រួល​ឲ្យ​សហភាព​អឺរ៉ុប បញ្ឈប់​គម្រោង​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​របប​នេះ ព្រោះ​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​លើ​សហភាព​​អឺរ៉ុប​ទាំង​ស្រុង៖ «អ៊ីចឹង​រឿង​ដែល​យើង​ត្រូវ​តែ​ដោះ​ស្រាយ គឺ​រឿង​នេះ មិន​មែន​រឿង​ផ្សេងៗ។ អា​ហ្នឹង​ខ្ញុំ​គិត​ថា អាច​ជា​លេស ឬ​វា​គ្រាន់​តែ​ជា​ការ​បង្វែរ​ដាន​មួយ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ អត់​មាន​ការ​ចាប់​អារម្មណ៍​ទៅ​រឿង​សំខាន់​ណា ព្រោះ​ជាក់​ស្ដែង ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម ឬ​ក៏​មាន​ការ​លើក​លែង ហៅ​ថា លើក​ចោល​នូវ​ការ​លើក​លែង​ពន្ធ​នេះ​វិញ វា​ធ្វើ​ឲ្យ​កម្ពុជា​ប៉ះពាល់​ធ្ងន់ធ្ងរ​មែនទែន។ មិន​មែន​មិន​ប៉ះ​ពាល់​ដូច​គាត់ (ហ៊ុន សែន) បាន​លើក​ឡើង​នោះ​ទេ»

លោក ហ៊ុន សែន គ្រោង​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​របប​ថ្មី ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ី អឺរ៉ុប ដែល​ហៅ​កាត់​ថា ASEM លើក​ទី១២ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ពី​ថ្ងៃ​ទី១៧ ដល់ ១៩ ខែ​តុលា។ លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​រួច​ហើយ​ថា បើ​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ហ៊ាន​តែ​និយាយ​ពី​បញ្ហា​របស់​កម្ពុជា របប​លោក​នឹង​វេតូ មិន​ឲ្យ​កិច្ច​ប្រជុំ​នោះ ចេញ​សេចក្តី​ថ្លែងការណ៍​រួច​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles